ភ្នំពេញ៖ ឧបទេ្ទហេតុដ៏សោកនាដកម្មនៅលើស្ពានកោះពេជ្របានឆក់យកជីវិតអ្នកដើរកំសាន្ដពិធីបុណ្យអំទូកអស់ជាង៣៥០នាក់។ ខណៈអ្នកខ្លះ ស្ទើរតែមានភ្លេចព្រឹត្តិការណ៍ដ៍រន្ធត់នោះទៅហើយ អ្នកខ្លះទៀតនៅតែដក់ជាប់ក្នុងចិត្តថា កោះពេជ្រ គឺជាកន្លែងគួរឲ្យព្រឺខ្លាច។
នៅថ្ងៃនេះ កាលពីបីខែមុនសម្លេងស៊ីរ៉ែនរបស់រថយន្ដសង្គ្រោះបានចេញចូល ទៅមកបន្ដកន្ទុយគ្នាមិនដាច់ ដើម្បីចូលជួយស្រោចស្រង់ជនរងគ្រោះដោយការប្រជ្រៀតជាន់គ្នាយ៉ាងចលាចលនៅលើ ស្ពានពេជ្រនាកោះពេជ្រក្នុងរាជធានីភ្នំពេញ។ សម្លេងយំសោកនៃការបាត់បង់ជីវិតសមាជិកគ្រួសារមិនទាន់ឃ្លាតឆ្ងាយពីផ្នត់គំនិតប្រជាពលរដ្ឋខ្មែរមួយចំនួននៅឡើយ។ គ្រោះថ្នាក់បានកើតចំថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអំទូកដ៏មានប្រជាប្រិយបំផុតរបស់កម្ពុជា។ អ្នកមកកំសាន្ដក្នុងពិធីបុណ្យប្រពៃណីនេះចំនួន៣៥៥ បានស្លាប់ និងរបួស៣៩៣នាក់។
មណ្ឌលកំសាន្ដកោះពេជ្រដ៏មានប្រជាប្រិយភាពសម្រាប់អ្នកក្រុងភ្នំពេញ ក្នុងរយៈពេលបីខែមុននេះ បានក្លាយទៅជាទីលានដ៏គួរឲ្យភ័យខ្លាចព្រឺព្រួចបំផុត។ ចលនាអ្នកមកទស្សនានៅទីនេះ និងសកម្មភាពពាណិជ្ជកម្មបានធ្លាក់ស្ទើរតែដល់កម្រិតសូន្យ។ ក៏ប៉ុន្ដែក្ដីរន្ធត់នោះហាក់បីដូចជាកំពុងតែរសាត់ចេញបន្ដិចម្ដងៗ ពីផ្នត់គំនិតអ្នកក្រុងភ្នំពេញមួយចំនួនជាពិសេសក្រុមយុវជន។
លោក ប៉ែត គឺជាយុវជនវ័យក្មេងម្នាក់នៅរាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរកំសាន្ដដោយជិះម៉ូតូចំនួនពីរគ្រឿងជាមួយមិត្តភក្តិរបស់គាត់ចំនួនបីនាក់ផ្សេងទៀត។ កម្លោះអាយុ២៨ ឆ្នាំរូបនេះ បានជិះទស្សនាពីកន្លែងមួយទៅកន្លែងមួយទៀតលើកោះពេជ្រ ហើយបាននាំគ្នាចូលគុបប៉ោងប៉ោងកំសាន្ដ លេង។ ប៉ែត និយាយលាយឡំនឹងសម្លេងផ្ទុះនៃប៉ោងប៉ោងថា លោកលែងមានការបារម្ភអ្វីទៀតហើយក្នុងការដើរកំសាន្ដនៅទីនេះ។ កម្លោះរូបនេះ ឲ្យដឹងថា៖
«យើងធ្វើការ ពេលថ្ងៃអផ្សុកហើយ ពេលយប់អញ្ចឹងយើងចេញមកលំហែរគប់ប៉ោងប៉ោងខ្លះ។ បានមើលគេលេងសព្វគ្រប់តាមនេះ មានកន្រ្ដក់វិល យន្ដហោះ និងរទេះភ្លើង។ ចំពោះខ្ញុំអត់មានការភ័យខ្លាចអីទេ ព្រោះវាកន្លងហួសហើយ។ អ្នកខ្លះខ្លាចជើងកបអី ប៉ុន្ដែខ្ញុំមិនគិតដូច្នេះទេ»។
