សាលាក្ដីខ្មែរក្រហមនៅថ្ងៃនេះ បានតែងតាំងមន្រ្ដីផ្លូវការរបស់ខ្លួនចំនួនពីររូបសម្រាប់ភាគីកម្ពុជា ដើម្បីបំពេញមុខងារពេញម៉ោងនៅក្នុងអង្គភាពគាំពារជនរងគ្រោះ។ ប៉ុន្ដែមន្ដ្រីសង្គមស៊ីវិលមួយចំនួនមិនពេញចិត្តចំពោះការតែងតាំងនេះទេ។
សាលាក្ដីខ្មែរក្រហមនៅថ្ងៃពុធនេះបានធ្វើការតែងតាំងជាផ្លូវការលោករោង ឈង ឲ្យធ្វើជាប្រធានផ្នែកគាំពារជនរងគ្រោះ និងតែងតាំងលោកអ៊ឹម សុភា ឲ្យធ្វើជាអ្នកសម្របសម្រួលផ្នែកផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពដដែលនេះ ស្របពេលដែលការកាត់ទោសក្នុងសំណុំរឿង០០២ នឹងមកដល់នៅដើមឆ្នាំក្រោយ។
លោករាជ សម្បតិ្ត ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា មន្ដ្រីទាំងពីររូបនឹងចាប់ផ្ដើម បំពេញការងាររបស់ខ្លួននៅថ្ងៃនេះ។
«គាត់ចាប់ផ្ដើមធ្វើការពីថ្ងៃទីមួយ ខែប្រាំបួនហ្នឹងទៅ គឺពេញសិទ្ធិជាប្រធានហើយនិងជាអ្នកសម្របសម្រួលពេញសិទ្ធិ។ »
លោករោង ឈង ជាមន្រ្ដីជាន់ខ្ពស់មួយរូបនៅទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានផ្នែកបុគ្គលិករបស់សាលាក្ដីខ្មែរក្រហម។ មុននឹងត្រូវបានតែងតាំងជាផ្លូវការនៅថ្ងៃនេះ លោក រោង ឈងបានកាន់មុខតំណែងជាប្រធានផ្នែកគាំពារជនរងគ្រោះអស់រយៈពេលពីរខែ ដើម្បីជំនួសលោកស្រី ហេឡែន ចាវិស ដែលលាលែងពីតំណែង ដើម្បីចូលនិវត្តន៍។ ដោយឡែក លោក អ៊ឹម សុភា ធ្លាប់ធ្វើជានាយករងមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម និងជាសហនាយកមជ្ឈមណ្ឌលយុត្តិធម៌ និងផ្សះផ្សារ។
លោករាជ សម្បត្តិ មានប្រសាសន៍ថា មន្ដ្រីទាំងពីរនេះមានបទពិសោធន៍ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញតួនាទីរបស់ខ្លួន។
កាលពីថ្ងៃចន្ទ័ ប្រភពដែលស្និទ្ធនឹងសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា សាលាក្ដីពិសេសនេះ អាចនឹងធ្វើ ការតែងតាំងលោករោង ឈង និងលោក អ៊ឹម សុភា ជាកញ្ចប់ ដំណាលគ្នាជាមួយនឹងលោកពេជ្រ អង់ បច្ចុប្បន្នជាមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីរបស់សាលាក្ដីខ្មែរក្រហម ឲ្យធ្វើជាសហមេធាវីនាំ មុខខាងភាគីកម្ពុជា។
សហមេធាវីនាំមុខ ដែលនឹងមានចំនួនពីររូប គឺមួយរូបមកពីភាគីអង្គការសហប្រជាជាតិ និងមួយរូបទៀតមកពីខាងភាគីកម្ពុជា។
លោករាជ សម្បត្តិ មានប្រសាសន៍ថា សាលាក្ដីខ្មែរក្រហម បានរើសបានមេធាវីនាំមុខរួចហើយ ក៏ប៉ុន្ដែ លោក មិនបានបង្ហាញមេធាវីរូបនោះទេ គឺលោកគ្រាន់តែបង្ហាញថា មេធាវីរូបនោះនឹងត្រូវតែងតាំងជាផ្លូវការដំណាលគ្នានឹងសហមេធាវីនាំមុខអន្ដរជាតិដែរ។ ហើយការតែងតាំងនេះ អាចនឹងធ្វើឡើងនៅមុនខែតុលាខាងមុខ។
សូមបញ្ជាក់ថា ការតែងតាំងមន្ដ្រីសាលាក្ដីខ្មែរក្រហមទាំងពីររូបខាងលើធ្វើឡើងស្របពេលដែលលោក គ្លីន វិលាមសុន អ្នកជំនាញការពិសេសរបស់អង្គកាសហប្រជាជាតិ គ្រោងនឹងបំពេញទស្សនកិច្ចនៅក្នុង សប្ដាហ៍នេះ នៅក្នុងប្រទេសកម្ពុជា។ គឺជាដំណើរទស្សនកិច្ចដើម្បីជជែកអំពីការវិវត្តនៃសាលាក្ដីខ្មែរ ក្រហម និងស្វែងរកការគាំទ្រផ្នែកធនធានសម្រាប់សាលាក្ដីនេះផងដែរ។
លោករោង ឈង មានប្រសាសន៍ថា វាមានសារៈសំខាន់សម្រាប់រូបលោកខ្លាំងណាស់ក្នុងការដឹកនាំផ្នែកគាំពារជនរងគ្រោះនេះ។
“វាសំខាន់ណាស់ ពីព្រោះខ្ញុំជាជនរងគ្រោះក្នុងរបបខ្មែរក្រហមហ្នឹងដែរ ហើយខ្ញុំមានឱកាសបំពេញតួនាទី ដើម្បីជាតំណាងឲ្យជនរងគ្រោះទាំងអស់ ដើម្បីធ្វើឲ្យតំណាងផ្លូវច្បាប់របស់គាត់ត្រូវបានគេទទួលស្គាល់
និងការចូលរួមឲ្យបានសកម្មជាងមុន»។
លោក ឡាត គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក បានស្វាគមន៍ ចំពោះការតែងតាំងមន្ដ្រីទទួលខុសត្រូវទាំងពីររូបរបស់ផ្នែកគាំពារជនរងគ្រោះនេះ។
ដោយឡែកលោក ហង់ ឆាយា នាយកវិទ្យាសា្ថនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ មានប្រសាសន៍ថា ការតែងតាំងនេះធ្វើឲ្យលោកខកចិត្ត ដោយសារ មិនមានឆ្លងកាត់ការប្រកួតប្រជែងនោះឡើយ។
«យើងត្រូវការមានការជ្រើសរើសគ្រប់ពេញលក្ខណៈ។ ហើយនេះ វាបាត់នូវភាពមួយដែលអាចទទួល យកបាន។ ចេះតែធ្វើអញ្ចឹងទៅវាប៉ះពាល់នូវអ្វី ដែលជាស្ដង់ដារអន្ដរជាតិដែលយើងចង់បាន»។
យ៉ាងណាក៏ដោយ លោករាជ សម្បត្តិ ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរ ក្រហមបានឆ្លើយតបថា តាមគោលការណ៍ច្បាប់ ភាគីកម្ពុជាក្នុងសាលាក្ដីខ្មែរក្រហមអាចធ្វើការតែងតាំងមន្រ្ដីរបស់ខ្លួនដូច្នេះបាន។