ដូចជនជាតិដទៃដែរ ក្រុមសកម្មជនខ្មែរអាមេរិកាំងមកពីបណ្តារដ្ឋជាច្រើនបាន ជម្រាបសមាជិកសភានិងព្រឹទ្ធសភាអាមេរិកាំងលើកដំបូងអំពីបញ្ហាទុក្ខលំបាកនានា ដែលជនជាតិខ្មែរនៅអាមេរិកកំពុងជួបប្រទះ បន្ទាប់ពីបានភៀសខ្លួនមក រស់នៅក្នុងស.រ.អា.ជាង៣០ឆ្នាំមកនេះ។ បញ្ហាទាំងឡាយនោះរួមមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត បញ្ហាបញ្ជូនជនជាតិខ្មែរត្រឡប់ទៅកម្ពុជាវិញ បញ្ហាអន្តោប្រវេសន៍ បញ្ហាអប់រំនិងបញ្ហាជាច្រើនទៀត។ ពួកគាត់បានទទូចដល់សមាជិកសភានិងព្រឹទ្ធសភា ជួយផ្តល់ការគាំទ្រ និងរកដំណោះស្រាយ។
សមាជិកសភា និងព្រឹទ្ធសភាប្រមាណ៣០នាក់បានចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីបាស៊ីហ្វិក ហៅថា CAPAC ដែល ក្នុងនោះរាប់ទាំងជនជាតិខ្មែរអាមេរិកាំងផងដែរ។ កិច្ចប្រជុំនោះធ្វើឡើងនៅឯវិមាន Capitol ក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃ ២៤ និង២៥ ខែឧសភា។ ក្រុមសមាជិកសភា និងព្រឹទ្ធសភាទាំងនោះសម្តែងការគាំទ្រ និងចំណាប់អារម្មណ៍ចំពោះការជំរុញឲ្យមានដំណោះស្រាយដែលជនជាតិអាមេរិកាំងដើមកំណើតចិននិងខ្មែរអាមេរិកាំង បានលើកឡើងក្នុងកិច្ចប្រជុំនោះ។
លោកស្រី Judy Chu សមាជិកសភាអាមេរិកាំងដើមកំណើតចិន មកពីរដ្ឋកាលីហ្វ័រញ៉ា សង្កាត់៣២ ជាអ្នកដឹកនាំកិច្ចប្រជុំនោះ។ លោកស្រីបានទទួលស្គាល់ពីទុក្ខលំបាករបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីចំពោះបញ្ហាជាច្រើន ដែលលោកស្រីបានអះអាងថា គួរត្រូវដោះស្រាយ។ លោកស្រីជាសមាជិកគណៈកម្មការអប់រំ និងពលកម្ម ហើយក៏ជាសមាជិកនៃគណៈកម្មការច្បាប់ផងដែរ។ លោកស្រី Chu មកពីគណបក្សប្រជាធិបតេយ្យ។
ចំពោះបញ្ហាអប់រំ លោកស្រីChuបានផ្តល់តួលេខត្រួសៗថា មានពលរដ្ឋខ្មែរ អាមេរិកាំង៣៥ភាគរយ ជនជាតិម៉ុង៤០ភាគរយ ជនជាតិឡាវ៣០ភាគរយដែល មិនបានបញ្ចប់មធ្យមសិក្សាកម្រិតពីរ ឬបាក់ឌុប។ ចំពោះបញ្ហាអន្តោប្រវេសន៍មានចំនួន២/៣នៃពលរដ្ឋអាស៊ីគឺជាជនអន្តោប្រវេសន៍ ឬជនភៀសខ្លួនដែលតម្រូវឲ្យសភា ធ្វើកិច្ចការខ្លាំងថែមទៀតក្នុងការកែទម្រង់ច្បាប់អន្តោប្រវេសន៍។ លោក ស្រីChuបានហៅបញ្ហាខុសគ្នានៃសុខភាពថា ជារឿងសោកនាដកម្មដែលសភា ត្រូវតែផ្តល់ឆន្ទៈនយោបាយចំពោះផែនការសកម្មភាពសុខាភិបាលនានារបស់ក្រសួងសុខាភិបាល។