កោះពេជ្រគឺជាពំនូកដីដុះបង្កើតឡើងដោយលំហូរទឹកនៃទន្លេបួនមុខ។ កោះនេះមានទំហំប្រមាណជា១០០ហិចតា។ ក្រុមហ៊ុនវិនិយោគកម្ពុជាក្រៅប្រទេស (OCIC) មានគម្រោងប្រែក្លាយកោះតូចមួយនេះឲ្យទៅជាមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកំសាន្ដ។
នៅគល់ស្ពានពេជ្រ យុវជនពីរនាក់កំពុងឈរកៀកគ្នាសម្លឹងទៅផ្នែកខាងក្រោមរបស់ស្ពានដែលមានខ្សែកាបដែកជាពួរធំៗ។ គឺនៅលើស្ពានដែលមានទទឹង១២ម៉ែត្រ និងបណ្ដោយប្រវែង១០១ម៉ែត្រនេះ គឺជាទីដ៏ប្រល័យកាលពីបីខែមុននេះ។
វួច ស្រេង អាយុ ២០ ឆ្នាំ នៅចាំព្រឹត្តិការណ៍នោះនៅឡើយ។ ប៉ុន្ដែគាត់បម្រុងនឹងដើរឆ្លងកាត់ទីនោះ។
«នៅចងចាំតិចៗដែរ ។ ឃើញមនុស្សគរលើគ្នាច្រើន មើលទៅឡើងណែន»។
រថយន្ដ ម៉ូតូ និងអ្នកថ្មើរជើងបានឆ្លងកាត់ស្ពានពេជ្រនេះឡើងវិញ ហាក់ដូចជាមិនមែនជាកន្លែងនៃសម្រែកដង្ហើយស្វែងរកការជួយសង្គ្រោះទៀតឡើយ។ អ្នកយាមស្ពានជាប្រចាំម្នាក់បញ្ជាក់យ៉ាងដូច្នេះ៖
« ភាគច្រើននៃភ្ញៀវដែលមកលេងកោះពេជ្រ គឺឆ្លងកាត់តាមនេះទាំងអស់»។
កោះពេជ្រមានទីធ្លាសម្រាប់លម្ហែកាយកំសាន្ដ មានសំណង់ភូមិគ្រឹះ ទីតាំងសម្រាប់ជួលរៀបចំពីធីផ្សេង និងមានទីតាំងលក់ចំណីអាហារផងដែរ។ សាលារាជធានីភ្នំពេញគ្រោងនឹងសង់ស្ដូបមួយ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ឋរបស់ជនរងគ្រោះ។ ក៏ប៉ុន្ដែរហូតមកទល់ថ្ងៃនេះ ពុំមានព័ត៌មានពីសាលារាជធានីភ្នំពេញអាចបញ្ជាក់ពីការចាប់ផ្ដើមសាងសង់ និងទីតាំងនៃស្ដូបនេះទេ។
ទោះបីជាចំនួនអ្នកដើរកំសាន្ដឡើងប្រសើរជាងមុននៅមណ្ឌលកោះពេជ្រក៏ដោយ ក៏អាជីវករ ដែលភាគច្រើនគឺជាម្ចាស់សម្ភារៈកំសាន្ដត្អូញត្អែរថា អ្នកមកកំសាន្ដមួយចំនួនគ្រាន់តែជិះឆ្លងកាត់ទីនេះតែប៉ុណ្ណោះ។
អ្នកស្រីគង់ គីមសេង កំពុងអង្គុយក្នុងបន្ទប់បើកបរនៃក្បាលរថភ្លើងដែលមានផ្លូវរត់ជារង្វង់។ អ្នកស្រី ហាក់ដូចជាកំពង់រង់ចាំអតិថិជនមកជិះកំសាន្ដលេង។ លោកស្រីមានប្រសាសន៍ថា៖
