ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​កម្ពុជា-អាមេរិក​ក្នុង​តំបន់​បង្ហាញ​នូវ​ភាព​ចាស់​ទុំ


ស្លាក​សញ្ញា​នេះ​បង្ហាញ​ពី​ទំនាក់​ទំនង​​រយៈ​ពេល​៦០​ឆ្នាំ​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក
ស្លាក​សញ្ញា​នេះ​បង្ហាញ​ពី​ទំនាក់​ទំនង​​រយៈ​ពេល​៦០​ឆ្នាំ​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក

ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ខួប​គម្រប់​ ៦០ ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​សហរដ្ឋ​អាមេរិក អ្នក​វិភាគ​នយោបាយ​និយាយ​ថា​ប្រទេស​ដ៏​តូច​មួយ​នេះ​កាន់​តែ​មាន​សារៈសំខាន់​ដល់​នយោបាយ​ការ​បរទេសរបស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​បណ្ឌិត​ Satu Limaye ប្រធាន​វិទ្យាស្ថាន​ស្រាវ​ជ្រាវ East-West Center នៅ​ទី​ក្រុង Washington សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ក្រៅ​ពី​ទំនាក់​ទំនងការ​ទូត​ដោយ​ផ្ទាល់ជាមួយ​សហរដ្ឋ​អាមេរិក សមាជិកភាព​របស់ប្រទេស​កម្ពុជាក្នុង​សមាគមអាស៊ាន ក៏​ផ្តល់​នូវ​មធ្យោបាយមួយ​បន្ថែម​ទៀត​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហាអំណាច​មួយ​នេះ។

«បើ​គិត​អំពី​រឿងប្រទេស​តូចៗ​នៅ​ក្នុង​អាស៊ាន​ ការ​ដែល​ប្រទេស​ទាំង​នោះ​អាចមាន​តួនាទី មានឥទ្ធិពល មាន​ឋានៈ ហើយ​អាច​ចូល​រួម​ដោះ​ស្រាយ​អ្វី​មួយ​ជា​ធ្លុង​មួយ​នៃកម្លាំង​របស់​សមាគមអាស៊ាន​ទាំង​មូល ដែល​ប្រទេស​ក្នុង​សមាគម​នេះ​កាន់តែ​មាន​សមាហារណកម្មនឹង​គ្នា​ ហើយ​ទាក់​ទង​គ្នាកាន់​តែ​ខ្លាំង​នោះ នោះ​ខ្ញុំ​គិត​ថា​ ការ​ណ៍​នេះ​នឹង​ជួយ​លើក​តម្កើង​តួ​នាទី​របស់​ប្រទេស​ទាំង​នោះ​ក្នុងពេលអាស៊ាន​មាន​ការ​ទាក់​ទង​ជាមួយ​សហរដ្ឋ​អាមេរិក។»

ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​អាស៊ាន​នៅ​ឆ្នាំ ១៩៩៩ ហើយ​ជា​ប្រទេស​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​សមាជិក​ទាំង​១០​ដែល​បាន​ចូល​រួមក្នុង​សមាគម​នេះ។ ថ្វី​បើប្រទេស​សមាជិក​អាស៊ាន​និមួយៗ​ត្រូវ​បង់ប្រាក់សមាជិក​ភាព​ដំបូង​ចំនួនមួយ​លាន​ដុល្លារ និង​ប្រាក់​សមាជិក​ភាព​ប្រចាំ​ឆ្នាំ​ចំនួន​ជាង​មួយ​លាន​ដុល្លារក្តី​ ក៏​ការ​ចូល​ជា​សមាជិកអង្គការ​តំបន់​នេះ​ ត្រូវ​គេ​គិត​ថា​អាច​នាំ​មក​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​សមាជិក ជា​ពិសេស​ក្នុង​ផ្នែក​ការទូត​និង​ពាណិជ្ជកម្ម​អន្តរជាតិ។ ក៏​ប៉ុន្តែ​បញ្ហា​ដែល​មាន​ក្នុង​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិករបស់​សមាជិក​ខ្លះ​ មាន​ប្រទេស​ភូមា​ជា​ដើម បាន​ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​ដល់​កិច្ចការ​ការទូតរបស់​សមាគមទាំង​មូល។