លោកស្រី Laura Richardson គឺជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ មកពីសង្កាត់៣៧ គឺទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ាដែលមានពលរដ្ឋខ្មែររស់នៅ ច្រើនជាងគេ។ លោកស្រីក៏បានចូលរួមថ្លែងសុន្ទរកទៅកាន់អ្នកចូលរួមក្នុងកិច្ច ប្រជុំផងដែរ ដើម្បីស្វែងរកដំណោះស្រាយ។ ថ្លែងប្រាប់ VOA ខ្មែរបន្ទាប់ពីកិច្ច ប្រជុំនោះ លោកស្រីបានសម្តែងការគាំទ្រដែលថា បញ្ហាសហគមន៍ខ្មែរគួរត្រូវ ទទួលបានការដោះសា្រយ ដូចជាបញ្ហាសុខភាព ការប្រឈមមុខក្នុងការអប់រំ បញ្ហាខ្វះការយល់ដឹងអំពីច្បាប់ទម្លាប់ និងបញ្ហាទិដ្ឋាការ ឬVisaជាដើម។
«ខ្ញុំអាចនិយាយបានថា ចំពោះខ្ញុំ បញ្ហាទីមួយគឺត្រូវជួយលើបញ្ហាអន្តោប្រវេសន៍ និងដំណើរការផ្តល់ទិដ្ឋាការ ឬVISA។ មានមនុស្សច្រើនណាស់ដែលមានអារម្មណ៍ថា ពួកគេត្រូវចំណាយលុយមួយម៉ឺនដុល្លារ ហើយជួលមេធាវី។ ពួកគេរង់ចាំលទ្ធផលនោះ រង់ចាំហើយរង់ចាំទៀត គឺចេះតែរង់ចាំទៅ។ យើងត្រូវតែធ្វើឲ្យប្រាកដថា ដំណើរការគឺមានភាពរលូន ដែលសមហេតុផល ហើយពលរដ្ឋដែលចង់មកស.រ.អា.ដើម្បីធ្វើការថែទាំក្រុមគ្រួសាររបស់គេនោះ ពួកគេគួរតែមានឱកាសចំពោះរឿងរ៉ាវនេះ ដូចពលរដ្ឋដទៃអញ្ចឹងដែរ»។
លោកស្រី Richardson ជាសមាជិកគណៈកម្មាការផ្នែកកិច្ចការសន្តិសុខសង្គម និងគណៈកម្មការគមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធ។
ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋជាច្រើន និងពលរដ្ឋខ្មែរនៅកម្ពុជាជាច្រើនត្រូវគេរាយការណ៍មកថា មានការខកចិត្តនឹងដំណើរការផ្តល់ទិដ្ឋាការចូលមកកាន់ ស.រ.អា. ទោះបីជាមានពិធីបុណ្យសពសាច់ញ្ញាតិជិតបំផុត ពិធីបុណ្យតាមប្រពៃណី អាពាហ៍ពិពាហ៍បងប្អូនក្តី។ លក្ខណៈសម្បត្តិដែលស.រ.អា.ទាមទារនោះគឺមានលក្ខណៈតឹងរ៉ឹងនិងស្មុគស្មាញ។
ក្រុមសកម្មជនតំណាងពលរដ្ឋខ្មែរអាមេរិកាំងទាំងនេះមកពីរដ្ឋជាច្រើនពាសពេញស.រ.អា. ហើយដឹកនាំដោយលោកស្រីគួច ធានវី នាយិការប្រតិបត្តិនៃសមាគមគាំទ្រសុខភាពខ្មែរ។ ពួកគេបានប្រាប់កិច្ចប្រជុំដែលមានសមាជិកសភា ព្រឹទ្ធសភាជាង៣០រូបនោះថា ជនជាតិខ្មែរជាង៣០ម៉ឺននាក់ដែលភៀសខ្លួន មករស់នៅស.រ.អា. ជាង៣០ឆ្នាំនេះ មិនសូវមានចំណេះដឹងខ្ពស់ មានសុខភាពទ្រុឌ ទ្រោម ភាគច្រើនមិនចេះភាសា មិនយល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ មិនយល់ ដឹងអំពីច្បាប់ជាដើម ហើយស.រ.អា.