ក្រោយពីការពន្យាពេលដ៏យូររបស់ថៃក្នុងការអនុម័តកំណត់ហេតុកិច្ចប្រជុំទាំងបីស្តីពីបញ្ហាព្រំដែនដែលគណៈកម្មការទាំងពីរប្រទេសបានព្រមព្រៀងគ្នា ក្រុមមន្ត្រីកម្ពុជាបានរិះគន់រដ្ឋាភិបាលថៃបច្ចុប្បន្នថា មិនបានបំពេញកាត្វកិច្ចអន្តរជាតិ ដែលនេះជាការបន្ថែមលើការទម្លាក់ការទទួលខុសត្រូវរឿងបន្តជម្លោះព្រំដែននេះទៅលើរដ្ឋាភិបាលថៃបច្ចុប្បន្នថាខ្វះឆន្ទៈរឿងបញ្ចប់ជម្លោះ។
អ្នកនយោបាយនិងចលនាជាតិនិយមក្នុងប្រទេសថៃមួយចំនួនត្រូវគេរាយការណ៍មកថា កំពុងទាមទារឲ្យសភា និងអង្គការនីតិប្បញ្ញត្តិដទៃទៀតមានការត្រួតពិនិត្យមើលថាតើកិច្ចព្រមព្រៀងនិងអនុស្សារណៈនៃការយោគយល់គ្នាឬ MOU ថៃនិងកម្ពុជាកាលពីឆ្នាំ២០០០គួរលុបចោលឬយ៉ាងណា។ ក្រុមចលនាជាតិនិយមថៃ បានបដិសេធមិនទទួលស្គាល់ផែនទី ឆ្នាំ១៩០៤និងឆ្នាំ១៩០៧ បារាំងសៀមទេ ដែលពួកគេបានចាត់ទុកថាផែនទីនោះធ្វើឡើងពេលប្រទេសសៀមដែលប្តូរឈ្មោះមកថៃបច្ចុប្បន្ន ស្ថិតក្រោមអាណានិគមនិងសម្ពាធបរទេស ហើយនឹងនាំឲ្យបាត់បង់ទឹកដីថៃបើប្រើផែនទីនោះ។ ការទាមទារដូច្នេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានព្រមានម្តងដើម្បីលុបចោលកិច្ចព្រមព្រៀង ឬ MOU នានាពេលថៃមានវិបត្តិការទូតធ្ងន់ធ្ងរជាមួយកម្ពុជា ហើយនឹងកើតឡើងក្រោយពីកម្ពុជាបានដាក់ប្រាសាទព្រះវិហាររបស់ខ្លួនចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ ដែលថៃជំទាស់ជាពិសេសដីក្បែរបរិវេណប្រាសាទ។
លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថាការពន្យាពេលដ៏យូរក្នុងការអនុម័តនូវឯកសាព្រំដែនទាំងបី ដោយរុញចុះរុញឡើងនេះ ធ្វើឲ្យកើតជាជម្លោះប្រដាប់អាវុធ ភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរហើយ នឹងបង្កឲ្យមានការខាតបង់ពេលវេលាផងដែរ ដោយសារអ្វីមួយដែលលោក ផៃ ស៊ីផានចាត់ទុកថារដ្ឋទំនើបដូចជាប្រទេសថៃមិនបានសម្រេចកិច្ចការ។
«ប៉ុន្តែយើងឃើញថារដ្ឋទំនើបរបស់ថៃពេលនេះពិបាកនឹងមើល វាស្មុគស្មាញគេអាចថាថៃស្ថិតនៅក្នុងរដ្ឋអាណាធិបតេយ្យមួយក៏អាចថាបានឬមួយក៏ជាថៃបាត់បង់នូវអត្តសញ្ញាណអំណាចនៃការទទួលខុសត្រូវរវាងស្ថាប័នជាតិរបស់ផងគេនេះឯង។ ហើយយើងឃើញថាការខាតពេលឬការពន្យាពេលឬក៏ជាបច្ចេកទេស ក្នុងការចង់បានផលប្រយោជន៍អ្វីមួយនោះគឺមិនមែនឆ្លើយតបនឹងអ្វីដែលជាប្រក្រតីភាពនៃការងាររដ្ឋទំនើប»។
