រដ្ឋាភិបាលកម្ពុជាបានដាក់កំហិតឲ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅកម្ពុជាបិទជំរុំបណ្ដោះអាសន្នរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ នៅដើមខែក្រោយនេះ។ ក៏ប៉ុន្ដែអង្គការសហប្រជាជាតិត្រូវការពេលវេលាច្រើនជាងនេះ ដើម្បីបញ្ចប់ការងារជាមួយជនភាសខ្លួន ដែលបានសិទ្ធិជ្រកកោននយោបាយទៅកាន់ប្រទេសទីបី។ មន្រ្ដីរដ្ឋាភិបាលអះអាងថា ការសម្រេចចិត្តទៅលើសំណើនេះអាចនឹងធ្វើនៅសប្តាហ៍ក្រោយ។
មន្ដ្រីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកម្ពុជានឹងសម្រេច ក្នុងរវាងសប្ដាហ៍ក្រោយ ថាតើត្រូវអនុញ្ញាតឲ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនពន្យារពេលការបិទជំរុំសម្រាប់ជនជាតិភាគតិចកុលសម្ព័ន្ធភ្នំវៀតណាមឬយ៉ាងណា បន្ទាប់ពីមានសំណើពីអង្គការសហប្រជាជាតិនោះ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាបានផ្ញើលិខិតមួយទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដោយបង្គាប់ឲ្យបិទជំរុំបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួនកុលសម្ព័ន្ធភ្នំវៀតណាម ក្នុងទីក្រុងភ្នំពេញនៅត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១១។ ហើយរដ្ឋាភិបាលស្នើឲ្យអង្គការសហប្រជាជាតិដោះស្រាយការបញ្ជូនជនភៀសខ្លួនដែលទទួលបានសិទ្ធិជ្រកកោននយោបាយចេញទៅកាន់ប្រទេសទីបីឲ្យបានឆាប់។ ហើយកម្ពុជានឹងបញ្ជូនជនជាតិភាគតិចវៀតណាមដែលមិនបានទទួលសិទ្ធិជាជនភៀសខ្លួនចំនួន១៤នាក់ទៅកាន់ប្រទេស វៀតណាមវិញ។
ក៏ប៉ុន្ដែ លោកកួយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា UNHCR បានស្នើសុំពន្យារពេលការបិទជំរុំជនភៀសខ្លួនចំនួនបីខែបន្ថែមទៀត ប្រយោជន៍ដើម្បីបញ្ចប់នូវនីតិវិធីសម្រាប់ជនភៀសខ្លួនដែលទទួលសិទ្ធិជ្រកកោនទៅកាន់ប្រទេសទីបីរូចហើយនោះ សរុបចំនួន៦២នាក់។ លោកកួយ គួងបញ្ជាក់ថា រដ្ឋាភិបាលខ្មែរអាចនឹងសម្រេចលើសំណើនេះក្នុងអំឡុងសប្ដាហ៍ក្រោយ។
“ប្រហែលជាក្នុងសប្ដាហ៍ក្រោយអាចសម្រេចសំណើរបស់គេហ្នឹងហើយ។ យ៉ាងណាក៏ដោយ យើងសម្រេចមុនការកំណត់នេះ។ ឥឡូវនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាលើសំណើរបស់គាត់"។
ចាប់តាំងពីឆ្នាំ២០០១មក ជនជាតិភាគតិចកុលសម្ព័ន្ធភ្នំវៀតណាមបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរក្រុងហាណូយនៅតំបន់ខ្ពង់រាបទាក់ទងទៅនឹងសិទ្ធិដីធ្លី និងសិទ្ធិសាសនារបស់ពួកគេ ហើយពួកគេចូលមកកាន់ប្រទេសកម្ពុជាដោយ មានការផ្ដល់ជំរុំបណ្ដោះអាសន្នសម្រាប់ពួកគេស្នាក់នៅពីឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនUNHCR មុននឹងអង្គការសហប្រជាជាតិផ្ដល់សិទ្ធិជនភៀសខ្លួនពេញលក្ខណៈដល់ពួកគេសម្រាប់ទៅរស់នៅប្រទេសទីបី ក្នុងនោះ ភាគច្រើនទៅកាន់សហរដ្ឋអាមេរិក។