ត្រូវតែជួយផ្នែកថវិកាដើម្បីរៀបចំគម្រោងការដោះស្រាយ។ លោកស្រីបានថ្លែងប្រាប់ VOA នៅឯទីស្នាក់ការ VOA ក្នុងរដ្ឋធានី វ៉ាស៊ីនតោនថា លោកស្រីបានជម្រាបអង្គសភាក្នុងកិច្ចប្រជុំនោះថា ដោយសារ សង្គ្រាម ពលរដ្ឋខ្មែរមានបញ្ហាធ្ងន់ធ្ងរផ្នែកសុខភាព ដូចជាជម្ងឺបាក់ស្បាត ជម្ងឺលើសឈាម ទឹកនោមផ្អែម ដែលបណ្តាលមកពីការកាប់សម្លាប់ក្នុងរបបខ្មែរ ក្រហម ការឈឺចាប់ ការព្រាត់ប្រាស់ក្រុមគ្រួសារ។ ម្យ៉ាងទៀត ជនជាតិខ្មែរដែល ជាធនធានមនុស្ស អ្នកចេះដឹងប្រមាណ៩០ភាគរយត្រូវខ្មែរក្រហមកាប់សម្លាប់។ លោកស្រីបានថ្លែងថា មានការយកចិត្តទុកដាក់ពីសមាជិកសភាជាច្រើនក្នុងការ ជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ជនជាតិខ្មែរអាមេរិកាំង បន្ទាប់ពីបាន ថ្លែងការណ៍ក្នុងពេលប្រជុំ។
«អញ្ចឹងលោកស្រីសមាជិករដ្ឋសភាJudy Chu ហ្នឹង គាត់បានកត់ជាសំណូមពរ ហើយគាត់បានប្រគល់ជូនទៅសមាជិកសភា Mike Honda ។ ហើយលោក សមាជិកសភា Mike Honda ហ្នឹង គាត់មានប្រសាសន៍ថា រឿងហ្នឹងត្រូវតែគិតគូរ គឺថា ចាំបាច់បំផុត»។
លោកស្រីធានវីបានអះអាងបន្ថែមថា៖
«ការធ្វើឲ្យយើង សហគមខ្មែរយើង មានសង្ឃឹមហ្នឹងគឺថា ត្រូវតែតាមជាប់ ដូចថា ត្រូវទាក់ទងទៅគេរហូត ហើយជាពិសេសលោកស្រីសមាជិកសភាJudy Chu។ គាត់និយាយថា គាត់នឹងជួយ ប្រសិនជាមានការសុំលុយសុំកាក់ពីរដ្ឋាភិបាល សហព័ន្ធអីហ្នឹង។ ខទី២ គាត់ថា សុំឲ្យមានការជួបជុំផ្ទាល់ជាមួយខ្មែរយើង ម្តងទៀត»។
លោកស្រីធានវីមានស្រុកកំណើតនៅខេត្តបាត់ដំបង។ លោកស្រីជាជនភៀស ខ្លួនដែលបានមករស់នៅស.រ.អា.តាំងពីឆ្នាំ១៩៨២ តាមជំរំជនភៀសខ្លួនក្នុងប្រទេសថៃ។ បច្ចុប្បន្ន លោកស្រីរស់នៅក្នុងរដ្ឋ Connecticut។
សកម្មជនជាតំណាងពលរដ្ឋខ្មែរផ្សេងទៀតដែលចូលរួមក្នុងកិច្ចប្រជុំសភានេះ មកពីទីក្រុងឡូវេល រដ្ឋម៉ាសាជូសេត មកពីទីក្រុងហ្វីលឡាឌែលហ្វ្យា រដ្ឋផេនស៊ីលវីនៀ រដ្ឋមារីឡេន កាលីហ្វ័រញ៉ា, វីជីនៀជាដើម។ ពួកគេភាគច្រើនជាជនអន្តោប្រវេសន៍ ភៀសខ្លួនតាមជំរំមករស់នៅស.រ.អា. នៅដើមទសវត្សរ៍១៩៨០។
លោកស្រី លឹម លីណាត (Linath Lim) ជាសមាជិកគណៈកម្មាធិការនាយកនៃសមាគមគាំទ្រ សុខភាពខ្មែរ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លោកស្រីបានថ្លែងថា ថ្វីត្បិតពលរដ្ឋខ្មែរនៅស.រ.អា.មានបញ្ហាច្រើន ដូចជាបញ្ហាគ្មានសេវាកម្មថែទាំសុខភាព ឬហៅថាHealthcare ក៏ដោយ ក៏គេពុំឃើញមានគម្រោងការណាមួយពីស.រ.អា.ដើម្បី ជួយដោះស្រាយបន្ទុកនេះទេ។