ឯកសារព្រំដែនចំនួនបីដែលគណៈកម្មការចម្រុះព្រំដែនទាំងពីរប្រទេសបានព្រមព្រៀងគ្នាក្នុងការរៀបចំនីតិវិធីនោះត្រូវគេរាយការណ៍មកថាដើម្បីបោះបង្គោលនៅសេសសល់ជាមួយថៃតាមព្រំដែនដែលមានចំងាយជាង ៨០០គ.ម ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ២០០៨ដែលមានកំណត់ហេតុព្រំដែនទាំងបីប្រទេសថៃត្រូវគេមើលឃើញថាបានខកខានអនុម័តជាច្រើនលើកនៅសភាដោយសារ តែប្រទេសថៃត្រូវគេដឹងថាមិនចង់ទទួលស្គាល់នូវឯកសារផែនទីនិងកិច្ចព្រមព្រៀងមួយចំនួនដែលរដ្ឋាភិបាលថៃមុនៗបានចុះហត្ថលេខា និងព្រមព្រៀងគ្នាជាមួយកម្ពុជា។
លោក ផៃ ស៊ីផានបានអះអាងថាការចង់បង្ហាញពីការអនុវត្តគោលការណ៍ជារដ្ឋទំនើបមួយតាមរយៈការពិភាក្សាគ្នាក្នុងសភា និងស្ថាប័នឯទៀតដោយមិនព្រមអនុម័តនោះ ជាការសោកស្តាយ។
«ក៏ប៉ុន្តែអ្វីដែលយើងឃើញគឺជាការសោកស្តាយ ហើយដែលជាឧទាហរណ៍ អាក្រក់ សម្រាប់ថៃជាកូនជាចៅជំនាន់ក្រោយ តើទំនុកចិត្តរបស់អន្តរជាតិចំពោះប្រជាជាតិថៃយ៉ាងណា។ អាហ្នឹងជាសញ្ញាសួររបស់យើងទាំងអស់គ្នាតែទោះជាយ៉ាងណាយើងនៅតែប្រកាន់ជំហរមួយគឺជំហរដែលហៅថាស៊ីវិល័យ មិនរំលោភលូកលាន់ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ថៃ»។
លោក កុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានចោទប្រកាន់សភាថៃ ថាគ្មានឆន្ទៈ អនុម័តកំណត់ហេតុទាំងបី តែលោកថ្លែងថានេះជាកិច្ចការផ្ទៃក្នុង របស់ថៃដែលលោកមិនអាចធ្វើអត្ថាធិប្បាយលម្អិតទេ។
«កម្ពុជាបានលើកឡើងកន្លងមកហើយថាថៃមិនមានឆន្ទៈពិតប្រាកដ្ឋក្នុងការដោះស្រាយបញ្ហានេះទេ។ ដូច្នេះហើយបានជាកំណត់ហេតុនេះមិនមានឱកាសណាមួយឈានទៅរកការអនុម័តបាននោះ។ ហើយគេគ្រាន់តែជន្លលេងម្តងហើយម្តងទៀត ជន្លលេងថាអនុម័តថ្ងៃនេះថ្ងៃហ្នុះ។ ហើយទីបំផុតគឺមូលហេតុ គឺខ្វះកូរ៉ុមនេះឯង។ ហើយការអនុម័តរហូតមកដល់ពេលនេះ ហើយចេះតែជន្លលេង ហើយចេះតែថាអាចអនុម័តបាននេះ ក៏មិនបានធ្វើឲ្យកម្ពុជាភ្ញាក់ផ្អើលទេ ព្រោះរឿងនេះកម្ពុជាបានស្គាល់ច្បាស់ហើយ»។
ដោយចាត់ទុកថារឿងព្រំដែនពេលនេះជាកិច្ចការសភាហើយលោកមិនផ្តល់អត្ថាធិប្បាយទៅលើការរិះគន់របស់មន្ត្រីកម្ពុជានោះ លោក ផានីតាន់ វឌ្ឍនាយ៉ាកន អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថាតាមច្បាប់រដ្ឋធម្មនុញរបស់ថៃកិច្ចព្រម ព្រៀង និងរាល់ឯកសារដែលរដ្ឋាភិបាលបានធ្វើត្រូវឆ្លងកាត់សភា។ លោកបញ្ជាក់អះអាងថាចំពោះ កំណត់ហេតុទាំងបីវិញក៏ត្រូវតែរង់ចាំការសម្រេចរបស់ សភាដែរ។
«សភា នឹងដំណើរការពិចារណាយ៉ាងដិតដល់នៅសប្តាហ៍ខាងមុខអំពីបញ្ហានេះ ដូច្នេះយើងមិនទស្សន៍ទាយបានទេ»។
តែលោក វឌ្ឍនាយ៉ាកន បានបង្ហាញពីសុទិដ្ឋិនិយមរបស់លោកនៅពេលសភា ត្រូវ បើកកិច្ចពិភាក្សាដេញដោលអំពីកំណត់ហេតុព្រំដែននៅថ្ងៃទី៥មេសាខាងមុខ ដោយអះអាងថា៖