លោកស្រី Kitty Mc. Kinsey អ្នកនាំពាក្យ UNHCR ប្រចាំតំបន់អាស៊ីប៉ាស៊ីភិចបានឲ្យដឹងថា មានជនជាតិភាគតិចវៀតណាមចំនួន៩៩៩នាក់ហើយបានទៅរស់នៅប្រទេសទីបី និងមានជនជាតិកុលសម្ព័ន្ធភ្នំវៀតណាមចំនួន៧៥០នាក់ទៀតបានត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។ ក្នុងពេលនេះ UNHCR កំពុងតែដំណើរការរៀបចំនីតិវិធីសម្រាប់ជនភៀសខ្លួនចំនួន៦២នាក់ ដែលទទួលបានល័ក្ខខ័ណ្ឌជាជនភៀសខ្លួនរួចហើយ។ ម្យ៉ាងវិញទៀត UNHCR ត្រូវការពេលវេលាបន្ថែមមុននឹងបិទជំរុំជនភៀសខ្លួនតាមការបង្គាប់របស់រដ្ឋាភិបាលខ្មែរ។
មន្ដ្រីអ្នកនាំពាក្យ UNHCR ដដែលរំពឹងថា រដ្ឋាភិបាលខ្មែរនឹងផ្ដល់ចម្លើយជាវិជ្ជមាន។
“យើងសង្ឃឹមថា នឹងទទួលបានចម្លើយប្រកបដោយការអនុគ្រោះពីរដ្ឋាភិបាលកម្ពុជា"។
យ៉ាងណាក៏ដោយ អ្នកស្រីណាលី Naly Pilorge នាយិកាអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានសំដែងការភ្ញាក់ផ្អើលចំពោះការដែលរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យអង្គការសហប្រជាជាតិបិទជំរុំជនភៀសខ្លួននោះ។
“ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាស្ដីពីជនភៀសខ្លួន ដូច្នេះកម្ពុជាដាច់ខាត ត្រូវតែទទួលស្គាល់ល័ក្ខខ័ណ្ឌនៃជនភៀសខ្លួន។ យើងមានការភ្ញាក់ផ្អើលដែលកម្ពុជាសម្រេចចិត្តបិទមជ្ឈមណ្ឌលនេះ។ យើងចង់ឲ្យរដ្ឋាភិបាលពន្យល់ច្រើនជាងនេះ និងបញ្ជាក់ឲ្យច្បាស់ថា តើរដ្ឋាភិបាលសម្រេចចិត្តដូច្នេះ យ៉ាងដូចម្ដេច នៅពេលដែលខ្លួនចុះហត្ថលេខាលើអនុសញ្ញាស្ដីពីជនភៀសខ្លួនហើយនោះ"។
វីអូអេសម្លេងសហរដ្ឋអាមេរិកមិនអាចស្វែងរកសេចក្ដីអត្ថាធិប្បាយពីមន្ដ្រីស្ថានទូតវៀតណាមប្រចាំក្រុងភ្នំពេញបានទេ នៅថ្ងៃនេះ។
ទោះជាយ៉ាងណា លោកកួយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើងថា រដ្ឋាភិបាលយល់ឃើញថា ការបង្កើតជំរុំបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួនជនជាតិភាគតិចវៀតណាមនេះមានរយៈពេលយូរគ្រប់គ្រាន់ទៅហើយ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលមិនចង់ឲ្យមានការបើកជំរុំបែបនេះបន្ដទៀតទេ ដែលជាហេតុអាចនឹងនាំឲ្យមានលំហូរនៃជនភៀសខ្លួនវៀតណាមមកកាន់កម្ពុជាតទៅទៀត។
ប្រទេសកម្ពុជាធ្លាប់ទទួលរងការរិះគន់ថា បានទប់ស្កាត់ការស្វែងរកសិទ្ធិជ្រកកោននយោបាយរបស់ជនភៀសខ្លួនវៀតណាម ដែលទទួលរងការធ្វើទុក្ខបុកម្នេញ និងមានការរិះគន់អំពីការចាប់បញ្ជូនជនជាតិភាគតិច វីហ្គ័រ ដោយបង្ខំទៅឲ្យអាជ្ញាធរចិនវិញកាលពីចុងឆ្នាំ២០០៩៕