ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលក្រម​រឿង​សម្លាប់​មេ​សហជីព​ខ្មែរ


ពិធី​ដង្ហែ​សព​អតីត​ប្រធាន​សហភាព​សហជីព​សេរីកម្មករ​ លោក​ ជា​ វិជ្ជា​ ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤។ លោក​រស់ សុវណ្ណារ៉េត​ ប្រធាន​សហជីព​សេរីកម្មករ​កម្ពុជា​ ប្រចាំ​រោងចក្រ​ទ្រីណុង ហ្កាល់កុមារា ​ត្រូវ​បាន​ឃាតករ​ចំនួន​ពីរ​នាក់​បាញ់​ស
ពិធី​ដង្ហែ​សព​អតីត​ប្រធាន​សហភាព​សហជីព​សេរីកម្មករ​ លោក​ ជា​ វិជ្ជា​ ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤។ លោក​រស់ សុវណ្ណារ៉េត​ ប្រធាន​សហជីព​សេរីកម្មករ​កម្ពុជា​ ប្រចាំ​រោងចក្រ​ទ្រីណុង ហ្កាល់កុមារា ​ត្រូវ​បាន​ឃាតករ​ចំនួន​ពីរ​នាក់​បាញ់​ស

តុលាការ​កំពូល​បាន​លើក​ពេល​ប្រកាស​សាលក្រម​ជន​ជាប់ចោទ​ដែលជាប់​ពាក់​ព័ន្ធ​នឹង​ការ បាញ់​សម្លាប់​លោក​ រស់ សុវណ្ណារ៉េត ​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ទ្រីណុងហ្កាល់​កុមារា ​ទៅ ថ្ងៃទី២​ខែមិនា​ខាងមុខ​នេះ។

ការលើក​ពេល​ប្រកាស​សាលក្រម​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ពុធនេះ​ហើយស្របពេល​ដែល​លោក ស៊ូយ៉ា​ ប្រាសាទ ​ស៊ូប៊ែឌី (Surya Subedi) ​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​មាន​វត្តមាន​នៅ​ក្នុង​តុលាការ​កំពូល​ដែល​ជា​ផ្នែក​មួយ​នៃ​បេសកម្ម​របស់​លោក​ចំនួន​១០ថ្ងៃ​នៅ​កម្ពុជា​ដើម្បី​ឃ្លាំមើល​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។

តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​រឿងក្តី​នេះ​ កាលពី​ថ្ងៃ​ទី០៩​កុម្ភៈ​កន្លង​ទៅ​នេះ ​ក៏​ប៉ុន្តែ​មិនទាន់​បាន​សម្រេច​ប្រកាស​សាលក្រម​ទេ ​ដោយ​លោក​ឃឹម ប៉ុណ្ណ ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​បាន​ប្រកាស​ថា​សាលក្រម​នេះ​នឹង​ប្រកាស​ជាផ្លូវការ​នៅថ្ងៃ​ទី១៦​ខែ​កុម្ភៈ​នេះ។ ក៏​ប៉ុន្តែ​ក្រោយ​មក​តុលាការ​កំពូល​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ម្តង​ទៀត។

លោក​ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ​នៅ​ថ្ងៃពុធ​នេះ​បាន​ទៅដល់​ខ្លោងទ្វារ​របង​របស់​តុលាការ​កំពូល​ដើម្បី​ចូលរួម​ស្តាប់​ការប្រកាស​សាលក្រម​របស់​តុលាការ។ ក៏​ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​មន្រ្តី​តុលាការ​ប្រាប់​ថា​បាន​លើក​ពេល​ប្រកាស​សាលក្រម​ហើយ។

លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី​ បាន​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងយល់​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ​និង​ការគោរព​សិទ្ធិមនុស្ស។

លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​របស់​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ការលើក​ពេល​ប្រកាស​សាលក្រម​របស់​តុលាការ​កំពូល​បាន​បង្ហាញ​ឲ្យឃើញ​ថា​តុលាការ​មិន​ឯករាជ្យ។

«នេះ​ បញ្ជាក់​ថា​ តុលាការ​ក្នុង​ប្រទេស​កម្ពុជា​មិនមាន​ភាព​ឯករាជ្យ ​មិនមាន​ភាពច្បាស់លាស់​ មិនអាច​យក​វិជ្ជាជីវៈ​របស់​ខ្លួន​ទៅប្រើប្រាស់​បាន​ទេ។ អញ្ចឹង​ករណី​ហ្នឹង​ហើយ​ដែល​យើង​ឃើញ​ថា​រាល់ការ​ដែល​កាត់​សេចក្តី​កន្លងមក​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ដែល​មិនបាន​ប្រព្រឹត្ត​នូវ​បទល្មើស​ទទួលនូវ​បទល្មើស​ជំនួស​អ្នក​ដែល​បង្ក​បទល្មើស»។

