ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាំមួយ​នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​កម្ពុជា​ថៃ


ទាហាន​ថៃ​ម្នាក់​​ដែល​បាន​រងរបួស​​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទាហាន​ខ្មែរ​ ត្រូវ​យុទ្ធមិត្ត​និង​គ្រូពេទ្យ​​ជួយ​សង្គ្រោះ​នៅ​ ក្រោយ​ពី​លោក​ត្រូវ​គេ​ដឹក​មក​ដល់​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​ភ្នំ​ដងរែក​នៃ​ខេត្ត​សុរិន្ទ​​ភាគ​ឦសាន​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​សុក្រ​ទី​២២​ខែ
ទាហាន​ថៃ​ម្នាក់​​ដែល​បាន​រងរបួស​​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទាហាន​ខ្មែរ​ ត្រូវ​យុទ្ធមិត្ត​និង​គ្រូពេទ្យ​​ជួយ​សង្គ្រោះ​នៅ​ ក្រោយ​ពី​លោក​ត្រូវ​គេ​ដឹក​មក​ដល់​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​ភ្នំ​ដងរែក​នៃ​ខេត្ត​សុរិន្ទ​​ភាគ​ឦសាន​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​សុក្រ​ទី​២២​ខែ

យ៉ាងហោច​ណាស់​មាន​កងទ័ព​កម្ពុជា​ចំនួន​បីនាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​និង​ប្រាំមួយ​នាក់​ផ្សេង​ទៀត​រងរបួស។ រីឯ​កងទ័ពថៃ​យ៉ាងតិច​ចំនួន​បីនាក់​បាន​ស្លាប់​ និង​ប្រាំបីនាក់​រងរបួស​នៅ​ក្នុង​ឆាក​ប្រយុទ្ធគ្នា​តាម​បណ្តោយ​ព្រំដែន​រវាង​ខេត្ត​ឧត្តមានជ័យ​របស់​ខ្មែរ ​និ​ងខេត្ត​សុរិន្ទ​របស់​ថៃ ។

ការប្រយុទ្ធគ្នា​ ដែល​បាន​ចាប់ផ្តើម​កាលពី​ម៉ោង​៦ព្រឹក​មិញ​ ហើយ​បាន​បញ្ជប់​ទៅវិញ​នៅម៉ោង​ ប្រមាណ​១២:២០នាទី។ នេះ​បើ​យោង​ទៅតាម​ប្រភព​ពី​មន្រ្តី​យោធា​នៃ​ប្រទេស​ទាំងពីរ។

ការប៉ះទង្គិច​គ្នា ​បាន​ចាប់ផ្តើម​នៅចំណុច​ប្រាសាទ​តាក្របី​របស់​ខ្មែរ ​ហើយ​បាន​រីករាលដាល​ដល់ ចំណុច​ប្រចាំការ​របស់​យោធា​នៅ​ចំណុច​ប្រាសាទ​តាមាន់។ ប្រាសាទ​ទាំងពីរ​ជាចំណុច​ប្រទាញប្រទង់​នៃ​ប្រទេស​ជិតខាង​គ្នា​ទាំងពីរ ។ មន្រ្តីយោធា​នៃ​ប្រទេស​ទាំងពីរ​ បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ពីការ​បង្ក​ជម្លោះ​ប្រដាប់​អាវុធ។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ សុជាតិ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​កងទ័ព​ថៃ​ បាន​លួច​វាយប្រហារ​នៅ​ចំណុច​ប្រចាំការ​របស់​កងទ័ព​ខ្មែរ​នៅក្នុង​ទឹកដី​កម្ពុជា។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការពិត​នៃ​ការចាប់ផ្តើម​នៃ​ការផ្ទុះអាវុធ​នេះ​ គឺ​ទាហាន​ថៃ​បាន​ឆ្លងដែន​ចូលមក​វាយ​ឆ្មក់​យើង​ពី ក្រោយ​ខ្នង​នៅ​ប្រាសាទ​តាក្របី។ នៅពេល​ដែល​កង​យោធពលខេមរៈភូមិន្ទ​យើង​កំពុងតែ​ធ្វើការ​យាម ល្បាត​ព្រំដែន​ គឺ​ទាហាន​ថៃ​ឆ្លងចូល​មក​ខាងក្រោយ​ទីតាំង​របស់​យើង​ពីក្រោយ។ គេ​វាយ​ឆ្មក់​យើង​ពី ក្រោយ​ដោយថ្មើជើង។ ហើយ​ទន្ទឹម​វា​ក៏​បាញ់​ផ្លោង​កាំភ្លើងធំ​មកលើ​ទីតាំង​របស់​យើង​ចម្ងាយ​ជា​២០ គីឡូម៉ែត្រ​មក​ក្នុង​ទឹកដី​ដ៏ជ្រៅ​លើ​ប្រជាជន​ទៀត​ដូច​ជម្រាប់ជូន​ខាងលើ»។

