ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ថៃ​ប្រឹង​ប្រែង​ការ​ទូត​​តែ​ចោទ​គ្នា​អំពី​ការ​ប្រើ​គ្រាប់​មីន​ចង្កោម​


ទាហាន​ខ្មែរ​ម្នាក់​​ដើរ​កាត់​​ជួរ​រថពាស​ដែក​ក្នុង​ពេល​មាន​ទស្សនកិច្ច​ របស់​សមាជិក​សភា​ទៅ​កាន់​តំបន់​មូលដ្ឋាន​យោធា​មួយ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​នៅ​ចម្ងាយ​​ប្រមាណ​៥០០​គីឡូម៉ែត្រ​​ខាង​ជើង​​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៩​ខែ​ក
ទាហាន​ខ្មែរ​ម្នាក់​​ដើរ​កាត់​​ជួរ​រថពាស​ដែក​ក្នុង​ពេល​មាន​ទស្សនកិច្ច​ របស់​សមាជិក​សភា​ទៅ​កាន់​តំបន់​មូលដ្ឋាន​យោធា​មួយ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​នៅ​ចម្ងាយ​​ប្រមាណ​៥០០​គីឡូម៉ែត្រ​​ខាង​ជើង​​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៩​ខែ​ក

កម្ពុជា​និង​ថៃ​កំពុង​បង្កើនកិច្ច​ប្រឹង​ប្រែង​ការ​ទូតដើម្បី​ជៀស​វាង​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​តាម​ព្រំដែន។​ ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ប្រើ​គ្រាប់​មីន​ចង្កោម​ដែល​ត្រូវ​ហាម​ដោយ​អន្តរជាតិ​ នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ នៅ​ជិត​ប្រាសាទ​ព្រះវិហារអាយុ​៩០០ឆ្នាំ។

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ដែល​ទទួល​ថវិកា​ពី​អន្តរជាតិឲ្យ​ដឹង​ថា ខ្លួន​កំពុង​ធ្វើការ​ស៊ើប​អង្កេត​សេចក្តី​រាយការណ៍​អំពី​គ្រាប់​មីន​ចង្កោម​នេះ។​ យោធា​កម្ពុជា​ក៏​ឲ្យ​ដឹង​ដែរ​ថា​ កាំភ្លើង​ធំ​មាន​បាញ់​ចេញ​មក​ពី​ទឹក​ដី​ថៃ។

លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​និយាយ​ថា​ គេ​បាន​បញ្ជូន​អ្នក​ស៊ើប​អង្កេត​មួយ​ក្រុម​ទៅ​ភូមិ​សាអែម​ ខេត្ត​ព្រះវិហារ​ ដើម្បី​ឲ្យ​ពន្យល់​ប្រជា​ពលរដ្ឋ​ស៊ីវិល​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រាប់​មីន​ទាំងនេះ​ ដែល​មិន​ផ្ទុះ​ទាំង​អស់​ទេ​ ហើយ​កប់​ក្នុង​ដី​ទៅ​ជា​គ្រាប់​ម៉ីន​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់យូរ​ក្រោយ​ជម្លោះ​នេះទៅ​ថ្ងៃ​មុខ​ទៀត។​ លោក​ថ្លែង​ថា៖

«យើង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ស្តី​អំពី​ការ​បាញ់​ផ្លោង​គ្រាប់​ ១០៥​ និង​ ១៥៥​ មីលីម៉ែត្រ​របស់​ពួក​សៀម​ ដែល​មាន​ផ្ទុក​ដោយ​គ្រាប់​មីនចង្កោម។​ យើង​បាន​រក​ឃើញ​ខ្លះ​ហើយ​ យើង​មាន​ភស្តុតាង​ជាក់​ស្តែង​ ឃើញ​គ្រាប់​ខ្លាស្ទ័រ​ហ្នឹង​នៅ​រាយ​ប៉ាយ​នៅ​តំបន់​មួយ​ចំនួន​ ដូច​ជា​តំបន់​ស្វាយ​ជ្រុំ​ជា​ដើម​ ហើយ​និង​តំបន់​មួយ​ចំនួន​ទៀត។​ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​នៅ​តាន​តឹង​នៅ​ឡើយ​ យើង​ឥត​ទាន់​មាន​លទ្ធភាព​ពិនិត្យ​នៅ​កន្លែង​ច្រើន​ប៉ុន្មាន​ទេ»។

រដ្ឋាភិបាល​ថៃ​បាន​បដិសេធ​ការ​ប្រើ​គ្រាប់​មីន​ចង្កោម។​ លោក​ ប៉ានិថាន់​ វតនាយ៉ាខន​ (Panitan​ Wattanayagorn)​ ដែល​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃនិយាយថា៖

«យោធា​បាន​បញ្ជាក់​ប្រាប់​យើង​ថា យើង​មិន​ប្រើ​អាវុធ​នេះ​ទេ។​ ទី​ពីរ គេ​ក៏​បាន​រក​ឃើញ​អាវុធ​ទាំង​នោះ​នៅ​ក្នុង​តំបន់​នោះ​ ហើយ​ពួក​គេ​បាន​សម្រេច​ថា​ អាវុធ​នោះ​ចេញ​មក​ពី​ប្រទេស​កម្ពុជា។​ គេ​បាន​រក​ឃើញ​សំបក​គ្រាប់​មីន​ចង្កោម​នៅ​ក្នុង​តំបន់​ដែល​ភាគី​កម្ពុជា​បាន​បាញ់​កាំភ្លើង​របស់​ខ្លួន»។

