ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករាយការណ៍ពិសេស​អ.​ស.ប. ​ឃើញ​ការ​រីកចម្រើន​ខាង​សិទ្ធិ​មនុស្ស​តិច​តួច​នៅកម្ពុជា


លោក សូរីយ៉ា ប្រាសាដ ស៊ូបិឌី (Surya Prasad Subedi)​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា។
លោក សូរីយ៉ា ប្រាសាដ ស៊ូបិឌី (Surya Prasad Subedi)​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា។

នៅ​ថ្ងៃ​សុក្រ​នេះ ​ប្រេសិត​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សិទ្ធិ​ដី​ធ្លី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និង​សេរីភាព​នៃ​ការ​បញ្ចោញមតិ​ ខណៈ​ដែល​អ្នក​ភូមិ​ចំនួន​១២៤​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ ចាប់​ខ្លួន ​និង​ឃុំ​ឃាំង​ក្នុង​រឿង​ជម្លោះ​ដីធ្លី។

របាយការណ៍​របស់​សមាគមសិទ្ធិ​មនុស្ស​អាដហុក​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍ថា គិត​ពី​ដើម​ឆ្នាំ​២០១១​ រហូតដល់​បច្ចុប្បន្នសមាគម​សិទ្ធិមនុស្ស​អាដហុក បាន​រក​ឃើញ​ថា យ៉ាង​ហោចណាស់​ក៏​មាន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ក្នុង​ទំនាស់​ដីធ្លី​ចំនួន​១២៤នាក់​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ និង​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ ដែល​ក្នុង​នោះ​មាន​៣៦នាក់​ត្រូវបាន​ចាប់ខ្លួន ​១៨នាក់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ និង​៨៨នាក់​កំពុង​រត់ គេច​ខ្លួន​ពីការ​តាមចាប់​របស់​តុលាការ។

លោក សូរីយ៉ា ប្រាសាដ ស៊ូបិឌី (Surya Prasad Subedi)​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​ទូទៅ​បាន​ប្រសើរ​ឡើង​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ប៉ុន្តែ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ផ្សេង​ទៀត​មិន​ទាន់​ប្រសើរ​ឡើង​នៅ​ឡើយ​ឧទាហរណ៍ ជាក់​ស្តែង​គឺ​សិទ្ធិ​ខាង​ដីធ្លី​ ការ​បណ្តេញ​ចេញ​ និង​សេរីភាព​ខាង​ការ​បញ្ចោញ​មតិ។ លោក​ ស៊ូបិឌី ​បាន​បន្ថែម​ថា ដោយសារ​តែ​ភ័យខ្លាច​ការ​ប្រឈមនឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ​បទ​ផ្សាយ​ព័ត៌មាន​មិនពិត​ និង​បទញ៉ុះញ៉ង់ប្រឆាំង​នឹង​ខ្លួន​ មនុស្ស​ជាច្រើន​ដូចជា​អ្នក​យក​ព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​សកម្មជន​គណបក្ស​នយោបាយ ​ព្រមទាំង​បុគ្គល​ឯកជន​នានា​ហាក់​ដូចជា​កំពុង​រឹត​ត្បិត​ការ​បញ្ចេញ​មតិ​ខ្លួន​ឯង។ លោក ស៊ូបិឌី ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​មាន​កង្វល់​ចំពោះ​ការ​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​បែបនេះ​ ប្រឆាំង​នឹង​សកម្មជន​ការពារ​សិទ្ធិ​ខាង​ដីធ្លី​ និង​បុគ្គល​នានា​ ដែល​ធ្វើ​ការ​ទាមទារ​សិទ្ធិ​លើ​ដីធ្លី ដែល​មាន​ទំនាស់។ ខ្ញុំ​មាន​ការ​ស្រងាក​ចិត្ត​ដោយ​បាន​ឮ​អំពី​ការ​ប្រើ​ប្រាស់​កម្លាំង​មិន​សមាមាត្រ​ដោយ​អាជ្ញាធរ​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដោយ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី។ ជា​អាទិ៍​ អំពើ​ហិង្សា​ប្រឆាំង ​នឹង​ការ​ធ្វើ​បាតុកម្ម​ដោយ​ប្រជាពលរដ្ឋ​មក​ពី​តំបន់​បឹងកក់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១១​ គឺ​ជា​រឿង​ដែល​គួរឱ្យ​សោក​ស្តាយ​ជាទី​បំផុត។ ខ្ញុំ​រីករាយ​ដោយ​បាន​ដឹង​អំពី​ការ​រៀប​ចំ​ឱ្យ​មាន​កិច្ចសន្ទានា​នា​ពេល​ថ្មីៗ​នេះរវាង​សហគមន៍បឹង​កក់​ដែល​នៅ​សេស​សល់ ​និង​សាលា​រាជធានី​ភ្នំពេញ​ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​មាន​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សងខាង»។