ជា​រឿយៗ​គេ​ឃើញ​មាន​បញ្ហា​ខ្វែង​គំនិតមួយ​ចំនួន​នៅ​ក្នុង​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក រួម​ទាំង​ការ​ចោទ​ប្រកាន់​របស់​កម្ពុជា​ក្នុង​ពេល​កន្លង​មក​ថា​សហរដ្ឋ​អាមេរិក​បាន​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ទាក់​ទង​នឹងសិទ្ធិ​មនុស្សនិង​អំពើ​ពុក​រលួយ ក៏​ដូច​ជា​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​មក​នេះ ក្នុង​ការ​ផ្អាក​ការ​បញ្ជូន​ជំនួយ​ជារថយន្តយោធា​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ប្រឆាំង​នឹង​ការដែល​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ Uyghurs ទៅ​ប្រទេស​ចិន​វិញ។

លោក Satu Limaye និយាយ​ថា ថ្វី​បើ​បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​ស្មុគ​ស្មាញ​ដល់ទំនាក់​ទំនង​ខ្លះ​ក្តី ក្នុង​បរិបទ​អាស៊ាន ទំនាក់​ទំនង​អាមេរិក​ជាមួយ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ជាមួយ​ប្រទេស​លាវ​និង​វៀតណាម​ដែរ នឹង​មាន​ភាព​វិជ្ជមាន​និង«រឹង​មាំ»។ លោក Limaye បាន​មាន​ប្រសាសន៍បែប​នេះ​នៅ​ក្រោយ​ពី​មានការ​សម្ពោធ​កាល​ពី​ដើម​ខែ​មុន​នូវគម្រោងស្រាវជ្រាវ​ថ្មី​មួយ​ឈ្មោះ Asean Matters for America ឬ អាស៊ាន​មាន​សារៈសំខាន់​ចំពោះ​អាមេរិក​ ដោយ​វិទ្យាស្ថាន East-West Center​ ដែល​គម្រោង​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ចំណាប់​អារម្មណ៍របស់​សហរដ្ឋ​អាមេរិក​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Scot Marciel ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកទទួល​បន្ទុក​កិច្ចការ​អាស៊ាន បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់វីអូអេ​ភាសា​ខ្មែរនៅ​ក្នុង​ពេល​សម្ពោធ​នោះ​ថា មូលហេតុនៃ​ការ​សម្រេច​ចិត្ត​ផ្អាក​ជំនួយ​នេះ គឺ​ដោយ​សារ​កម្ពុជា​មិន​បាន​គោរព​នូវ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន ប៉ុន្តែ​លោកចាត់​ទុក​រឿង​នេះ​ថា​មិន​មាន​ផល​ប៉ះ​ពាល់អ្វី​ធ្ងន់​ធ្ងរ​ដល់​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​អនាគត​ទេ។

«​យើង​បាន​ប្រាប់មន្ត្រីកម្ពុជា​ថា​រឿង​នេះ​នឹង​ប៉ះពាល់​ដល់ទំនាក់​ទំនង​ទ្វេភាគី ហើយ​វា​ពិត​ជា​មាន​ការ​ប៉ះពាល់​មែន។ តែ​ថា តើយើង​នឹង​ផ្អាកទំនាក់​ទំនង​ការ​ទូត​ដែរ​ទេ​ឬ? គឺមិន​ទេ។ ទំនាក់​ទំនង​មួយ​មាន​ផ្នែក​ផ្សេងៗ​ជា​ច្រើន​។ ការ​កសាង​នូវ​ទំនាក់​ទំនងកាន់​តែ​ល្អ​ជាង​មុន​ជាមួយ​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។ ដូច្នេះ​ពេល​នោះយើង​ត្រូវ​ថ្លឹង​ថ្លែង​ពី​គុណ​សម្បត្តិ​និង​គុណវិបត្តិនៃ​ការ​សម្រេច​ចិត្ត​នានា ហើយ​យើង​ក៏​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​បញ្ជូន​រថយន្ត​យោធា។»

