ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ពេទ្យ​នាវិក​អាមេរិក​ជួយ​ព្យាបាល​ប្រជា​ពលរដ្ឋ​កម្ពុជា


នៅ​ក្រោម​សំពត់​តង់​ជាប់​នឹង​ផ្លូវ​ចូល​មណ្ឌល​សុខភាព​ដំរី ង​ របស់​ស្រុក​អូរាំងឪ ខេត្ត​កំពង់ចាម ប្រជាពលរដ្ឋ​ជា​ច្រើន​រយនាក់ ​ដែល​ភាគ​ច្រើន​គឺ​ជា​អ្នក​ក្រីក្រ ខ្លះ​អង្គុយ​ ខ្លះ​ឈរ រង់​ចាំ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យ​ទាហាន​សហ​រដ្ឋ​អាមេរិក​មួយ​ក្រុម ដែល​នឹង​ព្យាបាល​ជូន​ពួក​គេ​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ភូមិ​ទាំង​នេះ បាន​ស្ថិត​នៅ​ជា​ក្រុមៗ តាម​ប្លង់​ដែល​សរសរ​ដោយដៃ​លើ​ក្រដាស​កាតុង​តូចៗ សម្រាប់​ការ​ពិនិត្យ​ជំងឺ​ទូទៅ ជំងឺភ្នែក ធ្មេញ និងជំងឺកុមារ។

នៅ​ក្នុង​បន្ទប់​តូច​មួយ ផ្នែក​ខាង​លើ​នៃមណ្ឌល​សុខភាព​ដំរីង​ លោក​ហាឡែន ដូរី គ្រូ​ពេទ្យ​ឯកទេស​ផ្នែក​កុមារ ពាក់​អាវ​ស​វែង បាន​ទាញ​ប្រដាប់​វាស់​ស្ទង់​លើ​ខ្លួន​កុមារ​កម្ពុជា​ចំនួន ​២ នាក់ និង បាន​ពិនិត្យ​បំពង់​ក​របស់​ពួក​គេ រួច​សន្និដ្ឋាន​ថា​ កុមារ​ទាំង​ពីរមិន​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ឡើយ។ លោក​បាន​ផ្ដល់​ថ្នាំ​តាម​រយៈ​ជំនួយ​ពី​គ្រូ​ពេទ្យ​ខ្មែរ​ម្នាក់។

លោក​ហាឡែន ដូរី គឺ​ជា​គ្រូ​ពេទ្យ​ម្នាក់ ក្នុង​ចំណោម​ទាហាន​គ្រូ​ពេទ្យ​សហ​រដ្ឋ​អាមេរិក​ចំនួន​១៨​នាក់ ដែល​ចេញ​បំពេញ​បេសកកម្ម​ព្យាបាល​ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​ខេត្តរតនគិរី និង​ខេត្ត​កំពង់ចាម។

លោក​ហាឡែន​មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​កុមារ​ដែល​លោក​បាន​ជួប ​គឺពួក​គេ​មាន​មេរោគ​ប្រភេទ​ប៉ារ៉ាស៊ីត ការ​រលាក​បំពង់​ក និង​ជំងឺ​ក្អក​រ៉ាំ​រ៉ៃ។ ជំងឺ​របស់​ពួក​គេ​មួយ​ចំនួន​បណ្ដាល​មក​ពី​កង្វះ​អនាម័យ ​កង្វះអាហា​រូបត្ថម្ភគ្រប់​គ្រាន់ និង​កង្វះ​បរិស្ថាន​ស្អាត​ កង្វះ​ជាតិ​ប្រូតេអ៊ីន និងកង្វះជាតិបន្លែ។ លោក​បន្តថា៖

«កុមារ​ជា​ច្រើន​មាន​មេរោគ​ប៉ារ៉ាស៊ីត ជម្ងឺ​សើរ​ស្បែក និង​មាន​រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ។ វា​មិន​ធ្ងន់​ធ្ងរ​ទេ។ យើង​ព្យាយាម​ផ្ដល់​ប្រឹក្សា​ឲ្យ​ពួក​គេ​លាង​សំអាត​ដៃ​ជា​ប្រចាំ​ ឲ្យ​មាន​អនាម័យ​ និង​ចៀស​វាង ការ​ក្អក​ដាក់​កូនៗ​របស់​ពួក​គេ»

