កាលពីថ្ងៃអាទិត្យនេះ ប្រទេសថៃបានដកខ្លួនចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោកនៅពេលប្រទេសកម្ពុជារៀបចំបង្ហាញពីគម្រោងគ្រប់គ្រងប្រាសាទដែលមានអាយុជាង៩០០ឆ្នាំនៅកិច្ចប្រជុំមួយនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ រដ្ឋាភិបាលថៃបានឲ្យដឹងថាការដកខ្លួនគឺធ្វើឡើងក្នុងន័យការពារបូរណភាពដែនដី។ អ្នកវិភាគនិយាយថា ថៃគឺចង់ពន្យាររការអនុវត្តគម្រោងគ្រប់គ្រងមួយទៅលើស្ថានីយ៍ប្រវត្តិសាស្រ្តនេះ។
ការដកខ្លួនរបស់ប្រទេសថៃពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោក និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅចំពេលដែលកិច្ចប្រជុំមួយក្នុងទីក្រុងប៉ារីសយល់ព្រមដាក់សំណើគម្រោងគ្រប់គ្រងលើទីប្រាសាទនេះក្នុងរបៀបវារៈនៃការប្រជុំ។
ប្រទេសថៃបានបន្តជំទាស់ពេលប្រទេសកម្ពុជាបង្ហាញពីគម្រោងគ្រប់គ្រងមួយលើប្រាសាទដែលមានអាយុកាល៩០០ឆ្នាំដែលមានជម្លោះស្ថិតនៅព្រំដែនកម្ពុជា-ថៃ។
នៅក្នុងការប្រជុំនោះ ប្រទេសថៃបានស្នើឲ្យមានការពន្យាររាល់គម្រោងគ្រប់គ្រងនានារហូតដល់ជម្លោះព្រំដែនត្រូវបានដោះស្រាយ។ នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិមានទីតាំងនៅទីក្រុងឡាអេ (International Court of Justice - ICJ) បានសម្រេចថា ប្រាសាទនេះគឺជាកម្មសិទ្ធិរបស់កម្ពុជា។ ប៉ុនែ្តទឹកដីជាងបួនគីឡូម៉ែត្រការ៉េនៅជាប់ប្រាសាទព្រះវិហារនៅតែមានជម្លោះ។
នៅខែឧសភា កម្ពុជាបានអំពាវនាវឲ្យតុលាការអន្តរជាតិយុត្តិធម៌ ICJ ជំរុញឲ្យប្រទេសថៃដកទ័ពរបស់ខ្លួនចេញពីទឹកដីដែលតុលាការបានកាត់នៅជុំវិញប្រាសាទនេះ។
លោក ស៊ូវិត ឃុនគិតទិ (Suwit Khunkitti) រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថានថៃ ប្រកាសនៅថ្ងៃអាទិត្យពីការសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោក។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ប៉ានីតាន់ វឌ្ឍនាយ៉ាកន(Panitan Wattanayagorn) បាននិយាយថាការសម្រេចនេះគឺមានបំណងការពារផលប្រយោជន៍ប្រជាជាតិថៃទៅនឹងតំបន់ជម្លោះ។
«ហេតុនេះហើយបាននាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលថៃបានសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញា និងសមាជិកភាពនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីគ្រាន់តែធានាថា យើងមិនប្រថុយនឹងគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់បូរណភាពនិងអធិបតេយ្យភាពជាតិយើងទេ»។
នៅក្នុងឆ្នាំ២០០៨ ប្រាសាទនេះត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការសហប្រជាជាតិខាងអប់រំ និងវិទ្យាសាស្រ្តហៅថាយូណេស្កូ។ ចាប់តាំងពីពេលនោះមក ប្រទេសថៃ និង កម្ពុជាបានប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅតំបន់ប្រាសាទនោះ។
ការផ្ទុះអាវុធជាច្រើននៅខែមេសានៅតាមព្រំដែន មានប្រជាពលរដ្ឋជាង ៥០.០០០នាក់ទាំងខាងថៃនិងកម្ពុជាត្រូវបានបង្ខំឲ្យជម្លៀសចេញទៅកាន់ទីតាំងសង្រ្គោះបន្ទាន់ផ្សេងៗ។
អ្នកវិទ្យាសាស្រ្តនយោបាយ លោក ខាល ថាយយឺ (Carl Thayer) នៃសាកលវិទ្យាល័យ New South Wales នៅប្រទេសអូស្រ្តាលី ហៅការសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោកនិងគណៈកម្មាធិការនេះគឺជាជំហរថយក្រោយមួយក្នុងការបញ្ចប់ជម្លោះព្រំដែនលើដែនដីប្រាសាទព្រហ្មញ្ញសាសនានេះ។
«ខ្ញុំសង្ស័យថាកម្ពុជានឹងអាចគិតពីការពន្យារពេលបន្តិចលើដំណើរការរបស់ពួកគេ។ ធ្វើដូចនេះ វានឹងអាចពន្យារឲ្យអង្គការ UNESCO ដើម្បីបញ្ចប់នីតិវិធីទទួលស្គាល់ជាលើកចុងក្រោយ (គឺជាការទទួលយកគម្រោងគ្រប់គ្រង) ពីព្រោះគម្រោងគ្រប់គ្រងគឺប៉ះពាល់ទៅនឹងតំបន់ជម្លោះ។ តើប្រទេសកម្ពុជានឹងអភិវឌ្ឍប្រាសាទនោះប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្តេច? ករណីសំខាន់ដែលអាចធ្វើកិច្ចការនេះបានគឺទាល់តែប្រទេសទាំងពីរសហការនឹងគ្នា»។
ដោយមានកំហឹងនឹងការបរាជ័យរបស់រដ្ឋាភិបាលថៃក្នុងការប្រកាន់ជំហរដ៏តឹងរ៉ឹងជាងនេះជាមួយនឹងកម្ពុជាលើជម្លោះនោះ អ្នកជាតិនិយមថៃជាច្រើនបានទទួលស្វាគមន៍នូវការដកខ្លួនរបស់ថៃចេញពីសន្ធិសញ្ញាបេតិកភណ្ឌពិភពលោក។ ការធ្វើបាតុកម្មតវ៉ាកាលពីសប្តាហ៍មុននេះនៅទីកុ្រងបាងកក អ្នកជាតិនិយមទាំងនោះទាមទារឲ្យ អង្គការសហប្រជាជាតិដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។
មន្រ្តីថៃជាច្រើននិយាយថា ពួកគេត្រៀមធ្វើការទាមទារជាមួយសហគមន៍អន្តរជាតិក៏ដូចជាយូណេស្កូ និង សមាជិកបេតិកភណ្ឌពិភពលោកដើម្បីបន្តដោះស្រាយដោយមិនឱ្យមានសំណើគម្រោងគ្រប់គ្រងនោះទេ ពួកគេនិយាយថា គម្រោងនោះគឺវាប៉ះពាល់ដល់អធិបតេយ្យភាពថៃ៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស