ក្រុមមន្រ្តីសិទ្ធិមនុស្សមួយចំនួននៅកម្ពុជាលើកឡើងថា របាយការណ៍ចុងក្រោយរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អាចនឹងធ្វើឲ្យប្រេះឆាដល់ទំនាក់ទំនងរវាងប្រេសិតពិសេសរូបនេះជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
ក្រុមអង្គការសិទ្ធិមនុស្សលើកឡើងថា ទំនាក់ទំនងរវាងលោកស៊ូយ៉ា ប្រាសាទ ស៊ូបេឌី (Surya Prasad Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជាមួយរដ្ឋាភិបាលកម្ពុជាអាចនឹងប្រេះឆាដោយសាររបាយការណ៍ចុងក្រោយប្រកបដោយការរិះគន់របស់លោក។ របាយការណ៍ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុននេះផ្តោតសំខាន់ទៅលើប្រព័ន្ធយុត្តិធម៌ដ៏ទន់ខ្សោយរបស់កម្ពុជា។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានទទួលរបាយការណ៍របស់លោកស៊ូបេឌីនោះ មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា លោកស៊ូបេឌីអាចនឹងមានវាសនាដូចលោក Yash Ghai អតីតតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដែរ។
«នៅស្រុកខ្មែរ វាសុទ្ធតែរឿងអាចហើយបាទ ព្រោះរដ្ឋាភិបាលយើង គាត់កន្លងមកមិនសូវនិយាយពីរឿងខ្លឹមសារទេ។ គាត់ច្រើនតែរិះគន់ឬជេរប្រមាថដល់អ្នកនាំសារ ដូច្នេះរឿងជោគវាសនាដូចលោកយ៉ាស់ហ្គៃជារឿងមួយដែលអាច»។
លោកយ៉ាស់ ហ្គៃ (Yash Ghai) អតីតតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន រិះគន់យ៉ាងចាស់ដៃកាលពីឆ្នាំ២០០៨ បន្ទាប់ពីលោកបានចេញរបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដោយរិះគន់ធ្ងន់ៗ និងចំៗទៅលើរដ្ឋាភិបាល។ ការរិះគន់របស់លោកហ៊ុន សែនបានធ្វើឲ្យអតីតប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិគឺលោកយ៉ាស់ ហ្គៃ លាលែងពីតំណែងនាពេលនោះ។
ដោយឡែក របាយការណ៍កម្រាស់២០ទំព័រស្តីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលលោកស៊ូយ៉ាប្រាសាដ ស៊ូបេឌីនឹងត្រូវបង្ហាញនៅក្នុងសម័យប្រជុំលើកទី១៥របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅចុងខែកញ្ញានេះ បានសង្កត់ធ្ងន់ទៅលើអំពើពុករលួយ អសមត្ថភាព និងកង្វះឯករាជ្យភាពក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
លោកស៊ូបេឌីបានសរសេរនៅក្នុងរបាយការណ៍របស់លោកថា «ទោះបីជាមានការធានាដោយរដ្ឋធម្មនុញ្ញនិងវត្តមាននៃស្ថាប័នជាច្រើនដើម្បីលើកកម្ពស់និងការពារឯករាជ្យភាពរបស់ខ្លួនក៏ដោយ ក៏ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនបានកំពុងធ្វើការឲ្យមានប្រសិទ្ធិភាព ដោយឯករាជ្យនិងដោយអព្យាក្រិត តាមដែលអាចធ្វើទៅបាននោះទេ»។