កន្លង​មក គេបាន​សង្កេត​ឃើញ​នូវ​ភាពប្រសើរ​ឡើង​ក្នុង​ទំនាក់​ទំនង​កម្ពុជា​-អាមេរិក ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដោយ​រួម​មាន​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​ដក​ការ​រិត​ត្បិត​ផ្នែក​ពាណិជ្ជកម្ម​ចំពោះ​ប្រទេស​កម្ពុជា​និង​លាវ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០០៩ ហើយ​និង​គម្រោង​ថ្មី​ Lower Mekong Initiative ដើម្បី​បង្កើន​កិច្ច​ទាក់ទងកាន់​តែ​ខ្លាំង​ជាមួយ​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម​ទាំង​៤ កម្ពុជា លាវ ថៃ និង​ វៀតណាម​។ នៅ​ក្នុងឆ្នាំ​នេះ​ដែរ​ សហរដ្ឋ​អាមេរិក​នឹង​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​រៀប​ចំ​សមយុទ្ធ​កង​កម្លាំង​ថែ​រក្សាសន្តិភាព​អន្តរជាតិ​ផង​ដែរ។

លោកបណ្ឌិត កៅ​ គឹមហួន រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាននិយាយ​ថា «ការ​លំបាក»​ ខ្លះ​ដូច​ជាចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ដើម នៅ​មាន​នៅ​ឡើយ​ក្នុង​ទំនាក់​ទំនង​កម្ពុជា-អាមេរិក ក៏​ប៉ុន្តែ​ដោយ​ទំនាក់​ទំនង​នេះ​កាន់​តែអាយុ​កាល​វែង​ទៅ​ និង​មាន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ថ្នាក់​ខ្ពស់​ផងនោះ​ ទំនាក់​ទំនង​នេះ​កាន់​តែ​មាន​ភាព​ចាស់​ទុំ​ឡើង ដោយ​លោកបាន​កត់​សម្គាល់​ផង​ដែរ​នូវ​ខួប​លើក​ទី​៦០​នៃ​ទំនាក់​ទំនង​នេះ។

«ខ្ញុំ​គិត​ថា​អ្វី​ដែល​ហៅ​ថា​ការ​ប្រឈម​នេះ​មាន​តិច​តួច​ណាស់​ ហើយ​កន្លង​មក​នេះ​មាន​ការ​យល់គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​ យើង​ឃើញ​ហើយ​នៅ​ក្នុង​ជំនួប សហរដ្ឋ​អាមេរិក​អាច​លើក​ពីរឿង​សិទ្ធិ​មនុស្ស​ជា​ច្រើន។ ហើយ​សំខាន់​គឺ​ថា​យើង​ត្រូវ​តែ​បក​ស្រាយ​ទៅ​លើ​បញ្ហា​មួយៗ​ហ្នឹង​ ដើម្បី​ឲ្យ​ខាង​សហរដ្ឋ​អាមេរិកយល់​អំពី​បញ្ហា​ចំពោះ​មុខ​នេះ​។ ដោយ​ឡែក​ទៀត​ខ្ញុំ​ថា​វា​អត់​មាន​ឥទ្ធិពល​អ្វី​អវិជ្ជមាន​ទេ​ចំពោះ​ទ្វេភាគី​ក៏​ដោយ ឬ​ ចំពោះក្រប​ខណ្ឌ​ទំនាក់​ទំនង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក។

លោក ឈាង​ វណ្ណារិទ្ធ ជា​អគ្គនាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​ និយាយ​ថា ចំណាប់​អារម្មណ៍​ខាង​នយោបាយ​របស់​សហរដ្ឋ​អាមេរិកក្នុង​ពេល​ថ្មីៗ​នេះ ផ្តល់​លទ្ធភាព​ឲ្យ​កម្ពុជា​អាច​ទាក់​ទងជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ផង​និង​ជា​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ផង។

