ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រម​កាត់ទោស​ឌុច​ផ្សព្វផ្សាយ​ដោយ​ឥត​គិត​ថ្លៃ


ភ្នំពេញ៖ សាលក្រម​កាត់ទោស​ឌុច​ ​ត្រូវបាន​បោះពុម្ព​ ​ហើយ​នឹង​ត្រូវ​ចាប់​ផ្តើម​ចែក​ចាយ​ និង​ផ្សព្វផ្សាយ​ដោយ​ឥត​គិត​ថ្លៃ​នៅ​សប្តាហ៍​ក្រោយ។​ ក្រុម​សិស្ស​ ​និស្សិ​ត​ បញ្ញវ័ន្ត​ និង​អ្នក​ស្រាវជ្រាវ​បាន​ស្វាគមន៍​ការ​បោះពុម្ព​សាលក្រម​នេះ​ ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍យ៉ាង​សំខាន់​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ និង​ការ​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​កាត់ក្តី​ ​នៅ​ពេល​អនាគត​ក្នុង​ករណី​ឧក្រិដ្ឋកម្ម​ប្រហាក់​ប្រហែល​នឹង​ករណី​ឌុច​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចាប់ផ្តើម​បោះពុម្ព​សាលក្រម​កាត់ទោស​ឌុច ​អតីត​ប្រធាន​មន្ទីរ​ស-២១​ ចំនួន ​២២​០០០​ច្បាប់​ សម្រាប់​ចែកផ្សព្វផ្សាយ​ជា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋខ្មែរ​ ដើម្បី​ស្វែង​យល់​ពី​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ ​និង​អំពើ​ឃោរឃៅ​របស់​របប​ខ្មែរ​ក្រហម។

កាំង​ ហ្គេកអ៊ាវ​ ហៅឌុច​ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥ឆ្នាំ​កាលពី​ខែមុន​ ​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​សម្លាប់​ ​ក្នុង​តួនាទី​ជា​ប្រធាន​មន្ទីរ​ស-២១ ​ហៅ​ថា​ គុក​ទួលស្លែង ​ជា​កន្លែង​ដែល​មនុស្ស​ជាង​ ១២​០០០នាក់​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​ និង​សម្លាប់។

លោក​រាជ សម្បត្តិ ​ប្រធាន​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​រោងពុម្ព​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា​ ​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​តែ​បោះពុម្ព​សាលក្រមសង្ខេប​ចំនួន​ ១៧​០០០​ច្បាប់​ ដែល​ក្នុង​មួយ​ច្បាប់​មាន​ចំនួន​៣០​ទំព័រ​ និង​សាលក្រម​ទាំងមូល​ចំនួន ៥០០០​ច្បាប់ ​ដែល​ក្នុង​មួយ​ច្បាប់​មាន ​៤៥០​ទំព័រ​ ដើម្បី​ចែកផ្សព្វផ្សាយ​ដល់​ ឃុំ​ ស្រុក ​ខេត្ត ​សាលា​រៀន​ និង ​បណ្ណា​ល័យ​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស។

«គោល​បំណង​ធំ​ គឺ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​និង​និស្សិត​ បញ្ញវ័ន្ត​ខ្មែរ​ ​មាន​ឱកាស​សិក្សា​ ​ស្វែងយល់​ឱ្យ​បាន​ស៊ី​ជម្រៅ​អំពី​កិច្ចការ​ ដែល​តុលាការ​បាន​ធ្វើ​ទាក់​ទង​នឹង​កាំង​ ហ្គេកអ៊ាវ ​ហៅ​ឌុច​ ​ហើយ​នេះ​គឺជា​ឯកសារ​ប្រវត្តិ​សាស្ត្រ​សម្រាប់​សិស្ស​និស្សិត​យក​ទៅ​រៀន ​ពីព្រោះ​សាលក្រម​ ​ដែល​ចេញ​ដោយ​តុលាការ​ គឺ​ជា​សាលក្រម​ដែល​សម្រេច​ស្ថាពរ»។

លោក​ជុំ ស៊ីវឌ្ឍធិន ​និស្សិត​ឆ្នាំទី៤​ផ្នែក​នីតិ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុបច្ចេកវិទ្យា​បាន​ថ្លែង​ថា​ ​ការ​បោះពុម្ព​សាលក្រម​កាត់ទោស​ឌុចនេះ​ នឹង​ផ្តល់​ផល​ប្រយោជន៍យ៉ាង​សំខាន់​ណាស់​ សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ និង​ការប្រើប្រាស់​ជា​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​កាត់ក្តី​នៅ​ពេល​អនាគត​ ក្នុង​ករណី​ឧក្រិដ្ឋ​កម្ម​ប្រហាក់​ប្រហែល​នឹង​ឌុចនេះ។

