សហចៅក្រមស៊ើបអង្កេតអន្ដរជាតិ លោក ម៉ាកសែល ឡឺម៉ុង បានប្រកាសថា លោកនឹងចូលនិវត្តន៍បន្ទាប់ពីលោកឈប់ធ្វើការក្នុងសាលាក្ដីខ្មែរក្រហម។
សហចៅក្រមស៊ើបអង្កេតសញ្ជាតិបារាំង លោកម៉ាកសែល ឡឺម៉ុង (Marcel Lemonde) នឹងចូលនិវត្តន៍ក្នុងបរិបទដែលសំណុំរឿង០០៣ និង០០៤កំពុងស្ថិតក្នុងភាពចម្រូងចម្រាស់ មិនទាន់ដោះស្រាយបានជាក់លាក់នៅឡើយ។
លោកម៉ាកសែល ឡឺម៉ុងបានប្រកាសថា លោកនឹងលាឈប់ពីការងារជាសហចៅក្រមស៊ើបអង្កេតក្នុងសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១ខែធ្នូខាងមុខនេះ។ នៅក្នុងបទសម្ភាសន៍ទល់មុខជាមួយ VOA សម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកឡឺម៉ុងបញ្ជាក់ថា លោកចង់យកឱកាសនោះសម្រាកកាយ និងសរសេរសៀវភៅឲ្យបានច្រើន។
“ប្រកដហើយ ខ្ញុំចូលនិវត្តន៍។ គឺជាការចូលនិវត្តន៍ដ៏មមាញឹកសម្រាប់ខ្ញុំ។ ខ្ញុំមានគម្រោងការជាច្រើន។ ខ្ញុំបានរៀបចំផែនការតាំងតែពីយូរយារណាស់មកហើយថា ខ្ញុំត្រូវធ្វើអ្វីទៀត បន្ទាប់ពីខ្ញុំលាឈប់ពីការងារនៅប្រទេសកម្ពុជាទៅ។ ខ្ញុំនឹងធ្វើដំណើរកម្សាន្ត។ ខ្ញុំនឹងសរសេរសៀវភៅ ហើយខ្ញុំក៏នឹងមានគម្រោងមួយចំនួនសម្រាប់ផ្ទាល់ខ្លួនផងដែរ។ ខ្ញុំនឹងមិនចូលនិវត្តន៍ដោយនៅស្ងៀមទំនេរនោះទេ។ លោកចាំតែមើលទៅ"។
លោកម៉ាកសែល ឡឺម៉ុងបញ្ជាក់ថា លោកនឹងមិនបន្ដការងារជាចៅក្រមនៅប្រទេសបារាំងតទៅទៀតនោះទេ។
លោកម៉ាកសែល ឡឺម៉ុង នឹងត្រូវជំនួសដោយលោកស៊ារិដ ប៊្លុម (Siegried Blumk) ជនជាតិអាល្លឺម៉ង់ដែលបច្ចុប្បន្នជាសហចៅក្រមស៊ើបអង្កេតបម្រុង។
លោកម៉ាកសែល ឡឺម៉ុងបានចូលបំពេញការងារជាសហចៅក្រមស៊ើបអង្កេតក្នុងសាលាក្ដីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
លោកបានក្លាយទៅជាគោលដៅនៃការវាយប្រហាររបស់ក្រុមមេធាវីការពារជនជាប់ចោទ ដែលជាអតីតមេដឹកនាំកំពូលនៃរបបខ្មែរក្រហមនៅក្នុងរយៈពេលចុងក្រោយនេះពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីភាពលំអៀងក្នុងការស៊ើបអង្កេតរបស់លោក។
ក៏ប៉ុន្ដែលោកក៏ជាភាគីតែម្ខាងគត់នៅក្នុងសាលាក្ដីចម្រុះកម្ពុជា និងអង្គការសហប្រជាជាតិក្នុងការចេញដីកាកោះហៅថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលបច្ចុប្បន្នដែលធ្លាប់ត្រូវបានគេលើកថា ជាកម្មាភិបាលខ្មែរក្រហមនោះ ឲ្យចូលបំភ្លឺក្នុងសាលាក្ដីនេះ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងនោះរួមមាន ឧបនាយករដ្ឋមន្ដ្រីចំនួនពីររូប គឺលោកគាត