«មានមនុស្សច្រើនជាងមុនបន្ដិច ប៉ុន្ដែមិនគ្រាន់ជាងប៉ុន្មានទេ។ មិនទាន់ថា ច្រើនទេ គ្រាន់ថាកាលពីមុន ភ្លាមៗកម្រិតសូន្យតែម្ដង។ មនុស្សនៅខ្លាច។ សួរភាគច្រើនទៅថា គេខ្លាច។ និយាយជារួមតាមខេត្តគឺអត់មកសុទ្ធតែម្ដង»។
លោកច័ន្ទ តារា អ្នកចាត់ចែងទោងយោលមួយដែលពេញនិយមជាងគេនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ មនុស្សម្នាបានឡើងជិះហោរកញ្ច្រៀវយ៉ាងសប្បាយ។ ភាគច្រើនគឺជាក្មេងដែលមានវ័យជំទង់ និងក្រុមយុវជន។ លោកតារាថ្លែងថា៖
«មនុស្សមកលេងគួរសមជាងមុន ប៉ុន្ដែមិនច្រើនដូចមុនទេ»។
ថ្វីបើទីនេះមានការនិយមច្រើនជាងគេ ក៏ប៉ុន្ដែលោកតារា ត្អូញត្អែរថាលោកនៅតែខាតនៅឡើយ ដោយសារតែលោកជួលកន្លែងទីតាំងសម្រាប់ដាក់ឧបករណ៍កំសាន្ដច្រើន ប៉ុន្ដែឧបករណ៍ដែលដំណើរការបានល្អមានតែទោងយោលនេះប៉ុណ្ណោះ។ លោកសង្ឃឹមថា ពិធីបុណ្យចូលឆ្នាំខ្មែរក្នុងខែមេសាខាងមុខនឹងជួយនាំភ្ញៀវមកកាន់តែច្រើនទៀត។
ក្រុមអាជីវករភាគច្រើនទាមទារបញ្ចុះតម្លៃឈ្នួលទីតាំង ខណៈដែលការរកចំណូលរបស់ពួកគេបានធ្លាក់ចុះ ក៏ប៉ុន្ដែក្រុមហ៊ុនOCIC បដិសេធសំណើនេះ។ យ៉ាងណាក៏ដោយពួកគេនិយាយថា នៅក្នុងពេលខាងមុខមិនយូរប៉ុន្មាន កន្លែងកំសាន្ដមួយទៀតនឹងត្រូវបង្កើតនៅទល់មុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គា ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីមណ្ឌលកោះពេជ្រតែប៉ុណ្ណោះ។ មណ្ឌលកំសាន្ដថ្មីនេះនឹងចែករំលែកអតិថិជន ដែលក្រែងរអាចំពោះហេតុការណ៍អាក្រក់នៅមណ្ឌលកំសាន្ដកោះពេជ្រកាលពីបីខែមុននេះ។
លោកទូច សំណាង វិស្វករទទួលខុសត្រូវលើការអភិវឌ្ឈផ្នែកសាងសង់នៅមណ្ឌលកោះពេជ្ររៀបរាប់ថា ក្នុងពេលខាងមុខ ក្រុមហ៊ុននឹងសង់រោងល្ខោនមួយដែលអាចផ្ទុកមនុស្សបាន៣០០០ នាក់ និងមានមន្ទីរសាលាក្រុងកោះពេជ្រមួយទៀត។ ជាងនេះទៅទៀតនៅចុងឆ្នាំនេះ នឹងមានស្ពានថ្មីពីរទៀតដែលនឹងអាចបញ្ចៀសបានគ្រោះថ្នាកនៃការប្រជ្រៀតគ្នាស្លាប់ដូចកាលពីក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអំទូកឆ្នាំមុន៕