ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​តាម​ដាន​ទទូច​ឲ្យ​ប្រើ​ប្រាស់​សម្បទាន​នយោបាយ​ដោះ​ស្រាយ​រឿង​បណ្តេញ​លោក ​សម រង្ស៉ី​ពី​សភា


លោក ​សម រង្ស៉ី​ត្រូវ​សភា​បាន​បញ្ចប់​បុព្វសិទ្ធិ​របស់​លោក​ជា អ្នក​តំណាង​រាស្ត្រ​ទាក់​ទិន​នឹង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ មន្ត្រី​គណបក្ស​នយោបាយ​។
លោក ​សម រង្ស៉ី​ត្រូវ​សភា​បាន​បញ្ចប់​បុព្វសិទ្ធិ​របស់​លោក​ជា អ្នក​តំណាង​រាស្ត្រ​ទាក់​ទិន​នឹង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ មន្ត្រី​គណបក្ស​នយោបាយ​។

ភ្លាមៗ​បន្ទាប់​ពី​លោក ​សម រង្ស៉ី ​ត្រូវបានសភាបញ្ចប់​បុព្វសិទ្ធិ​របស់​លោក​ជា អ្នក​តំណាង​រាស្ត្រ​ទាក់​ទិន​នឹង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ មន្ត្រី​គណបក្ស​នយោបាយ​ និង​អ្នក​វិភាគ​បាន​អះអាង​ថា​ ការ​បំពេញ​ចិត្ត​នយោបាយ​គណបក្ស​កាន់អំណាច ការសុំទោស​ និង​សម្បទាន​នយោ​បាយ​ គឺជា​ដំណោះ​ស្រាយ​នយោបាយ​ចុង​ក្រោយ​មួយ​សម្រាប់​មេដឹក​នាំ​គណបក្ស​ជំទាស់​ លោក​សម រង្សី​ក្នុង​ការទទួល​បាន​មក​វិញ​នូវ​បុព្វសិទ្ធ​តំណាង​រាស្រ្ត​ ហើយ​នឹង​ការ​វិល​ត្រឡប់​ចូល​មក ប្រឡូក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​វិញ។ ក៏​ប៉ុន្តែ​គេ​ពុំ​បាន​បញ្ជាក់​ចំៗ​ថា​ សម្បទាន​នយោ​បាយ​ ឬ​ការ​បំពេញ​ចិត្ត​គណបក្ស​កាន់​អំណាច​ ឬ​ការ​សុំ​ទោស​នោះ​ធ្វើ​ដោយ​របៀប​ណា​ទេ​ ក្នុង​ករណី​លោក​ សម រង្ស៉ី។

លោក​ កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​ជំទាស់​បាន​អះអាង​ថា៖

«ឱកាស​កន្លង​មក​គឺ​ទាល់​តែ​ទៅ​សុំ​ទោស​គេ​ ឬ​ក៏​ទៅ​ធ្វើ​បំពេញ​បំណង​អី​ឲ្យ​ផល​ប្រយោជន៍​ទៅ​គណបក្ស​កាន់​អំណាច​ អាហ្នឹង​បាន​អាច​មក​បាន​ បើ​តាម​យើង​ឃើញ​កន្លង​មក​នេះ​ ការសម្រប​សម្រួល​នយោបាយ»។

លោក ​កឹម សុខា​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ អតីត​នាយក​រដ្ឋ​មន្ត្រី​ទី១​ និង​លោក​ សម រង្ស៉ី​ ផ្ទាល់​ ដែល​ត្រូវ​ជាប់​ចោទ​ក្រោយ​តុលាការ​កាត់ទោស​រួច​ហើយ​ត្រូវ​បាន​លើក​លែង​ទោស​ដោយ​ ព្រះ​មហា​ក្សត្រ​ក្រោយពី​មាន​ការបំភ្លឺ​ជា​លិខិត​ឬ​សុំ​ទោស​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ទោះបី​ជា​លោក​ កឹម សុខា​ មិន​បាន​បញ្ជាក់​ពី​បញ្ហា​អ្វី​ដែល​នាំ​ទៅ​ដល់​ការលើកលែង​ទោស​សម្រាប់​អ្នក​នយោបាយ​ទាំងពីរ​មែន​តែ​គេ​នៅ​ចាំ​បាន​ថា​សម្បទាន​រឿង​បែង​ចែក​អំណាច​ក្រោយ​ការបោះឆ្នោត​ និង​ ការ​កែ​ប្រែច្បាប់​រដ្ឋ​ធម្មនុញ្ញ​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​ដល់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ជា​ការ​សម្របសម្រួល​នយោបាយ​ ហើយ​បាន​នាំ​ឲ្យ​ឥស្សរជន​នយោបាយ​បាន​រួច​ខ្លួន​ដែរ។

