ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិល្បៈ​គំនូរ​របស់​ស្ត្រី​ខ្មែរ​តាំង​នៅ​សារមន្ទីរ​ Noel-Baza​ Fine​ Art​ Gallery​ នៅ​ទី​ ក្រុង​ San Diego​ រដ្ឋ​ California ​


រូប​គំនូរ​ស្រ្តី​ខ្មែរ​ គូរ​លើ​ក្រដាស​គគ្រាត​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង​ ពី​សសៃ​ចំបើង​ និង​ទង​ស្មៅ​។
រូប​គំនូរ​ស្រ្តី​ខ្មែរ​ គូរ​លើ​ក្រដាស​គគ្រាត​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង​ ពី​សសៃ​ចំបើង​ និង​ទង​ស្មៅ​។

សិល្បៈ​គំនូរ​ក្រោម​ចំណង​ជើង​ថា​ “ខ្សែចក្ខុវិស័យ”​ ជា​ស្នា​ដៃ​របស់​ស្ត្រី​វិចិត្រករខ្មែរ​ពីរ​រូប​ កំពុង​ដាក់​តាំង​ជូន​សាធារណជន​នៅ​សារមន្ទីរ Noel-Baza Fine Art​ Gallery នៅ​ទីក្រុង San Diego រដ្ឋ California ចាប់ពីថ្ងៃ​ទី៣​ខែ​មិថុនា​ដល់​ថ្ងៃទី៣​ខែ​កក្កដា​ឆ្នាំ​២០១០ ។

អ្នកស្រី​ នុច សារីតា​ មាន​សេចក្តី​រាយការណ៍​អំពី​សិល្បៈ​គំនូរ​របស់​នាង​លីនដា សូភ័ណ​ និង​នាង​អឿ សុគុនទេវី​ មាន​សេចក្តី​ដូច​តទៅនេះ ៖

សារមន្ទីរ Noel-Baza ​Fine​ Art​ Gallery នៅ​ទី​ក្រុង San Diego បង្ហាញ​អំពី​សិល្បករ​អន្តរជាតិ​ដែល​កំពុង​រចនា​ទិដ្ឋភាព​សិល្បៈ​បែប​សហសម័យ ។​ អ្នកស្រី Pierrette​ B. Van Cleve ស្ថាបនិក​និង​ជា​នាយក​ក្រុមហ៊ុន Art​ Cellar​ Exchange,​ Inc. និង Van​ Clene​ Fine​ Art បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ពិព័រណ៍​មាន​ចំណង​ជើង​ថា Sight Lines ឬ ​ ខ្សែចក្ខុវិស័យ​នេះ​ ផ្តោត​ទៅ​លើ​ស្ត្រី​ពីរ​នាក់​ពី​ប្រទេស​កម្ពុជា​ គឺ​នាង​ លីនដា សូភ័ណ​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​តាំង​ពី​នៅ​តូច​ ហើយ​បាន​ធំ​ដឹង​ក្តី​នៅ​បស្ចិម​ប្រទេស​ និង​ម្នាក់​ទៀត​គឺ​នាង​ អឿ សុគុនទេវី​ធំ​ដឹង​ក្តី​នៅ​ទី​ក្រុង​បាត់ដំបង​ហើយ​បាន​រស់​នៅ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​រៀង​រហូត​មក ។​ ពិព័រណ៍​នេះ​ ផ្តោត​ទៅ​លើ​ ថា​តើ​ស្ត្រី​ខ្មែរ​មើល​ឃើញ​ខ្លួន​ឯង​ដូចម្តេច​ខ្លះ​ ទាំង​អ្នក​នៅ​ក្នុង​ស្រុក​និង​ទាំង​អ្នក​ចាក​ស្រុក ។

