ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​សង្ឃឹម​ថា​អាច​រកវិធី​នាំ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​មក​តំបន់​ជម្លោះ​ក្រោយ​ជំនួប​​បូហ្គ័រ


រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​អាស៊ាន​និង​មន្ត្រី​ជាន់​ខ្ពស់​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​របស់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ក្នុង​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​ច
រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​អាស៊ាន​និង​មន្ត្រី​ជាន់​ខ្ពស់​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​របស់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ក្នុង​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​ច

ប្រទេស​កម្ពុជា​និង​ថៃ ​រំពឹង​ថា​នឹង​ពិភាក្សាគ្នា​អំពី​ការទទួលយក​ក្រុមអ្នកសង្កេតការណ៍​អាស៊ាន​និង​បញ្ហា​បន្ថយ​ភាពតានតឹង​អំពី​ជម្លោះ​ព្រំដែន​ នៅក្នុង​ជំនួប​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

បញ្ហា​អ្នកសង្កេតការណ៍​អាស៊ាន​មកកាន់​តំបន់​ជម្លោះ​ហើយនឹង​បញ្ហា​បន្ថយ​ភាពតានតឹង​តាម​ព្រំដែន​នឹង​ត្រូវ​ពិភាក្សាគ្នា​ក្រោម​កិច្ចសម្រប​សម្រួល​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​នៅចុង​ខែមិនា​នេះ។ នេះ​ជា​ការបញ្ជាក់​របស់​មន្ត្រី​ថៃ​និង​កម្ពុជា។

លោក ថានី​ ថុងភក្តី​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ​បានថ្លែង​ប្រាប់​វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក​តាមទូរស័ព្ទ​កាលពី​ថ្ងៃពុធ​ថា​ ប្រទេស​ថៃ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​កម្ពុជា ​ហើយ​ស្វាគមន៍​ចំពោះ​ការចូលរួម​ប្រជុំ​របស់​កម្ពុជា។ ក៏ប៉ុន្តែ​កាលបរិច្ឆេទ​នៃកិច្ចប្រជុំ​នោះ ​ប្រទេសថៃ​កំពុងតែ​ធ្វើការ​ជាមួយ​ខាងផ្នែក​យោធា​ថៃ។

លោកថុងភក្តី​បានថ្លែង​បញ្ជាក់​ដូចនេះ​ថា៖

«យើង​សង្ឃឹម​ថា​ភាគី​ទាំងពីរ​នឹង​មាន​ឱកាស​ពិភាក្សា​គ្នា​អំពី​បែបបទ​ការងារ​ស្តីអំពី​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ក៏ដូចជា​ពិភាក្សា​អំពី​វិធានការ​ផ្សេងៗ​ទៀត ​ដែល​គួរតែ​ដាក់ចេញ​ដើម្បី​ធានា​ថា​ការប៉ះទង្គិច​គ្នា​ទៅថ្ងៃ​អនាគត​រវាង​ភាគី​ទាំងពីរ​នឹង​ត្រូវ​ជៀសវាង​បាន»។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​លោក​ម៉ាទី ​ណាតាលីហ្គាវ៉ា​ ដែល​ជា​ប្រធាន​ប្តូរ​វេន សមាគម​អាស៊ាន​ឆ្នាំ​នេះ​បានស្នើ​សុំ​កាល​ពី​ថ្ងៃទី​៧​ ខែមិនា​ឲ្យ​មាន​ការប្រជុំ​រវាង​ប្រទេស​ទាំង​ពីរ​ថៃ​និង​កម្ពុជា។​ លោក​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ចំនួន​ពីរ​នៅ​ថ្ងៃទី​២៤ និង​ទី​២៥ ​ខែមិនា​នៅ​ទីក្រុង​បូហ្គ័ (Bogor) ​ដែល​ជា​ទីក្រុង​ក្បែរ​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​លំដាប់​គណៈ​កម្មការ​ព្រំដែន​ទូទៅ​ GBC ​និង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​ការបោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​ថៃ​ JBC ។

លោក កុយ ​គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាង​ថា​កម្ពុជា​ត្រៀមខ្លួន​ចូលរួម​ក្នុងកិច្ចប្រជុំ​ទាំងឡាយ​ដែល​រៀបចំ​ដោយ​ប្រធាន​អាស៊ាន​ហើយ​ទទួលយក​សំណើរ​របស់​ប្រធាន​អាស៊ាន​ដោយ​ឥតលក្ខខណ្ឌ​ទាក់ទិន​នឹង​ការទទួល​ក្រុមអ្នកសង្កេតការណ៍​និង​បញ្ហា​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។ ក៏ប៉ុន្តែ​លោក​គួង​អះអាង​ថា ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃពុធ​បាន​ជម្រាប​តាមលិខិត​ផ្លូវការ​មកកាន់​លោក ឧបនាយក រដ្ឋមន្ត្រី ​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថា​ខ្លួន​ពុំទាន់​បាន​ទទួល​ការឆ្លើយតប ជាផ្លូវការ​ពី​ប្រទេស​ថៃ​នៅឡើយ​ទេ​ទាំង​បញ្ហា​បែបបទ​ការងារ​បញ្ជូន​អ្នកសង្កេតការណ៍​អាស៊ាន​នឹង​ការចូលរួម​ប្រជុំ​ក្នុង​គណៈកម្មាធិការ​ព្រំដែន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

