ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​ជន​រងគ្រោះ​​របប​ខ្មែរក្រហម​ចង់​បាន​ចេតិយ​រំឭក​ដល់​អ្នកស្លាប់


រូបថត​នៃ​ស្រ្តី​ដែលជា​​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សារៈមន្ទីរជាតិ​ប្រល័យ​ពូជសាសន៍​​ទួលស្លែង​។
រូបថត​នៃ​ស្រ្តី​ដែលជា​​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សារៈមន្ទីរជាតិ​ប្រល័យ​ពូជសាសន៍​​ទួលស្លែង​។

សមាគម​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ដ៏​សកម្ម​មួយ​កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​សាធារណៈ​ជន​ដើម្បី​រក​លទ្ធភាព​សាងសង់​ចេតិយ​មួយ​សម្រាប់​រំឭក​ដល់​ជន​រងគ្រោះ​ក្នុង​អតីត​គុក​ទួលស្លែង។​ មន្ដ្រី​សាលាក្ដី​ខ្មែរក្រហម​រំពឹង​ថា​ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នឹង​សម្រេច​លើ​បញ្ហា​នេះ។

សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ឬ​ហៅ​ថា​ សមាគម​ក្សេម​ក្សាន្ដ​បាន​អំពាវនាវ​ស្វែងរក​ការ​គាំទ្រ​ពី​សាធារណជន​ទូទៅ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​សាងសង់​ចេតិយ​ចារឹកឈ្មោះ​ជន​រងគ្រោះ​នៅ​ក្នុង​បរិវេណ​អតីត​គុក​ទួលស្លែង​ដ៏​ទារុណ​ ដែល​មាន​អ្នកទោសយ៉ាងតិច​ចំនួន​១២.៣៨០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

សេចក្ដី​អំពាវនាវ​របស់​សមាគម​ក្សេមក្សាន្ដ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ទៅ​មុខ​សម្រាប់​សំណង​ ជា​សមូហ​ភាព​ដល់​ជន​រងគ្រោះ​នៅ​ទី​នោះ ​និង​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ។

នៅ​ក្នុង​លិខិត​មួយ​ផ្សព្វផ្សាយ​ជា​សាធារណៈ ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ សមាគម​ក្សេមក្សាន្ដ​បាន​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​ រួមទាំង​ភ្នាក់ងារ​អង្គការ​ជាតិ​ និង​អន្ដរ​ជាតិ​"ជួយ​ផ្ដល់​ការ​គាំទ្រ"​ ដល់​គម្រោងសង់​គ្រឹះស្ថាន​ចារឹក​ ឬ​ចេតិយ​ឧទ្ទិស​ដល់​ជន​រងគ្រោះ​នៅ​ក្នុង​មន្ទីរ​ស ២១ ​ឬ​គុក​ទួលស្លែង។ ​សមាគម​ដដែល​រំពឹង​ថា ​ចេតិយ​នេះ​នឹង​ចូល​រួម​ចំណែក​រំលែក​ទុក្ខ​សោក​ និង​ក្ដី​ឈឺ​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះពី​គ្រប់​ជំនឿ​សាសនា​ទាំងអស់។

លោក​លឹម ម៉េងឃី​ មេធាវី​មួយ​រូប​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០១​ឬ​ករណី​ឌុច​ និង​ជា​មេធាវី​តំណាង​ឲ្យ​សមាគម​ក្សេមក្សាន្ដ​ នៅ​ចំពោះ​មុខ​សាលាក្ដី​ខ្មែរក្រហម​បញ្ជាក់​ថា ​នេះ​គឺ​ជា​សេចក្ដី​អំពាវនាវ​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ស្មារតី​ពី​សាធារណជន​ទូទៅ​សម្រាប់​ជា​ប្រវត្តិសាស្ដ្រ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។

«ការ​សាងសង់​នេះ​គឺ​ទុក​ជា​ប្រវត្តិសាស្ដ្រ​សម្រាប់​មនុស្ស​ទូទៅ​ ដូច្នេះ​ហើយ​បាន​ជា​គាត់​ស្នើ​សុំ​ឲ្យ​មាន​ការ​គាំទ្រគម្រោង​ការ​ដែល​មាន​លក្ខណៈ​បែប​នេះ»។

អតីត​ប្រធាន​គុក​ទួលស្លែង​កាំង ហ្កិចអ៊ាវ​ ហៅឌុច​ត្រូវ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​សម្រេច​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ ​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​ ហើយ​ទោស​នេះ​ត្រូវ​កាត់​កង​នៅ​សល់​ត្រឹម​១៩​ឆ្នាំ។ ​ក៏​ប៉ុន្ដែ​ក្នុង​ការ​សម្រេច​ទោស​កាល​នោះ​ សាលា​ដំបូង​បាន​ខកខាន​ក្នុង​ការ​សម្រេច​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​ដោយ​សំអាង​ថា​ ឌុច​មិន​មាន​ធនធាន​សម្រាប់​ទទួល​ខុសត្រូវ​បញ្ហា​នេះ​ទេ។

ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ កាលពី​ចុង​ខែ​មិនា​ឆ្នាំ​២០១១​ បាន​ទទូច​សារ​ជាថ្មី​ក្នុង​សវនាការ​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍​ករណី​ឌុច ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​លើ​ការ​ផ្ដល់​សំណង​សម្រាប់​ជន​រងគ្រោះ​នេះ។​ ដំណោះ​ស្រាយ​មួយ​ក្នុង​ចំណោម​ការទាមទារ​នោះ​ ក្រុម​មេធាវី​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​គួរតែ​អាច​ចូល​រួម​ចំណែក​ក្នុង​ការ​រួម​វិភាគ​ទាន​ដល់​ការ​ផ្ដល់​សំណង​ជា​សមូហ​ភាព​សម្រាប់​ជន​រងគ្រោះ​នៅ​មន្ទីរ​ស២១​នេះ។​ ដំណាល​គ្នា​នោះ ​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​បាន​ដាក់​គម្រោង​សាងសង់​ចេតិយ​នេះ​ជូន​ទៅ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​រួច​រាល់​ហើយ។

លោក​ឌឹម សុវណ្ណារុំ ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ អះអាង​ថា​ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ពិចារណា​លើ​បញ្ហា​សំណង​នេះ។

«បញ្ហា​នេះ​ស្ថិត​នៅ​ក្នុង​ដៃចៅ​ក្រម។​ ពួក​គាត់​នឹង​សម្រេច​នៅ​ពេល​តុលាការ​កំពូល​ប្រកាស​សាលក្រម​នៅ​ចុង​ខែ​មិថុនា​ឆ្នាំ​២០១១»។

នោះ​ជា​សាលក្រម​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​នឹង​ត្រូវ​កំណត់​ទោស​ចំពោះ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ក្នុង​គុក​ទួលស្លែង៕

XS
SM
MD
LG