បើទោះបីជាមន្ត្រីយោធាកំពូលរបស់ថៃបាននិយាយថានឹងមិនចូលរួមប្រជុំក្នុងប្រទេសឥណ្ឌូនេស៊ីជាការណ៍មួយដែលគេគិតថាដើម្បីជំទាស់ទៅនឹងការពាក់ព័ន្ធរបស់ភាគីទីបីក្តី តែមន្ត្រីផ្លូវការរដ្ឋាភិបាលថៃនៅថ្ងៃពុធនេះបានបញ្ជាក់ឲ្យដឹងថាកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីពុំមានអ្វីប្រែប្រួលនៅឡើយទេ។
លោក ផានីតាន់ វឌ្ឍនាយ៉ាកន អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ប្រាប់ VOA ផ្នែកខេមរភាសាប៉ុន្មានម៉ោងមុននេះថា ប្រទេសថៃមិនមានផ្លាស់អ្វីទេជាគោលការណ៍ហើយក្រសួងការបរទេសថៃកំពុងបន្តកិច្ចចរចាអំពីកិច្ចប្រជុំនេះ។
«រឿងនេះកំពុងតែចរចាជាមួយនឹងក្រសួងការបរទេស សូមលោកអាចទាក់ទងពួកគេបានទេ?»។
លោកវឌ្ឍនាយ៉ាកនបដិសេធធ្វើអត្ថាធិប្បាយលម្អិតដោយលោក អះអាងថា លោកជាប់រវល់ទូរស័ព្ទមួយផ្សេងទៀត ហើយបានបង្វែរសំណួរទៅកាន់ក្រសួងការបរទេសថៃវិញ ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថានី ថុងភក្ឌី និងអ្នកនាំពាក្យយោធាថៃពុំអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់អស់លោកទាំងនោះពុំមានអ្នកទទួល។
មន្ត្រីយោធាថៃកំពូល ប្រាយុទ្ធ ចាន់អូចាបានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍កាលពីម្សិលម៉ិញថាគណៈកម្មការព្រំដែនទូទៅ GBC របស់យោធានឹងមិនទៅចូលរួមប្រជុំជាមួយកម្ពុជាក្រោមការរៀបចំប្រទេសទីបីទេគឺប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះទេ។
លោក Michael Tene អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់ VOA ខេមរភាសានៅប៉ុន្មានម៉ោងមុននេះថា ឥណ្ឌូនេស៊ី ពុំទាន់ទទួលការធ្វើទំនាក់ទំនងណាមួយអំពីរឿងមិនចូលរួមប្រជុំរបស់ថៃនេះទេ។ លោក បដិសេធធ្វើអត្ថាធិប្បាយលម្អិតដោយអះអាងថាជាប់រវល់ប្រជុំ។
លោក កុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដែលបានបញ្ជាក់ពីជំហរ កម្ពុជាចំពោះការត្រៀមខ្លួនចូលរួមប្រជុំជាមួយថៃនៅទីក្រុងបូហ្គ័រ ប្រទេសឥណ្ឌូ នេស៊ី ហើយនឹងព្រមតាមលក្ខខណ្ឌទាំងអស់របស់ឥណ្ឌូនេស៊ីទាក់ទង នឹងទីតាំង អ្នកសង្កេតការណ៍ឬលក្ខខណ្ឌផ្សេងៗទៀតនោះ បានអះអាងថ្ងៃនេះដែរថាភាគី កម្ពុជាពុំបានទទួលព័ត៌មានជាផ្លូវការអំពីការប្រែប្រួលរបស់ថៃទេ។
«នៅទេ យើងអត់ទាន់បានទទួលព័ត៌មានអ្វីពីខាងឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាននោះទេ ក្នុងការរៀបចំកិច្ចប្រជុំខាងមុខនេះ» ។
ក្រោយពីបានលើកពេលគម្រោងប្រជុំម្តងនៅខែមិនា ប្រទេសថៃនិងកម្ពុជាបាន ព្រមព្រៀងគ្នាជាមួយប្រទេសឥណ្ឌូនេស៊ីថានឹងជួបប្រជុំគ្នាជាថ្មីនៅថ្ងៃទី៧ថ្ងៃទី៨ ខែមេសាដើម្បីអនុញ្ញាតឲ្យគណៈកម្មការព្រំដែនទាំងពីរ GBC ផ្នែកខាងកងទ័ពនិង JBC ផ្នែកខាងក្រសួងការបរទេសពិភាក្សាគ្នាអំពីការទទួលយកអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះនៃប្រទេសកម្ពុជានិងថៃនៅជិតតំបន់ប្រាសាទព្រះវិហារ។
កងទ័ពនៃប្រទេសកម្ពុជានិងថៃធ្លាប់មានការវាយប្រយុទ្ធគ្នា៤ថ្ងៃជាប់គ្នាកាលពីថ្ងៃទី៤ ដល់ថ្ងៃ ទី៧ ខែកុម្ភៈនៅក្បែរតំបន់ប្រាសាទ ព្រះវិហារ ដោយសារការចោទប្រកាន់គ្នាទៅវិញទៅមករឿងរំលោភបំពានបូរណភាពទឹកដី។ ទោះបីជាភាគីកម្ពុជានិងថៃ មានការព្រមព្រៀងនៅមុខអាស៊ានពីបទឈប់បាញ់គ្នាជាស្ថាពរ ហើយនឹងបន្តដោះស្រាយបញ្ហាព្រំដែនក្នុងក្របខណ្ឌអាស៊ានតាមការចង់បានរបស់ក្រុមប្រឹក្សា សន្តិសុខអ.ស.បក្តី តែកងទ័ពទាំងពីរប្រទេស កំពុងបន្តភាពតានតឹងនៅឡើយ ដែលគេគិតថាតម្រូវឲ្យមានវត្តមានក្រុមអ្នកសង្កេតការណ៍ ដើម្បីជាការធានាដល់សន្តិភាពហើយបើកផ្លូវឲ្យថៃនិងកម្ពុជា បន្តចរចាដោះស្រាយរឿងវិវាទព្រំដែនដោយសន្តិវិធី៕