ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យូណេស្កូ​នឹង​បញ្ជូន​អ្នកជំនាញ​មកពិនិត្យ​មើល​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ


លោក កូអិជីរ៉ូ ម៉ាសឹយូរ៉ា (Koichiro Matsuura) ប្រេសិត​ពិសេស​របស់​អង្គការ​យូនេសក្កូ​ទទួល​បន្ទុក​ប្រាសាទ​ព្រះវិហារ​ ​ធ្វើ​ដំណើរទៅ​ទី​ក្រុង​បាងកក​និង​ភ្នំពេញ​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី​០១​ខែ​មិនា​ឆ្នាំ​២០១១។
លោក កូអិជីរ៉ូ ម៉ាសឹយូរ៉ា (Koichiro Matsuura) ប្រេសិត​ពិសេស​របស់​អង្គការ​យូនេសក្កូ​ទទួល​បន្ទុក​ប្រាសាទ​ព្រះវិហារ​ ​ធ្វើ​ដំណើរទៅ​ទី​ក្រុង​បាងកក​និង​ភ្នំពេញ​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី​០១​ខែ​មិនា​ឆ្នាំ​២០១១។

អង្គការ​យូណេស្កូ (UNESCO) ​គ្រោងនឹង​បញ្ជូន​អ្នកជំនាញ ​ដើម្បី​វាយ​តម្លៃ​ការ​ខូចខាត​នៅ​ប្រាសាទ​ព្រះវិហារ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​មកថា​បាន​ទទួលរង​នូវ​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​ដាក់។ ការ​អះអាង​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​មាន​ជំនួប​គ្នា​មួយ​នៅ​ទីក្រុង​ភ្នំពេញ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ លោក​ឧបនាយក​រដ្ឋមន្រ្តី​សុខ​ អាន ​និង ​លោក​ កូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា (Koichiro Matsuura) ​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ។

លោក​ ជុជ ភឿង​ ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចត្រ​សិល្បៈ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជំនួបគ្នា​មួយ​រវាង​លោក​ឧបនាយក​រដ្ឋមន្រ្តី​សុខ អាន និង​លោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា​អង្គការ​យូណេស្កូ​គ្រោងនឹង​បញ្ជូន​អ្នកជំនាញ​ពិសេស​ដើម្បី​ធ្វើការ​វាយតម្លៃ​ការខូចខាត​នៅ​ប្រាសាទ​ព្រះវិហារ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោក​ជុជ ភឿង​ បាន​មាន​ប្រសាសន៍​ទៀតថា ​នៅ​ពេល​ណា​អ្នក​សង្កេតការណ៍​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មកដល់​ប្រទេស​កម្ពុជា​នៅពេល​នោះ​អង្គការ​យូណេស្កូនឹង​បញ្ជូន​អ្នក​វាយតម្លៃ​ការខូចខាត​មកដល់​កម្ពុជា​ភ្លាម។

«ក្រោយពេល​ដែល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ដែល​ចាត់តាំង​ដោយ​អាស៊ាន​មកដល់​ពេលណា​គឺ​ក្រោយ​នោះភ្លាម​យូណេស្កូ​នឹង​ចាប់ផ្តើម​បញ្ជូន​អ្នកដែល​មក​វាយ​តម្លៃ​ការ​ខូចខាត​មានប៉ុណ្ណា។ ការ​ជួសជុល​ជា​បន្ទាន់​ភ្លាម​ក្រោយពេល​មាន​ការវាយតម្លៃ​ថា​ប្រាសាទ​វា​ខូចខាត​អស់​ប៉ុណ្ណេះ​ភាគរយ​ហើយ​ជ្រើសរើស​អ្នកដែល​ជំនាញ​ខាង​ការ​ជួសជុល​ប្រាសាទ​និង​ធ្វើ​ការងារ​នេះ»។

លោក​កូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា ​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ​បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​បំពេញ​បេសកកម្ម​របស់​លោក​ចំនួន​បីថ្ងៃ​បន្ទាប់ពី​មាន​ការស្នើសុំ​ពី​ភាគី​កម្ពុជា​ដើម្បី​ឲ្យ​ពិនិត្យ​មើល​និង​វាយតម្លៃ​ការ​ខូចខាត​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បន្ទាប់ពី​មាន​ការ​វាយប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ​និង​កម្ពុជា​ កាលពី​ដើម​ខែកុម្ភៈ។