«ស.រ.អា.អត់មានស្អី ធ្វើគម្រោងការអ្វីមួយសម្រាប់ជួយប្រជាជនខ្មែរយើងទេ ម្ល៉ោះហើយយើងមកថ្ងៃនេះ យើងចង់ប្រាប់គេឲ្យដឹងថា យើងមានភាពអាសន្ន មួយផ្នែកខាង Healthcare (ការថែទាំសុខភាព) របស់ប្រជាជនខ្មែរយើងនៅ ស្រុកអាមេរិក។ ហើយយើងចង់ឲ្យគេដោះស្រាយបញ្ហាហ្នឹងឲ្យយើង»។
លោកស្រី ច័ន្ទ ហប់សុន (Chan Hopson) ជានាយិការប្រតិបត្តិនៃសមាគមមាតាបិតាខ្មែរមកពីទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា បានថ្លែងថា៖ ជនជាតិកម្ពុជាធ្លាក់ខ្លួនឈឺនិងមានជម្ងឺប្រចាំកាយផ្សេងៗនោះ គឺដោយសារទុក្ខព្រួយ ឈឺចាប់ ព្រាត់ប្រាស់ ដោយសារមកពីការកាប់សម្លាប់នៅសម័យខ្មែរក្រហម។ លោកស្រីបានបញ្ជាក់ថា ជនជាតិខ្មែរមិនអាចទ្រាំទ្រឃើញការស្លាប់ដោយសារជម្ងឺទាំងនេះតទៅទៀតទេ។ លោកស្រីថ្លែងថា ដល់ពេលវេលាដែលស.រ.អា.ត្រូវរកដំណោះស្រាយហើយ។
«គ្រោះថ្នាក់ចម្បងបំផុតហ្នឹងគឺខ្ញុំមានការភ័យបារម្ភថា ដោយសារយើងមានជម្ងឺ យារយីដល់អាយុជីវិតរបស់យើង យើងមានអាយុខ្លី ហើយយើងស្លាប់ នៅពេល ដែលយើងកំពុងមានវ័យដែលត្រូវចញ្ចឹមជីវិតរបស់យើង ចញ្ចឹមកូនចៅរបស់ យើងឲ្យមានការលូតលាស់។ បើសិនណាឪពុកម្តាយមានជម្ងឺរ៉ាំរ៉ៃ ហើយស្លាប់ ចោល ទុកកូនឲ្យនៅកំព្រា កូននោះអត់មាននរណាគ្រប់គ្រង ហើយជីវិតកូន នោះមិនអាចមានការលូតលាស់ ហើយបន្តការសិក្សាបានល្អទេ។ ដូច្នេះជា ការបង្កគ្រោះថ្នាក់មួយដ៏ធំបំផុតដល់ពលរដ្ឋយើងហើយនឹងកូនចៅរបស់យើង»។
លោកស្រីលី សម្បូរ (Ly Sambo) សមាជិកគណៈកម្មាការនាយកនៃសមាគមគាំទ្រសុខភាពខ្មែរក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ាបានថ្លែងថា៖
«បញ្ហាសំខាន់់នៅទីក្រុងOakland ខ្មែរយើងភាគច្រើនត្រូវការជំនួយខាងផ្នែក សុខភាព ព្រោះថា ជនជាតិខ្មែរយើងភាគច្រើន ច្រើនតែមានរោគឡើងឈាម រោគទឹកនោមផ្អែមហើយនឹងបញ្ហាសតិអារម្មណ៍ដែលរដ្ឋាភិបាលស.រ.អា.ត្រូវតែ ជួយដោះស្រាយ បើមិនដូច្នោះទេ ខ្មែរទាំងអស់គ្នាហ្នឹងត្រូវបញ្ហាសុខភាពយារយី ទៅដល់ខ្លួនប្រាណ សតិអារម្មណ៍ បណ្តាលឲ្យមានបញ្ហាផ្សេងៗទៀត។ យើងធ្វើយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហាសព្វថ្ងៃនេះ។ តើវិធីសាស្ត្រដែលយើងចង់ទាមទារសម្រាប់សហគមន៍ខ្មែរយើងមានអ្វីខ្លះទៅ? ឧទាហរណ៍យ៉ាងម៉េចខ្លះទៅ? ឧទាហរណ៍គេអាចជួយសំខាន់បំផុតគឺថវិកាគឺថា