ទោះជាមានការពង្រីកកំពង់ផែសមុទ្រនិងការដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុក៏ដោយ ក៏ភ្ញៀវទេសចរណ៍បរទេសដែលទៅកំសាន្តនៅក្នុងខេត្តនោះបានធ្លាក់ចុះដែរ។
ការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍បរទេសនេះត្រូវបានអាជ្ញាធរពន្យល់ថា បណ្តាលមកពីឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែក្រុមអាជីវករនិងប្រតិបត្តិករសេវាកម្មទេសចរណ៍វិញ អះអាងថា ការ ធ្លាក់ចុះនោះអាចបណ្តាលមកពីការផ្ទុះឡើងខ្លាំងនូវអំពើលួចឆក់និងឧក្រិដ្ឋកម្មផ្សេងទៀតនៅក្នុងខេត្ត។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីខេត្តព្រះសីហនុជូនដូចតទៅ៖
កុមារី ប៊ុន ណេតកំពុងទូលថាសនំគមនិងកន្តៀតវត្ថុអនុស្សាវរីយ៍ ដូចជាខ្សែដៃ ខ្សែកនិងកាបូបយូរដៃតូចៗធ្វើពីអំបោះចម្រុះពណ៌ ក្រហម លឿង ខៀវ ដើរលក់ជូនភ្ញៀវទេសចរណ៍អឺរ៉ុបដែលកំពុងអង្គុយនិងខ្លះដេកសម្រាកកាយនៅលើកៅអីវែងៗ នៅតាមបណ្តោយឆ្មេរអូរឈើទាលក្នុងក្រុងព្រះសីហនុ។
ស្ថិតក្នុងវ័យ១៥ឆ្នាំ ប៊ុន ណេត ដែលដើរលក់នំនិងវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរណ៍ជារៀងរាល់ថ្ងៃជាមួយអ្នកដើរលក់វត្ថុអនុស្សាវរីយ៍ផ្សេងទៀតនៅតាមបណ្តោយឆ្នេរនេះ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នការលក់ដូររបស់នាងពុំសូវដាច់ទេ ដោយសារតែពុំមានភ្ញៀវទេសចរណ៍បរទេសមកកំសាន្តច្រើនដូចពេលមុន។
“អត់សូវមានទេឥឡូវហ្នឹង។ អ្នកលក់អីក៏លក់ខាតដែរ។ លក់មិនសូវដាច់ទេ មានអ្នកខ្លះអត់ទាន់បានមួយរៀលផងថ្មើរហ្នឹង”។
ចំនួនភ្ញៀវទេសចរណ៍បរទេសដែលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុនេះបានធ្លាក់ចុះជាង២% គឺពីចំនួនជាង៦១០០០ពាន់នាក់ក្នុង២០០៩ មកនៅជាង៥៩០០០ពាន់នាក់ក្នុងឆ្នាំ២០១០ នេះបើគិតក្នុងរយៈពេល៤ខែដើមឆ្នាំដូចគ្នា។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុគឺជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់កម្ពុជាដែលបានរួម ចំណែកយ៉ាងធំដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសសរុបចំនួនជាង១សែននាក់ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសដែលមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាង២លាននាក់កាលពីឆ្នាំទៅមិញ។
ក្រៅពីមានកំពង់ផែនិងព្រលានយន្តហោះអន្តរជាតិហើយនោះ ខេត្តព្រះសីហនុមានឆ្មេរខ្សាច់ដ៏ល្អប្រណិតប្រវែងជាង១០០គីឡូម៉ែត្រដែលឆ្មេរសំខាន់ៗនោះមានចំនួន៨កន្លែង រួមមានឆ្មេរឯករាជ្យ ឆ្មេរជ័យជំនះ ឆ្មេរអូរឈើទាល ឆ្មេរលំហែកាយ ឆ្មេរអូរត្រេះ ឆ្មេរសុខា ឆ្មេរឧទ្យានជាតិរាម និងឆ្មេរព្រែកត្រែង។
តែទោះជាយ៉ាងនេះក្តី ប៊ុនណេតនិងអ្នកដើរលក់វត្ថុអនុស្សាវរីយ៍ផ្សេងទៀតពុំដឹងថា តើហេតុអ្វីបានជាចំនួនភ្ញៀវទេសចរណ៍បរទេសមកកំសាន្តលេងក្នុងខេត្តព្រះសីហនុនេះធ្លាក់ចុះនោះទេ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តនេះបានអះអាងថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍បរទេសនេះគឺបណ្តាលមកពីឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។