“នាង ​លីនដា​ សូភ័ណ​ មើល​ត្រឡប់​ក្រោយ​ ទៅ​ដល់​នារី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឆ្លុះ​បញ្ចាំង​ខ្លួន​ឯង​នៅ​ក្នុង​នារី​ម្នាក់ៗ​ដែល​នាង​ឃើញ​នៅ​តាម​ផ្លូវ​ថ្នល់​ ពី​ព្រោះ​នាង​បាន​ធំ​ដឹង​ក្តី​នៅ​បស្ចិម​ប្រទេស​ហើយ​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​អស់​នេះ​ ហើយចំណែក​នាង​ទេវី​វិញ ​សម្លឹង​ទៅ​ពិភពលោក​ថ្មី​នេះ​ នៅ​ក្នុង​គំនិត​ថ្មី ​នៃ​មុខ​នាទី​ថ្មី​របស់​ស្ត្រី​ និង​មុខ​នាទី​ថ្មី​របស់​សិល្បករ ។​ ហេតុដូច្នេះ​ហើយ​បាន​ជា​ពិព័រណ៍នេះ​មាន​ឈ្មោះ​ថា​ “ខ្សែចក្ខុវិស័យ”​ ដែល​និយាយ​អំពី​ស្ត្រី​ខ្មែរ​ពីរ​នាក់​សម្លឹង​ទៅ​មុខ​និង​ទៅ​ក្រោយ” ។

នាង ​លីនដា សូភ័ណ​កើត​នៅ​ទី​ក្រុង​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ។​ ពេល​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម​ នាង​លីនដា​បាន​ទៅ​រស់​នៅ​ នៅ​ប្រទេស​កាណាដា​និង​ប្រទេស​បារាំង​អស់​ជាង​ពីរ​ទសវត្ស៍ ។​ នាង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ខាង​នរវិជ្ជា​សង្គម​នៅ​ឆ្នាំ​២០០៧​ ពី​សាកល​វិទ្យាល័យ​ក្រុងប៉ារីស​ នៅ​ប្រទេស​បារាំង​ និង​បាន​ទទួល​បរិញ្ញាប័ត្រ​ខាង​ការ​សិក្សា​ផ្នែក​កិច្ចការ​កម្ពុជា​ផង​ដែរ ។

នាង ​លីនដា​ សូភ័ណ​បាន​ទៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០០៦​ ហើយ​នាង​បាន​ឃើញ​នារី​ខ្មែរ​ដែល​មាន​អាយុ​ស្រករ​គ្នា​នឹង​នាង​ នៅ​តាម​ផ្លូវ​ថ្នល់​ ក្នុង​សម្លៀក​បំពាក់​ខ្មែរ​ កំពុង​បោស​សំអាត​ថ្នល់​ លក់​ដូរ​ក្នុង​ទី​ផ្សារ​ ឬ​ធ្វើការ​ក្នុង​ហាង​ទំនិញ ។​ នាង​បាន​ថត​រូប​នារី​ទាំង​នោះ​ ហើយ​បាន​គូរ​តាម​រូប​ថត​ទាំង​នោះ​ ប្រើ​ពណ៌​ស​ខ្មៅ​ នូវ​រូប​នារី​រុំ​មុខ​ដោយ​ក្រមារ ។​ នាង​លីនដា​សម្លឹង​ទៅ​រូប​និមួយៗ​ នូវ​ជោគ​វាសនា​ របស់​នាង​ម្នាក់ៗ​ ហើយ​និយាយ​ថា​ ស្ត្រី​នេះ​អាច​ជា​រូប​នាង ។

“នារី​នៅ​ក្នុង​រូប​នេះ​យក​ក្រមារ​រុំ​មុខ​ មាន​ន័យ​ថា​ គេ​ការពារ​កុំ​ឲ្យ​ធូលី​ដី​ហុយ​ចូល​មុខ​ពេល​ធ្វើការ។​ ន័យ​ម្យ៉ាង​ទៀត​ នារី​ដែល​ចេញ​ដើរ​លេង​ជា​មួយ​មិត្តភ័ក្រ​ឬ​ជា​មួយ​សង្សារ​ ក៏មាន​ក្រមារ​រុំ​មុខ​ដែរ​ ព្រោះ​មិន​ចង់​ឲ្យ​គេ​ស្គាល់​មុខ​ ឬ​ស្គាល់​ខ្លួន​ថា​ជា​អ្នក​ណា។​ នារី​ខ្មែរ​ពេល​នេះ​ ចង់​បាន​សេរីភាព​ដូច​បុរស​ដែរ​ ប៉ុន្តែ​សង្គម​ពុំ​បើក​ទូលាយ​ដល់​ពួក​គេ" ។