អ្នក​ភូមិ​ត្រូវ​ចូល​ពិនិត្យ​តាម​លេខ​រៀង​ដែល​ពួក​គេ​បាន​ទទួល​ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ជួយ​រៀប​ចំ​សម្រួល​ដល់​ការ​មក​ព្យាបាល​ ពី​ក្រុម​គ្រូ​ពេទ្យ​សហ​រដ្ឋ​អាមេរិក​នេះ។ ក្នុង​ពេល​កំពុង​រង់​ចាំ ភ្នាក់​ងារ​សុខាភិបាល​ខ្មែរ​បាន​ធ្វើ​ការ​អប់រំ​ដោយ​ផ្ទាល់​មាត់​អំពី​អនាម័យ សារៈសំខាន់​នៃ​ចំណី​អាហារ​ និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍។

លោក​ស្រី​វេជ្ជបណ្ឌិត​អនុសេនីយ៍ទោ សែនឌី និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ មាន​ប្រសាស​ន៍​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​មក​ទទួល​ការ​ពិនិត្យ​ជំងឺ និង​ព្យាបាល​យ៉ាង​ច្រើន​ក្នុង​ថ្ងៃ​និមួយៗ។ លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​ប្រាប់​ថា ថ្ងៃ​ទី​មួយ​ពី​ម្សិល​មិញ យើង​បាន​ទទួល​អ្នក​ជម្ងឺ១៣០០នាក់ គឺ​ជា​ថ្ងៃ​ដែល​ទទួល​អ្នក​ជំងឺ​ច្រើន​បំផុត។ បើ​តាម​ស្ថានភាព និង​ពេល​វេលា​របស់​អ្នក​ជំងឺ និង​ការ​មក​របស់​អ្នក​ជម្ងឺ យើង​សង្ឃឹម​ថា យ៉ាង​ហោច​ណាស់​អាច​ទទួល​បាន​អ្នក​ជម្ងឺ​៧០០​នាក់​ក្នុង​មួយ​ថ្ងៃ​ដែរ»។

ប្រជា​ពល​រដ្ឋ​ហាក់​ដូច​ជា​មាន​សេចក្ដី​ត្រេកអរ ក្នុង​ការ​ទទួល​សេវា​ព្យាបាល​នេះ។

អ្នក​ស្រី​ស៊ាម ផេន អាយុ​៧២​ឆ្នាំ មក​ពី​ភូមិដំរិល​ទី​បួន កំពុង​តែ​ដើរ​ចុះ​ពី​កាំ​ជណ្ដើរ​ម្ដង​មួយ​កាំៗ យឺតៗ បន្ទាប់​ពី​ត្រូវ​បាន​ពិនិត្យ​ជំងឺ​រួច។ ដៃ​ឆ្វេង​របស់​គាត់​កាន់​កញ្ចប់​ថ្នាំ​ពេទ្យ​ពីរ​បី​កញ្ចប់​តូចៗ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖

«មាន​ជម្ងឺ​ឈឺ​ក្បាល​ជង្គង់ និង​ឈឺ​ចង្កេះ។ ពេទ្យ​ឲ្យ​លេប​មួយ​ថ្ងៃ​បី​ដង លេប​ម្ដង​មួយ​គ្រាប់។ សប្បាយ​ដែរ ចង់ជា»។

ដោយ​ឡែក​កូន​ក្មេង​ត្រូវ​ទទួល​ការ​ពិនិត្យ​ក្នុង​បន្ទប់​មួយ​ដាច់​ដោយ​ឡែកផ្សេង​ពី​មនុស្ស​ពេញ​វ័យ ឬ​មនុស្ស​វ័យ​ចំណាស់។ អ្នក​ស្រី​ថុង ដាលីន ដៃ​ខាង​ឆ្វេង​ដឹក​ដៃ​កូន​ប្រុស​ម្នាក់ និង​ដៃ​ខាង​ស្ដាំ​ដឹក​ដៃ​កូន​ស្រី​ម្នាក់​ចេញ​ពី​បន្ទប់​ពិនិត្យ​ជំងឺ។ អ្នក​ស្រី​ដើរ​ហួស​ទៅ​បើក​ថ្នាំ​នៅ​បន្ទប់​ឱសថការី ដែល​នៅ​ក្បែរ​បន្ទប់​ពិនិត្យ​ជំងឺ។ អ្នក​ស្រី​ថ្លែង​ថា៖