«ក៏ប៉ុន្តែយើងសង្ឃឹមថាសភា សមាជិកសភានឹងមានឱកាសដើម្បីពិភាក្សាដេញដោលរឿងនេះ ហើយនឹងបោះឆ្នោតផ្តល់ការយល់ព្រមអំពីរឿងនេះ»។
លោក បណ្ឌិត ឡៅ ម៉ុងហៃអតីតអ្នកស្រាវជា្រវជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស អាស៊ីដែលចូលនិវត្តន៍ មិនចាត់ទុកថាការនៅបន្តជជែកដេញដោលគ្នាក្នុងសភា ថៃជាល្បិចកលនយោបាយទេ។
«ជួនកាលគឺគណបក្សសំឡេងភាគច្រើនហ្នឹងគឺមិនមូលមាត់គ្នាក្នុងជួរគណបក្ស ហ្នឹងណាស់បាទ ហើយអាហ្នឹងគឺតែងតែមានអញ្ចឹងក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យរបបសភា គឺអញ្ចឹងមានខ្លះធ្វើដូចជាអ្នកប្រឆាំង អ្នកបះបោរប្រឆាំងនឹងរដ្ឋាភិបាលគេទៅ»។
លោកម៉ុងហៃ បានអះអាងថា នៅប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសភានិយមដូចប្រទេសថៃ សភាមានអំណាចគេមិនចេះតែយល់ស្របតាមរដ្ឋាភិបាលនោះទេ ហើយការយល់ព្រមឬយ៉ាងណាគឺក៏អាស្រ័យលើផ្ទៃក្នុងគណបក្សដែលមានសំឡេងច្រើន និងអំណាចរបស់នាយករដ្ឋមន្ត្រី ត្រូវមានឥទ្ធិពលខ្លាំងផងដែរ។
លោក ឡៅ ម៉ុងហៃបានអះអាងថាតាមនីតិវិធី និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជានិងថៃមានលក្ខណៈស្រដៀងគ្នា តែកម្ពុជាពុំសូវផ្តល់សារៈសំខាន់ទៅដល់ការអនុម័តនៅសភាដូចជាកិច្ចព្រមព្រៀងព្រំដែនជាដើម គឺរដ្ឋាភិបាលអត្តនោម័តិខ្លួនឯង។
ប្រទេសថៃនិងកម្ពុជាមានវិវាទជម្លោះព្រំដែនជាមួយគ្នាជាច្រើនទសវត្សរ៍ ដោយសារការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពានបូរណភាពទឹកដី ដោយពេលខ្លះមានការផ្តាច់ទំនាក់ទំនងការទូត ពេលខ្លះមានការវាយប្រយុទ្ធ គ្នារវាងកងទ័ពទាំងពីរប្រទេស។ ការវាយប្រហារចុងក្រោយជាប់ៗគ្នា រយៈពេល ៤ថ្ងៃកាលពីដើមខែកុម្ភៈបានធ្វើឲ្យមានអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដើម្បីឲ្យឈប់បាញ់គ្នាជាបន្ទាន់ហើយដោះស្រាយដោយសន្តិវិធីតាមយន្តការ អាស៊ាន។ ប្រទេសថៃធ្លាប់ប្រកាន់យកកិច្ចចរចាទ្វេភាគីនោះ បានយល់ព្រមជាមួយកម្ពុជាថានឹងជួបពិភាក្សានៅឯទីក្រុងបូហ្គ័រប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៧ថ្ងៃទី៨ ខែមេសាអំពីបញ្ហាស្វែងរកដំណោះស្រាយព្រំដែននិងពិភាក្សាអំពីការទទួលយកក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកត្រួតពិនិត្យកិច្ចឈប់បាញ់គ្នា។ កិច្ចប្រជុំនេះត្រូវគេគិតថាជាការបើកផ្លូវឲ្យជំហានថ្មីដើម្បីឲ្យភាគីទាំងពីរ អាចពិភាក្សាអំពីការស្វែងរកដំណោះស្រាយព្រំដែនក្រោមកិច្ចសម្របសម្រួលរបស់ឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ៕