ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​មជ្ឈមណ្ឌល​កុមារ​កំព្រា


កុមារ​កំព្រា​លេង​ជាមួយ​គ្នា​នៅ​មជ្ឈមណ្ឌលកុមារ​កំព្រាគៀនឃ្លាំង​ ក្នុងតីក្រុងភ្នំពេញ។
កុមារ​កំព្រា​លេង​ជាមួយ​គ្នា​នៅ​មជ្ឈមណ្ឌលកុមារ​កំព្រាគៀនឃ្លាំង​ ក្នុងតីក្រុងភ្នំពេញ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ស៊ើបអង្កេត​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅ​ក្នុង​ប្រទេស​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អង្គការ​មូលនិធិ​កុមារ​អង្គការ​សហ​ប្រជាជាតិ​ បាន​សម្តែង​ការព្រួយ​កង្វល់​របស់​ខ្លួន​ថា កុមារ​ប្រហែល​បី​នាក់​ក្នុង​ចំណោម​បួន​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​យ៉ាង​ហោចណាស់​ម្នាក់​ មានឪពុក​ ឬ​ក៏​ម្តាយ​នៅ​រស់។

នៅ​ដើម​សប្តាហ៍​នេះ​ អង្គការ យូនីសេហ្វ (UNICEF) ​ប្រាប់​ឲ្យ​ដឹង​ថា កុមារ​ជិត​១ម៉ឺន​២ពាន់នាក់​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅ​កម្ពុជា​ ការពិត​មិន​មែន​ជា​កុមារ​កំព្រា​ទេ។ ជិត​៣ភាគ៤​នៃ​កុមារ​ទាំងអស់​នោះ ​មាន​ឪពុក​ឬ​ក៏​ម្តាយ​នៅ​រស់​ ប៉ុន្តែ​ ចំនួន​កុមារ​កំព្រា​ក្នុង​មជ្ឈមណ្ឌល​ បាន​កើនឡើង​ជា​ទ្វេ​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ។

អង្គការ យូនីសេហ្វ ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​មជ្ឈមណ្ឌល​ក្មេង​កំព្រា​បាន​កើន​ឡើង​ជិត​ទ្វេ​ដង​ដល់​ចំនួន​២៦៩ នៅ​ក្នុង​រយៈពេល​ដូចគ្នា។ ក្នុង​នោះ​មជ្ឈមណ្ឌល​ក្មេង​កំព្រា​ចំនួន​តែ​២១​កន្លែង​ប៉ុណ្ណោះ ​ត្រូវបាន​ចាត់ចែង​ដោយ​រដ្ឋាភិបាល។ មជ្ឈមណ្ឌល​ផ្សេងៗ​ទៀត ​ត្រូវ​បាន​ផ្តល់​ថវិកា​និង​ចាត់ចែង​ដោយ​ម្ចាស់​ជំនួយ​បរទេស ​និង​បណ្តា​អង្គការ​សាសនា។

លោក​ រីឈដ ប្រ៊ិដល (Richard ​Bridle) ប្រធាន​អង្គការ យូនីសេហ្វ ​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ​លោក​មាន​ការព្រួយ​កង្វល់​ថា មជ្ឈ​មណ្ឌលក្មេង​កំព្រា​ជាច្រើន​បាន​ក្លាយ​ទៅជា​កន្លែង​ទេសចរណ៍​ដើម្បី​ទាក់​ទាញ​ថវិកា ហើយ​ថា ការធ្វើ​ដូច្នេះ​ ពួកគេ​បាន​ដាក់​កុមារ​ឲ្យស្ថិត​ក្នុង​ភាពគ្រោះ​ថ្នាក់។

លោក ប្រ៊ិដល មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ សូម្បី​ពួក​ទេសចរ និង​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​បំណង​ដ៍​ល្អ​បំផុត​ក៏​កំពុង​ផ្តល់​ថវិកា​ដល់​ប្រព័ន្ធ​មួយ​ដែល​កំពុង​ជួយបំបែក​កុមារ​ពី​គ្រួសារ​របស់​ពួកគេ​ដែរ។

ការសិក្សា​អន្តរជាតិ​បាន​បង្ហាញ​ថា កុមារ​មាន​ស្ថានភាព​ប្រសើរ​ជាង​នេះ​បើសិន​ជា​គេ​នៅ​ជាមួយ​គ្រួសារ​ឬ​ក្នុង​សហគមន៍។

លោក សេបាសធាន ម៉ារ៉ត (Sebastien​ Marot) អ្នក​បង្កើត​អង្គការ​ដ៏ល្អ​បំផុត​មួយ​នៅ​ភ្នំពេញ​សម្រាប់​កុមារ​ដែល​រស់​នៅ​តាម​ផ្លូវ​ ដែល​ហៅ​ថា មិត្ត​អន្តរជាតិ ​(Friends International) ​ដែល​បាន​បង្កើត​កាល​ពី១៧​ឆ្នាំ​មុន​និយាយ​ថា​ការថែ​ទាំ​ក្មេង​បែបនេះ​ ក៏​មាន​តម្លៃ​ថោក​ជាង​ដែរ។ លោកម៉ារ៉ត មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ តួលេខ​មកពី​អង្គការ យូនីសេហ្វ ​បង្ហាញ​ពី​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ពោល​គឺ​អាច​មាន​ការ​ភាន់ច្រឡំ​អំពី​ស្ថិរភាព​នៅ​កម្ពុជា​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ឬ​ក៏អ្វី​ដែល​លោក​ហៅថា មនុស្ស​មិន​មាន​ការអៀន​ខ្មាស​កំ​ពុង​ទាក់ទិន​ក្នុង​ពាណិជ្ជកម្ម​សប្បុរសធម៌ ហើយ​ប្រើប្រាស់​កុមារ​ដើម្បី​រក​ប្រាក់។ លោក ថ្លែង​ថា៖