«វា​ក្ដៅ​ខ្លួន ក្អក។ បាន​ថ្នាំ​ដប​ចំនួន​បី​ដប និង​ថ្នាំ​លេប​ចំនួន​ពីរ​មុខ។ គេ​ថា​វា​ធម្មតា​ទេ បេះដូង​សួត​អត់​មាន​បញ្ហា​អ្វី​ផង។ មក​នេះ យើង​បើក​ថ្នាំ​ទៅ​ឲ្យ​កូន​យើង​លេប​ទៅ​ដូច​ថា កូន​យើង​ជា​ជំងឺ​ខ្លាំងៗ ធ្ងន់ៗ​ពីព្រោះ​មិន​ងាយ​មាន​ថ្នាំ​មក​អញ្ចឹង​ទេ អ្នក​ជិត​អ្នក​ឆ្ងាយ​ចេះតែ​ស្កាត់​មក​គ្រប់​គ្នា»។

នៅ​ប្រទេស​កម្ពុជា វិស័យ​សុខា​ភិបាល នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។ កង្វះ​មន្ទីរ​ពេទ្យ និង​គ្រូ​ពេទ្យ រួម​ទាំង​សម្ភារៈ​បរិក្ខាពេទ្យ​ គឺ​ជា​បញ្ហា​ប្រឈម​របស់​រដ្ឋាភិបាល​ខ្មែរ។ ដោយ​ឡែក​ថ្នាំ​ពេទ្យភាគ​ច្រើន​ត្រូវ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ រីឯ​គុណភាព នៃ​ការ​ព្យាបាល​ជំងឺ នៅ​មាន​កំរិត​នៅ​ឡើយ ដែលជា​ហេតុ​បណ្ដាល​ឲ្យ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ស្វះ​ស្វែង​រក​ការ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ជិត​ខាង។

លោក​នួន សុង អភិបាល​រង​ស្រុក​អូរាំងឪ មាន​ប្រសាសន៍ថា​ ការ​ព្យាបាល​ដោយ​ឥត​គិត​កម្រៃ​របស់​ក្រុម​គ្រូ​ពេទ្យ​យោធា​សហរដ្ឋ​អាមេរិក មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយរបស់​ប្រជា​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ដែល​កំពុង​មាន​ជីវភាព​ក្រីក្រ​ស្រាប់។ លោក​បន្ត​ថា៖

«ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូចជា​ប្រជាជន​ទូ​ទៅ​ ក្នុង​ការ​ព្យាបាលនេះ​គឺ​មាន​សារៈសំខាន់​ណាស់ ទី​មួយគឺ​បាន​ជួយ​ឲ្យ​គាត់​ដែល​មាន​ជម្ងឺ ឲ្យ​ជា​សះ​ស្បើយ។ ទី​ពីរ​គឺ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ អញ្ចឹង​បើ​សិនជា​បាន​គ្រូ​ពេទ្យ​ស្មគ្រ័​ចិត្ត​អាមេរិកកាំង​យើង​មក​ជួយ​ព្យាបាល​ជម្ងឺ​អញ្ចឹង​ ជម្ងឺ​ក៏​ជា លុយ​ក៏​អត់​អស់»។

វេជ្ជបណ្ឌិតវរសេនីយទោ​ឃិត សុខលី នៃ​នាយកដ្ឋាន​សុខាភិបាល អគ្គ​ភស្តុភាហិរញ្ញវត្ថុ នៃ​ក្រសួង​ការ​ពារ​ជាតិ ដែល​សហការ​ពិនិត្យ និង​ព្យាបាល​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​បន្ទប់​មួយ​រួម​គ្នា មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរថា៖

