ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​នេសាទ​បឹង​ទន្លេសាប​​ទាមទារ​​តម្លាភាព​ក្នុង​ការអនុវត្ត​គម្រោង​ធនាគារ​អភិវឌ្ឍ​អាស៊ី​


តំណាង​ប្រជា​សហគមន៍​នេសាទ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ បាន​អំពាវ​នាវ​ដល់​ធនាគារ​អភិវឌ្ឍ​អាស៊ី ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​អេឌីប៊ី (ADB) ឲ្យ​ពិនិត្យ​ឡើងវិញលើ​ការ​ប្រើ​ប្រាស់​ថវិកា​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​នានា ​ក្នុង​តំបន់​បឹង​ទន្លេសាប​ បន្ទាប់ពី​សហគមន៍​នេសាទ​បាន​មើល​ឃើញ​ថា ​ថវិកា​ទាំង​នោះ​មិនបាន​ធ្លាក់​ដល់ដៃ​សហគមន៍​ដែល​ត្រូវ​ទទួល​ផល​នោះទេ។

លោកអ៊ុំ ម៉េង ប្រធាន​សហគមន៍​នេសាទផាត់​សណ្តាយ​ក្នុង​ស្រុក​កំពង់​ស្វាយ​នៃ​ខេត្ត​ កំពង់ធំ​ បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ពិធី​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​មួយ​រវាង​ អេឌីប៊ី សហគមន៍​នេសាទមក​ពី​តំបន់​បឹង​ទន្លេសាប និង​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ផល​នៃ​គម្រោង​របស់​អេឌីប៊ី​មួយ​ចំនួនកន្លង​មក​ ពុំ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រជា​សហគមន៍​នេសាទ​របស់​លោក​ទេ ​ដោយសារ​អាច​មាន​អំពើ​ពុករលួយ​នៅ​ក្នុង​ការអនុវត្ត​គម្រោង​ទាំង​នោះ។​ លោក​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​សំណូមពរ​សូម​ឲ្យ​អេឌីប៊ី​ហ្នឹង ធ្វើ​ការសិក្សា​ស្រាវ​ជ្រាវ​ឡើង​វិញ​ថា តើ​គម្រោង​ដែល​បរាជ័យ​ហ្នឹង​វាបរាជ័យ​ដោយសារ​អ្នកណា​ ហើយ​ថវិកា​ដែល​វា​បាត់​បង់ ឬ​វា​ពុក​រលួយ​គឺ​វា​មក​ពី​អេឌីប៊ី ឬ​ក៏​មក​ពី​ក្រសួង​មហាផ្ទៃ​ជា​អ្នក​ទទួល​ ឬក៏​មក​ពី​សហគមន៍។ ត្រូវ​សិក្សា​អាហ្នឹង​ឲ្យ​ច្បាស់​ថា អ្វីៗ​ដែលអេឌីប៊ី​ថា ​មក​ជួយ​ស្រុក​ខ្មែរ អភិវឌ្ឍ​ស្រុក​ខ្មែរ​ហ្នឹង​ឲ្យវា​ឃើញ​ជាក់​ស្តែង​ឲ្យ​វា​ដល់​ដៃ​ប្រជា​ ពលរដ្ឋ​តែ​ម្តង»។

សិក្ខា​សាលា​ពិគ្រោះយោបល់​ដែល​រៀបចំ​ដោយអង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ឬហៅកាត់​ថា (FACT) ត្រូវ ​បាន​ចូល​រួម​ដោយ​តំណាង​សហគមន៍​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ​មន្រ្តី អេឌីប៊ី រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​សរុប​ប្រមាណ ​១០០ នាក់។

លោកគុយ អាន​ ជំទប់​ទី​២​ ឃុំ​ជីវាំង ​ដែល​តំណាង​ឲ្យ​សហគមន៍​នេសាទ​ចំនួន​៤ នៅ​ក្នុងស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចាយ​វាយ​នៅ​ក្នុង​គម្រោង​របស់​អេឌីប៊ី​សម្រាប់​ សហគមន៍​នេសាទ​ទាំង​បួន​ក្នុង​ឃុំ​របស់​លោក​ពុំ​មាន​តម្លាភាព​នោះទេ ដោយ​លោក​មាន​ប្រសាសន៍​ថា៖

«ថវិកាចំណាយ​របស់​ឃុំ​ សង្កាត់​ មាន​ការប្រជុំ​បូក​សរុប ប៉ុន្តែ​ដល់​ថវិការ​របស់​អេឌីប៊ី​នេះ ​ធ្វើ​ការ​បូក​សរុប​រវាង​មេឃុំ​ ស្មៀន​ ហើយ​នឹង​បេនឡា​សហគមន៍​ទាំង​អស់​ គេ​ធ្វើ​នៅតែ​ថ្នាក់​ខេត្ត អញ្ចឹង​វា​អត់​បាន​ឆ្លុះ​បញ្ចាំង​ថា ចំណាយ​ហ្នឹង​វា​សមស្រប​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ​របស់​យើង ឬ​ក៏​គណៈកម្មការ​សហគមន៍​ទាំង​បួន​ហ្នឹង​ដឹង​ដែរ ថា​ចាយ​អស់​ប៉ុណ្ណេះ​ លើ​នេះ​សម​ស្រប ឬ​មិន​សម​ស្រប​ អាហ្នឹង​យើង​អត់​បាន​ដឹង»។

