ភ្នំពេញ៖ ក្រោយបន្ដិចបន្ទាប់ពីអតីតប្រធានគុកទួលស្លែងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ៣៥ឆ្នាំ ប្រទេសកម្ពុជាបានរៀបចំរំឭកខួបគម្រប់មួយឆ្នាំដែលអតីតគុកដ៏ទារុណកម្មរបស់ខ្មែរក្រហមនេះ ត្រូវបានចុះក្នុងបញ្ជីជាស្មារតីការចងចាំនៃពិភពលោក។
ផ្ទាំងថ្មមួយកម្ពស់ប្រមាណជាងមួយម៉ែត្រ និងទទឹងប្រហែលជាមួយម៉ែត្របួនជ្រុង ដែលចារឹកពីការចុះបញ្ជីជាផ្លូវការរបស់សារមន្ទីរទួលស្លែងជាស្មារតីចងចាំនៃពិភពលោក ត្រូវគេសាងសង់នៅចំពីមុខអគារ A ផ្នែកខាងត្បូងនៃអតីតគុកខ្មែរក្រហមដ៏ទារុណកម្មនេះ។ ហើយផ្ទាំងថ្មនេះត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃច័ន្ទនេះ តំណាលគ្នានឹងការប្រារព្ធខួបគម្រប់មួយឆ្នាំរបស់អតីតមន្ទីរស ២១ ក្នុងការចុះបញ្ជីជាស្មារតីចងចាំនៃពិភពលោក។
តាមពិត សារមន្ទីរទួលស្លែងត្រូវបានចុះបញ្ជីជាផ្លូវការជាស្មារតីចងចាំនៃពិភពលោក កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០០៩។
សារមន្ទីរនេះគឺជាមន្ទីរសន្ដិបាលស ២១ ដែលជាមណ្ឌលឃុំឃាំង និងសម្លាប់អ្នកទោសចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។ អ្នកទោសយ៉ាងតិចចំនួន១២៣៨០នាក់ ត្រូវបានសម្លាប់ក្រោមការគ្រប់គ្រងរបស់កាំង ហ្គេកអ៊ាវ ហៅ ឌុច។
ឯកសារដែលរួមមានចម្លើយសារភាពរបស់អ្នកទោសចំនួន៤១៨៦ ជីវប្រវត្តិរបស់អ្នកទោសចំនួន ៦២២៦ រូបថត និងហ្វីលរូបថតចំនួន៦១៤៧ សន្លឹកត្រូវបានប្រទេសកម្ពុជាដាក់ជូនអង្គការវប្បធម៌ វិទ្យាសាស្ដ្រ និងអប់រំរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNESCO ក្នុងការចុះបញ្ជីស្មារតីចងចាំនៃពិភពលោកនោះ។
លោក តេរូអូ ជិនណៃ តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីរំឭកខួបគម្រប់មួយឆ្នាំនៃការចុះបញ្ជីនេះក្នុងបរិវេណសារមន្ទីរទួលស្លែងក្រុងភ្នំពេញថា សារៈសំខាន់និង តម្លៃដ៏ខ្ពង់ខ្ពស់របស់បណ្ណសារនៃសារមន្ទីរទួលស្លែងគឺជាផ្នែកមួយនៃស្មារតីនៃការចងចាំរបស់ពិភពលោក ដែលជាមែកធាងនៃការបញ្ជាក់ពីភាពអមនុស្សធម៌រវាងបុរសទៅកាន់បុរសដូចគ្នា ភាពអមនុស្សធម៌រវាងបុរសទៅកាន់ស្ដ្រី និងទៅកាន់កុមារ ហើយវាក៏ជាផ្នែកនៃឯកសារឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅបំផុតប្រឆាំងមនុស្សជាតិមួយនៅក្នុងសតវត្សទី២០។
សូមបញ្ជាក់ថា ពិធីរំឭកខួបគម្រប់មួយឆ្នាំនៃការចុះបញ្ជីសារមន្ទីរជាតិទួលស្លែងជាស្មារតីចងចាំនៃពិភពលោកនេះ ធ្វើឡើងបន្ទាប់ពីឌុចត្រូវបានអង្គជំនុំជម្រះសាសាដំបូងរបស់សាលាក្ដីខ្មែរក្រហម ផ្ដន្ទាទោសឲ្យជាប់ពន្ធាគារចំនួន៣៥ឆ្នាំ សម្រាប់អំពើឃោរឃៅដែលគាត់បានទទូលខុសត្រូវក្នុងគុកទួលស្លែងនេះ។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ដោយសង្កត់ធ្ងន់ទៅលើការទទូចឲ្យមានការថែរក្សាឯកសាររបស់សារមន្ទីរជាតិទួលស្លែងនេះឲ្យបានត្រឹមត្រូវ។
“បណ្ណសារនៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ទាមទារឲ្យមានការរៀបចំទៅតាមបច្ចេកទេសសមរម្យ និងជំនួយបច្ចេកទេសផងដែរ"។
លោក វ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែង ដែលមានវត្តមាននៅក្នុងពិធីរំឭកខួបនេះដែរ បានបង្ហាញសេចក្ដីរីករាយចំពោះការចុះបញ្ជីអតីតគុកដែលលោកបានទទួលរងទារុណកម្មយ៉ាងឃោរឃៅនោះ ជាស្មារតីចងចាំនៃពិភពលោក ដោយលោកចាត់ទុកថា នេះមិនមែនសម្រាប់ជាការចងចាំនៃប្រវត្តិជូរចត់របស់ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាក៏នឹងក្លាយទៅជាការចងចាំរបស់មនុស្សជាតិទាំងមូលនៅលើឆាកអន្ដរជាតិ៕