លោក​ឃឹម ប៉ុណ្ណ​ ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល ​មិនអាច​ស្នើសុំ​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃពុធ​នេះ។ ក៏ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ច្រាន​ចោល​ការលើក​ឡើង​នេះ។

លោក​ផៃ ស៊ីផាន ​បាន​មាន​ប្រសាសន៍​ថា​តុលាការ​មាន​ឯករាជ្យ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ប្រកាស​ សាលក្រម​ ឬ​មិនប្រកាស​សាលក្រម។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ វត្តមាន​របស់​មន្រ្តី​អង្គការ​សហប្រជាជាតិ​គ្មាន​ប្រយោជន៍​អ្វី​ដល់​តុលាការ​កម្ពុជា​ទេ។

«អ្នក​ដទៃទៀត ​ទោះជា​ឥស្សរជន​មកពី​ខាងណា​ក៏​មិន​អាច​មាន​ឥទ្ធិពល​ជះ​ទៅលើ​ការសម្រេច​របស់​តុលាការ​ដែរ​នេះ​ចំណុច​ទីមួយ។ ចំណុច​ទីពីរ ​តុលាការ​មាន​ឯករាជ្យ​គ្រប់គ្រាន់​សម្រាប់​ខ្លួន​គេ​ក្នុង​ការងារ​ប្រកាស​ឬ​ មិនប្រកាស។​ នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ»។

លោក​រស់ សុវណ្ណារ៉េត ​ប្រធាន​សហជីព​សេរីកម្មករ​របស់​ប្រទេស​កម្ពុជា​ ប្រចាំ​រោងចក្រ​ទ្រីណុង​ហ្គាល កុមារា ​ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី០៤ ​ខែ​ឧសភា ​ឆ្នាំ២០០៤ នៅ​ជិត​ម្តុំ​តោពីរ​ សង្កាត់​ទឹកល្អក់​ ក្រុង​ភ្នំពេញ។

អាជ្ញាធរ​ប៉ូលីស​ បាន​ចាប់ខ្លួន​លោក​ថាច់ សាវ៉េត​ ហៅ​ចាន់ សុភ័ក្រ ​ដែល​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ។

លោក​ថាច់ សាវ៉េត ​អាយុ២៨ ឆ្នាំ​ ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​ និង​សាលា​ឧទ្ធរណ៍​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៥ឆ្នាំ ​និង​ពិន័យ​ជាប្រាក់​ជិត​២.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

អ្នកស្រី​ហួន ផល្លា ​អាយុ៤៩ឆ្នាំ ​ម្តាយ​បង្កើត​របស់​លោក​ថាច់ សាវ៉េត ​បាន​មាន​ប្រសាសន៍​ថា​ កូនប្រុស​របស់​អ្នកស្រី​មិនជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​នេះ​ទេ។

អ្នកស្រី​បាន​និយាយ​ទាំង​អួល​ដើម​ក​នៅក្នុង​បរិវេណ​របស់​តុលាការ​កំពូល​ថា ​អ្នកស្រី​ចង់​ឲ្យ​តុលាការ​កំពូល​ប្រកាស​សាលក្រម​ឲ្យ​បានឆាប់ៗ​ដើម្បី​បញ្ចប់​នូវ​មន្ទិល​សង្ស័យ​ចំពោះ​ករណី​ឃាតកម្ម​នេះ។

«ខ្ញុំ​ចង់​ដឹង ​អាឃាតករ ​ដែល​បាញ់​ រស់ សុណ្ណារ៉េត​ មិនមែន​កូនខ្ញុំ​អ្នក​បាញ់។ ហើយ​តាម​សាម៉ី​ខ្លួនវា​និយាយ​ថា ​ដែល​គេប្តឹង។ អា​ប៉ូលីស​វា​ថា ​មិនមែន​ប្តឹង​កូន​ខ្ញុំ​ឯ​ណា។ តែ​អាប៉ូលីស​តើ​វា​មក​ចាប់​កូនខ្ញុំ។ ឥឡូវ​អាប៉ូលីស​ខណ្ឌ​ទួល​គោក​ជាប់គុក​អស់​ហើយ​នៅតែ​កូនខ្ញុំ​អត់​រួចទៀត»។

លោក​សំ ចំរើន​ មេធាវី​ការពារ​ក្តី​ជន​ជាប់ចោទ​ បាន​មាន​ប្រសាសន៍​ថា​ រយៈពេល​មួយ​សប្តាហ៍​មក ហើយ​ តុលាការ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការប្រកាស​សាលក្រម​នេះ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ ក៏ដោយ​ក៏ លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​ពន្យារ​ពេល​ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ៕

XS
SM
MD
LG