ដោយម៉ាហ្ការ៉េត ប៊េសសៀ
បូរីញ៉ីវយ៉ក៖ សហរដ្ឋអាមេរិកបានដឹកនាំមុខក្នុងការធ្វើពហិការកាលពីថ្ងៃពុធប្រឆាំងនឹងការពិភាក្សាដ៏ចម្រូងចម្រាសមួយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិអំពីតួរនាទីរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងការផ្សះផ្សារជាតិ។
មានអ្នកការទូតខ្លះបានរិះគន់ការពិភាក្សានេះដោយនិយាយថាគឺមានគោលបំណងបន្តុះបង្អាប់ដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិកាត់ទោសនៅអតីតយូហ្កោស្លាវីដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ហើយបើនិយាយជារួមទៅគឺបង្អាប់ដល់តុលាការអន្តរជាតិដទៃទៀត។
កិច្ចប្រជុំនេះគឺជាគំនិតរបស់លោក Vuk Jeremic ប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកជាអតីតរដ្ឋមន្ត្រីការបរទេសស៊ែប ហើយអ្នកការទូតខ្លះនិយាយថាលោកកំពុងសម្លឹងមើលទៅរកតំណែងប្រធានាធិបតីនៅ ក្នុងប្រទេសរបស់លោក។
អ្នកនាំពាក្យម្នាក់របស់សហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាអ្នកការទូតសហរដ្ឋអាមេរិកមិនចូលរួមក្នុងការពិភាក្សាដេញដោលណាមួយដែលរដ្ឋបាលក្រុងវ៉ាស៊ីនតោនមានអារម្មណ៍ថាមិនមាន«តុល្យភាព» និង«មានលក្ខណៈអុចអាល»។
ប្រធានតុលាការអន្តរជាតិទាំងអស់មិនចូលរួមក្នុងការពិភាក្សានោះទេ ហើយប្រទេសកាណាដានិងហ្សកដានីក៏មិនចូលរួមដែរ។
ឯកអគ្គរាជទូតប្រទេសហ្សកដានីប្រចាំអង្គការសហប្រជាជាតិ គឺព្រះអង្គម្ចាស់ Zeid Ra'ad Zeid Al Hussein បានប្រាប់ក្រុមអ្នកសារព័ត៌មានថាព្រះអង្គសង្ឃឹមថាលោកJeremic គួរតែគិតគូមែនទែនអំពីភាពរសើបនៃបញ្ហានេះក្នុងការរៀបចំកិច្ចប្រជុំនេះឡើង និងពិភាក្សាថែមទៀតជាមួយនឹងរដ្ឋជាសមាជិកដទៃទៀតអំពីបញ្ហានេះ។
«នៅពេលដែលយើងដឹងច្បាស់ថាមានរបៀបវារៈផ្សេងសម្រាប់កិច្ចប្រជុំនេះ គឺការដឹងពីរស់ជាតិមួយនៃកិច្ចប្រជុំនេះ ចំពោះខ្ញុំយល់ថាលោកប្រធានមហាសន្និបាទកំពុងតែកេងចំណេញពីតួរនាទីរបស់លោកដើម្បីសម្រេចគោលដៅតូចមួយដែលមិនអាចទទួលយកបានសម្រាប់យើងទាំងអស់គ្នា»។
លោកបាន គីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមក្នុងពេលប្រជុំនោះតែបន្តិចដោយធ្វើការទទូចឱ្យគ្រប់ប្រជាជាតិទាំងអស់គោរពនិងគាំទ្រតុលាការអន្តរជាតិ។ លោកបានគីមូន និយាយថាគ្មានអ្នកណាម្នាក់គួរមើលងាយដល់តុលាការ «ដោយសារតែហេតុផលដែលទាក់ទងនឹងនយោបាយជាងយុត្តិធម៌ទេ»។
នៅក្នុងសុន្ទរកថាបើក លោកJeremic មិនបានរិះគន់ដោយចំៗដល់តុលាការក្រុងឡាអេទេ ប៉ុន្តែលោកប្រធានាធិបតីស៊ែប Tomislav Nikolic បានរិះគន់អស់រយៈពេល៤០នាទី។
«យើងឆ្ងល់ថាតើភាពមិនលម្អៀងយ៉ាងម៉េចទៅ នៅពេលដែលមានបរិយាកាសជាប្រព័ន្ធមួយក្នុងការ«វាយប្រហារអនាធិបតេយ្យ»លើអ្វីៗទាំងអស់ដែលជារបស់ស៊ែប...បណ្តាញព័ត៌មានបស្ចិមប្រទេសដ៏ មានឥទ្ធិពលនានាបានបង្កើតនូវរូបភាពមួយដែលកំណត់ជាមុនថាស៊ែបជាអ្នកមានកំហុស»។
វាគ្មិនផ្សេងទៀតរួមមានប្រធានាធិបតីស៊ែបបូស្នីនៃប្រទេសបូស្នីហេហ៊្សេហ្កោវីណា Nebojsa Radmanovic។ នៅក្នុងពិធីដោយឡែកមួយ លោកLewis MacKenzie ឧត្តមសេនីយ៍ចូលនិវត្តន៍ដែលមានរឿងចម្រូងចម្រាសច្រើនរបស់កាណាដាបានគ្រោងថានឹងឡើងថ្លែងដែរ។ កាលពីពេលមុនលោកបានចោទសួរថាតើពិតជាមានអំពើប្រល័យពូជសាសន៍កើតមានឡើងនៅក្រុងSrebrenica មែនឬទេនៅឆ្នាំ១៩៩៥ពេលដែលក្រុមបុរសៗនិងកុមារាបូស្នីកាន់សាសនាអ៊ីស្លាមជិត៨០០០នាក់ត្រូវបានសម្លាប់រង្គាលបន្ទាប់ពីកងកម្លាំងស៊ែបវាយយកបានទីក្រុងនោះ។
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ តុលាការនៅទីក្រុងឡាអេនេះបានចេញដីការចោទប្រកាន់មនុស្ស១៦១នាក់ពីបទឧក្រិដ្ឋកម្មនិងមាន១៥នាក់ត្រូវបានតុលាការទម្លាក់ចោលលែងចោទប្រកាន់។ មានជនសង្ស័យរាប់សិបនាក់កំពុងទទួលការកាត់ទោសនៅឡើយ៕
ប្រែសម្រួលដោយលោកម៉ែន គឹមសេង