លោក​និយាយ​ថា​ការ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិកជា​ការ​ចាំ​បាច់​សម្រាប់​កម្ពុជា​ទាំង​ខាង​សេដ្ឋកិច្ចផង​ ពី​ព្រោះ​អាមេរិក​ជា​ទី​ផ្សារ​ធំ​បំផុត​ក្នុង​ពិភពលោក​និង​ជា​ទី​ផ្សារ​ធំ​មួយ​សម្រាប់​ផលិត​ផល​កាត់ដេរ​និង​កសិកម្មរបស់​កម្ពុជា​ ដែល​មាន​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​ត្រូវ​ពឹងផ្អែក និង​ទាំងខាង​នយោបាយ​ផង ពី​ព្រោះ​សហរដ្ឋ​អាមេរិក​អាច​ជួយ​ថែ​រក្សា​ស្ថេរភាព​ក្នុង​តំបន់បាន​។

លោក​ថា​ ការ​ផ្អាកជំនួយ​យោធា​របស់​អាមេរិក​ក្នុង​ពេល​ថ្មីៗ​នេះ​ឆ្លុះ​បញ្ចាំង​ពី​គោល​ជំហរ​របស់រដ្ឋាភិបាល​អាមេរិកាំង​ ទាំង​ក្នុង​ប្រទេស​ខ្លួន​និង​នៅ​លើ​ឆាក​អន្តរជាតិ ចំពោះ​ការ​ការពារ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​លោក​ក៏​ចាត់​ទុក​ថា​ការ​ផ្អាក​នេះ​មិន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនងអាមេរិក​ជាមួយ​អាស៊ាន​ទេ។

ទំនាក់​ទំនង​ការទូត៦០​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បាន​ជួប​ប្រទះ​នឹង​ភាព​ល្អប្រសើរ​ផង​និង​លំបាក​ផង ដោយ​អាស្រ័យ​លើ​ការ​វិវត្ត​នៃ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​និង​ពិភពលោក។ នៅ​ក្នុង​ឆ្នាំ​ដំបូងៗ​ ក្រោយ​ការ​ភ្ជាប់​ទំនាក់​ទំនងនៅ​ឆ្នាំ​១៩៥០ ទំនាក់ទំនង​នេះ​មាន​ភាព​ល្អ​ប្រសើរ​ មុន​នឹង​ធ្លាក់​ដល់​ការ​ផ្តាច់ចំណង​ទាក់​ទង​ក្នុង​ឆ្នាំ​១៩៦៥ ក្រោយ​ពី​មាន​ការហៀរ​នូវ​សង្គ្រាម​វៀតណាមចូល​ប្រទេស​កម្ពុជា និង​ក្រោយ​មក​មាន​ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ទៅ​លើ​ប្រទេស​កម្ពុជា​អស់​រយៈពេល​៤​ឆ្នាំ​ចាប់​ពី​ឆ្នាំ​ ១៩៦៩។

នៅ​ក្រោយរដ្ឋ​ប្រហារ​ឆ្នាំ ​១៩៧០​ ទំនាក់​ទំនង​នេះ​មាន​ការ​កើន​ខ្ពស់​ជា​ថ្មី​ តែក្រោយជ័យ​ជម្នះ​របស់​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥ ទំនាក់​ទំនង​នេះ​ក៏ត្រូវកាត់​ផ្តាច់​ជា​ថ្មី​វិញ​ទៀត។ ប្រទេស​ទាំង​ពីរ​ទើប​មាន​ទំនាក់​ទំនងជា​ផ្លូវ​ការ​នឹងគ្នា​ឡើង​វិញនៅក្រោយ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ដើម​ទស្សវត្ស​១៩៩០។ ទំនាក់​ទំនងថ្មី​នេះ​បាន​ជួប​បញ្ហា​នៅ​ក្រោយរដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ដោយពេល​នោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​កាត់​ផ្តាច់​ជំនួយទ្វេភាគី។ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ក្រោយ​ការ​លើក​លែងការ​រាំង​ខ្ទប់​ជំនួយ​ទ្វេភាគី​នៅ​ឆ្នាំ​២០០៧មក ទំនាក់​ទំនង​នេះ​បាន​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ ថ្វី​បើ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ ជា​ពិសេស​ទាក់​ទិន​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​អំពើ​ពុក​រលួយ។