បទសម្ភាសន៍២​ភាគ​របស់​វីអូអេ​ខ្មែរ​ជាមួយ​ លោក​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០១១


មេដឹក​នាំ​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​ សម រង្ស៊ី​ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ត្រូវ​សភា​បញ្ចប់​បុព្វសិទ្ធិ​សមាជិក​សភា​ដែល​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ជូន​លោក​ ក្រោយ​ដែល​តុលាការ​កំពូល​កាល​ពី​ដើម​ខែ មិនា​ បាន​កាត់​ទោស​លោក​កំបាំង​មុខ​ឲ្យ​ជាប់​គុក​ ២​ឆ្នាំ​បន្ថែម​ពី​លើ​ទោស ​១០ ឆ្នាំដែល​តុលាការ​ក្រុង​បាន​កាត់​ទោស​លោក​ទាក់​ទង​នឹង​រឿង​ដក​បង្គោល​ព្រំដែន​ និង​ផ្សព្វ​ផ្សាយឯកសារ​ក្លែង​ក្លាយ។​ អ្នក​វិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ពីក្តី​បារម្ភ​អំពី​ការអនុវត្ត​ប្រជា​ធិបតេយ្យ​ និង​របប​សេរី​និយម​ ពហុបក្ស​ លាយ​ឡំ ជា​មួយ​នឹង​ការរំពឹង​ទុក​ថា​នឹង​មាន​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ក្តី​ក្តាំ​នេះ។

លោក​ស្រី ​ជា ​វណ្ណាត​អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អតីត​នាយិកា​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​សង្គម​ បាន​អះអាង​ដោយ​ក្តី​សង្ឃឹម​ថា​ដំណោះ​ស្រាយ​នយោបាយ​ និង​ត្រូវកើត​មាន​នៅ​ ក្នុង​លក្ខខណ្ឌ​នៃ​វិធី​យ៉ាងម៉េច​ដែល​ត្រូវ​ដោះ​ស្រាយ​ និង​លក្ខខណ្ឌ​នៃ ពេល​វេលា​ផង​ដែរ។

«ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ បញ្ហា​មាន​មក​ដោះ​ស្រាយ​មាន​ហើយ​ គ្រាន់​តែ​ថា​តើ​រក​ដំណោះ​ស្រាយ​ឲ្យ​ត្រូវ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​គូភាគី​ទាំង​សង​ខាង​ហ្នឹង​របៀប​យ៉ាង​ណា​ ហើយ​នៅ​ពេល​ណា?»។

លោកស្រី​បាន​បន្ថែម​ជាមួយ​នឹង​ការលើក​យក​ឧទាហរណ៍​ មួយ​នៃ​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​នេះ​គឺ​ពឹង​ផ្អែក​លើ​សម្បទាន​ផ្នែក​នយោបាយ​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​ជំទាស់​និង​គណបក្ស​កាន់​អំណាច។

«ឧទាហរណ៍​មាន​តែ​ការធ្វើ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​ ដាក់​លក្ខខណ្ឌ​ទៅ លក្ខខណ្ឌ​អញ្ចេះៗ​ បើ​ថា​ចង់​រួប​រួម​គ្នា​មក​វិញ។​ ហើយ​ទទួល​យក​ បាន​ទេ​លក្ខខណ្ឌ​ហ្នឹង​ តើ​ទទួល​យក​ បាន​ទេ​លក្ខខណ្ឌ​ហ្នឹង។ ​បើ​ទទួល​យក​បាន​ ហ្នឹង​ក៏​ជានា​នឹង​គ្នា​វិញ​ទៅ​ ហើយ​បើ​ទទួល​យក​មិន​បាន​ទេ​ ក៏​បន្ត​បញ្ហា​របៀប​អញ្ចឹង​តទៅ​មុខ​ទៀត​ទៅ»។

លោក ​ញ៉ឹក​ ប៊ុនឆៃ​ អគ្គ​លេខា​ធិការ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​បាន​យល់​ស្រប​ដែរ ថា​ដំណោះ​ស្រាយ​នយោបាយ​ជា​ជម្រើស​សម្រាប់​លោក​ សម រង្ស៊ី​ដូច​ករណី​ពី​មុន ដែរ​ ក្រោយ​ពី​ដំណើរការ​ផ្លូវ​ច្បាប់​បាន​បញ្ចប់​នោះ។

«ពី​លើក​មុន​គាត់​ធ្លាប់​មាន​ហើយ​តើ​ មាន​ការ​សុំ​ទោស​ស្អីៗ​អញ្ចឹង​ទៅ​ គាត់​ធ្លាប់​មាន​បញ្ហា​នោះ​ម្តង​ហើយ​ មាន​ការសម្រប​សម្រួល​ទៅ​ គាត់​អាច​ត្រឡប់​មក​ធ្វើ ការងារ​បាន​វិញ»។