ឈុន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស លោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា រួមទាំងសមាជិកព្រឹទ្ធសភាពីររូបទៀតគឺលោក ស៊ឹម កា និងលោកអ៊ុក ប៊ុនឈឿន។ ក៏ប៉ុន្ដែការកោះហៅនេះបានជួបនឹងបរាជ័យ ដោយការជំទាស់ពីខាងភាគីរដ្ឋាភិបាល និងការមិនគាំទ្រ ដោយសមភាគីកម្ពុជា លោកយូ ប៊ុនឡេង។
ចាប់តាំងពីពេលថ្មីៗនេះ លោកសហចៅក្រមស៊ើបអង្កេតម៉ាកសែល ឡឺម៉ុងបានសម្រេចធ្វើការស៊ើបអង្កេតជាឯកតោភាគីលើជនសង្ស័យបន្ថែមចំនួនប្រាំនាក់ទៀត ដែលជាប់ទាក់ទិននឹងអំពើសម្លាប់រង្គាលប្រជាពលរដ្ឋកម្ពុជាក្នុងសម័យខ្មែរក្រហម។ នោះគឺជនសង្ស័យក្នុងសំណុំរឿង០០៣ និង០០៤ ដែលមានការជំទាស់ពីលោកសហចៅក្រមខ្មែរលោកយូ ប៊ុនឡេង និងការជំទាស់ពីរាជរដ្ឋាភិបាលខ្មែរទៀតផង។
ទោះជាយ៉ាងនេះក្ដី នៅក្នុងសន្និសីទកាសែតកាលពីសប្ដាហ៍មុន លោកម៉ាកសែល ឡឺម៉ុងមានប្រសាសន៍ថា លោករីករាយនឹងជោគជ័យរបស់លោកក្នុងការស៊ើបអង្កេតក្នុងសំណុំរឿង០០២កន្លងមកជាមួយលោកយូ ប៊ុនឡេង។ ក៏ប៉ុន្ដែកង្វល់ថា តើការចាកចេញពីការងាររបស់លោកម៉ាកសែល ឡឺម៉ុង នឹងធ្វើឲ្យមានការប៉ះពាល់ដល់ការស៊ើបអង្កេតបន្ដក្នុងសំណុំរឿង០០៣ និង០០៤ដែរឬយ៉ាងណា។ លោកឡាស អលសិន មន្ដ្រីផ្នែកកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា លោកឡឺម៉ុងនឹងធ្វើការរួមគ្នារយៈពេលមួយខែនៅខែវិច្ឆិកា ជាមួយលោកស៊ារិដ ប៊្លុម ដើម្បីធានាដល់ការស៊ើបអង្កេតបន្ដទៀត។
"ពួកគាត់នឹងធ្វើការជាមួយគ្នាក្នុងរយៈពេលមួយខែ ដើម្បីធានាពីការងារបន្ដរបស់សហចៅក្រមស៊ើបអង្កេត"។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ការលាលែងពីការងាររបស់លោកម៉ាកសែល ឡឺម៉ុងអាចនឹងធ្វើឲ្យការិយាល័យសហចៅក្រមស៊ើបអង្កេតកែសម្រួលឲ្យប្រសើរឡើងវិញនូវអ្វីដែលជាបញ្ហាចម្រូងចម្រាស់កន្លងមក។
“ការចាកចេញរបស់គាត់នេះ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការតុលាការដែរ។ ហើយប្រហែលជាវាធ្វើឲ្យដំណើរការកាន់តែល្អប្រសើរជាងមុន ដោយសារថា រយៈកាលកន្លងមកយើងបានឃើញថាការិយាល័យមួយនេះ ធ្លាប់មានបញ្ហាមួយចំនួនដែលបានបង្កជាភាពចម្រូងចម្រាស់"។
ក៏ប៉ុន្ដែលោកឡុង បញ្ញាវុធ មន្ដ្រីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជា មិនរំពឹងដូចគ្នានេះឡើយ។ លោកមានប្រសាសន៍ថា គឺដោយសារតែលោកម៉ាកសែល ឡឺម៉ុងមិនបានបង្ហាញពីភាពអវិជ្ជមានណាមួយដែលត្រូវកែតម្រូវ មុនពេលលោកលាលែងពីការងារនោះទេ៕