ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​ជាប់​អន្ទាក់​មុន​ពេល​បោះឆ្នោត


លោក​កឹម សុខា ប្រធានគណបក្ស​សិទ្ធិមនុស្ស​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា។​
លោក​កឹម សុខា ប្រធានគណបក្ស​សិទ្ធិមនុស្ស​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា។​

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចង់​រួប​រួម​គ្នា​ដើម្បី​តទល់​នឹង​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​កំពុង​ធ្លាក់​ចូល​អន្ទាក់​ផ្លូវ​ច្បាប់​ និង​ការ​ប្រឡាក់​កេរ្តិ៍​ឈ្មោះ​អាក្រក់​មុន​ពេល​បោះឆ្នោត។ បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សម រង្ស៉ី​ គឺ​លោក​ សម រង្ស៉ី​ជាប់​ទោស​ពី​បទ​ដក​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​ ហើយ​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ​មក មេដឹកនាំ​គណបក្ស​ជំទាស់​មួយ​រូប​ទៀត​គឺ​លោក​កឹម សុខា​ត្រូវ​គេ​ធ្វើ​ឲ្យ​ជាប់​ក្នុង​រឿង​ពិបាក​ដោះសា្រយ​ចំពោះ​អ្នក​បោះឆ្នោត​ដែរ​គឺ​ការ​បែក​ធ្លាយ​ឯកសារ និង​ខ្សែ​អាត់​សន្ទនា​ដែល​ត្រូវ​បាន​ចោទ​ថា​លោក​កឹម សុខា ជា​មនុស្ស​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ប្រើ​ប្រាស់​ដើម្បី​បំបែក​សំឡេង​អ្នក​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​លោក​ កឹម សុខា​បាន​បដិសេធ​ការ​ពាក់​ព័ន្ធ​នានា។

គាប់​ជួន​នឹង​បរាជ័យ​ក្នុង​ការ​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្សី​ និង​គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស​ទាំងពីរ​នេះ​បាន​បង្កើន​ការ​វាយ​ប្រហារ​គ្នា​ ចោទ​ប្រកាន់គ្នា លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​រិត​តែ​ខ្លាំង​ឡើង​ក្រោយ​ពេល​ឯកសារ​ និង​ខ្សែអាត់​សំឡេង​នោះ​ត្រូវ​ទម្លាយ​ចេញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដើម​អំពិល​របស់​លោក​ សយ សុភាព។ ចំណែក​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​នោះវិញ​ ហាក់ដូច​ជា​នៅ​ស្ងៀម ឬ​បដិសេធការ​ពាក់ព័ន្ធ​ ហើយ​ចាំ​ទទូលផល​ពី​វិបត្តិ​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ។

លោក​ ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និកហ្វិច (NICFEC) ​បាន​អះអាង​ថា៖

«ខ្ញុំ​គិត​ថា គណបក្ស​ទាំង​អស់​គឺ​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​នៅ​មុន​យុទ្ធនាការ។ អញ្ចឹង​រូបភាព​អី​ក៏​អាច​កើត​មាន​ឡើង​ដែរ។ ហើយ​អ្វី​ដែល​ជា​ការ​លេច​ឮ​ប៉ុន្មាន​ថ្ងៃ​នេះ​ ពាក់ព័ន្ធ​នឹង​ក្រុម​គណបក្ស​កាន់​អំណាច​ហើយ​នឹង​គណបក្ស​ដែល​មាន​អាសនៈ​តិច​ក្នុង​រដ្ឋសភា​ក៏​កំពុង​តែ​ប្រកួត​ប្រជែងគ្នា។ ហើយ​ខ្ញុំ​គិត​ថា យ៉ាង​ណា​ក៏​ដោយ នេះ​ជាទម្រង់​មួយ​នៃ​ប្រជា​ធិបតេយ្យ។​ ប៉ុន្តែ​ក៏សុំ​អំពាវនាវ​ឲ្យ​គណបក្ស​ទាំងអស់ ឲ្យ​រៀបចំ​ឥរិយាបទ​ទៅ​តាម​អ្វី​ដែល​ជា​សេចក្តី​ថ្លៃ​ថ្នូរ ហើយនឹង​អ្វី​ដែល​សម​ជា​អនាគត​ ក៏​ដូច​ជា​អ្នក​ដែល​ដឹកនាំ​ប្រជាពលរដ្ឋ»។

កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ​២០១២​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ហើយ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​ខាងមុខ។

ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​កឹម សុខា និង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវ​បាន​សង្កេត​ឃើញ​ថា​ មាន​ការ​សន្ទនា​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ លោក​ កឹម សុខា​បាន​រាយការណ៍​រឿង​រ៉ាវ​នានា​អំពី​ផ្ទៃ​ក្នុង​គណបក្ស​របស់​លោក ដូចជា​អំពី​ការ​ចំណាយ​ អំពី​ការ​ដែល​មាន​សមាជិក​គណបក្ស​សម រង្សី​ចូល​រួម​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស ការ​សម្តែង​អំណរ​គុណ​ដល់​លោក ​ហ៊ុន សែន​ដែល​ជួយ​សម្រួល​កិច្ចការ​នានា​ពេល​លោក​ កឹម សុខា​ធ្វើ​សាមាជ​បង្កើត​គណបក្ស​លោក​ជាដើម។

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​បាន​ចាត់​ទុក​ថា ការ​ទម្លាយ​ព័ត៌មាន​ចុង​ក្រោយ​នេះ​គឺជា​ភ័ស្តុតាង នៃ​ចេតនា​ក្នុង​ការ​ផ្តួល​គណក្ស​របស់​លោកតាមរយៈ​រូបភាព​ផ្សេងៗ​ និង​ការ​ឃុប​ឃិត​គ្នា​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស សម រង្ស៉ី ​ចុះ​ខ្សោយ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ព្រឹត្តិការណ៍​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា មាន​ការ​ទម្លាយ​ឯកសារ​សម្ងាត់។ ហើយ​ឃើញ​ថា គណបក្ស​ប្រជាជន​គេ​បាន​ឧបត្ថម្ភ​ គេ​បាន​គាំទ្រ​ គេ​បាន​ប្រើ​ប្រាស់​គណបក្ស​ផ្សេងៗ​ដែល​អះអាង​ថា​ជា​គណបក្ស​ប្រជា​ធិបតេយ្យ​តែ​តាម​ពិត គឺ​គេ​រួម​កម្លាំងគ្នា​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សម រង្ស៊ី ​មាន​បញ្ហា​ឬ​ក៏​ចុះ​ខ្សោយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ហើយ​បួន​ឆ្នាំ​ ប្រាំ​ឆ្នាំ​កន្លង​មក​នេះ​ ដែល​គណបក្ស ប្រជាជន​បាន​ជួល​គណបក្ស​មួយ​ចំនួន​ឲ្យ​មក​វាយប្រហារ​គណបក្ស​សម រង្ស៊ី​តែ​បរាជ័យ។​ មិន​ធ្វើ​ឲ្យ​គណបក្ស​ សម រង្ស៊ី​ខ្សោយ​ ធ្វើ​ឲ្យ​គណបក្ស​សម រង្ស៊ី​កាន់ តែ​ខ្លាំង»។

លោក​សម រង្ស៊ី លើកយក​ឧទារហរណ៍​ថា គណបក្ស​ សម រង្ស៊ី​បាន​កើន​អាសនៈពី​២៤ដល់​ទៅ​២៦​ក្នុង​ការ​បោះឆ្នោត​ខែកក្កដា​ឆ្នាំ​២០០៨​ គឺ​ក្រោយពេល​ មាន​ការ​រៀប​ចំផែនការ​សម្ងាត់​កាលពី​ឆ្នាំ២០០៧​ខែកក្កដា។ ចំណែក​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា​វិញ​បាន​ការពារ​ខ្លួន​លោក​ថា ទោះ​ជា

មាន​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ដ៏ទៃ​យ៉ាងណា​ក៏ដោយ ​ប្រជា​ពលរដ្ឋ​អ្នកគាំទ្រ​លោក​ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​ប្រទេស​ បាន​ដឹង​ច្បាស់​ថា នេះ​ជា​កលល្បិច​របស់​អ្នក​ណា។ លោក​បាន​ថ្លែងថា​ ប្រសិន​បើ​គណបក្ស​សិទ្ធិមនុស្ស​មិនមែន​ជា​គណបក្ស​ខ្លាំង​មួយ​គេ​មិន​មក​រក​រឿង​នោះ​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ដូច្នេះ​គេ​ស្គាល់​ជំហរ​យើង​ច្បាស់។ ទោះបី​អ្នកណា​និយាយ​ថា យើង​យ៉ាង​ម៉េច​ក៏​ដោយ ប្រជា​ពលរដ្ឋ​មិន​អាច​រេរា​តាម​ការ​ពង្វក់​របស់​គណបក្ស​កាន់​អំណាច​ទេ។ ខ្ញុំ​ជឿ​ថា ទោះបី​គណបក្ស​កាន់អំណាច​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​យ៉ាង​ណា​ក៏​ដោយ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ ស្រឡាញ់​ប្រទេសជាតិ​នោះ​គឺ​គេ​បាន​មាន​ជម្រើស​របស់​គេ​ច្បាស់​លាស់​ហើយ​ គេបាន​ចូលរួម​យ៉ាងច្រើន​កុះករ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស»។