ជួយឧបត្ថមជាថវិកាដើម្បីឲ្យយើងបង្កើតកម្មវិធី ដែលមានវេជ្ជបណ្ឌិតខ្មែរ បុគ្គលិកខ្មែរ អ្នកបកប្រែភាសាខ្មែរ ដើម្បីឲ្យជនជាតិខ្មែរហ្នឹងយល់ថា តើគេមានបញ្ហាសុខភាពអ្វីខ្លះទៅ ហើយគេត្រូវថែទាំខ្លួនគេដោយរបៀបណា? សព្វថ្ងៃនេះ ពេលខ្មែរទៅជួបវេជ្ជបណ្ឌិតអាមេរិកាំង អត់មានអ្នកបកប្រែភាសា គ្នាអត់យល់ថា តើត្រូវលេបថ្នាំរបៀបម៉េច? វាស់ឈាមខ្លួនឯងរបៀបម៉េច? ឬមួយជួសឈាមរបស់ខ្លួនរបៀបម៉េច?»
នាង Jacqueline Tevy អាយុ២៤ឆ្នាំ ជានិស្សិត និងជាពលរដ្ឋខ្មែររស់នៅក្នុង រដ្ឋមារីឡែន បានថ្លែងថា នាងមានភាពរីករាយដែលបានចូលរួមប្រាប់សភា អាមេរិកាំងអំពីបញ្ហារបស់ពលរដ្ឋខ្មែរដើម្បីឲ្យគេជួយ៖
«ខ្ញុំចង់បញ្ជាក់អំពីការសុំជំនួយពីរដ្ឋាភិបាលអាមេរិក ពីព្រោះរដ្ឋាភិបាលអាមេរិកគេយល់ពីបញ្ហារបស់អាស៊ី ជនជាតិអាស៊ី។ តែក្រុមរបស់យើងចង់ពន្យល់ពីបញ្ហា ខ្មែរគឺផ្សេងពីបញ្ហាថៃ និងបញ្ហាវៀតណាម និងបញ្ហាប្រទេសផ្សេងៗទៀត។ អញ្ចឹងខ្មែរយើងមានបញ្ហាពិសេសដែលយើងត្រូវការដោះស្រាយ»។
លោកស្រីដានី ម័រតុនគឺជាសកម្មជននៃអង្គការ Grassroot Organization នៅឯ ក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។ លោកស្រីបានថ្លែងថា សមាជិកសភា ដែលចូល រួមក្នុងកិច្ចប្រជុំពីរថ្ងៃគឺថ្ងៃ២៤ដល់២៥ ឧសភានេះ មានក្តីរីករាយដែលពលរដ្ឋ កម្ពុជាយើងបាននាំបញ្ហាឲ្យគេបានដឹង និងប្រាប់ពីក្តីបារម្ភដែលខ្មែរមានដើម្បីឲ្យគេជួយ។
ដោយមិនពេញចិត្តនឹងការបញ្ជូនពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនទៅកាន់ប្រទេសកម្ពុជាវិញ ដោយសារកំហុសតូចធំណាមួយ នៅពេលដែលឪពុកម្តាយមិនបានចូលសញ្ជាតិ កូនមិនបានចូលសញ្ជាតិអាមេរិកនោះ លោកស្រីដានីម័រតុនបានបញ្ជាក់ថា សំណើសុំឲ្យបិតការបញ្ជូនពលរដ្ឋខ្មែរទៅកាន់ប្រទេស កម្ពុជាវិញក៏ត្រូវលើកឲ្យសមាជិកសភាបានដឹងផងដែរក្នុងពេលប្រជុំនោះ។ «សំឡេងរបស់យើងថ្ងៃនេះគឺថា យើងសុំនិយាយអំពីរឿងការបញ្ជូនទៅវិញហ្នឹងគឺថា ដូចបញ្ជូនឲ្យកូនហ្នឹងទៅស្លាប់អញ្ចឹង។ ហើយម៉្យាងទៀត បញ្ហាដ៏ឃោរ ឃៅបំផុតដែលធ្លាក់មកដល់ក្រុមគ្រួសារហ្នឹង គឺបញ្ហាសុខភាពហ្នឹង ព្រោះថា រឿងនេះដូចហែកទ្រូងម្តាយ។ អស់ពីបញ្ហាមួយចូលបញ្ហាមួយ។ យើងចង់ឲ្យ គេដឹងថា នោះមិនមែនយុត្តិធម៌សម្រាប់ប្រជាជនរបស់យើងទេ។ យើងជាប្រជាជនរបស់គេដែរ ហេតុអីបានគេមិនមើលថែទាំយើង?»