លោក ​សម រង្ស៉ី​ធ្លាប់​បាន​បញ្ជាក់​ថា​លោក​មិន​សុំ​ទោស​ទេ​ ព្រោះ​លោក​គ្រាន់​តែ បំពេញ​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ។​ តែ​លោក​អះអាង​ថា​លោក​នឹង​ខិតខំ​រកដំណោះ​ស្រាយ​ផ្នែក​នយោបាយ​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ព្រោះ​លោក​ សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ថា​អ្វី​ដែល​លោក​បាន​ធ្វើ​ទាក់​ទង​នឹង​ការ​ដក​បង្គោល​ព្រំដែន​កាល​ពី​ឆ្នាំ​ ២០០៩​នៅ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​វៀតណាម​គឺ​ ក្រោយ​ពេល​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ខ្លាច​បាត់​បង់​កម្ម​សិទ្ធ​ មក​ប្តឹង​រូប​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ ពី​ការដែល​ឃើញ​តម្រុយ​បង្គោល​ពំ្រដែន​ បោះ​ចូល​ដល់​ដី​ស្រែ​របស់​ពួក​គាត់។

«រឿង​ដែល​ខ្ញុំ​បាន​ចូល​រួម​នេះ​គឺ​ជា​រឿង​ជាតិ​ គឺ​ជា​ទឹកដី​របស់​ប្រជា​រាស្ត្រ​ខ្មែរ​ គឺ​ជា ទឹកដី​របស់​ប្រទេស​កម្ពុជា​ ខ្ញុំ​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ជាតិ​ដូច្នេះ​រឿង​ជាតិ គឺ​ជា​រឿង​នយោបាយ​ ដើម្បី​រក​ដំណោះ​ស្រាយ​នយោ​បាយ​ទាល់​តែ​មាន​ការ​ស្រុះ ស្រួល​គ្នា​មិន​ត្រឹម​តែ​ថ្នាក់​ជាតិ​ទេ​ ថ្នាក់​អន្តរជាតិ​ថែម​ទៀត​ពី​ព្រោះ​រឿង​នេះ​គឺ​វា​ប៉ះ​ពាល់​ប្រទេស​ជិត​ខាង​ មាន​ប្រទេស​វៀត ណាម ​គាត់​ បាន​បង្ខិត​ព្រំដែន​ ចូល​មក​ប្រទេស​កម្ពុជា​ ខ្ញុំ​បាន​ចេញ​មុខ​ប្រឆាំង​យួន​ឈ្លាន​ពាន»។

ប្រទេស​វៀត ណាម​ធ្លាប់​បដិសេធ​ថា​មិន​បាន​បង្ខិត​ព្រំដែន​និង​ឈ្លាន​ពាន​ទឹក​ដី កម្ពុជា​ទេ​ដោយ​បាន​អះអាង​ថា​គណៈ​កម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កំពុង​ធ្វើ​កិច្ចការ​វាស់​វែង។​ មន្ត្រី​វៀត​ណាម​ធ្លាប់​បាន​រិះគន់​លោក ​សម រង្ស៉ី​ ថា​និយាយ​មួល​បង្កាច់។

លោក​ ជៀម យាប​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​អះអាង​ថា​ លោក​មិន​ដឹង​ពី​ការណ៍​ដែល​ត្រូវ​ដោះ​ស្រាយ​រឿង ករណី​លោក​ សម រង្ស៉ី​នេះ​តាម​រយៈ​នយោ​បាយ​ឬ​យ៉ាង​ណា​ទេ​ ព្រោះ​លោក​ថ្លែង​ថា​ការដក​បង្គោល​ព្រំដែន​ ការផ្សព្វ​ផ្សាយ​ឯកសារ​ព្រំដែន​មិន​មែន​ជា​រឿង​នយោបាយ​ទេ។​ លោក​ធ្លាប់​អះអាង​ថា​ការសម្រប​សម្រួល​ផ្នែក​នយោ​បាយ​ ធ្វើ​ទៅ​បាន​គឺ​អាស្រ័យ​លើ​លោក​ សម រង្ស៉ី​ខ្លួន​លោក​ក្នុង​ការធ្វើ​ទំនាក់​ទំនង​ ជា​មួយ​និង​លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​ជា​អ្នក​មាន​សិទ្ធិ​ធ្វើ​ឲ្យ​មាន​ការលើក​លែង​ទោស ពី​ព្រះ​មហាក្សត្រ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក ​សម រង្ស៉ី​បាន​ចាត់​ទុក​ថា​ការបញ្ចប់​អភ័យ​ឯក សិទ្ធិ​សភា​របស់​លោក​ឬ​ បណ្តេញ​តំណាង​រាស្ត្រ​ដោយ​សារ​រឿង​ព្រំដែន​នេះ​គឺ​ជា​រឿង​ខុស​ច្បាប់​ធ្ងន់​ធ្ងរ​ដែល​ ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ។​ លោក ​សម រង្ស៉ី​ចាត់​ទុក​ថា​ជា​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ដែល​នឹង​ត្រូវ​មាន​ប្រតិកម្ម​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ហើយ​គណបក្ស​របស់​លោក​នឹង​កាន់​តែ​រឹង​មាំ។