នៅ​ថ្ងៃច័ន្ទ​នេះ ​លោក​កូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា​មាន​ជំនួប​ដាច់​ដោយ​ឡែក​មួយ ​ជាមួយនឹង​លោក​ឧបនាយក​រដ្ឋមន្រ្តី​សុខ អាន​ រដ្ឋមន្រ្តី​ទីស្តីការ​គណៈរដ្ឋមន្រ្តី​និង​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ហើយ​នៅ​ថ្ងៃអង្គារ​ស្អែកនេះ​ លោក​នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី។

លោក​ឧបនាយក​រដ្ឋមន្តី្រ​សុខ អាន ​រដ្ឋមន្រ្តី​ទីស្តីការ​គណៈរដ្ឋមន្រ្តី​និង​ជាប្រធាន​គណៈកម្មការ​ជាតិ​ UNESCO ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ បន្ទាប់ពី​ជំនួប​គ្នា​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ថាអង្គការ​ UNESCO​ និង​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ត្រូវតែ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការចូលរួម​ចំណែក​ដើម្បី​ការពារ​និង​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ។

លោក​ សុខ អាន ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​កំាភ្លើង​ផ្លោង​យ៉ាងតិច​ប្រមាណ​៤០០គ្រាប់​ទៅលើ​ប្រាសាទ​ព្រះវិហារ​ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត​យ៉ាង​ដំណំ។

«UNESCO​ គាត់​ស្ថិត​នៅក្នុង​ដំណាក់កាល​ដែល​ចាត់​បេសកជន​មកទេ​ដើម្បី​ស្វែងយល់​ពី​ជំហរ​ថៃ​ ស្វែង​យល់​ពី​ជំហរ​កម្ពុជា។ អញ្ចឹង​ឥឡូវ​យើង​កំពុងតែ​បង្កលក្ខណៈ​ ដើម្បី​ឲ្យ​UNESCO ​និង​បេតិកភណ្ឌ​ បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការរួមចំណែក​ក្នុង​ការការពារ​និង​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ​របស់​យើង។ ​ហើយ​ UNESCO​ មាន​ភារកិច្ច​ត្រូវ​រៀបចំ​ការការពារ​ឲ្យបាន​ល្អ។ យើង​កំពុងតែ​ទំនាក់​ទំនង​ជាប់​ជាមួយ​អគ្គនាយក​ UNESCO ​ដើម្បី​ជំរុញ​ការងារ​នេះ​ថា​យើង​រៀបចំ​ការពារ​នោះ​យ៉ាងណា​ព្រោះ​បើ​កម្លាំង​ប្រដាប់​អាវុធ។ ​បើថៃ​ប្រើ​កងទ័ព​វាយ​ UNESCO ​អត់មាន​លទ្ធភាព​ទេ ។ UNESCO ​មិនមែន​ជា​ស្ថាប័ន​ដែល​និយាយ​ពីរឿង​ទ័ព»។

លោក​ឧបនាយក​រដ្ឋមន្រ្តី​សុខ អាន​ បាន​មាន​ប្រសាសន៍​ទៀតថា​ទង្វើ​របស់​ប្រទេស​ថៃ ​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំងនឹង​សាសនា ​និង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ប្រឆាំង​នឹង​វប្បធម៌​ដែល​ប្រទេស​ថៃ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​ទាំងនេះ។

លោក​ Panitan Watanayagorn ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ដោយ​លោក​បាន​មានប្រសាសន៍​យ៉ាងខ្លីថា​ កំពុង​ជាប់​រវល់​ប្រជុំ។

ក៏ប៉ុន្តែ​បើតាម​កាសែត​បាងកកប៉ុស្តិ៍​ (Bangkok Post) ​បាន​ដកស្រង់​សំដី​លោក ​Thani Thongphakdee ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ​មក​បញ្ជាក់​ថា លោក​Koichiro Matsuura បាន​យល់​អំពី​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែលបាន​ចុះបញ្ជី​នៅក្នុង​បេតិកភណ្ឌ​របស់​ពិភព​លោក៕

XS
SM
MD
LG