ថ្វីបើ​សហរដ្ឋ​អាមេរិក​បាន​បន្សល់​ទុក​នូវ​មរតក​នៃ​សង្គ្រាម​ក្នុង​តំបន់​នេះ​ក្តី លោក​ ឈាង វណ្ណារិទ្ធ និយាយ​ថា​ ពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​ដី​គោក​ មាន​និន្នាការ​ចូល​ចិត្ត​ប្រទេស​អាមេរិក​និង​តម្លៃ​អាមេរិកាំង​។ លោក​ថា ប្រជាជនទាំង​នោះសម្លឹង​មើល​ទៅ​អនាគត​ជា​ជាង​អតីតកាល។

យ៉ាង​នេះ​ក្តី​លោក​មាន​ប្រសាសន៍​ថា ទោះ​បី​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​នយោបាយ​បើក​ចំហ​ជាង​ប្រទេស​ជិត​ខាងមួយ​ចំនួន​ក្តី​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុនបាន​នោះ​ គឺ​កម្ពុជា​ត្រូវ​ដោះ​ស្រាយកង្វះ​ខាត​ក្នុង​អភិបាលកិច្ច​ល្អ ដែល​នេះ​ជា​ចំណុច​មួយ​ដែល​សហរដ្ឋ​អាមេរិក​អាច​ជួយ​បាន។

លោក​បាន​កត់​សម្គាល់ថា​ ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជានឹង​តែង​តែ​ធ្វើ​ឲ្យកម្ពុជាមាន​សារៈសំខាន់ដល់​ប្រទេស​ធំៗ ក៏​ប៉ុន្តែ​គោល​នយោបាយ​អព្យាក្រឹត្យ​របស់​ប្រទេស​នេះ​នឹងជួយ​រក្សា​ឲ្យ​មាន​តុល្យភាពខាង​អំណាច​ក្នុង​កិច្ច​ការ​ទូត​របស់​ខ្លួន។

«ខ្ញុំ​គិត​ថា​កម្ពុជា​យើងនឹង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​អាមេរិក​ ក៏​ប៉ុន្តែ​មិន​ជិត​ស្និទ្ធ​ឲ្យ​ដាច់​ឆ្ងាយពី​ប្រទេសមហាអំណាច​នៅ​ក្នុង​តំបន់​ដូច​ជា​ប្រទេស​ចិន​នោះ​ទេ។»

លោក​ កៅ គឹមហួន​បាន​និយាយ​ថា​គោល​នយោបាយ​អព្យាក្រឹត្យ​នេះ​មួយ​ផ្នែក​ស្រប​នឹង​នយោបាយ​ការ​ទូត​របស់​អាស៊ាន។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ នឹង​មាន​ឱកាស​ដើរ​តួ​ក្នុង​កិច្ចការ​ការទូត​ក្នុង​តំបន់​ច្រើន​ទៀត។ ប្រទេសកម្ពុជានឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​អង្គការ​អាស៊ាន​នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ ដែល​ពេល​នោះ​គេ​រំពឹង​ថា​ប្រទេស​នេះ​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ក្នុង​តំបន់​សំខាន់ៗ។

លោក​ថា ប្រសិន​បើ​មាន​វត្តមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​កម្ពុជា​ពេល​នោះ វា​នឹង​ជាព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ទំនាក់​ទំនង​រវាងកម្ពុជា​និងសហរដ្ឋ​អាមេរិក។

XS
SM
MD
LG