គ្រាប់​មីន​ចង្កោម និង​គ្រាប់​ម៉ីន​ជា​បញ្ហា​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ជា​ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា។​ សង្គ្រាម​ច្រើន​ទសវត្សរ៍​នៅ​ក្នុង​សតវត្សរ៍​ចុង​ក្រោយ​នេះ​ បានបន្សល់​ទុក​អាវុធ​បែប​នេះ​នៅ​ពាស​ពេញប្រទេស​កម្ពុជា ហើយ​ក្នុង​មួយ​ឆ្នាំៗ​មាន​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​រង​របួស​ដោយ​សារ​គ្រាប់​មីន​ដែល​មិន​ទាន់​ផ្ទុះ​ទាំង​នោះ។

ការ​វាយ​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​នេះ​ជា​ការ​វាយ​ប្រយុទ្ធ​ដ៏​ខ្លាំង​បំផុត​តាំង​ពី​ឆ្នាំ២០០៨​ មក​ នៅ​ពេល​ដែល​ភាព​តាន​តឹង​បាន​ឡើង​ខ្ពស់​បន្ទាប់​ពី​ប្រាសាទ​ព្រះ​វិហារ​នៃ​សតវត្សរ៍​ទី​១១​ បាន​ទទួល​ឋានៈ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពី​អង្គការ​អប់រំ​វិទ្យាសាស្រ្ត​ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​យូណេស្កូ​ (UNESCO)។

ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​មុន​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​ ១០​ នាក់ និង​របួស​ជា​ច្រើន​នាក់​ទៀត​ ដែល​រួម​ទាំង​ជន​ស៊ីវិល​ជា​ច្រើន​នាក់​ផង។​ អ្នក​ស្រុក​ជា​ច្រើន​ពាន់​នាក់​នៅ​តាម​ព្រំដែន​ទាំង​សងខាង​បាន​រត់​ចោល​ផ្ទះ​របស់​ខ្លួន។

កង​ទ័ព​ខ្មែរ និង​ថៃ​ត្រូវ​នៅ​ត្រៀម​ខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​ត​ទៅ​ទៀត​ដោយ​អ្នក​ស្រុក​បាន​រាយការណ៍​ថា មាន​ការ​បង្កើន​កង​កម្លាំង​សន្តិសុខ។​ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​នេះ​ គ្មាន​សេចក្តី​រាយការណ៍​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ថ្មី​ទៀត​ទេ។

នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ ប្រាសាទ​ព្រះ​វិហារ​នៅ​បិទ​ទ្វារ​មិន​ឲ្យ​សាធារណជន​ចូល​មើល​នៅ​ឡើយ។​ មន្រ្តី​ខ្មែរ​បាន​ទៅ​ពិនិត្យ​មើល​ប្រាសាទ​ព្រះ​វិហារ​នេះ​ ដែល​ហាក់​ដូច​ជា​មាន​ការ​ខូច​ខាត​ខ្លះ​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា។

មន្រ្តី​អង្គការ​យូណេស្កូ បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងៀម ហើយ​និយាយ​ថា​ គេ​នឹង​បញ្ជូន​អ្នក​ជំនាញ​ឲ្យ​ទៅ​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ការ​ខូច​ខាត​ទៅ​លើ​ប្រាសាទ​នេះ។​ ក៏​ប៉ុន្តែ​ថៃ​បាន​ប្រឆាំង​ជំទាស់​នឹង​ការ​ពិនិត្យ​មើល​របស់​អង្គការ​យូណេស្កូ។

រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ដំណើរ​ទៅ​បូរី​ញូវយ៉ក​ នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នេះ​នៅ​អង្គការ​សហប្រជាជាតិ។

ក្នុង​ឆ្នាំ១៩៦២​ តុលាការ​អន្តរជាតិ​បាន​កាត់​សេចក្តី​ថា​ ប្រាសាទ​ព្រះ​វិហារ​ជា​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​ផ្លូវ​ចូល​សំខាន់​មួយ​ស្ថិត​នៅ​លើទឹក​ដី​ទំហំ​៥​ គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុងប្រទេស​ថៃ។ នៅ​ខែ​មិថុនា​ខាង​មុខ​ គណៈកម្មាធិការ​បេតិកភណ្ឌអង្គការ​សហប្រជាជាតិ​នឹង​ជួប​ប្រជុំដើម្បី​សម្រេច​អំពី​ផែនការ​មួយ​ដើម្បី​ថែ​រក្សា​ប្រាសាទ​នេះ។

នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​ឲ្យ​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ​មាន​ភាពរិត​តែ​ធ្ងន់​ធ្ងរ​ឡើង​ទៀត។​ នៅ​ចុង​ខែ​ធ្នូ​ មន្រ្តី​ខ្មែរ​បាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ ៧​ នាក់​ រួម​មាន​សមាជិក​រដ្ឋ​សភា​ម្នាក់​ផង​ ហើយ​ត្រូវ​ចោទ​ប្រកាន់​ថា បាន​ឆ្លង​ព្រំដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​តំបន់​ជម្លោះ​មួយ​ទៀត។​ ជនជាតិ​ថៃ​ពីរ​នាក់​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​អំពី​បទចារកម្ម​ តែ​ ប្រាំ​នាក់​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ។

អ្នក​ជាតិនិយម​ថៃ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​បណ្តេញ​ជនជាតិ​ខ្មែរ​ចេញ​ពី​តំបន់​ឈ្លោះ​គ្នា​ ហើយ​ទុក​ជា​មោឃៈនូវ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន។​ រដ្ឋាភិបាល​បាន​ច្រាន​ចោល​ពាក្យ​ទាម​ទារ​ទាំង​នេះ៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG