នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលកម្ពុជាបានចេញសារាចរហាមឃាត់ការដើរដង្ហែក្បួនរបស់កម្មករនៅទិវាពលកម្មអន្តរជាតិ ដើម្បីធ្វើសកម្មភាពតវ៉ាដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ការប្រារព្វទិវាពលកម្មអន្តរជាតិនឹងត្រូវបានធ្វើនៅថ្ងៃទី១ខែឧសភា ជារៀងរាល់ឆ្នាំ ហើយកម្មករនៅប្រទេសជាច្រើនបាននាំគ្នាដើរដង្ហែក្បួននៅតាមដងផ្លូវ និងបានលើកឡើងពីទុក្ខកង្វល់នានាទាក់ទងនឹងការងារជូនរដ្ឋាភិបាលដោះស្រាយ។ សារាចរនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីពស៊ីកាដូគ្រោងនឹងដើរដង្ហែក្បួនកម្មករប្រមាណ៣.០០០នាក់ នៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញនៅទិវាពលកម្មអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងសារាចរណែនាំថា អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតចៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាពទិវាពលកម្មអន្តរជាតិនេះ ដើម្បីធ្វើសកម្មភាពទាំងឡាយណាដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសង្គម។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងថាលោកនឹងមិនធ្វើការដង្ហែរក្បួននៅទិវាពលកម្មអន្តរជាតិនេះទេ ដោយសារតែគ្មានថវិកា។ ប៉ុន្តែលោកបានហៅសារាចររបស់រដ្ឋាភិបាលថាជាការភ័យខ្លាច និងការបំបិទសេរីភាពជួបប្រជុំ និងសម្តែងមតិ។ លោករ៉ុង ឈុន ថ្លែងថា៖
«ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលមិនដែលបានចេញសារាចរបំរាមក្នុងការព្រួយបារម្ភទាក់ទិនទៅនឹងទិវាពលកម្មអន្តរជាតិនេះទេ។ នេះជាការភ័យខ្លាច និងការគំរាមគំហែងរបស់រដ្ឋាភិបាលដល់សិទ្ធិសេរីភាពក្នុងការជួបជុំ និងការបញ្ចោញមតិរបស់ប្រជាពលរដ្ឋខ្មែរ»។
លោក រ៉ុង ឈុន បានបញ្ជាក់ថា លោកបានលើកសំណើប្រាំបួនចំណុចជូនរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ដើម្បីជួយដោះស្រាយជូនកម្មកររួមមាន។ សំណើប្រាំបួនចំណុចរួមមាន៖ កំណត់បន្ថែមប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតចំនួន១១២ដុល្លារអាមេរិកក្នុងមួយខែ កាត់បន្ថយម៉ោងធ្វើការពី៤៨ម៉ោងមកត្រឹម៤៤ម៉ោងក្នុងមួយសប្តាហ៍ បញ្ឈប់ការរើសអើងគ្រប់រូបភាពចំពោះសិទ្ធិសេរីភាពសហជីព និងសមាគម និងបង្កើតតុលាការការ ងារឯករាជ្យជាដើម។ លោក បន្តថា៖
«យើងឃើញតម្លៃទំនិញនៅលើទីផ្សារមានការកើនឡើងខ្ពស់ ជាពិសេសតម្លៃប្រេងឥន្ទនៈ ដែលបង្កការលំបាកទៅដល់ជីវភាពរស់នៅ។ ដូច្នេះហើយបានជាយើងលើកស្នើសុំឱ្យរដ្ឋាភិបាលផ្តល់ដំណោះស្រាយអំពីប្រាក់ខែជូនកម្មករ គ្រូបង្រៀន មន្ត្រីរាជការ នគរបាល ទាហ៊ាន ឱ្យមានតុល្យភាពទៅនឹងតម្លៃទីផ្សារដើម្បីឱ្យគាត់រស់នៅក្នុងភាពថ្លៃថ្នូរ។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពស៊ីកាដូ បានថ្លែងថា លោកនឹងប្រមូលផ្តុំកម្មករប្រមាណ៣.០០០នាក់នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដង្ហែក្បួនឆ្លងកាត់ព្រះបរមរាជវាំង ឆ្ពោះទៅកាន់រដ្ឋសភា ដើម្បីនាំយកញត្តិទៅជូនរដ្ឋសភា និងរដ្ឋាភិបាល ឱ្យជួយដោះស្រាយចំណុចខ្វះខាតមួយចំនួនទាក់ទងនឹងសិទ្ធិ និងលក្ខខណ្ឌការងារល្អប្រសើរ។ លោកអាត់ ធន់ ថ្លែងថា៖
«សារាចរនេះបង្ហាញនូវភាពចង្អៀតចង្អល់ដល់ការប្រមូលផ្តុំ និងការដើរដង្ហែក្បួន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមកដល់ពេលនេះ ក្រុមការងាររបស់យើងខ្ញុំនៅតែបន្តធ្វើតាមគម្រោងដោយគ្មានការផ្លាស់ប្តូរ។ ការប្រមូលផ្តុំរបស់យើងមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទេ។ អាជ្ញាធរមានលទ្ធភាពក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ខ្ញុំគិតថារដ្ឋាភិបាលមិនគួរឱ្យមានការភ័យខ្លាចទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ក្នុងសារាចរណែនាំនេះថា ក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហស្ថលើផ្ទៃប្រទេស អាជ្ញាធររាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការតាមសមត្ថកិច្ចរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសទិវាទពលកម្មអន្តរជាតិឆ្នាំ២០១១នេះ៕