«ខ្ញុំ​ទទួល​បាន​សៀវភៅ​សាលក្រម​កាត់​ទោស​ឌុច។​ នៅ​ពេល​ខ្ញុំ​អាន​ ​ខ្ញុំ​ស្វែងយល់​ពី​ដំណើរ​កាត់ក្តី។​ ដូច្នេះ​ ពេល​ដែល​ខ្ញុំ​យល់​ហើយ​ ​ខ្ញុំ​អាច​ប្រើប្រាស់​សៀវភៅ​នេះ​បាន។​ ​ជាពិសេស​នៅ​ពេល​ខ្ញុំ​បាន​ចូលធ្វើ​ការងារ​ មាន​រឿងក្តី​ណា​មួយ​បាន​កើតឡើង​ស្រដៀង​ករណី​ឌុច​ ​ហើយ​ខ្ញុំ​អាច​ប្រើប្រាស់​សៀវភៅ​នេះ ​ដើម្បី​ដំណើរ​ការ​កាត់ក្តី»។

លោក​ប៊ូ បេង មេ​ឃុំ​កោះ​ជីវាំង​ ស្រុក​ឯកភ្នំ ​ខេត្ត​បាត់ដំបង​ ​បាន​និយាយ​ថា​ ​សៀវភៅ​សាលក្រម​ កាត់ទោស​ឌុច​នេះ​ ពិត​ជាជួយ​បង្កើន​ការ​យល់ដឹង​អំពី​ដំណើរ​ការ​កាត់ទោស​ពួក​មេ​ដឹកនាំ​ខ្មែរ។​ ​ការ​ប្រព្រឹត្តអំពើ​ឧក្រិដ្ឋ​មិន​អាច​ជៀស​ផុត​ពី​ការ​ផ្តន្ទាទោស​ និង​មធ្យោបាយ​ល្អ​សម្រាប់​អប់រំ​មនុស្ស​ទូទៅ​កុំ​ឱ្យ​ ប្រព្រឹត្ត​ឧក្រិដ្ឋកម្មផ្សេងៗ​នៅ​ក្នុង​សង្គម។

លោកស្រី​លី រត្ន័មុន្នី ​អនុ​ប្រធាន​បណ្ណាល័យ​នៅ​ព្រឹទ្ធសភា ​បាន​បញ្ជាក់​ថា​ ​ការ​បោះពុម្ព​សាលក្រម​ នេះ​នឹង​ជួយ​ដល់​សិស្ស​ និស្សិត​ ​បញ្ញវ័ន្ត ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ អ្នកស្រាវជ្រាវ​ និង​មន្ត្រី នៅ​ក្នុង​ស្ថាប័ន​ជាតិ​ផ្សេងៗ​ ​ដើម្បី​ស្វែងយល់​ពី​ការ​កាត់ទោស​ឌុច​ ពីព្រោះ​និស្សិត​សាកល​វិទ្យា​ជា​ច្រើន​បាន​មក​សួរ​រក​សៀវភៅ ​និង​ឯកសារ​ទាក់ទង​នឹង​ការ​កាត់ទោស​ខ្មែរ​ក្រហម។

«បើសិន​ជា​សៀវភៅ​នេះ​កើត​មាន​មែន​ ​វា​ផ្តល់​ចំណេះដឹង​ច្រើន​ទៅ​ដល់​សិស្ស ​និស្សិត​ស្រាវជ្រាវ​ ​ដើម្បី​ស្វែងយល់​អំពី​របប​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម។​ សិស្ស​ស្រាវជ្រាវ​ជា​ក្រុមបាន​សួរ​រក​សៀវ ភៅ​ទាក់ទង​នឹង​ការ​កាត់ក្តី​ពួក​មេដឹកនាំ​ខ្មែរក្រហម»។

លោក​អ៊ុង សុភាព ​នាយក​រង​វិទ្យាល័យ​ព្រះបិតា​ជាតិ​ នៅក្នុង​ស្រុង​កំពង់ត្រាច ​ខេត្ត​កំពត​ ​បានថ្លែង​ ថា​ ​លោក​ត្រូវ​ការសាលក្រម​កាត់ទោសឌុច​ សម្រាប់​តម្កល់​ទុក​ក្នុង​សាលា​របស់​លោក​ ​ដើម្បី​ឱ្យ​កូន ខ្មែរ​ជំនាន់​ក្រោយ​យល់ដឹង​ពី​របបខ្មែរក្រហាម​ ​និង​កុំ​ឱ្យុ​ប្រព្រឹត្ត​ខុស​ដូចឌុច។

«វា​មាន​ផល​ប្រយោជន៍សម្រាប់​កូន​ខ្មែរ​ឱ្យ​ចងចាំ​ថា​ ​បើសិន​ជា​អ្នក​ធ្វើ​អំពើ​ខុស​ ​គេ​នឹង​អាច​កាត់​ទោស​យើង​ហើយ។​ សាលក្រម​នេះ​ត្រឹមត្រូវ​ និង​អាច​ឱ្យ​កូនសិស្ស​ស្វែង​យល់​បាន»។

របប​ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​ជិត​២លាននាក់​រវាង​ពី​ឆ្នាំ​១៩៩៧៥​និង ​ឆ្នាំ​១៩៧៩ ​ដោយ​ការ​បង្អត់​ចំណីអាហារ​ ​ការ​បង្ខំ​ឱ្យ​ធ្វើការ​ធ្ងន់ហួស​កម្លាំង​ ​ការ​ធ្វើ​ទារុណ​កម្ម​ ​ការ សម្លាប់​និង​ជម្ងឺ​ជាដើម៕

XS
SM
MD
LG