លោក​ កឹម សុខា​បាន​អះអាងថា ការ​សង្ស័យ​នានា​បាន​ជ្រះ​ស្រឡះ​ហើយ​ថា គណបក្ស​សិទ្ធិមនុស្ស​មិនមែន​ជាអាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ មេដឹកនាំ​ក្រុមប្រឆាំង​ទាំងពីរ​គឺលោក​ សម រង្ស៊ី​ និងលោក​កឹម សុខា​ នៅ​បន្ត​អួត​អាង​ ហើយ​ពុំ​បាន​ទទួល​ស្គាល់​ថា​ ឯកសារ​សម្ងាត់ដែលបែក​ធ្លាយ និង​ដែល​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ប៉ះ​ពាល់​ដល់​សំឡេង​ឆ្នោត​របស់​ពួកគេ​ទៅ​ថ្ងៃ​ខាង​មុខ​ទេ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ហាក់​ដូច​ជា​ពុំ​បាន​បិទទ្វារ​សម្រាប់​ការ​ចង​សម្ព័នភាព​រវាងគ្នា និងគ្នា​ទៅមុខ​ដែរ។

លោក​ សម រង្ស៊ី​បាន​ប្រើ​ពាក្យ​ថា នៅ​តែ​ចង់​រួប​រួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ តែ​មិនមែន​ជាមួយ​អ្នក​ចរចា​សម្ងាត់​ជាមួយ​លោក​ហ៊ុន សែន​ទេ។​ ចំណែក​លោក​កឹម សុខា វិញ​នៅ​មាន​ជំហរ​រង់ចាំ​ថ្ងៃណាមួយ​ពេល​ដែល​លោក​ សម រង្ស៊ី​ប្រែចិត្ត​ក្នុងការ​ចង​សម្ព័ន្ធភាព។

លោក​ ហង្ស ឆាយានាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លិទ្ធិ​ប្រជា​ធិបតេយ្យ​បាន​អះអាង​ថា​ មេដឹកនាំ​គណបក្ស​សម រង្ស៊ី​ស្ថិត​នៅ​និរទេស​ខ្លួន​ជា​ការ​ព្រួយ​បារម្ភ​ សម្រាប់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​ លោកបាន​ថ្លែងថា​ការ​មាន​បញ្ហា​រឿង​គណបក្ស​សិទ្ធិមនុស្ស​ទាក់ទង​និងការ​បែកធ្លាយខ្សែអាត់​សម្ងាត់​មុន​ការ​បោះឆ្នោត​នោះ អាច និង​បញ្ចប់​ការ​ប៉ុន​ប៉ង​ចង​សម្ព័ន្ធភាព​ដែល​បរទេស​មួយ​ចំនួន​ចង់​ឃើញ។ លោក​ឆាយា មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ជឿ​ថា បញ្ហា​ហ្នឹង​ចប់​ហើយ។ ពីព្រោះ​គណបក្ស​សម រង្ស៊ី​អត់​មាន​ការ​លើក​ទឹក​ចិត្ត​ទៅ​លើ​គណបក្ស​សិទ្ធិមនុស្ស​ទេ។ ហើយ​គណបក្ស​សិទ្ធិ​មនុស្ស​ ចេញ​អាហ្នឹង​មក​មិន​អាច​មាន​អី​ទប់​ស្កាត់​ឬក៏​ពន្យល់ពី​មូលហេតុ​ទាំងនោះ​ដែរ។​ហើយ​សំខាន់ទៅ​ទៀតអ្នក​ជួយ​ជ្រោមជ្រែង​នោះ គណបក្ស​ទាំងពីរ​នោះ​គេ​បែប​ធុញ​ទ្រាន់។ ​អានេះ​គ្មានការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក។ ម៉្លោះ​ហើយ​មិន​អាច​កើត​ឡើង​បាន​ទេ»។

លោក​ ឆាយា​បាន​ថ្លែង​ថា ការ​គិតគូរ​ពី​បញ្ហា​ស្ថិរភាព និង​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាការ​សំខាន់​ដែល​ត្រូវ​ជជែក​គ្នា​ជាង​ការ​យក​លេស​បំបែក​បំបាក់ គណបក្ស​ជំទាស់​ទាំងពីរ៕

XS
SM
MD
LG