ភ្នំពេញ៖ បើទោះបីជាមានការប្រយុទ្ធគ្នានៅតាមបណ្ដាយព្រំដែន ក៏ប៉ុន្ដែប្រទេសកម្ពុជា និងប្រទេសថៃមិនបានផ្អាកការតាំងពិព័រណ៍ពាណិជ្ជកម្មរយៈពេលបួនរួមគ្នានោះទេ។ មន្ដ្រីរដ្ឋាភិបាលនៃប្រទេស ទាំងពីរបានជំរុញការពង្រឹងបណ្ដូរពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត។
ក្រុមហ៊ុនមកពីប្រទេសថៃ សរុបចំនួន៥៣ បានបើកការតាំងពិព័រណ៍ពាណិជ្ជកម្មមួយនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ក្នុងបរិបថដែលប្រទេសកម្ពុជា និងថៃកំពុងឈ្លោះប្រកែកគ្នាយ៉ាងតានតឹង បន្ទាប់ពីការបាញ់គ្នាមួយឈុតអស់រយៈពេលពីរសប្ដាហ៍កន្លងមក នៅតាមតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហាររបស់ខ្មែរ។
ពិព័រណ៍ពាណិជ្ជកម្មដែលមានរយៈពេលបួនថ្ងៃនេះនឹងបន្ដរហូតដល់ថ្ងៃអាទិត្យទី២០ ខែកុម្ភៈនេះ។
លោកចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ជម្លោះព្រំ ដែនមិនមែនជាឧបសគ្គនៃការធ្វើសេដ្ឋកិច្ចនោះទេ។
«ជម្លោះនៅកន្លែងព្រំដែនគឺមួយចំណែកតូចនៃព្រំដែនប៉ុណ្ណោះ មិនមែនជម្លោះក្នុង៨០០គីឡូម៉ែត្រទាំងអស់ទេ។ អញ្ចឹងគឺយើងធ្វើដូចម្តេចឲ្យជម្លោះនោះឋិតតែក្នុងតំបន់នោះគឺក្រៅពីនោះគឺអ្វីៗទាំងអស់ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ទេសចរណ៍ គឺយើងនៅតែទៅមករកស៊ីជាមួយគ្នា។អញ្ចឹងវាបញ្ជាក់ហើយថា ពាណិជ្ជកម្មយើងត្រូវតែទៅវិញទៅមកជាមួយគ្នា បំរើផលប្រយោជន៍ពិតបា្រកដរបស់ប្រជាជនទាំងសងខាង»។
មានស្តង់សរុបចំនួន១៧៨ ក្នុងនោះកម្ពុជាមានស្តង់ចំនួន២៥ ដែលតំណាងឲ្យក្រុមហ៊ុនចំនួន២៥ របស់កម្ពុជាចូលរួមសហការក្នុងការតាំងពិព័រណ៍ពាណិជ្ជកម្មនេះ។
ផលិតផលដែលត្រូវបានយកមកដាក់តាំងបង្ហាញនោះ មានជាអាទិ៍ ដូចជាទំនិញ ម្ហូបអាហារនិងភេសជ្ជៈ សម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ផលិតផលស្បែក សម្ភារៈសិក្សា និងគ្រឿងសម្អាងជាដើម»។
យោងតាមលោកចម ប្រសិទ្ធឲ្យដឹងថា ប្រទេសថៃគឺជាប្រទេសដែលឈរនៅលំដាប់ទីមួយដែលមានបណ្ដូរពាណិជ្ជកម្មច្រើនជាងគេជាមួយប្រទេសកម្ពុជាក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ាន ទាំង១០។
តួលេខនៃបណ្ដូរពាណិជ្ជកម្មកម្ពុជា និងថៃកាលពីឆ្នាំ២០១០បានកើនដល់ជាង២១៤៤លានដុល្លារ ក្នុងនោះកម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសថៃមានទឹកប្រាក់ចំនួនជាង១៤៧លានដុល្លារ។