មន្រ្តី​អ្នកនាំពាក្យ​យោធា​ខ្មែរ ​ដដែល​បញ្ជាក់​ថា​ កងទ័ពថៃ​ បាន​ប្រើ​អាវុធ​ធន់ធ្ងន់​ជាច្រើន​ បាញ់​ផ្តក់ ចូល​ជ្រៅ​នៅ​ក្នុង​ទឹកដី​កម្ពុជា។ ដោយឡែក​លោក​ឧត្តមសេនីយ៍​ វីរៈជន​ សុខុថាធិផាក​ (Verachon Sukondhaptipak) អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​ការពាជាតិ​ថៃ​ បាន​ថ្លែង​ប្រាប់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​ សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​បាងកក​ថា​ កងទ័ព​កម្ពុជា​ បាន​ចូល​ក្នុង​តំបន់​ហាម​ឃាត់។ លោក វិរៈជន​ថ្លែង​ដូច្នេះ​ថា៖

«យើង​បាន​រកឃើញ​ថា ​កម្ពុជា​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​កាន់​តំបន់​ដែល​មិនត្រូវ​ទៅ​នោះ។ ហើយ​យើង​បាន​បញ្ជូន​កងទព័​របស់​យើង​ទៅ​ប្រាប់​ដំណឹង​ដើម្បី​ឲ្យ​ពួកគេ​ដកចេញ​ពីតំបន់​នោះ​ ប៉ុន្ដែ​ពួក គេ​បាន​បើក​ការបាញ់​ប្រហារ​មកលើ​កងទព័​ថៃ​ជាមុន»។

ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​ នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​នេះ​ត្រូវ បាន​ជម្លៀស​ចេញ។

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី ​បាន​ហៅការ​ប្រយុទ្ធ​ គ្នា​នេះ ​ថា ​គឺជា​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ។

កម្ពុជា ​និងថៃ ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​ចាប់តាំង​ពី​ខែកក្កដា​ ឆ្នាំ​២០០៨​មក​ ម្ល៉េះ​បន្ទាប់​ពី​ថៃ​ជំទាស់​មិនបាន​សម្រេច​នៅ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ប្រសាទ​ព្រះវិហារ ​បាន​កើត​ឡើង​យ៉ាង​ស្វិតស្វាញ ​កាលពី​ដើម​ខែកុម្ភៈ​ឆ្នាំ ២០១១នេះ។ ភាគី​កម្ពុជា​ បាន​ស្នើឲ្យ​មាន​ការ​ដាក់​ពង្រាយ​កងទ័ព​អព្យាក្រឹត្យ​មួយ​នៅ​តំបន់​ជម្លោះ​ ក៏​ប៉ុន្តែ ​ថៃ ​មិនទាន់​យល់ព្រម​នៅឡើយ ​។

លោក​ឧត្តមសេនីយ៍​ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​មាន​ប្រសាសន៍​ថា ​កងទ័ព​កម្ពុជា នៅ​តែ​បន្ត​ត្រៀម​ប្រយុទ្ធ​នៅ​ឡើយ​មកទល់ ​និង​ល្ងាច​នេះ។

ជាមួយ​គ្នានេះ​ដែរ ​លោក​ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សហសេវិក​របស់​ខ្លួន​នៅ​ឥណ្ឌូនេស៊ី​ ដើម្បី​ជាការ​ជូន​ដំណឹង​ពី​ការ​វាយ​ប្រហារ​គ្នា។

ឥណ្ឌូនេស៊ី ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ប្តូរវេណ​នៃ​សមាគម​អាស៊ាន​ ដែល​មាន​១០​ប្រទេស។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ​លោក​ ហោ ណាំហុង​ ក៏បាន​ផ្ញើ​លិខិត​មួយច្បាប់​ផ្សេង​ទៀត ដើម្បី​ជូនដំណឹង​ទៅក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ពថៃ ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ​លោក​ ម៉ាទី ណាតា​លេហ្កាវ៉ា (Marty Natalegawa) ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ឈប់​ធ្វើការ​បាញ់​គ្នា​តទៅ​ទៀត​ដែរ៕

XS
SM
MD
LG