ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​គ្រោង​ធ្វើ​រយៈ​ពេល​បីថ្ងៃ


ឌុច​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​ឧសភា​ឆ្នាំ​១៩៩៩ រួច​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ទារុណកម្ម និង​ ការ​សម្លាប់​មនុស្ស។
ឌុច​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​ឧសភា​ឆ្នាំ​១៩៩៩ រួច​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ទារុណកម្ម និង​ ការ​សម្លាប់​មនុស្ស។

នៅ​ថ្ងៃទី​២៨​ ខែមិនា​នេះ ​អង្គ​ជំនុំ​ជម្រះតុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​រយៈ​ពេល​បី​ថ្ងៃ។​ អតីត​ប្រធាន​គុក​ទួលស្លែង​រូប​នេះ​ត្រូវ​កាត់ទោស​អស់​រយៈ​ពេល​ប្រាំមួយ​ខែ​កាលពី​ឆ្នាំ​២០០៩។

ការ​កាត់ក្ដី​ក្នុង​សំណុំ​រឿង​០០១​ដើម្បី​សម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​នៅ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នឹង​មាន​រយៈ​ពេល​ដ៏ខ្លី​បំផុត​ត្រឹមតែ​បីថ្ងៃ​ប៉ុណ្ណោះ។​ រីឯ​ការ​កាត់ក្ដី​អតីត​ប្រធាន​គុក​ទួលស្លែង​ដ៏​ទារុណកម្ម​រូប​នេះ​ក្នុង​ដំណាក់​កាល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​វិញ គឺ​មាន​រយៈ​ពេល​រហូត​ដល់​ប្រាំមួយ​ខែ​ ពោល​គឺ​ការ​កាត់ក្ដី​បាន​ដំណើរ​ការ​រយៈ​ពេល​៧៧​ថ្ងៃ។

សាលាក្ដី​ខ្មែរក្រហម​បាន​កំណត់​បើក​ការ​ជំនុំ​ជម្រះ​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​ឌុច​ ពី​ថ្ងៃ​ទី​២៨​រហូត​ដល់​ថ្ងៃ​ទី៣០​ ខែ​មិនា​នេះ ​ឬ​យ៉ាងយូរ​បំផុត​នឹង​បន្ដ​រហូត​ដល់​ថ្ងៃ​ទី៣១ ​មិនា ប្រសិន​បើ​មាន​ភាព​ចាំបាច់។

លោក​ឡាស់ អលសិន​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​ ការ​កាត់ក្ដី​លើ​បណ្ដឹង​ឧទ្ធរណ៍​នេះ​មាន​កម្រិត​មែនទែន​ ហើយ​នឹង​ពុំមាន​ការ​ចូលរួម​របស់​សាក្សី​ និង​អ្នក​ជំនាញ​ដោយ​ផ្ទាល់​នោះ​ទេ។

«មាន​ចំណោទ​មួយ​ចំនួន​ក្នុង​ការកាត់ក្ដី​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍នេះ។​ យើង​មិនចាំ​បាច់​ស្ដាប់​ចម្លើយ​របស់​គ្រប់​សាក្សី និង​អ្នក​ជំនាញ​ការ​ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​កាត់ក្ដី​កាល​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នោះ​ ទេ។​ ជាង​នេះ​ទៀត​ ភាគី​នានា​បាន​ដាក់​សារណា​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​តុលាការ ​កំពូល​ រួច​ហើយ»។

មាន​អ្នក​ទោស​យ៉ាង​តិច​ចំនួន​១២.៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម ​និង​សម្លាប់​ចោល​នៅ​គុក​ទួលស្លែង​ ឬ​មន្ទីរ​ស ២១​ ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច​ជាង​បី​ឆ្នាំ ​ពីឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

សាលា​ដំបូង​បាន​ផ្ដន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣៥​ឆ្នាំ ​ក្រោម​បទ​ចោទ​ប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ធ្វើ​ទារុណកម្ម​ និង​មនុស្សឃាត។ ​ប៉ុន្ដែ​ឌុច​ត្រូវ​សម្រាល​ទោស​ ហើយ​នឹង​ត្រូវ​ឆ្លងកាត់​ការ​ជាប់ទោស​ក្នុង​ពន្ធនាគារ​ត្រឹមតែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។​ សហ​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​បាន​ជំទាស់ការ​ផ្តន្ទា​ទោស​នេះ​ដោយ​ទាមទារ​ឲ្យ​តុលាការ​កំពូល​ផ្តន្ទា​ទោស​ឌុច​អស់​មួយ​ជីវិត ​ឬ​យ៉ាង​ហោច​ណាស់​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤៥​ឆ្នាំ​ ដោយ​មិន​មាន​ការ​បន្ធូរ​បន្ថយ​ទោស​ឡើយ។​ ដំណាល​គ្នា​នោះ​ មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ប្ដឹង​ទាមទារ​សំណង​ផង​ដែរ។