“ពីព្រោះយើងដឹងហើយថា ក្នុងរង្វង់បួនខែដើមឆ្នាំ២០០៩ យើងបានមានឥទ្ធិពលខ្លះពីវិបត្តិសេដ្ឋកិច្ច ពិភពលោក”។
ប៉ុន្តែអ្នកគ្រប់គ្រងភោជនីយដ្ឋាន ម្ចាស់ផ្ទះសំណាក់និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅក្នុងខេត្តជាប់មាត់សមុទ្រនេះ អះអាងថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍បរទេសនេះគឺអាចបណ្តាលមកពីការផ្ទុះឡើងខ្លាំងនូវអំពើលួចឆក់ប្លន់និងឧក្រិដ្ឋកម្មផ្សេងៗនៅក្នុងខេត្តនេះ។
លោក ថម សោ អ្នកមើលការខុសត្រូវភោជនីយដ្ឋានយីហោ ៥៥៥ នៅតាមបណ្តោយឆ្មេរអូរឈើទាល មានប្រសាសន៍ថា ភ្ញៀវមួយចំនួនលែងហ៊ានមកលេងនៅតាមតំបន់ឆ្នេរនេះតទៅទៀត ដោយសារតែមានក្មេងលួចឥវ៉ាន់របស់ពួកគេ នៅពេលដែលពួកគេចុះមុជទឹកសមុទ្រកំសាន្តលេង។
“ភ្ញៀវខ្លះដូចថា គាត់ខ្លាច។ មកអង្គុយអញ្ចឹងគាត់ខ្លាចរអាថា បាត់សម្ភារៈ គាត់អញ្ចឹង។ ដូចថា អ្នកខ្លះបាត់ កាបូបលុយ អីអញ្ចឹងអស់រលីងតែម្តង។ ដល់ក្មេងយកបាត់ទៅ អស់តែម្តង។ អ្នកខ្លះបាត់ទូរស័ព្ទ បាត់ខោអាវ ។ ស្បែកជើងអីហ្នឹងក៏វាយកដែរ យកទាំងអស់ ក្មេងហ្នឹង”។
លោក ថម សោ មានប្រសាសន៍បន្ថែមថា ក្មេងដែលលួចឥវ៉ាន់របស់ភ្ញៀវភាគច្រើនជាក្មេងហិតកាវនិងក្មេងដែលបន្លំខ្លួនជាអ្នកដើររើសសំបកកំប៉ុងស្រាបៀឬទឹកក្រូចដែលគេបោះចោលជាដើម។ នៅចម្ងាយប្រមាណ៥០០ម៉ែត្រពីហាងរបស់លោកថម សោ គឺជាផ្ទះសំណាក់G.S.Tដែលទទួលភ្ញៀវបរទេសភាគច្រើនឱ្យស្នាក់នៅ។ លោក មាស សំអាត អ្នកគ្រប់គ្រងផ្ទះសំណាក់នេះបានប្រាប់ឱ្យដឹងថា ចំនួនភ្ញៀវបរទេសដែលចូលមកស្នាក់នៅក្នុងផ្ទះសំណាក់របស់លោកបានធ្លាក់ចុះពីជាង១០០នាក់ក្នុងមួយថ្ងៃកាលពីឆ្នាំមុន មកនៅត្រឹមពី៤០ទៅ៦០នាក់ប៉ុណ្ណោះក្នុងឆ្នាំនេះ។
លោក មាស សំអាត មានប្រសាសន៍ថា ការធ្លាក់ចុះនេះអាចដោយសារអំពើលួចឆក់ឥវ៉ាន់ភ្ញៀវនៅតាមផ្លូវជាដើម ដែលធ្វើឱ្យភ្ញៀវខ្លះលែងហ៊ានមកលេងនៅក្នុងទីក្រុងមាត់សមុទ្រនេះតទៅទៀត។
ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ដ៏ធំមួយឈ្មោះ Lonely Planet ដែលមានទីស្នាក់ការធំនៅក្នុងប្រទេស អូស្ត្រាលី បានទម្លាក់កម្រិតកេរ្តិ៍ឈ្មោះនៃក្រុងព្រះសីហនុនេះដោយពិពណ៌នាវាថា ជាទីក្រុងមួយដែលលែងសូវមានសុវត្ថិភាពដូចដែលវាធ្លាប់មានពីមុន ពោលគឺបទឧក្រិដ្ឋ ដូចជាការលួច ឆក់ ប្លន់អំពើហិង្សា និងការចាប់រំលោភសេពសន្ទវៈបានផ្ទុះឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មន្រ្តីគម្រោងនៃអង្គការសកម្មភាពដើម្បីកុមារប្រចាំខេត្តព្រះសីហនុ។ គាត់មានឈ្មោះក្រៅថា"ដេន"ហើយដែលជាអ្នកតាមដានការរំលោភបំពានផ្លូវភេទលើកុមារនៅក្នុងខេត្តនេះ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១០នេះ មានករណីរំលោភផ្លូវភេទកុមារពីសំណាក់ភ្ញៀវទេសចរណ៍បរទេសចំនួន៦ករណីហើយ។ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០០៩កន្លងទៅ ករណីរំលោភផ្លូវភេទកុមារដោយជនបរទេសនេះ មានចំនួនសរុប៨ករណី។
