ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​សំដែង​ការ​ខក​ចិត្ត​ចំពោះ​ទស្សនកិច្ច​ទី​បី​របស់​អ្នក​តំណាង​សិទ្ធិ​មនុស្ស​អ.ស.ប.​ប្រចាំ​ប្រទេស​កម្ពុជា


អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​រិះ​គន់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ ​របស់​លោក​ ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ ថា​មិន​បាន​លើក​យក​បញ្ហា​ចំ​គោលដៅ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មក​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​កម្ពុជាទេ ។​ ដំណើរ​ទស្សនកិច្ច​លើក​នេះ​លោក​ ស៊ូយ៉ា​ ផ្ដោត​លើ​បញ្ហា​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​តែ​ប៉ុណ្ណោះ។

លោក​ ហេង រស្មី រាយការណ៍​ជូន​ដូច​ត​ទៅ៖

សមាគម​សិទ្ធិ​មនុស្ស ADHOC​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ធ្វើ​ការ​រិះ​គន់​ចំៗ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ លោក​ ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​ប្រទេស​កម្ពុជា​ ថា​មិន​បាន​លើក​យក​បញ្ហា​ឲ្យ​ចំ​គោល​ដៅ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ យក​មក​ពិភាក្សា​ជា​មួយ​និង​រដ្ឋាភិបាល​កម្ពុជាទេ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​ លោក​ ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី​ មក​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​លើក​នេះ​ ធ្វើ​ឡើង​ចំនួន​១០​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​៨​ រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ខាង​មុខ​នេះ ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ូយ៉ា​ មក​កាន់​ប្រទេស​កម្ពុជា​លើក​ទី​៣​នេះ​ បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​ដំណើរការ​វិវត្តន៍​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ហើយ​លោក​មាន​គម្រោង​ចូល​គាល់​ព្រះ​ករុណា​ សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ស្ថាប័ន​តុលាការ​កម្ពុជា​និង​សាលាក្តី​ខ្មែរ​ក្រហម។​ ក៏​ប៉ុន្តែ​លោក​ ស៊ូយ៉ា​ គ្មាន​គម្រោង​ជួប​ជា​មួយ​និង​គណបក្ស​ជំទាស់​ និង​អង្គការ​ស៊ីវិល​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ច្បាប់​របស់​សមាគម​សិទ្ធិ​មនុស្ស ADHOC​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្តែង​នូវ​ការ​ខក​ចិត្ត​ ចំពោះ​ការ​កណត់​បញ្ហា​ផ្តោត​ទៅ​លើ​បេសកកម្ម​របស់​លោក​ ស៊ូយ៉ា ប្រាសាទស៊ូប៊ីឌី​ មក​កាន់​ប្រទេស​កម្ពជា​លើក​នេះ ។

លោក​ នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​ដី​ធ្លី​របស់​សមាគម​សិទ្ធិ​មនុស្ស ADHOC​ បាន​បញ្ជាក់​ថា​ បញ្ហា​វិវាទ​ដី​ធ្លី​ដែល​កំពុង​តែ​កើត​មាន​ឡើង​ដោយ​សារ​តែ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ បាន​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ។

លោក ​បាន​មាន​ប្រសាសន៍​ថា​ លោក​ ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី​ គួរ​តែ​លើក​យក​បញ្ហា​នេះ​មក​ជជែក​ជា​មួយ​នឹង​រដ្ឋាភិបាល​វា​ល្អ​ប្រសើរ​ជាង​យក​បញ្ហា​ប្រព័ន្ធ​តុលាការ​យក​មក​ពិភាក្សា ។

"ការកែ​ទម្រង់​តុលាការ ​វា​ជា​បញ្ហា​មួយ​ដែល​យើង​គួរ​ធ្វើ​ដែរ។​ ក៏​ប៉ុន្តែ​យើង​ចង់​ឲ្យ​មាន​ការ​លើក​យក​ បញ្ហា​ចម្បងៗ​ដែល​ជា​ចាំបាច់​ហើយ​ជា​បញ្ហា​មួយ​ដែល​យើង​និយាយ​ថា​បន្ទាន់​ណាស់​ ដើម្បី​យក​ទៅ​ពិភាក្សាជា​មួយ​ប្រមុខ​រាជរដ្ឋាភិបាល "។

លោក​ ទូច ហួន​ មន្រ្តី​ជំនួយការ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ប្រចាំ​ប្រទេស​កម្ពុជា​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​រិះគន់​របស់​សមាគម​សិទ្ធិ​មនុស្ស ADHOC​ ទេ។

"អាហ្នឹងដល់តែគាត់ ហើយមួយទៀតខ្ញុំអត់ទាន់បានឃើញសេចក្តីថ្លែងការណ៍ហ្នឹង បើឃើញ ខ្ញុំដាក់ជូនឲ្យគាត់ ខ្ញុំជឿថា គាត់មិនទាន់បានឃើញដែរ" ។

លោក ​ កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ គឺ​ជា​សិទ្ធិ​របស់​ពួក​គេ​ ក៏​ប៉ុន្តែ​ប្រធានបទ​របស់​លោក​ ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី​ យក​មក​ពិភាក្សា​លើក​នេះ​ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​លោក​ ក្នុង​នាម​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​តែ​ប៉ុណ្ណោះ។​ លោក​ កុយ គួង​ បាន​បញ្ជាក់​ទៀត​ថា​ ការ​លើក​យក​ប្រធានបទ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នេះ​ស្រប​ទៅ​និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ដែល​កំពុង​ធ្វើ​កំណែ​ទម្រង់​សព្វ​ថ្ងៃ​នេះ ៕

XS
SM
MD
LG