«ហើយ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ពីរ​ចំណុច​សំខាន់។​ចំណុច​ទីមួយ​ទាក់ទង​នឹង​តំបន់ ដែល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ដែលនឹង​ត្រូវ​មក​ត្រួតពិនិត្យ​នោះ។​ ហើយ ទាក់ទង​នឹង​ចំណុច​ហ្នឹង​ឥណ្ឌូនេស៊ី​ដែលជា​ប្រធាន​អាស៊ាន​ហ្នឹង​បានបញ្ជាក់​ថា​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ហើយ​ពី​ភាគី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ស្តីពី​តំបន់​ដែល អ្នកសង្កេតការណ៍​ត្រូវមក​ត្រួតពិនិត្យ​នេះ។​ តែ​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ផងដែរ​ថា មិនទាន់​បានទទួលព័ត៌មាន​ពី​ភាគី​ថៃ​នៅឡើយ​ទេ»។

លោក កុយ គួង​បានបញ្ជាក់​បន្ថែម​ថា៖

«ចំណុច​ទីពីរ​ទាក់ទង​នឹង​ការត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​ចំនួន​ពីរ​គឺ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ JBC​ និង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​GBC ​ដែល​គ្រោងធ្វើ​នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី២៥ ​ខែមិនា ​២០១១ ​ខាងមុខ​នោះ ឥណ្ឌូនេស៊ី​ក៏​បានបញ្ជាក់​ថា​បាន​ទទួល​ព័ត៌មាន​ឬក៏​ចម្លើយ​ជាក់លាក់​ពីភាគី​កម្ពុជា​ហើយ​ដែរ ហើយ​ក៏​នៅតែ​មិនទាន់​បានទទួល​ចម្លើយ​ពី​ភាគី​ថៃ​នៅ​ឡើយទេ​មកដល់​ពេល​នេះ»។

លោក គួង​បានបញ្ជាក់​ថា​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​បាន​ឆ្លើយតប​នៅក្នុង​សារលិខិត​របស់​លោក​ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ដោយ​យល់ព្រម​ជា​ផ្លូវការ​ទៅនឹង​លក្ខខណ្ឌ​ថ្មី​បន្ថែម​មួយ​ចំនួន​ទាក់ទង​នឹង​ក្រុមអ្នកសង្កេតការណ៍​អាស៊ាន។ តែ​លោក គួង​បដិសេធ​ធ្វើអត្ថាធិប្បាយ​លម្អិត​អំពី​រឿងនោះ។

ប្រសិនបើ​កើតឡើង​មែន ​កិច្ចប្រជុំ​លំដាប់​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ​ត្រូវគេ​ចាត់ទុក​ថា​ជាកិច្ចប្រជុំ​លើកទីមួយ​ដែល​មាន​ភាគី​ទី៣​ចូលរួម​នឹង​ធ្វើឡើង​នៅលើ​ទឹកដី​នៃ​ប្រទេស​ទី៣ ​ដែលជា​កន្លែង​ឯករាជ្យ​មួយ ដើម្បី​ដោះស្រាយ​ជម្លោះ​នៃ​ប្រទេស​ទាំងពីរ​ដោយ​សន្តិវិធី ​ដែល​ត្រូវគេ​ដឹង ​ថាជា​ការចង់​បាន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ ហើយនឹង​សហគមន៍​អន្តរជាតិ។

កិច្ចប្រជុំ​ក្រោម​ការសម្រប​សម្រួល​របស់​ឥណ្ឌូនេស៊ី​នេះ​ត្រូវគេ​គិតថា​កើតឡើង ក្រោយពី​ប្រទេស​ថៃ​សុំ​ពន្យា​ពេល​ឬ​ប្រកាន់​ជំហរ​ពិភាក្សា​ទ្វេភាគី​ជាមួយ​កម្ពុជា​ជាមុន សិន​មុនពេល​ទទួលយក​អ្នកសង្កេតការណ៍​អាស៊ាន​មកកាន់​តំបន់​ជម្លោះ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ជាពិសេស​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ធ្លាប់​មាន​ការវាយ​ប្រយុទ្ធគ្នា​ដោយសារ​ការចោទ​ប្រកាន់ពី​បញ្ហា​រំលោភ​បំពាន​បូរណភាព​ដែនដី។

ប្រទេស​ទាំងពីរ​ថៃ​និង​កម្ពុជា​ធ្លាប់​បានសន្យា​នៅ​ចំពោះមុខ​តំណាង​ប្រទេស​អាស៊ាន​ទាំង១០​ដើម្បី​បញ្ឈប់​ការវាយប្រយុទ្ធគ្នា​ហើយ​ទទួលយក​ក្រុមអ្នកសង្កេតការណ៍​មកកាន់​តំបន់​ជម្លោះ​ដើម្បី​ធានា​កិច្ចឈប់​បាញ់គ្នា។ ភាគី​ទាំងពីរ​បានព្រមព្រៀងគ្នា​ផងដែរ​ដើម្បី​បន្ត​កិច្ចចរចា​ក្នុង​ក្របខណ្ឌ​អាស៊ាន​ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​បង្ក​ឲ្យ​មានភាពតានតឹង​ផ្នែកយោធា៕

XS
SM
MD
LG