«រដ្ឋា​ភិបាល​សព្វ​ថ្ងៃ​គណបក្ស​ប្រជាជន​ឃើញ​ថា​ចេញ​ក្រឡា​សារ​ ជា​មនុស្ស​អត់ យល់​ច្បាប់​ អត់​យល់​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ជាន់​ឈ្លី​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា ច្បាប់​កំពូល​នៃ​ប្រទេស​ជាតិ។​ វា​ចូល​ដល់​ដំណាក់​កាល​ហ្នឹង​ខ្ញុំ​ជឿ​ថា​នឹង​មាន ប្រតិកម្ម​ខ្លាំង​ ដូច​កាល​គេ​ដេញ​ខ្ញុំ​ចេញ​ពី​រដ្ឋសភា​កាល​ពី​ឆ្នាំ​១៩៩៥​ ទី​បញ្ចប់​ខ្ញុំ​វិល ទៅ​រដ្ឋសភា​ដដែល​ ហើយ​វិល​ទៅ​ខ្លាំង​ជាង​មុន​ទៀត។​ ដេញ​ម្នាក់​ចូល​ទៅ​វិញ ១៥​នាក់។ ​លើក​នេះ​ដេញ​ម្នាក់​ចូល​ទៅ​វិញ​៥០​នាក់។​ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ឆ្នាំ​២០១៣ នេះ​គឺ​នឹង​មាន​ការប្រែប្រួល​ ហើយ​គណបក្ស​សម រង្ស៉ី​គឺ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​បាទ»។

លោក​ ថ្លែង​ពី​កំណើន​នៃ​សំឡេង​ឆ្នោត​ដែល​គណបក្ស​លោក​បាន​ទទួល​អាសនៈ​ក្នុង​រដ្ឋ​សភា។​ សមាជិក​សភា​គណ​បក្ស​សម រង្ស៉ី​មាន​ចំនួន​២៦​រូប​ ក្នុង​រដ្ឋ​សភា ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​ ដែល​គេ​ចាត់​ទុក​ថា​ជា​ដៃគូ​ប្រជែង​ផ្នែក​នយោ បាយ​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ទទួល​បាន​ចំនួន​៩០​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៣។

ប្រតិកម្ម​ដោយ​ផ្ទុះ​សំណើច​តិចៗ​ចំពោះ​អត្ថា​ធិប្បាយ​របស់​លោក ​សម រង្ស៉ី​ លោក ជៀម យាប​អ្នក​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​គណបក្ស​គ្រប់ គ្រង​ប្រទេស​បាន​អះអាង​ថា​អ្វី​ដែល​សភា​បាន​បញ្ចប់​បុព្វសិទ្ធិ​តំណាងរាស្រ្តរបស់​លោក ​សម រង្ស៉ី​គឺ​ជា​ការធ្វើ​ទៅ​តាម​ច្បាប់​ មិន​មែន​បារម្ភ​ពី​ប្រជា​ប្រិយ៍ភាព​គណបក្ស​ សម រង្ស៉ី​ទេ។

ដោយ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​មិន​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទាក់​ទង​ករណី​ក្តីក្តាំ​មេដឹក​នាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៉ី​ ដែល​ឈាន​ដល់​ការបញ្ចប់​ បុព្វសិទ្ធិ សភា​នេះ​ បាន​បង្កឱ្យមាន​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​វិភាគ​និង​អ្នក​ឃ្លាំមើល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​ វត្តមាន​របស់​លោក​ សម រង្ស៉ី​ដែល មាន​កម្លាំង​ប្រហាក់​ប្រហែល​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ នៅ​ឆ្នាំ​២០១២​ និង​ ការបោះ​ឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៣។ តាម​ច្បាប់​បោះ​ឆ្នោត​ជន​ដែល​មាន​ពិរុទ្ធភាព​ដូច​លោក ​សម រង្ស៉ី​ពេល​នេះ​ពុំ​អាច​ចូល​រួម​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ទេ៕

XS
SM
MD
LG