ភ្នំពេញៈ ប្រទេសកម្ពុជា មានភាពជឿនលឿនបន្តិចបន្តួចនៅក្នុងតារាងតម្លាភាពនៃការផ្សព្វផ្សាយព័ត៌មានថវិកា ឆ្នាំ២០១០សម្រាប់សាធារណៈជន។ អង្គការភាពជាដៃគូថវិកាអន្តរជាតិ បានដាក់ពិន្ទុឱ្យប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់លេខពីរ ចាប់ពីបាតតារាងក្នុងចំណោមប្រទេសចំនួនប្រាំពីរក្នុងតំបន់។ រីឯសមាជិកសភា បានហៅការដាក់ពិន្ទុនេះថាគ្មានតម្លាភាព និងយុត្តិធម៌ចំពោះរដ្ឋសភានិងរដ្ឋាភិបាលទេ ដោយអះអាងថា ប្រទេសកម្ពុជាខំប្រឹងធ្វើការដើម្បីតម្លាភាព អភិបាលកិច្ចល្អ ប្រសិទ្ធិភាព និង ការចូលរួមរបស់សាធារណៈជន។
អង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership) បានចេញផ្សាយលទ្ធផលនៃការអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១០ នៅថ្ងៃព្រហស្បតិ៏នេះថា ពិន្ទុរបស់ប្រទេសកម្ពុជាបានកើនឡើងដល់១៥ ពិន្ទុលើ១០០ ក្នុងឆ្នាំ២០១០ ពី១១ពិន្ទុក្នុងឆ្នាំ២០០៨ ប្រសើរជាងប្រទេសវៀតណាម។
ការអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១០នេះ ត្រូវបានធ្វើរួមគ្នាដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន (Washington D.C) សហការជាមួយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាចាប់ពីខែមិថុនាដល់ខែកញ្ញា។ ការអង្កេតនេះត្រូវបានផ្តោតទៅលើប្រភពពីរសំខាន់ៗទាក់ទងនឹងឯកសាររាជកិច្ច និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកជា គឹមសុង ប្រធានកម្មវិធីបញ្ហាអភិវឌ្ឍន៍នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានថ្លែងថា៖
«ពិន្ទុកម្ពុជាប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបជាងគេ ប៉ុន្តែមានពិន្ទុខ្ពស់ជាងប្រទេសវៀតណាម»។
សន្ទស្សន៍នៃការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១០ បានចាត់ចំណាត់ថ្នាក់ថាពិន្ទុមធ្យមសម្រាប់ ប្រទេសប្រាំពីរនៅក្នុងតំបន់ គឺ៣៦ពិន្ទុ។ ប្រទេសវៀតណាមបានពិន្ទុ១៤ ប្រទេសទីម័រខាងកើត៣៤ពិន្ទុ ប្រទេសឥណ្ឌូណេស៊ី៥១ពិន្ទុ ប្រទេសម៉ាឡេស៊ី៣៩ពិន្ទុ ប្រទេស ហ្វីលីពីន៥៥ពិន្ទុ និងប្រទេសថៃ៤២ពិន្ទុ។
សន្ទស្សន៍នៃការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១០ បានបញ្ជាក់ថាប្រទេសកម្ពុជានិងប្រទេសវៀត ណាមមិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់ជាសាធារណៈអំពីថវិកាដែលតម្រូវធ្វើឱ្យប្រសើរឡើងនូវតម្លាភាពរបស់ខ្លួនឱ្យបានឆាប់ ដើម្បីស្មើនឹងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។
របាយការណ៍នេះបានបញ្ជាក់ថា រដ្ឋសភាកម្ពុជាមានភាពទន់ខ្សោយ ពីព្រោះស្ថាប័ននេះមិនមាន អំណាចពេញលេញ ដើម្បីធ្វើការកែប្រែសំណើថវិការបស់រដ្ឋាភិបាល មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីពិភាក្សាលើថវិកា និងមិនធ្វើការប្រជុំជាសាធារណៈដែលសាធារណៈជន និងអង្គការសង្គម ស៊ីវិល អាចដឹងពីអាទិភាពនៅក្នុងសំណើថវិការបស់រដ្ឋាភិបាល។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានហៅរបាយការណ៍ នេះថាគ្មានយុត្តិធម៌ចំពោះរដ្ឋសភា និងរដ្ឋាភិបាលទេ។
«យើងធ្វើការឈរនៅលើច្បាប់។ យើងមិនលាក់លៀមព័ត៌មានអំពីថវិកាទេ។ ប្រទេសកម្ពុជាខំប្រឹង ធ្វើការដើម្បីតម្លាភាព ការទទួលខុសត្រូវ សមធម៌ អភិបាលកិច្ចល្អ ប្រសិទ្ធិភាព និងការចូលរួមរបស់សាធារណៈជន»។
លោកស្រី Leah April អ្នកឯកទេសជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសាធារណៈនៃធនាគារពិភព លោកប្រចាំកម្ពុជាបានថ្លែងថា រដ្ឋាភិបាលកម្ពុជាមានគោលដៅសំខាន់ណាស់ ដើម្បីធ្វើឱ្យមានតម្លា ភាពបន្ថែមទៀតនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានសម្រាប់ ការគ្រប់គ្រងហិរញ្ញវត្ថុដែលនឹងជួយជំរុញតម្លាភាព ការទទួលបានព័ត៌មានទាន់ពេល និងការគ្រប់ គ្រងហិរញ្ញវត្ថុ៕