«ជា​ការ​ល្អព្រោះ​យើង​បាន​មក​សហការ​ជាមួយ​សហ​រដ្ឋអាមេរិក​ ដើម្បី​ព្យាបាល​ជូន​ប្រជា​ពល​រដ្ឋ​យើង​ដើម្បី​សុខមាលភាព​ជូន​ប្រជា​ពល​រដ្ឋ​យើង។ ក្នុង​នាម​ជា​ខ្មែរ​យើង យើង​ក៏​មាន​មោទនភាព​ដែរ។ ខ្ញុំ​គិត​ថា​ថ្ងៃ​ក្រោយ​ ខាងUS Mercyនឹង​សហការ​ជាមួយ​ក្រសួង​ការ​ពារ​ជាតិ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជា​ពល​រដ្ឋ​យើង​គ្រប់​ទី​កន្លែង»។

សូម​បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ​សហ​រដ្ឋ​អាមេរិក ធ្វើ​ការ​ព្យាបាលចល័ត​នៅ​តាម​ឃុំ​មួយ​ចំនួន​ដែល​បាន​កំណត់​ទុក។ ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​ស្រុក​អូរាំងឪ ខេត្ត​កំពង់ចាម​នឹង​បន្ដ​រហូត ដល់​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មិថុនា។ ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​នេះ អ្នក​ជម្ងឺ​ដែល​រក​ឃើញ​ថា មាន​សភាព​ធ្ងន់​ធ្ងរ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​របស់​ស្រុក ឬខេត្ត។

ក្រុម​គ្រូ​ពេទ្យ​ដែល​កំពុង​បំពេញ​កិច្ចការ​មនុស្សធម៌​នៅ​ខេត្ត​កំពង់ចាម​នេះ គឺ​ជា​ពេទ្យ​មួយ​ក្រុម ក្នុង​ចំណោម​គ្រូ​ពេទ្យ​ចំនួន​ពីរ​ក្រុម​នៃ​កង​ពេទ្យ​ទាហាន​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​មក​ដល់​កំពង់​ផែខេត្ត​ព្រះសីហនុ​ តាម​នាវា​ពេទ្យUSNS Mercy កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា​នេះ សម្រាប់​ការ​ឈប់​សំចត​រយៈ​ពេលពីរ​សប្ដាហ៍​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​ពង្រឹង​ទំនាក់​ទំនង​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក និង​បង្កើន​លទ្ធភាព​សហការ​គ្នា​ជាមួយ​ប្រទេស​កម្ពុជា។

គ្រូ​ពេទ្យ​យោធា​អាមេរិក​មួយ​ក្រុម​ទៀត​ត្រូវ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ខេត្ត​កំពត និង​កំពង់ស្ពឺ។ គេ​រំពឹង​ថា មុន​នឹងនាវា​ពេទ្យ​របស់​សហរដ្ឋអាមេរិក USNS Mercy ​ចាក​ចេញ​ទៅ​វិញ នៅ​ថ្ងៃ​ទី ​២៨ ខែ​មិថុនា​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​ចំនួន​ជាង​មួយ​ម៉ឺននាក់ នឹង​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​រោគ​ដោយ​ឥត​គិត​ថ្លៃ។

គួរ​រំលឹក​ដែរ​ថា នៅ​ក្នុង​ការ​ចូល​ចត​នេះ​ ក្រុម​ទាហាន​សហ​រដ្ឋ​អាមេរិក​បាន​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ ដែល​គយ​អាមេរិក​ចាប់​បាន​ពី​ការ​ជួញ​ដូរ​ខុស​ច្បាប់​ចំនួន​ ៧​ ដុំ ឲ្យ​ទៅ​រដ្ឋាភិបាល​កម្ពុជា​វិញ។ ដោយ​ឡែក កង​នាវិក​អាមេរិក​មួយ​ចំនួន​បាន​ជីក​អណ្ដូង​ទឹក​សម្រាប់​ទាញ​យក​ទឹក​ស្អាត​ជូន​ប្រជាជន​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ​ផង​ដែរ៕

XS
SM
MD
LG