លោកត្រៃរ៉ុង សុវណ្ណគីរី ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធន៍ពិព័រណ៍ពាណិជ្ជកម្មថៃនេះថា តួលេខនៃបណ្ដូរពាណិជ្ជកម្មនេះបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់នៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសកម្ពុជា ហើយក៏បង្ហាញអំពីសក្ដានុពលកិច្ចសហប្រតិបត្តិការនៃព្រះរាជាណាចក្រទាំងពីរនេះដែរ។
លោកនិយាយថា រដ្ឋាភិបាលថៃមានចំណងចង់ឲ្យមានកិច្ចសហការផ្នែកពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។
«យើងចង់ឃើញបណ្ដូរពាណិជ្ជកម្ម និងការវិនិយោគឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត ហើយយើងដាក់ទំនាក់ទំនងជាមួយប្រទេសជិតខាងជាអាទិភាពខ្ពស់បំផុតរបស់យើង»។
ជាមួយគ្នានេះដែរ នៅក្នុងវេទិកាជំនួបពាណិជ្ជកម្មកម្ពុជា ថៃឆ្នាំ២០១១ កាលពីថ្ងៃព្រហស្បតិ៍ លោក ឧបនាយករដ្ឋមន្រ្តីគាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា ថៃនឹងនៅតែមានការវិវត្តល្អ។
ប្រទេសកម្ពុជា និងប្រទេសថៃមានជម្លោះព្រំដែនជុំវិញប្រាសាទព្រះវិហាររបស់ខ្មែរអស់រយៈពេល ជិត៣ឆ្នាំកន្លងមកហើយ។ ជម្លោះនេះធ្វើឲ្យមានភាពតានតឹងជាខ្លាំងនៅតាមព្រំដែន ហើយបានបង្កឲ្យមានការប្រយុទ្ធគា្នដោយប្រដាប់អាវុធពីថ្ងៃទី៤រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ។
លោកគ្រិត មួងវង្ស ប្រធានផ្នែកលក់និងទីផ្សារ របស់ក្រុមហ៊ុនលក់សម្ភារៈសាងសង់ SCG មកពី ប្រទេសថៃ ដែលកំពុងធ្វើការតាំងពិព័រណ៍ផលិតផលរបស់ខ្លួនក្នុងការតាំងពិព័រណ៍នេះ ក៏បានឲ្យដឹង ដែរថា លោកមិនមានការព្រួយបារម្ភចំពោះការប្រកបអាជីវកម្មរបស់លោកក្នុងប្រទេសកម្ពុជានោះ ទេ បើទោះជាប្រទេសទាំងពីរកំពុងមានជម្លោះព្រំដែនក៏ដោយ។
ជាមួយគ្នានេះដែរ អ្នកស្រីសុខ លីនដា ជាប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ ដែលកំពុងទិញ ផលិតផលមួយចំនួនក្នុងការតាំងពិព័រណ៍នេះដើម្បីយកទៅប្រើប្រាស់ បានចាត់ទុកថា ជម្លោះព្រំដែនមិន ទាក់ទងនឹងការដើរទិញឥវ៉ាន់នេះទេ។
«នោះជារឿងមេដឹកនាំដោះស្រាយគ្នាគាត់។ យើងប្រជាជនចេះតែទិញប្រើ អត់ប្រកាន់អីទេ។ប្រជាជនរាប់អានគ្នាធម្មតា»។
ថ្វីបើប្រទេសកម្ពុជា និងប្រទេសថៃកំពុងឋិតក្នុងសភាពតានតឹងដាក់គ្នាជុំវិញវិបត្តិព្រំដែននៅតំបន់ ប្រាសាទព្រះវិហារក៏ដោយ ក៏អ្នកក្រុងភ្នំពេញដែលចូលទស្សនាការតាំងពិព័រណ៍ពាណិជ្ជកម្មថៃនេះ មិនបានបង្ហាញប្រតិកម្មណាមួយនោះទេ៕