មានពលរដ្ឋខ្មែរជាច្រើនពាន់នាក់ដែលភៀសខ្លួនមកកាន់ស.រ.អា.២០ ឬ៣០ឆ្នាំ មកហើយត្រូវរដ្ឋាភិបាលស.រ.អា.គ្រោងនឹងបញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជា វិញ នៅពេលពួកគេមិនបានចូលសញ្ជាតិអាមេរិកាំង។ ហើយទន្ទឹមពេលដែលពួកគេធ្លាក់ចូលក្នុងបទល្មើសព្រហ្មទណ្ឌអ្វីមួយនោះ ការអនុវត្តការបញ្ជូនទៅវិញនេះគឺតាមច្បាប់អន្តោប្រវេសន៍ ដែលគេចាត់ទុកថា ជាច្បាប់ដែលមិនបានធ្វើការកែទម្រង់។
សមាជិកសភាអាមេរិកាំងមួយរូបផ្សេងទៀតគឺលោក Xavier Becerra នៃរដ្ឋកាលីហ្វ័រញ៉ា សង្កាត់៣១ មកពីខាងគណបក្សប្រជាធិបតេយ្យ។ លោកជាសមាជិកគណៈកម្មការផ្នែកខាងការរៀបចំពន្ធដារប្រាក់ចំណូល។ បន្ទាប់ពីកិច្ចប្រជុំនោះ លោកក៏បានប្រាប់ VOA ផ្នែកខេមរភាសាដែរថា៖ ការកែប្រែច្បាប់អន្តោប្រវេសន៍ជារឿងចាំបាច់។ លោកបានបញ្ជាក់ពីការយល់ដឹងនូវបញ្ហា ផ្សេងៗទៀតដែលជនអន្តោប្រវេសន៍អាស៊ី អេស្បាញកំពុងជួបប្រទះ។
«លោកអ្នកចង់មានការងារធ្វើ ចង់ឲ្យកូនរៀនសាលាល្អ មានផ្ទះល្អ វាជារឿង លំបាក ព្រោះបងប្អូន មិត្តភក្តិជាច្រើននៅតែបារម្ភ មិនដឹងថា ពេលណាទើប ច្បាប់អន្តោប្រវេសន៍នឹងត្រូវគេអនុវត្តឲ្យបានត្រឹមត្រូវសម្រាប់ពួកគេទេ។ ដូច្នេះបញ្ហាអន្តោប្រវេសន៍ជារឿងដែលគួរត្រូវដោះស្រាយឲ្យបានឆាប់ ពីព្រោះថា បើគេធ្វើដូច្នោះ វានឹងរំលែកបន្ទុកដល់ជនអន្តោប្រវេសន៍ទាំងនេះ ដែលព្រួយបារម្ភ រឿងរ៉ាវដ៏ច្រើន ទាក់ទងនឹងការងារពួកគេ និងសាលារៀន។ ដូច្នេះប្រសិនបើ លោកអ្នកមានបញ្ហាអន្តោប្រវេសន៍ លោកអ្នកមិនអាចរកការងារធ្វើបាន មិនអាចទៅរៀនមហាវិទ្យាល័យបានទេ»។
លោក Becerra បានអះអាងថា អ្វីដែលសំខាន់គឺឱកាសបានការងារធ្វើ ឬចាប់ផ្តើមមុខជំនួញ ព្រោះថា នៅពេលមកដល់ស.រ.អា.ហើយ តែបើគេបដិសេធមិនឲ្យធ្វើការ និងរៀនសូត ពលរដ្ឋជាជនអន្តោប្រវេសន៍មិនអាចរស់បានទេ៕