បាងកក៖ ការគំរាមដកខ្លួនរបស់រដ្ឋាភិបាលថៃពីគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិដែលមានសមាជិក២១ប្រទេស ត្រូវបានធ្វើឡើង ខណៈដែលក្រុមជំនុំរៀបចំបោះឆ្នោតលើផែនការគ្រប់គ្រងប្រាសាទខ្មែរដែលមានអាយុ៩០០ឆ្នាំ និងដែលត្រូវបានស្នើឡើងដោយប្រទេសកម្ពុជា។
រដ្ឋាភិបាលថៃកំពុងបញ្ចុះបញ្ចូលប្រទេសជាសមាជិក ដើម្បីឲ្យផ្អាកការបោះឆ្នោតរហូតដល់ប្រទេសទាំងពីរដោះស្រាយជម្លោះលើដីដែលនៅជុំវិញប្រាសាទព្រះវិហារ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកផានីតាន់ វតនាយ៉ាកន (Panitan Wattanayagorn) និយាយថា លោកស៊ុវីត ឃុនគីទី (Suvit Khunkitti) រដ្ឋមន្រ្តីធនធានរ៉ែ បានចូលរួមក្នុងកិច្ចប្រជុំនោះ ហើយមានការគាំទ្រពេញទំហឹងពីគណៈរដ្ឋមន្ត្រី ឲ្យប្រទេសថៃដកខ្លួនពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
«ប្រសិនបើដំណើរការអនុម័តផែនការនោះត្រូវបានសម្រេច លោកស៊ុវីតមិនគ្រាន់តែត្រូវបានផ្តល់អំណាចជំទាស់នឹងផែនការនោះ ដោយមិនបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងមានសិទ្ធិបញ្ចេញមតិ ការព្រួយបារម្ភ និងបំណងប្រាថ្នារបស់រដ្ឋាភិបាលថៃក្នុងការពិចារណាដកសមាជិកភាពរបស់ខ្លួនពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក»។
បរិវេណប្រាសាទព្រះវិហារតាំងនៅជាប់នឹងព្រំដែនក្នុងទឹកដីកម្ពុជា នៅលើកំពូលចំណោតភ្នំកម្ពស់៥២៥ម៉ែត្រនៃជួរភ្នំដងរែក។ ប៉ុន្តែផ្លូវចូលបរិវេណប្រាសាទត្រូវចូលពីប្រទេសថៃ។
ក្នុងឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ប្រាសាទនោះគឺស្ថិតនៅលើទឹកដីកម្ពុជា ប៉ុន្តែមិនបានកំណត់កម្មសិទ្ធិដីនៅជាប់បា្រសាទនោះទេ។ ចាប់តាំងពីពេលនោះមក ប្រទេសថៃបានព្យាយាមរកវិធីចុះឈ្មោះចូលគ្នារវាងប្រទេសទាំងពីរដាក់បរិវេណទាំងមូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្នុងឆ្នាំ២០០៨ រដ្ឋមន្រ្តីការបរទេសថៃ លោកណុបផាន់ដុន ផាតាម៉ា (Noppadon Pattama) ត្រូវបានបង្ខំឲ្យលាលែងពីតំណែង ក្រោយពីតុលាការថៃរកឃើញថា លោកបានរំលោភរដ្ឋធម្មនុញ្ញ ដោយបានចុះហេត្ថលេខាលើសេចក្តីប្រកាសរួមជាមួយកម្ពុជា។ នេះបានបើកផ្លូវឲ្យកម្ពុជាដាក់ពាក្យដោយឡែកសុំចុះប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្រោមផែនការអភិវឌ្ឍដែលត្រូវបានស្នើឡើងនោះ ប្រទេសថៃខ្លាចកម្ពុជាបង្កើតតំបន់ទ្រនាប់នៅជុំវិញបរិវេណ ដែលបង្ហាញនូវអ្វីដែលថៃមើលឃើញថា ជាការចាប់យកទឹកដីរបស់ខ្លួន។
នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីន វេចាជីវៈ (Abhisit Vejjajiva) កំពុងអំពាវនាវឲ្យត្រឡប់ទៅរកកិច្ចព្រមព្រៀងឆ្នាំ២០០០វិញ ដោយផ្តោតលើការកំណត់ព្រំដែន។ លោកនិយាយថា ប្រទេសថៃនឹងព្រមទទួលផែនការអភិវឌ្ឍកម្ពុជា លុះត្រាតែប្រាសាទត្រូវបានចុះឈ្មោះរួមគ្នារវាងប្រទេសទាំងពីរ។
ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០០៨ ប៉ុន្តែវានៅតែជាប្រភពនៃភាពតានតឹងនៃជាតិនិយមចាប់តាំងពីពេលនោះមក។ ក្រុមគាំទ្រភាពជាតិនិយមនៅក្នុងប្រទេសថៃបានធ្វើបាតុកម្មតវ៉ាកាលពីដើមសប្តាហ៍នេះ នៅខាងក្រៅទីចាត់ការអង្គការយូណេស្កូ នៅក្រុងបាងកក។
អគ្គនាយកអង្គការយូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យមានការពិភាក្សាក្នុងការថែទាំបរិវេណប្រាសាទ។ លោកស្រីក៏បានមានប្រសាសន៍ថា ការព្រួយបារម្ភទីមួយរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺការការពារ និងលើកកម្ពស់បេតិកភណ្ឌក្នុងតំបន់ និងបង្កើតជានិមិត្តរួបសន្តិភាព ការពិភាក្សា និងការផ្សះផ្សារ៕