សូម​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​១៩៩៨ រហូត​ដល់​ឆ្នាំ​២០០៧ ​គម្រោង​អភិវឌ្ឍ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ អេឌីប៊ី​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ខេត្ត​ចំនួន​៦ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ​នោះ មាន​ចំនួន​សរុប​២៩ គម្រោង​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន៧២,៦ លាន​ដុល្លារ​អាមេរិក។ នេះ​បើផ្អែក​តាម​លោកម៉ក់ សិទ្ធិរិទ្ធ នាយក​ប្រតិបត្តិ​នៃ​អង្គការ FACT ​ដែល​ធ្វើ​ការងារ​ជាមួយ​សហគមន៍​នេសាទ​នៅ​ក្នុង​តំបន់​បឹង​ទន្លេ​សាប។

បច្ចុប្បន្ន អេឌីប៊ី ក៏​គាំទ្រ​គម្រោង​ថ្មី​មួយ​ចំនួន​ទៀត​ដូចជា គម្រោង​គ្រប់​គ្រង​បរិស្ថាន​បឹង​ទន្លេសាប​ និង​គម្រោង​ទ្រ​ទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​បឹង​ទន្លេសាប​ជាដើម ​ដែល​ត្រូវ​ចំណាយ​ថវិកា​រាប់​សិប​លាន​ដុល្លារ។

ប៉ុន្តែ​លោក​ម៉ក់ សិទ្ធិរិទ្ធ មានប្រសាសន៏​ថា គណនេយ្យភាព តម្លាភាព និង​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ទាំង​អស់​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​ពុំ​ទាន់​មាន​ការ​ផ្សព្វផ្សាយ​ និង​យល់​ដឹង​ឲ្យ​បាន​ទូលំ​ទូលាយ ​អំពី​នីតិវិធី​នៃ​ការ​អនុវត្ត​គម្រោង​ទាំងនេះ។ លោក​សិទ្ធិរិទ្ធថ្លែងថា៖

«អេឌីប៊ីហ្នឹង​ក៏​គាត់​មិន​បាន​ធ្វើ​ផ្ទាល់​ដោយ​ខ្លួន​ឯងដែរ។ គាត់​ធ្វើ​តាមរយៈ​ភ្នាក់ងារ​ផ្សេងៗ អញ្ចឹង​យើង​និង​សហគមន៍​មិន​ដឹង​ថា​តើ​ហេតុអ្វី​បាន​ជា​គេ​ជ្រើស​រើស​ស្ថាប័ន​ហ្នឹង​ មក​ធ្វើគម្រោង​ហ្នឹង​ អញ្ចឹង​វា​អត់​មាន​ព័ត៌មាន»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នកស្រី ណាអូ អៃកេម៉ូតូ (Nao Ikemoto) អ្នក​ឯកទេស​ជាន់​ខ្ពស់​ផ្នែក​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​នៃ​ធនាគារ​អភិវឌ្ឍអាស៊ី​ អេឌីប៊ី បាន​មានប្រសាសន៍​ថា ភាពមិន​ប្រក្រតី​ខ្លះពិត​ជា​កើត​មាន​ឡើង​នៅក្នុង​ការ​អនុវត្ត​គម្រោង​ដែល​ គាំទ្រ​ថវិកា​ដោយអេឌីប៊ី។

ប៉ុន្តែ​អ្នកស្រី​អៃកេម៉ូតូ បាន​បញ្ជាក់​ថា​ អេឌីប៊ី មាន​ក្រុម​ការ​ងារ​របស់​ខ្លួន​ផ្ទាល់​ ដើម្បី​ផ្ទៀង​ផ្ទាត់ និង​វាយ​តម្លៃ​ប្រសិទ្ធិភាព និង​ប្រសិទ្ធិផល​នៃ​គម្រោង​ទាំង​នោះ​ ហើយ​ក៏​បាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​ធ្វើ​ការ​លាត​ត្រដាង​ព័ត៌មាន​ទាំងឡាយ​ ដែល​ទាក់​ទង​នឹង​ថវិកា​ និង​ការ​ចំណាយ​នានា​នៅ​ក្នុង​គម្រោង​ទាំង​នោះ​ហើយ។ លោក​ស្រី​បន្ត​ទៀត​ថា៖

«យើង​កំពុង​ធ្វើការងារ​ជា​មួយ​រដ្ឋាភិបាល ទី​ភ្នាក់ងារ​អភិវឌ្ឍ​គម្រោង ព្រម​ទាំង​ឃុំ​សង្កាត់​ដើម្បី​បង្ហាញ​ព័ត៌មាន​អំពី​ថវិកា​ និង​ការ​ចំណាយ​ទាំងអស់។ ឧទាហរណ៍ សម្រាប់​គម្រោង​ទ្រទ្រង់​ជីវភាព​ប្រជាជន​បឹងទន្លេសាប​អញ្ចឹង រាល់​ការចំណាយ​នានា​ត្រូវតែ​បិទ​នៅឯ​ការិយាល័យ​ឃុំ​ ដោយ​យើង​ចង់​ឲ្យ​ឃុំ​បញ្ចេញ​ព័ត៌មាន​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើទៅ​បាន»។

លោក ស៊ វរិន អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​មួលដ្ឋាន​របស់​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍ថា រាល់​ឯកសារ និង​ព័ត៌មាន​អំពី​គម្រោង​ត្រូវ​ឆ្លង​កាត់​ឯកភាព​ពី​ស្ថានប័ន​ជំនាញ ​ដើម្បីពិនិត្យ​មើល​ភាពត្រឹមត្រូវ​ខាង​ផ្នែក​បច្ចេកទេស​មុននឹង​ឈាន​ទៅដល់​ដំណាក់កាល​អនុវត្ត​គម្រោង​នោះ។ ដូច្នេះ លោក​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ចំណាយ​ថវិកា​ខ្លះ​ទៅលើ​សេវាកម្ម​ផ្តល់​ប្រឹក្សា​ផ្នែក​បច្ចេកទេស​ គឺ​ត្រូវ​តែធ្វើ​ដោយ​ខាន​មិនបាន។

XS
SM
MD
LG