លោកស៊ូបេឌីក៏បានបញ្ជាក់នៅក្នុងរបាយការណ៍នេះផងដែរថា «ទោះបីជារដ្ឋធម្មនុញ្ញរបស់កម្ពុជាបានកំណត់ឲ្យមានការបែងចែកអំណាចរវាងស្ថាប័នសំខាន់ៗទាំងបីរបស់រដ្ឋ ពោលគឺស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័នតុលាការក៏ដោយ ក៏ក្នុងការអនុវត្តជាក់ស្តែង ការបែងចែកស្ថាប័នទាំងនេះនៅមានភាពស្រពិចស្រពិល ហើយស្ថាប័ននីតិប្រតិបត្តិគ្របដណ្តប់លើប្រព័ន្ធយុត្តិធម៌ មិនថា តាមរយៈការផ្តល់ធនធានដល់ស្ថាប័នតុលាការ ឬក៏ការតែងតាំងមុខតំណែងដល់មន្ត្រីតុលាការនានានោះទេ»។
លោកស្រីពុង ឈីវហ្គេក ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា គ្រប់អ្នករាយការណ៍ ឬតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាចំនួន៥នាក់មកហើយ ដោយរួមទាំងលោកស៊ូបេឌីផង តែងតែបានលើកឡើងអំពីចំណុចខ្វះខាតក្នុងប្រព័ន្ធតុលាការកម្ពុជា។
ដូច្នេះលោកស្រីមានប្រសាសន៍ថា ជាជាងបង្ហាញប្រតិកម្មរបស់ខ្លួនដូចក្នុងករណីលោកយ៉ាស់ ហ្គៃ រដ្ឋាភិបាលកម្ពុជាគួរតែទទួលយករបាយការណ៍របស់លោកស៊ូបេឌី ហើយព្យាយាមស្វែងរកដំណោះស្រាយរួមគ្នាចំពោះចំណុចខ្វះខាតដែលបានលើកឡើងនៅក្នុងរបាយការណ៍នោះ។
«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលពេលយករបាយការណ៍ហ្នឹងមកហើយ ហើយពេលណាលោកស៊ូបេឌីមកប្រទេសកម្ពុជាទៀត រដ្ឋាភិបាលយើងនឹងជួបស៊ូបេឌី ហើយជជែកគ្នារករូបមន្តមួយដើម្បីនឹងកែលម្អប្រព័ន្ធតុលាការយើង»។
VOA បានព្យាយាមទាក់ទងលោកខៀវ កាញារិទ្ធិ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនអាចទាក់ទងបានទេ។ ចំណែកមន្ត្រីតុលាការកម្ពុជាមួយចំនួនដែលVOA បានព្យាយាមទាក់ទងក៏មិនអាចធ្វើអត្ថាធិប្បាយបានដែរ នៅថ្ងៃច័ន្ទនេះ ដោយពួកគេលើកឡើងថា មិនអាចនិយាយតាមទូរស័ព្ទបាន និងមិនទាន់បានឃើញរបាយការណ៍របស់លោកស៊ូបេឌីនៅឡើយ។
តែទោះជាយ៉ាងនេះក្តី លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា របាយការណ៍របស់លោកស៊ូបេឌីមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជានោះទេ។
«របាយការណ៍នេះរឹតតែបង្ហាញថា គាត់មិនយល់ ហើយមិនដឹងអំពីភាពជាក់ស្តែងនៅកម្ពុជាតែប៉ុណ្ណោះទេ ហើយគាត់សរសេររបាយការណ៍គ្រាន់តែបង្ហាញពីការចេះរបស់គាត់តែប៉ុណ្ណឹងឯងគឺអត់បានឆ្លើយតបនឹងភាពជាក់ស្តែងនៅកម្ពុជាទេ»។
ប៉ុន្តែលោកផៃ ស៊ីផានមិនអាចបញ្ជាក់បានទេ ថាតើរបាយការណ៍នេះអាចនឹងធ្វើឲ្យប្រេះឆាដល់ទំនាក់ទំនងរវាងអ្នករាយការណ៍ពិសេសលោកស៊ូបេឌី និងរដ្ឋាភិបាលកម្ពុជា ដូចជាករណីរបស់លោកយ៉ាស់ ហ្គៃដែរឬអត់នោះទេ៕