«យើង​បាន​ធ្វើការ​ចំនួន​១៧​ឆ្នាំ​ ហើយ​យើង​មិន​បាន​ដាក់​ក្មេង​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ទេ ។ ហើយ ​យើង​កំពុង​ធ្វើការ​ជាមួយ​ពួកក្មេង​ដែល​ត្រូវ​បាន​គេ​មិន​គិត​មិន​គូ​ដែល​មាន​ក្រុម​គ្រួសារ​ដ៏​លំបាក​បំផុត។ យើង​មិន​បាន​ដាក់ពួកគេ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ណា​មួយ​ទេ​ក្នុង​រយៈពេល​៨​ឆ្នាំ ​លើកលែងតែ​កុមារ​ដែល​មាន​ភាពពិការ​ខ្លាំង​ឬ​ឈឺខ្លាំង​បំផុត​ពីព្រោះ​តែ​គ្រួសារ​ប្រាកដជា​គ្មាន​សមត្ថភាព​ថែទាំ​ពួកគេ។ ហើយ ​នេះ​ជា​ស្ថានភាព​ដ៏​ពិតប្រាកដ»។

លោក​ ម៉ារ៉ត បាន​ទទួលស្គាល់​ថា ទេសចរ​ភាគ​ច្រើន ​ដែល​ទៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​បាន​ធ្វើ​ចិត្តបរិសុទ្ធ​នៅពេល​ដែល​ពួកគេ​ទៅ​ទស្សនា​ពួកក្មេង​ហើយ​ឲ្យ​លុយ។ ក៏ប៉ុន្តែ​ លោក​និយាយ​ទៀត​ថា​ មាន​ការសង្ស័យ​ខ្លះ​ដែរ​ថា​មជ្ឈមណ្ឌល​កុមារ​កំព្រា​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​រកប្រាក់​ពី​ទេសចរ​បរទេស។

ភ្ញៀវ​ទៅកាន់​មជ្ឈមណ្ឌល​ទេសចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ ទីក្រុង​សៀមរាប ​និងក្រុង​ព្រះ​សីហនុ​ដែល​ជា​កន្លែង​លំហែកាយ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ​ជា​ទូទៅ​បាន​ត្រូវ​គេ​អង្វករ​សុំ​ឲ្យ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​កុមារ​កំព្រា។

ការណែនាំ​របស់​លោក​ ម៉ារ៉ត ​គឺ​ថា ​ទេសចរ ​គួរ​ធ្វើ​ឬកពារ​ដូចជា​ពួកគេ​នៅ​ប្រទេស​របស់​ខ្លួន។ លោក មាន​ប្រសាសន៍​ថា៖

«សំណួរ​ពិត​ប្រាកដ​គឺ​ថា​ តើ​អស់​លោក​អ្នក​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ​នៅ​ក្នុង​ប្រទេស​ផ្ទាល់​របស់​ខ្លួន​ទេ។ តើ​អស់​លោក​អ្នក​ដែល​ទៅ​ទស្សនា​មជ្ឈមណ្ឌល​កុមារ​កំព្រានៅ​ប្រទេស​របស់​អស់លោក​ផ្ទាល់​ឬ​ទេ?​ ទេ។ ហេតុអ្វី​ ? ​ពីព្រោះ​មជ្ឈ​មណ្ឌលកុមារ​កំព្រា​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​កូនក្មេង ហើយ​មាន​ប្រព័ន្ធ​ការពារកុមារ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ ត្រូវ​ការពារ​កុមារ​ទាំង​នោះ។ ពួកគេ​មាន​ភាព​ងាយ​នឹង​រង​គ្រោះ​ថ្នាក់​ទៅហើយ។ ការ​មាន​មនុស្ស​មកពី​ខាង​ក្រៅ​ជាការ​មិន​អាច​ទទួល​យក​បាន​ទេ» ។

អ្នកនាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច​ ដែល​នឹង​ធ្វើ​អធិការកិច្ច​ បាន​សារភាព​នៅ​សប្តាហ៍​នេះ​ថា​រដ្ឋាភិបាល​មិន​បាន​ដឹង​ថា​ តើ​កុមារ​រាប់​ពាន់​នាក់​ដែល​ស្ថិតក្នុង​មជ្ឈមណ្ឌល​កុមារ​ត្រូវ​គេ​មើលថែ​ទាំ​បាន​ល្អ​ឬ​មិន​បាន​ល្អ​ទេ។ អ្នក​នាំពាក្យ​នោះ​ និយាយ​ទៀត​ថា​ គេ​មិន​ទាន់ដឹង​ច្បាស់​នៅឡើយ​ថា​តើ​គេ​នឹង​ចំណាយ​រយៈពេល​ប៉ុន្មាន​ដើម្បី​ពិនិត្យ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ទាំងអស់​ចំនួន​២៦៩​នោះ​ទេ​ ក៏ប៉ុន្តែ​ លោក​បាន​សន្យា​ថា មជ្ឈមណ្ឌល​កុមារ​កំព្រា​ទាំង​ឡាយ​ណា​ដែល​ត្រូវ​រកឃើញ​ថា មិន​គ្រប់​បទដ្ឋាន​ឬ​ក៏​ល្មើស​ច្បាប់​ នឹង​ត្រូវ​បិទ៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG