ផ្ទៃក្នុងដ៏វឹកវររបស់ប្រទេសថៃ កំពុងទាញទម្លាក់ចំនួនភ្ញៀវទេសចរបរទេសដែលហូរចូលមកប្រទេសកម្ពុជា។ ដោយមើលឃើញពីសភាពការណ៍នេះ ប្រទេសកម្ពុជាបានពង្រឹងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរ ដើម្បីកាត់បន្ថយលំហូរទេសចរបរទេស ដោយពឹងផ្អែកប្រទេសថៃ។
នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖
រដ្ឋាភិបាលរបស់ប្រទេសកម្ពុជា នៅទីបំផុតបានអនុម័តនូវយុទ្ធសាស្រ្ដថ្មីៗ មួយចំនួនថែមទៀត ប្រយោជន៍ ដើម្បីព្យាយាម គេចវេសពីការពឹងផ្អែកលំហូរទេសចរបរទេសតាមច្រកប្រទេសថៃដែល កំពុងតែគ្របដណ្ដប់ដោយវិបត្តិនយោបាយដ៏ច្រួលច្របល់។
ជាច្រើនឆ្នាំមកហើយ ប្រទេសកម្ពុជាបានដកដង្ហើមតាមប្រទេសថៃ ដើម្បីស្រូបយកទេសចរបរទេស ប្រមាណជា៤០% ក្នុងចំណោមទេសចរបរទេសសរុប ដែលចូលមកកម្សាន្តនៅកម្ពុជា។
លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍កាលពីថ្ងៃច័ន្ទថា វិបត្តិដ៏ធ្ងន់ធ្ងរនោះ បានទាញទម្លាក់ចំនួនភ្ញៀវទេសចរដែលឆ្លងកាត់ប្រទេសថៃមកកម្ពុជា ប្រហែលជាជិត១០%។ ដូច្នេះហើយប្រទេសកម្ពុជា នៅក្នុងពេលនេះកំពុងរៀបចំយុទ្ធវិធីដើម្បីពង្វាងការប្រើប្រាស់ច្រកប្រទេសថៃទាំងផ្លូវគោក និងផ្លូវអាកាស។
«ដោយសារតែសភាពការណ៍ថៃអញ្ចឹង យើងផ្សព្វផ្សាយ ដូរច្រកចូល។ ពីមុនយើងផ្សព្វផ្សាយតែតាម CNN អឺរ៉ុប និងCNN អាស៊ីទេ។ ខាងមុខហ្នឹង គឺយើងផ្សាយទៅខាង អាមេរិកផងដែរ។ ហើយគឺត្រូវជំរុញឲ្យមានការហោះហើរត្រង់ពីចម្ងាយមកស្រុកយើង ហើយពង្រឹងគុណភាពសេវាបដិសណ្ឋារកិច្ច ម្ហូបអាហារ និងសេវាស្នាក់នៅ»។
កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជាទទួលបានទេសចរបរទេសសរុបចំនួន២,២លាននាក់ ដែលកើនឡើងតិចជាង២% ធៀបនឹងឆ្នាំ២០០៨។ ក្នុងនោះទេសចរបរទេសជិតមួយលាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជាតាមរយៈប្រទេសថៃ ជាពិសេសតាមការហោះហើរផ្ទាល់ និង តាមព្រំដែនគោក ដូចជាច្រកព្រំដែនអន្តរជាតិកោះកុង និងច្រកប៉ោយប៉ែត។ ប៉ុន្តែចាប់តំាងពីដើមខែមីនាមក បន្ទាប់ ពីការងើបឡើងធ្វើបាតុកម្មតវ៉ាតាមដងផ្លូវ ក្រុងបាងកក នៅក្នុងប្រទេសថៃ របស់ក្រុមអាវក្រហម ដែលគាំទ្រអតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ បានពុះកញ្ជ្រោលយ៉ាងខ្លំាង នោះ ចំនួនភ្ញៀវទេសចរបរទេសដែលឆ្លងកាត់តាមច្រកប៉ោយប៉ែតចូលមកកម្ពុជា បានធ្លាក់ចុះ ពីជិត៩០០នាក់ក្នុងមួយថ្ងៃមកត្រឹម៦០០នាក់ក្នុងមួយថ្ងៃវិញ នេះបើយោងតាមមន្ត្រីផ្លូវការ ប្រចាំច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ច្រកប៉ោយប៉ែត ដែលតំណាងឲ្យ១០%នៃចំនួនភ្ញៀវទេសចរបរទេសសរុប៤០% ដែលឆ្លងកាត់តាមប្រទេសថៃចូលមកប្រទេសកម្ពុជា។
ក្នុងពេលជាមួយគ្នានេះ លោកលូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជា មានប្រសាសន៍ថា ចំនួនកក់សណ្ឋាគារនៅទូទំាងប្រទេសកម្ពុជាបានធ្លាក់ចុះពី១០%ទៅ១៥% ក្នុងនោះសណ្ឋាគារនៅខេត្ត សៀមរាបរងគ្រោះធ្ងន់ធ្ងរជាងគេ។
ហើយយុទ្ធសាស្ត្រថ្មីដែលរដ្ឋាភិបាលបានរៀបចំ មិនទាន់អាចទាក់ទាញភ្ញៀវទេសចរ បានភ្លាមៗនោះទេ ដូច្នេះក្នុងកាលៈទេសៈនេះ ការងើបរួចពីការខាតបង់ក្នុងវិស័យទេសចរណ៍ ត្រូវពឹងផ្អែកជាចម្បងទៅលើស្ថានការណ៍នៅប្រទេសថៃ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពុំទាន់មានការវាយតម្លៃពីចំនួនសាច់ប្រាក់រួមដែលកម្ពុជាបានបាត់បង់ក្នុងវិស័យទេសចរណ៍ ដោយសារផលប៉ះពាល់ពីវិបត្តិនយោបាយនៅក្នុងប្រទេសថៃនៅឡើយទេ។
វិស័យទេសចរណ៍ គឺជាទម្រមួយក្នុងចំណោមទម្រទំាងបួន ដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្នុងនោះមានវិស័យកសិកម្ម វាយនភ័ណ្ឌ និងវិស័យសំណង់។ វិស័យទេសចរណ៍ រួមនឹងវិស័យកាត់ដេរ និងវិស័យសំណង់ផងតំណាងឲ្យ១ភាគ៣នៃផលិតផលក្នុងស្រុកសរុប ឬ GDPរបស់ប្រទេសកម្ពុជា។ GDPរបស់ប្រទេសកម្ពុជា ដែលមានតម្លៃប្រមាណ១០ពាន់លានដុល្លារ។ ប៉ុន្តែ បើធៀបនឹងប្រទេសក្បែរខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលទទួលបានភ្ញៀវទេសចរជាង ១០លាននាក់ក្នុងមួយឆ្នាំ វិស័យទេសចររបស់ប្រទេសកម្ពុជានៅមានលក្ខណៈ តូចចង្អៀតនៅឡើយ។ ដូច្នេះភាពទន់ជ្រាយនៃវិស័យទេសចរនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាបន្ថែមទៀត ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ច សាកលលោក រួចទៅហើយនោះ។
នៅក្នុងពេលនេះ ស្របពេលដែលរដ្ឋាភិបាលកម្ពុជារៀបចំបង្កើនយុទ្ធសាស្ត្រពង្វាងការធ្វើដំណើររបស់ក្រុមអ្នកទេសចរ ភ្ញៀវទេសចរបរទេសមួយចំនួន បានប្តូរទិសដៅធ្វើដំណើររបស់ពួកគេរួចជាស្រេចទៅហើយ ដើម្បីចូលមកទស្សនាប្រទេសកម្ពុជា។ នោះគឺការប្តូរពីការធ្វើដំណើរឆ្លងកាត់ប្រទេសថៃទៅធ្វើការហោះត្រង់ពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី និងការធ្វើដំណើរតាមផ្លូវគោកដោយឆ្លងកាត់ព្រំដែននៃប្រទេសវៀតណាមវិញ។
លោក ម៉ម យ៉យ អនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិបាវិតនៃខេត្តស្វាយរៀង បានឲ្យដឹងថា ចំនួនភ្ញៀវទេចរបរទេសដែលឆ្លងកាត់ច្រកព្រំដែនរបស់លោក ចូលមកកាន់ទីក្រុងភ្នំពេញ បានកើនឡើងពីជាង២ម៉ឺន៧ពាន់នាក់ នៅក្នុងខែមិនា ទៅជាង៣ម៉ឺន១ពាន់នាក់ នៅក្នុងខែមេសា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានទេសចរមកពីសហរដ្ឋអាមេរិក និងមកពីទ្វីបអឺរ៉ុបផងដែរ។
«ថៃកើតបញ្ហាអសន្ដិសុខអញ្ចឹងទៅ អញ្ចឹវាប្ដូរទិស ចូលមកតាមរយៈវៀតណាម មកទស្សនកិច្ចខ្មែរយើង ព្រោះវាសុវត្ថិភាព»។
ជាមួយគ្នានោះដែរ អ្នកស្រី ហូ ប៉ូឡែន អ្នកទទួលខុសត្រូវផ្នែកលក់សំបុត្រយន្តហោះនៃក្រុមហ៊ុនអាកាសចរ ម៉ាឡេស៊ីអៀរ បាននិយាយថា អ្នកដំណើរដែលធ្វើដំណើរតាមអាកាសចររបស់លោកស្រី មានកំណើនជាបន្តបន្ទាប់ចាប់តំាងពីប្រទេសថៃមានបញ្ហាមក។ ដូច្នេះហើយ ក្រុមហ៊ុនលោកស្រីដែលបច្ចុប្បន្នមានការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួ មកកាន់ប្រទេសកម្ពុជាចំនួន១ជើង ក្នុងមួយថ្ងៃ មានគម្រោងបង្កើនការហោះហើរបន្ថែមពីមួយទៅពីរជើង ទៀតក្នុងមួយថ្ងៃ ដោយផ្អែកទៅតាមកំណើននៃចំនួនអ្នកដំណើរ នាពេលខាងមុខ។
«តាំងពីថៃមានបញ្ហា ទាំងទៅ ទាំងមក ការហោះហើរពួកខ្ញុំពេញៗ។ កាលពីមុន ដូចយើងបានត្រឹមតែ ៥០- ៦០% អញ្ចឹង ប៉ុន្ដែឥឡូវអាចឡើងដល់៩០%។ មេនិយាយថា យើងចង់គ្រោងថែម (ជើងហោះហើរ)។ បើតម្លើងប្រហែលជាមិនហួសពីរជើង ប៉ុន្ដែមិនមែនពីរជើងរាល់ថ្ងៃទេ យើងមើលតាមទីផ្សារ»។
បើទោះជាយ៉ាងនេះក្តី អាង គឹមអ៊ាង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា តម្លៃហោះហើរនៅតែជាបញ្ហាកង្វល់ ត្បិតការបង្វែរការហោះហើរតាមជើងហោះហើរម៉ាឡេស៊ី សិង្ហបុរី និងហុងកុង មានតម្លៃខ្ពស់ជាងការហោះហើរតាមប្រទេសថៃ ដែលអាចបង្អាក់ទឹកចិត្តភ្ញៀវទេសចរដែលធ្លាប់ឆ្លងកាត់តាមច្រកប្រទេសថៃមកកាន់កម្ពុជា។
លោក ហ៊ូ វណ្ណឌី សហប្រធានក្រុមការងារទេសចរផ្នែកឯកជន ជួយបន្ថែមថា ទន្ទឹមនឹងការទទួលរងផលប៉ះពាល់ពីវិបត្តិនយោបាយវ៉ឹកវររបស់ប្រទេសថៃហើយនោះ វិស័យ ទេសចរកម្ពុជានៅខ្វះធនធានមនុស្ស និងខ្វះហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញអ្នកទេសចរបរទេសឲ្យចូលមកទស្សនា ដូចជាកង្វះភាពសម្បូរបែបនៃមណ្ឌលកម្សាន្តជាដើម។
លោកថោង ខុន បានទទួលស្គាល់នូវចំណុចខ្វះខាតទំាងនេះ ហើយលោកលើកឡើងថា ដោយសារមានបញ្ហាប្រឈមខ្លំាងបង្កពីប្រទេសថៃ លោករំពឹងថា ចំនួនភ្ញៀវទេសចរចូលមកប្រទេសកម្ពុជានឹងមានកំណើនត្រឹមតែ១០%ប៉ុណ្ណោះ នៅឆ្នាំ២០១០នេះ គឺខុសពីឆ្នាំមុនៗ មុនពេលវិបត្តិសេដ្ឋកិច្ចសកលលោកផ្ទុះឡើង ដែលកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរបរទេសក្នុងរង្វង់២៥% ក្នុងមួយឆ្នាំៗ។ ប៉ុន្តែលោកជឿថា ចំនួនភ្ញៀវនឹងកើនខ្ពស់ជាងនេះនៅពេលដែលយុទ្ធសាស្ត្រថ្មីៗដើម្បីជំរុញកំណើនទេសចរត្រូវបានអនុវត្ត និងបញ្ជ្រាបដល់ក្រុមអ្នកទេសចរបរទេស។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាមានការហោះហើរត្រង់ពីប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី កោះតៃវ៉ាន់ និងកោះហុងកុង។ ថ្វីត្បិតតែក្នុងពេលបច្ចុប្បន្ន ខ្លួនកំពុងទទួលរងឥទ្ធិពលពីវិបត្តិនៅក្នុងប្រទេសថៃ ប្រទេសកម្ពុជារំពឹងថា នឹងអាចស្រូបយកចំហាយពីកំណើនទេសចរបរទេសនៅប្រទេសចិន និងប្រទេសឥណ្ឌាក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។ ប្រទេសចិនត្រូវគេប៉ាន់ប្រមាណថា នឹងមានកំណើនភ្ញៀវទេសចររហូតទៅដល់ចំនួន១០០លាននាក់នៅឆ្នាំ២០២០ រីឯប្រទេសឥណ្ឌាអាចទាក់ទាញទេសចរបរទេស បានប្រមាណជា៥០លាននាក់នៅឆ្នាំ២០២០៕