សហព្រះរាជអាជ្ញាអន្ដរជាតិ លោក អ៊ែនឌ្រូ ខេលី (Andrew Cayley) បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា លោកនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការបង្គាប់របស់ក្រុមសហចៅក្រមស៊ើបអង្កេត ដែលតម្រូវឲ្យរូបលោកដកចេញនូវផ្នែកសំខាន់ៗនៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់លោក។ នៅក្នុងសេចក្ដីបញ្ជាក់តាមសារអេឡិចត្រូនិចនៅថ្ងៃនេះ លោកអាន់ឌ្រូ ខេលី ដែលកំពុងស្ថិតនៅប្រទេសអង់គ្លេសមានប្រសាសន៍ថា សេចក្ដីបង្គាប់របស់ក្រុមសហចៅក្រមស៊ើបអង្កេត «មិនអាចទទួលយកបានទេ» ហើយលោកនឹងប្ដឹងឧទ្ធរណ៍នៅពាក់កណ្ដាលសប្ដាហ៍នេះ។
កាលពីថ្ងៃពុធសប្ដាហ៍មុននេះសហចៅក្រមស៊ើបអង្កេត លោកយូ ប៊ុនឡេង និងលោក ស៊ីកហ្រ្វិក ប៊្លុង (Siegried Blunk) បានបញ្ជាឲ្យលោកអាន់ឌ្រូ ខេលី ដកចេញនូវខ្លឹមសារសំខាន់ៗមួយចំនួនទាក់ទងទៅនឹងអំពើឧក្រិដ្ឋកម្ម និងទីកន្លែងឧក្រិដ្ឋកម្មដូចជាការដ្ឋានសាងសង់ព្រលានយន្ដហោះនៅខេត្តកំពង់ ឆ្នាំង មន្ទីរសន្ដិសុខ និងការដ្ឋានវាយថ្មនៅខេត្តព្រះសីហនុជាដើម។ ព័ត៌មានទាំងនេះ ត្រូវបានសហព្រះរាជអាជ្ញាសញ្ជាតិអង់គ្លេសបង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍ជាចំហរបស់ខ្លួន។ លោកចង់ឲ្យសហចៅក្រមស៊ើបអង្កេតបន្ថែមលើឧក្រិដ្ឋកម្ម និងទីកន្លែងទាំងនោះក្នុងសំណុំរឿង០០៣ ជាពិសេស លោក អ៊ែនឌ្រូ ខេលី ទាមទារឲ្យនាំខ្លួនជនសង្ស័យយកមកសាកសួរចម្លើយ។
សហចៅក្រមស៊ើបអង្កេតទាំងពីរលើកឡើងថា លោកអ៊ែនឌ្រូ ខេលី ខ្វះមូលដ្ឋានច្បាប់ ហើយបានរំលោភលើភាពសម្ងាត់នៃការស៊ើបអង្កេត ហើយបញ្ជាឲ្យលោកខេលី ដកផ្នែកដែលជាប់ពាក់ព័ន្ធនោះចេញក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃដាក់បញ្ជានោះ។
នៅក្នុងសារឆ្លើយអេឡិចត្រូនិកតបជាមួយវីអូអេខ្មែរ លោកសហព្រះរាជអាជ្ញាជាតិអង់គ្លេសមានប្រសាសន៍ថា «យើងទទួលយកមិនបានទេនូវការបកស្រាយច្បាប់របស់ការរិយាល័យសហចៅក្រមស៊ើបអង្កេតនោះ»។ ទោះជាយ៉ាងណា លោកសហព្រះរាជអាជ្ញាអន្តរជាតិមិនផ្ដល់សេចក្ដីលម្អិតទាក់ទងនឹងការប្ដឹងទាស់របស់លោកនោះទេ។
លោក ខេលី មិនបានបកស្រាយចំៗថា តើលោកនឹងដកន័យសេចក្ដីដែលបង្កបញ្ហានោះមុននឹង អាចដាក់បណ្ដឹងសារទុក្ខនោះទេ ក៏ប៉ុន្ដែលោកលើកឡើងថា «វាគឺជារឿងគ្មានន័យ» ប្រសិនបើរូបលោកដកន័យសេចក្ដីនោះចេញមុននឹងអង្គបុរេជំនុំជម្រះសម្រេចសេចក្ដីលើបណ្ដឹងរបស់លោកនោះ។ លោក ឡាស អលសិន (Lars Olsen) មន្រ្ដីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមបញ្ជាក់ថា លោកខេលី មានពេលមួយខែសម្រាប់រៀបចំបណ្ដឹងរបស់លោក ដោយគិតចាប់ពីថ្ងៃបង្គាប់របស់សហចៅក្រមស៊ើបអង្កេតនោះមក។ លោកឡាស អលសិន បន្ថែមថា អង្គបុរេជំនុំជម្រះមិនមានពេលវេលាកំណត់ដើម្បីធ្វើការសម្រេចក្នុងរឿងនេះទេ។
សំណុំរឿង០០៣ និង០០៤ គឺជាប្រធានបទដ៏ចម្រូងចម្រាស់រវាងជំហររបស់អង្គការសហប្រជាតិនិងភាគីនៃរាជរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានជំទាស់ជាចំហមិនចង់ឲ្យមានសំណុំរឿងទាំងពីរចុងក្រោយនេះទេ ដោយខ្លាចក្រែងនឹងអាចបង្កឲ្យមានសង្គ្រាមស៊ីវិលនៅកម្ពុជាជាថ្មីម្ដងទៀត។
ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកឧក្រិដ្ឋកម្មសង្រ្គាម លោកស្តេវិន រែប្ប ( Steven Rapp ) មានប្រសាសន៍កាលពីខែមករាឆ្នាំ ២០១១ ក្នុងសម្ភាសន៍ជាមួយវីអូអេខ្មែរ ថា លោកចង់ឲ្យទាំងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិសហការគ្នាក្នុងសំណុំរឿងដ៏ប្រទាំងប្រទិសនេះ។ លោក ស្តេវិន រែប សង្កត់ធ្ងន់ថា «យើងចង់ប្រាកដថា សាលាក្ដីមានលទ្ធភាពបញ្ចប់ការស៊ើបអង្កេតគ្រប់សំណុំរឿងទាំងអស់» ហើយលោកបន្ថែមថា ទស្សនៈរបស់អាមេរិក គឺចង់ឃើញរដ្ឋាភិបាលកម្ពុជាសហការជាមួយតុលាការដោយពេញលេញ៕