“យើងឃើញមានការរំលោភបំពានកុមារនៅតាមថ្នល់តែម្តង។ នៅតាមសួនច្បារនៅពេលយប់ស្ងាត់គឺ យើងឧស្សាហ៍ជួបប្រទះដែរនៅពេលភ្លើងរឹមៗឬអត់ភ្លើង មើលឃើញគ្នាតិចៗ ងងឹតៗ គឺគេរំលោភបំ ពាននៅទីហ្នឹង។ ហើយថ្មីៗ យើងសង្កេតឃើញថា មានការរំលោភបំពាននៅក្នុងព្រៃរបោះ។ អញ្ចឹងនេះគឺជាពិធីថ្មីឬកន្លែងថ្មីដែលគេជ្រើសរើសយកក្មេងទៅរំលោភបំពាននៅទីហ្នឹង”។
អ្នកនាង Jodie Hall អ្នកទេសចរណ៍ម្នាក់មកពីប្រទេសអូស្រ្តាលីមានប្រសាសន៍នៅផ្ទះសំណាក់ G.S.T ដែលអ្នកនាងកំពុងស្នាក់នៅថា អ្នកនាងបានដឹងអំពីបទឧក្រិដ្ឋទាំងនេះដែរ តាមរយៈការអានសៀវភៅមគ្គុទេសទេសចរណ៍ មុនពេលដែលអ្នកនាងមកកំសាន្តនៅទីនេះ ដូច្នេះអ្នកនាងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលដើរលេងកំសាន្តក្នុងក្រុងជាប់មាត់សមុទ្រនេះ។
“ខ្ញុំនឹងមិនដើរលេងនៅពេលយប់តែម្នាក់ឯងទេ ហើយខ្ញុំក៏មិនយករបស់របរដែលខ្ញុំមិនចង់ឱ្យបាត់ ជាប់ខ្លួនដែរ ពេលខ្ញុំចេញទៅក្រៅនោះ"។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា បញ្ហាឧក្រិដ្ឋកម្មនិង អសន្តិសុខនៅក្នុងខេត្តនេះ ពិតជាកើតមានមែន ប៉ុន្តែលោកបញ្ជាក់ថា អាជ្ញាធរបានចាត់វិធានការបង្រ្កាបជាបន្តបន្ទាប់ហើយ។
លោក សោម ចិន្តា មានប្រសាសន៍បន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចក៏បានពង្រឹងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យរួមគ្នាជួយទប់ស្កាត់អំពើល្មើសច្បាប់ទាំងអស់នេះផងដែរ។
“ក្នុងរង្វង់ប៉ុន្មានឆ្នាំចុងក្រោយនេះគឺថា បញ្ហានេះត្រូវបានកែលម្អច្រើនមែនទែនដោយសារតែយើង បានយកចិត្តទុកដាក់ពង្រឹងយុទ្ធនាការផ្សព្វផ្សាយខ្លាំងដល់ប្រជាពលរដ្ឋក្នុងខេត្តដល់ប្រតិបត្តិករ ទេសចរណ៍ ម្ចាស់អ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទាំងអស់ ពិសេសគឺប្រជាជនយើងបានជ្រួតជ្រាប អំពីបញ្ហានេះ” ។
ទាក់ទងនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍បរទេសមកក្នុងខេត្តនេះដែរ លោក សោម ចិន្តា អះអាងថា បញ្ហានេះអាចបណ្តាលមកពីភ្ញៀវខ្លះមិនចង់មកលេងកន្លែងដដែលៗ។
ក្រៅពីមានឆ្មេរចំនួន៨កន្លែងហើយនោះ ខេត្តព្រះសីហនុនេះមានកោះចំនួន៣៤កោះ ដែលនៅក្នុងនោះមានប្រមាណ១០កោះបាននិងកំពុងអភិវឌ្ឍ រួមមានកោះដែកគោល កោះរ៉ុង កោះរ៉ុងសន្លឹម កោះតាកៀវ កោះពោះនិងកោះឫស្សីជាដើម។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុនេះបញ្ជាក់ថា មន្ទីររបស់លោកបានរៀបចំយុទ្ធសាស្រ្តពង្រីកគោលដៅទេសចរណ៍បន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យចូលមកកំសាន្តនៅក្នុងខេត្តនេះឱ្យបានច្រើនថែមទៀតហើយ។
ការពង្រីកគោលដៅទេសចរណ៍នោះ រួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាពតំបន់ ឆ្មេរដែលមានស្រាប់និងការអភិវឌ្ឍតំបន់កោះបន្ថែមទៀត។