លោក​ឡាស អលសិន​បញ្ជាក់​ថា ​តុលាការ​កំពូល​នឹង​ធ្វើការ​សើររើ​ចំណុច​ទាំងនេះ​ឡើង​វិញ។

«ជា​គោល​ការណ៍​ក្រុម​ចៅក្រម​នឹង​ពិនិត្យ​ឡើងវិញ​ ថា​តើ​ឌុច​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ដែរ​ ឬ​យ៉ាងណា ​ហើយ​នឹង​ពិនិត្យ​តួនាទី​របស់​ឌុច។ ​ហើយ​បន្ទាប់មក​ ក្រុម​ចៅក្រម​នឹង​ពិនិត្យ​ឡើងវិញ​អំពី​ការ​ផ្ដន្ទា​ទោស​ឌុច​ និង​ការ​សម្រេច​លើ​ភាព​អាច​ទទួល​យក​បាន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​និង​សំណង​ជំងឺ​ចិត្ត»។

យោងតាម​កម្មវិធី​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​បង្ហាញ​ថា​ ការ​កាត់ក្ដី​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២៨​ មិនា​ ដែល​ជា​ថ្ងៃទី​មួយ​នឹង​ត្រូវ​ផ្តោត​ទៅ​លើ​យុត្តាធិការ​រូបវន្ដ​ មាន​ន័យ​ថា ​ការស្ដាប់​របាយ​ការណ៍​ពី​ភាគី​សហ​ព្រះរាជ​អាជ្ញា​ ​ការស្ដាប់​ឌុច​និយាយ​ដោយ​ផ្ទាល់​ របាយការណ៍​របស់​សហ​មេធាវី​ការពារក្ដី​ និង​របាយ​ការណ៍​ពី​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី។​ រីឯ​ថ្ងៃ​ទី​ពីរគឺ​ជា​ការ​កាត់ក្ដី​ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ពិនិត្យ​ឡើង​វិញ​លើ​ការ​ផ្ដន្ទា​ទោស​ឌុច​ រីឯ​ថ្ងៃ​ទីបី​ ការ​កាត់ក្ដី​នឹង​ត្រូវ​ផ្តោត​លើ​បណ្ដឹង​ដែល​ភាគី​នីមួយៗ​ទាមទារ។

គួរ​រំឭក​ថា ​នៅ​ក្នុង​បណ្ដឹ​ង​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​នៅ​តុលាការ​កំពូល ​សហព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​ថា​ ការ​ផ្តន្ទា​ទោស​ឌុច​ត្រឹមតែ​៣៥​ឆ្នាំ​មិន​យុត្តិធម៌​ទេ​ ហើយ​មាន​កំហុស​ផ្លូវ​ច្បាប់​ក្នុង​ការ​សម្រេច​ទោស​ឌុច។ ​សហ​មេធាវី​ការពារក្ដី​ឲ្យ​ឌុច​បាន​ទាមទារ​ឲ្យ​តុលាការ​កំពូល​ធ្វើការ​ដោះ​លែង​កូនក្ដី​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ​ដោយ​ឡែក​ខាង​ភាគី​ ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​បាន​ស្នើ​លទ្ធភាព​ដាក់​ឯកសារ​បន្ថែម​ប្រឆាំង​ឌុច ​រួមទាំង​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ឡើង​វិញ​នូវ​បណ្តឹង​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ទាត់ចោល​ពី​បញ្ជី​ឈ្មោះ​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដោយ​សាលា​ដំបូង។

យោង​តាម​លោក​ឌឹម សុវណ្ណារុំ​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មានតែ​ចំនួន​បី​ក្រុម​ប៉ុណ្ណោះ​ នៅ​ក្នុង​សវនាការ​ក្នុង​តុលាការ​កំពូល​នេះ​ មូលហេតុ​ដោយសារ​ថា ​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្រុម​ទីមួយ​មិន​បាន​ប្តឹង​ឧទ្ធរណ៍​នោះ​ឡើយ៕

សូម​លោកអ្នក​រង់ចាំ​ស្ដាប់​សេចក្ដី​រាយ​ការណ៍​ភាគ​ទីពីរ​ជា​បន្ដ​ទៀត។​ លោក​គង់ សុឋានរិទ្ធ​ នឹង​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​សេចក្ដី​ប្រាថ្នា​របស់​អតីត​អ្នកទោស​គុកទួលស្លែង​ចំពោះ​ការ​ផ្តន្ទា​ទោស​ឌុច ​និង​ការ​រៀបចំ​របស់​ក្រុមមេធាវី​សម្រាប់​ប្រយោជន៍​ជន​រងគ្រោះ។​ សូមអរគុណ!

XS
SM
MD
LG