ភ្នំពេញ៖ អត្រាគ្រោះថ្នាក់ចរាចរណ៍របស់ប្រទេសកម្ពុជាបានធ្លាក់ចុះដល់ទៅជាង៥០០លើក ប៉ុន្តែអត្រាស្លាប់ស្ទើរតែគ្មានការធ្លាក់ចុះនៅក្នុងឆ្នាំ២០១០ បើប្រៀបធៀបនឹងឆ្នាំ២០០៩។ ប្រទេសកម្ពុជានៅតែមានការព្រួយបារម្ភថាគ្រោះថ្នាក់ចរាចរណ៍នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខមាលភាពរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។
មន្ត្រីប៉ូលីសចរាចរណ៍ជាន់ខ្ពស់បាននិយាយនៅថ្ងៃអង្គារ៍នេះថាប្រជាពលរដ្ឋខ្មែរប្រមាណ១.៦៥០នាក់ ត្រូវបានសម្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០១០។
លោកឧត្តមសេនីយ៍ត្រីហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការពាក់មួកសុវត្ថិភាពនិងការបើកបរក្នុងស្ថានភាពស្រវឹងនៅពេលយប់ នៅភោជនីយដ្ឋានទន្លេបាសាក់ថាចំនួនអ្នកស្លាប់បានធ្លាក់ចុះតែ៥នាក់ប៉ុណ្ណោះ។
«ការបូកសរុបអត្រាគោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងឆ្នាំ២០១០របស់ប៉ូលីសជាតិបានរកឃើញថានៅក្នុងឆ្នាំ២០១០ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះដល់ទៅ៥០៣លើកស្មើនឹង៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០០៩។ យើងមានគ្រោះថ្នាក់កើតឡើង សរុប ៥.៥១៨លើក (នៅឆ្នាំ២០១០) លើ៦.០២១លើកនៅឆ្នាំ២០០៩។ អត្រាស្លាប់មាន១.៦៤៩នាក់ (២០១០)លើ១.៦៥៤នាក់ (២០០៩)។ អត្រាស្លាប់មានការថយចុះតែ៥នាក់ដែលមានចំនួនតិចតួចណាស់។ ចំនួនអ្នករបួសមានការថយចុះ»។
ស្ថិតិគ្រោះថ្នាក់ចរាចរណ៍របស់ប៉ូលីសបានបញ្ជាក់ថា ម៉ូតូប្រមាណ៦.០០០គ្រឿង និងរថយន្តចំនួន២.៣៦៤គ្រឿងត្រូវបានខូចខាត និង អ្នកថ្មើរជើងចំនួន៧៦៣នាក់បានរងរបួស។
ស្ថិតិគ្រោះថ្នាក់ចរាចរណ៍នេះបានកត់ត្រាថាគ្រោះថ្នាក់នេះបានបណ្តាលមកពីមូលហេតុនៃការបើកបរ លឿន៤៥ភាគរយ ការបើកបរបញ្ច្រាសទិស៣ភាគរយ ការបើកបរស្រវឹង១២ភាគរយ ការបើកបរ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៨ភាគរយ ការបើកបរមិនគោរពសិទ្ធិអាទិភាព១៣ភាគរយ ការបើក បរធ្វេសប្រហែស១២ភាគរយ ការមិនគោរពភ្លើងសញ្ញា១ភាគរយ និងករណីផ្សេងៗទៀត៥ភាគរយ។
លោកឧត្តមសេនីយ៍ត្រីហ៊ឹម យ៉ាន បានថ្លែងថាការអនុវត្តគម្រោងពាក់មួកសុវត្ថិភាពនិងគ្រឿងស្រវឹង នៅទីក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅ ទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ត្រីហ៊ឹម យ៉ាន បានបន្ថែមថា ការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍នេះ បានកើត ចេញពីកិច្ចសហប្រតិបត្តិការល្អ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ការបង្កើនការអប់រំជាសាធារណៈ ការស្ថាបនាផ្លូវប្រកបដោយសុវត្ថិភាព និងការសង្គ្រោះបន្ទាន់។
លោកគង់ សុវណ្ណ មន្ត្រីបច្ចេកទេសផ្នែកសុខភាពចរាចរណ៍និងការពាររបួសស្នាមនៃអង្គការសុខភាព ពិភពលោក បានថ្លែងថាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងការបើកបរស្រវឹងនៅពេលយប់ គឺជា វិធានការដ៏មានប្រសិទ្ធភាពក្នុងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
«វាចាប់ផ្តើមពីចំណុចនៃការរឹតបន្តឹងច្បាប់លើការពាក់មួកសុវត្ថិភាពនៅពេលយប់និងការបើកបរស្រវឹង នៅពេលយប់។ ដូច្នេះ ចំណុចចាប់ផ្តើមនេះនឹងជះឥទ្ធិពលទៅដល់ការលើកស្ទួយសុវត្ថិភាពចរាចរណ៍ នៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ថ្វីត្បិតតែវាមិនទាន់បានប្រសើរនៅពេលនេះ ប៉ុន្តែនៅពេល អនាគត យើងនឹងរឹតបន្តឹងបន្ថែមទៀត ផ្តល់ជំនាញការបណ្តុះបណ្តាល និងសម្ភារៈដល់ភ្នាក់ងារប៉ូលីស បន្ថែមទៀត។ ខ្ញុំជឿថាសុវត្ថិភាពចរាចរណ៍នឹងប្រសើរឡើង»។
លោកស៊ា ហ៊ួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាគ្រោះថ្នាក់ចរាចរណ៍ គឺជាក្តី ព្រួយបារម្ភ និងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខមាលភាព និងសេដ្ឋកិច្ចជាតិ។
ការសិក្សារបស់អង្គការជនពិការអន្តរជាតិ (Handicap International) របស់ប្រទេសប៊ែលហ្សិក និងសាកលវិទ្យាល័យហាសេល្ត (Hasselt) នៅប្រទេស ប៊ែលហ្សិក បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជាមានតម្លៃទឹកប្រាក់ ២៤៨ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៩៕