សហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការលើកឡើងអំពីការបែកបាក់ផ្ទៃក្នុងរវាងភាគីអង្គការសហប្រជាជាតិ និងភាគីកម្ពុជា ដោយអះអាងថា ពួកខ្លួនកំពុងតែធ្វើការដោយឯករាជ្យពីការជ្រៀតជ្រែកនានា។
កាលពីថ្ងៃពុធម្សិលមិញនេះ ទស្សនាវដ្តី International Justice Tribune ចេញផ្សាយថា សាលាក្តីខ្មែរក្រហមកំពុងតែជួបប្រទះការបែកបាក់យ៉ាងខ្លាំងដែលមិនអាចជួសជុលបាន។ ទស្សនាវដ្តីដែលផ្តោតទៅលើបញ្ហាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងដែលចេញផ្សាយរាល់ពីរសប្តាហ៍ម្តងបានរៀបរាប់អំពីការខ្វែងគំនិតគ្នារវាងសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិនៅជុំវិញសំណុំរឿង០០៣ ដ៏ចម្រូងចម្រាស់ ព្រមទាំងមានការព្រមានរបស់សហចៅក្រមស៊ើបអង្កេតបរទេសលោក ស៊ីហ្កហ្វ្រ៊ិដ ប៊្លុង្គ (Siegfrid Blunk) ដែលបានព្រមានសហព្រះរាជអាជ្ញាអន្តរជាតិលោកអ៊ែនឌ្រូ ឃែលី (Andrew Cayley) ក្នុងសំណុំរឿងដដែលនេះ។ អត្ថបទដែលសរសេរដោយ ដ្យារ ហ្វ៊រ្រី (Jare Ferrie) បានអធិប្បាយថា អនាគតរបស់សាលាក្តីខ្មែរក្រហមកំពុងឃ្លីងឃ្លោង។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃនេះ លោកសហចៅក្រមស៊ើបអង្កេតយូ ប៊ុនឡេង និងលោក ស៊ីហ្កហ្វ្រ៊ិដ ប៊្លុង្គ បញ្ជាក់ថា ការលើកឡើងរបស់ទស្សនាវដ្តី International Justice Tribune មិនមានមូលដ្ឋាននោះទេ។ សហចៅក្រមស៊ើបអង្កេតទាំងពីរបានទទួលស្គាល់ថា មានភាពមិនចុះសម្រុងគ្នានៅក្នុងសាលាក្តីខ្មែរក្រហម ក៏ប៉ុន្តែនៅតែបញ្ជាក់ថា ការិយាល័យសហចៅក្រមស៊ើបអង្កេត និងការិយាល័យសហព្រះរាជអាជ្ញាកំពុងតែធ្វើការជាមួយគ្នាដូចធម្មតា។ លោកយូ ប៊ុនឡេង និងលោក ស៊ីហ្កហ្វ្រ៊ិដ ប៊្លុង្គ បានបដិសេធការលើកឡើងពីការគំរាមកំហែងណាមួយទៅលើសហព្រះរាជអាជ្ញាអន្តរជាតិលោក អ៊ែនឌ្រូ ឃែលី។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលចុងក្រោយ សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានបង្ហាញជំហរផ្ទុយគ្នាសាជាថ្មីម្តងទៀតនៅជុំវិញសំណុំរឿង០០៣ បន្ទាប់ពីសហចៅក្រមស៊ើបអង្កេតបានប្រកាសអំពីការបិទការស៊ើបអង្កេតរបស់ខ្លួន។
រដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរបស់ខ្លួនជាញឹកញាប់ចំពោះមិនចង់ឲ្យមានការចាត់ការសំណុំរឿង០០៣និង០០៤នេះទេ។
ទស្សនាវដ្តី International Justice Tribune បានលើកឡើងថា សហចៅក្រមស៊ើបអង្កេតមិនបានស៊ើបអង្កេតដោយផ្ទាល់ចំពោះជនសង្ស័យនៅក្នុងសំណុំរឿង០០៣ទេ ដែលជនសង្ស័យនៅក្នុងសំណុំរឿងនេះមានពីរនាក់ គឺលោកមាស ម៉ុត និងលោកស៊ូ មេត ខណៈដែលខ្លួនបានបិទបញ្ចប់ការស៊ើបអង្កេត ដែលមានរយៈពេលម្ភៃខែនោះ។
លោកឌឹម សុវណ្ណារុំ មន្រ្តីផ្នែកកិច្ចការសាធារណៈស្តីទីរបស់សាលាក្តីខ្មែរក្រហម បានហៅសេចក្តី អះអាងរបស់ទស្សនាវដ្តីថា គឺជាការមិនអាចទទួលយកបាន។
ដោយឡែកសហចៅក្រមស៊ើបអង្កេតទាំងពីរក៏បានលើកមកបង្ហាញអំពីការវិវត្តន៍របស់សំណុំរឿង០០១និង០០២ផងដែរ។ ជាពិសេសគម្រោងការនៃសវនាការបឋមសម្រាប់សំណុំរឿង០០២នៅចុងខែក្រោយនេះ៕