ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​ក្តី​មេ​ខ្មែរក្រហម​ប្ដឹងសើរើ​ប្រឆាំង​ចៅក្រម​ប្រធាន​អង្គ​ជំនុំ​ជម្រះ


អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​សម័យ​ខ្មែរក្រហម​។
អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​សម័យ​ខ្មែរក្រហម​។

ភ្នំពេញ៖ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​សម័យ​ខ្មែរក្រហម​ បាន​ប្ដឹង​សើរើ​ប្រឆាំង​នឹង​ចៅក្រម​ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ។ ​មន្ដ្រី​សាលាក្ដី​ខ្មែរក្រហម​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​ដាក់​បណ្ដឹង​នេះ​ទេ។

សហ​មេធាវី​លោក​អាង​ ឧត្តម​ និង​លោកMicheal Karnavas ​ការពារ​ក្តី​ឲ្យ​ជន​ជាប់ចោទ​អៀង ​សារី ​ទើបតែ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ និង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការព្យួរ​តួនាទី​របស់​លោក​ចៅក្រម​និល ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម។

លោក​អាង ឧត្តម​មាន​ប្រសាសន៍​ថា ​លោក​ចៅក្រម​និល ណុន​ធ្លាប់​បាន​ទទួល​ប្រាក់​សំណូក​ក្នុង​ពេល​ ដែល​លោក​បំពេញ​ការងារ​របស់​លោក​ជា​ចៅក្រម​នៅ​ក្នុង​តុលាការ​ខេត្ត​បាត់ដំបង​ ហើយ​ប្រការ​នេះ​អាចជិះ​ឥទ្ធិពល​មិនល្អ​ទៅដល់​ការ​កាត់​ក្តី​លោក​អៀង សារី។

«យើង​ឲ្យ​គណៈកម្មាធិការ​ និង​ក្រុម​ប្រឹក្សា​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​លោក​ចៅក្រម​និល ណុន​ថា​ គាត់ ធ្លាប់​បាន​ទទួល​ប្រាក់​រឿង​ផ្សេង ​ដែល​គាត់​ធ្វើ​យ៉ាង​ម៉េច?»

នៅ​ក្នុង​ឯកសារ​ដែល​VOA​សំឡេង​សហ​រដ្ឋ​អាមេរិក​ទទួល​បាន​ សហ​មេធាវី​ទាំងពីរ​រូប​បាន​ស្នើ​ទៅ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​ទទួល​សំណូក​របស់​លោក​ចៅក្រម​និល ណុន ​ហើយ​ស្នើ​ឲ្យ​មាន​ការ​ព្យួរ​តួនាទី​របស់​លោក​ចៅក្រម​រូប​នេះ​ចេញ​ពី​សំណុំ​រឿង​០០២​ ដែល​នៅ​ក្នុង​នោះ​មាន​អៀង សារី ​និង​ជន​ជាប់ចោទ​ ដែល​ជា​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បីនាក់​ផ្សេង​ទៀត​ ដូចជា​នួន ជា​ ខៀវ សំផន ​និង​អៀង ធារិទ្ធ។

សហ​មេធាវី​ទាំងពីរ​រូប​បាន​លើក​ឡើង​ថា​ កូនក្តី​របស់​ខ្លួន​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់ក្តី​ដោយ​ឯករាជ្យ​ និង​ប្រកប​ទៅ​ដោយ​ភាព​ស្អាតស្អំ។

លោក​កែវ រ៉េមី ​អ្នក​នាំពាក្យ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​ដឹង​ថា​ តើ​បណ្តឹង​របស់​សហ​មេធាវី​ទាំង​ពីរ​រូប​បាន​ទៅ​ដល់​អង្គភាព​របស់​លោក​ហើយ​ឬនៅ​ទេ។​ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ លោក​មាន​ប្រសាសន៍​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក​នឹង​សើរើ​បណ្តឹង​ទាំង​នោះ។

«រឿង​រក​បណ្តឹង​គឺយើង​សូម​ស្វាគមន៍​១០០​ភាគរយ​ ហើយ​គេ​ពិនិត្យ​មើល​តាម​លំដាប់​ មុន​ក្រោយ​ ​ពីព្រោះ​ប្រជាជន​លោក​ប្តឹង​ច្រើនណាស់​ឥឡូវ»។

សូម​បញ្ជាក់​ថា​ បណ្តឹង​ទាមទារ​ឲ្យ​មាន​ការ​ព្យួរ​តួនាទី​របស់​លោក​ចៅក្រម​និល ណុន​ធ្វើឡើង​ស្រប ពេល​ដែល​សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​បើក​សវនាការ​សំណុំ​រឿង​០០២​នេះ ​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ឆ្នាំ​២០១១​នេះ។

កាល​ពី​ថ្ងៃ​ទី១​ខែកុម្ភៈ ​សហ​មេធាវី​របស់​លោកស្រី​អៀង ធារិទ្ធ ​ភរិយា​របស់​លោក​អៀង សារី​បាន​ប្តឹង​ ដិតចិត្ត​ ​សុំ​ឲ្យ​ដក​ចៅក្រម​ចំនួន​៥រូប​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​ ​ដោយ​ចោទ​ប្រកាន់​អំពី​ភាព​លម្អៀង​របស់​ចៅក្រម​ទាំង​៥រូប​នោះ ​នៅ​ក្នុង​ការ​កាត់ទោស​ឌុច ​នាពេល​កន្លង​ទៅ។

លោក​រាជ ​សម្បត្តិ​ ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​ ​មាន​ប្រសាសន៍​ថា​ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​សំណុំរឿង​នេះ​ទេ៕

XS
SM
MD
LG