លោក ស៊ូបិឌី បាន​ថ្លែងថា ចំពោះ​វិស័យ​តុលាការ​វិញ ​មាន​ភាព​អយុត្តិធម៌​ជាច្រើន ​ដែល​ប្រជា ពលរដ្ឋ​មួយ​ចំនួន​បាន​ជាប់​ពន្ធនាគារ ​ដែល​តាម​ពិត​ពួក​គាត់​ពុំ​គួរ​ជាប់​នោះ​ទេ​ បើ​លទ្ធិប្រជាធិបយ្យេ​ដំណើរ ការ​បាន​ត្រឹម​ត្រូវ​នោះ។ លោក​បន្ត​ទៀត​ថា៖

«មាន​ករណី​មួយ​បាន​កើត​មាន​នៅ​ក្នុង​ខែធ្នូ ឆ្នាំ២០១០ ដែល​បុគ្គល​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ពី​បទ​ញុះញ៉ង់​ ហើយ​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​ និង​ផ្តន្ទាទោស​នៅ​ក្នុង​ចុង​សប្តាហ៍​ដដែល​នោះ​តែម្តង​ ដែល​តាម​ធម្មតា​ នៅ​ចុងសប្តាហ៍​ តុលាការ​មិន​ធ្វើការទេ។ ការ​ដែល​តុលាការ​នេះ​ប្រើ​រយៈពេល​តែ​ពីរ​ថ្ងៃ ​គិត​ពី​ថ្ងៃ​ឃាត់​ខ្លួន​ដល់​ថ្ងៃ​ជំនុំជម្រះ​ ហើយ​ចំ​ថ្ងៃ​ចុង​សប្តាហ៍​ទៀត​នោះ​ ការ​អនុវត្ត​បែប​នេះ​នាំ​ឱ្យ​គេ​មន្ទិល​ជា​ខ្លាំង​អំពី​សមត្ថភាព​របស់​តុលាការ​មួយនេះ»។

លោក ​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ប្រចាំ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​ថ្លែងថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ខំ​ប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឱ្យ​មាន​ស្ថានភាព​ល្អ​តាមរយៈ​កំណែទ​ម្រង់​ច្បាប់​ កំណែ​ទម្រង់​វិធាន​នៃដំណោះស្រាយ ​និង​ពង្រឹង​សមត្ថភាព ​និង​ការ​យល់ដឹង​របស់​ចៅក្រម​ និង​មន្ត្រី​យុត្តិធម៌​ពាក់ព័ន្ធ។ លោក​ផៃ ស៊ីផាន បាន​ប្រាប់​វីអូអេខ្មែរ​ថា៖

«យើង​កំពុង​តែ​ដោះស្រាយ។ យើង​កំពុង​តែ​ធ្វើ​ឱ្យ​ការងារ​បស់​យើង ឆ្លើយ​តប​ទៅនឹង​សេចក្តី​ត្រូវ​ការ​តាម​បែប​ផែន​សង្គម​ចំហ​ និង​សង្គម​ដែល​រស់​នៅ​ជុំគ្នា​តាម​បែប​ផែន​លទ្ធិ​ប្រជាធិបតេយ្យ។ យើង​ទាំងពីរ​នាក់​ រាជរដ្ឋាភិបាល​ និង​អង្គការ​សហប្រជាជាតិ​ គឺជា​ដៃគូ​ក្នុងការ​ដោះស្រាយ​នូវ​អ្វី​ ដែល​យើង​យល់​ឃើញ​ថា ជា​ចំណោទ។ ដូច្នេះ ​ចំណោទ​នោះ​ គឺជា​បញ្ហា​សម្រាប់​ទាំង​រាជ​រដ្ឋាភិបាល ​ទាំង​អង្គការ​សហ​ប្រជាជាតិ ​ក៏​ដូចជា​ប្រជាពលរដ្ឋ ​ដើម្បី​កែច្នៃ​រិតតែ​ឱ្យ​មាន​ភាពល្អ​លើស​ដើម»។

លោក​ ស៊ូបិឌី ​បាន​បញ្ជាក់ថា លោក​នឹង​ដាក់​របាយការណ៍​ចុង​ក្រោយ​របស់​លោក​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ដោយ​ផ្តោត​លើ​ប្រព័ន្ធ​តុលាការ ​និង​បាន​បញ្ចូល​អនុសាសន៍​មួយចំនួន​ដើម្បី​ពង្រឹង​សមត្ថភាព​ និង​ឯករាជ្យ​ភាព​របស់​តុលាការ៕

XS
SM
MD
LG