នាង អឿ សុគុនទេវី ​បាន​សិក្សា​សិល្បៈ​គូរ​រូប​នៅ​សាលា​ពន្លឺ​សិល្បៈ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ហើយ​បាន​ផ្លាស់​ទៅ​នៅ​ទី​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០០៧​ ដើម្បី​ប្រកប​អាជីព​ជា​វិចិត្រករ​ដែល​នាង​ជ្រើស​រើស ។​ នាង​ទេវី​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​កិច្ច​ការ​របស់​នាង​ ជា​សិល្បការិនី​ដ៏​កម្រ​ម្នាក់​ខាង​វិចិត្រករ​ផ្នែក​សហសម័យ ​ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​បច្ចុប្បន្ន ។

បើ​តាម​ការ​អធិប្បាយ​របស់​អ្នកស្រី Van Cleve អ្នក​អភិរក្ស​នៅ​សារមន្ទីរ​និយាយ​ថា​ សិល្បៈ​គំនូរ​របស់​នាង​លីនដា​ និង​នាង​ទេវី​មានសណ្ឋាន​ស្រដៀង​គ្នា​ ព្រោះ​អ្នក​ទាំងពីរ​គូរ​លើ​ក្រដាស​គគ្រាត​ដែល​ធ្វើ​ខ្លួន​ឯង​ ដោយ​សរសៃ​ចំបើង​និង​ទង​ស្មៅ។​ គំនូរ​របស់​នាង​ទេវី​ ប្រើ​ពណ៌ស្រស់​ឆើត​នៅ​ក្នុង​ទ្រង់​ទ្រាយ​សិល្បៈ​បែប​ប្រពៃណី​ ស្តី​អំពី​រឿង​រ៉ាវ​ដែល​កើត​មានឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​អំពីជីវិត​របស់​នាង​ក្នុង​ពេល​នេះ​ អំពី​មុខ​នាទី​របស់​ស្ត្រី​នៅ​ក្នុង​គ្រួសារ​ មុខ​នាទី​ស្ត្រី​នៅ​ក្នុង​ការ​ទាក់​ទង​គ្នា​ មុខនាទី​ស្ត្រី​នៅ​ក្នុង​ពិភពលោក​ និង​អំពី​ថា​តើ​ស្ត្រី​កំពុង​ផ្លាស់​ប្តូរ​យ៉ាងអស្ចារ្យ​ដូច​ម្តេច​ខ្លះ​ ពី​មុខ​នាទី​ប្រពៃណី​របស់​ស្ត្រី​ ដែល​បាន​កើត​មាន​ មិន​ច្រើន​ពី​ ពីរ​ឬ​បី​ឆ្នាំ​កន្លង​ទៅ​នេះ​នោះ។​ សិល្បៈ​របស់​នាង​ សុគុនទេវី​មាន​អត្ថន័យ​កាច​ មិន​រាក់ទាក់​ ពីព្រោះ​ស្ត្រី​នៅ​ក្នុង​ពិភពលោក​ស្មុគស្មាញ​នេះ​ ជួប​ប្រទះ​នឹង​ការ​លំបាក​ ជាង​ពេល​ណា​ទាំង​អស់ ។

“ខ្ញុំគូរ​ពី​ជីវិត​របស់​ស្ត្រី​ ពី​ជីវិត​ខ្ញុំ។​ ជីវិត​ស្ត្រីដែល​មាន​ការ​គាប​សង្កត់​ពី​សង្គម​ ពី​ឪពុក​ម្តាយ​ដែល​បង្ខំ​កូន​ស្រី​ឲ្យ​រៀបការ​ជា​មួយ​បុរស​ដែល​ខ្លួន​មិន​ពេញ​ចិត្ត។​ គំនូរ​របស់​ខ្ញុំ​បង្ហាញ​អំពី​ការ​រើ​បម្រាស់របស់​ស្ត្រី​ពី​ប្រពៃណី ​ដែល​ហាម​ស្ត្រី​ឲ្យ​នៅ​ឆ្ងាយ​ពី​សង្គម​សហ​សម័យ​ តើ​ស្ត្រី​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ក្នុង​សម័យ​នេះ" ។

ក្រុមអ្នក​អភិរក្ស​សារមន្ទីរ​បាន​ជាប់​ចិត្ត​ជា​ខ្លាំង​ជា​មួយ​សិល្បៈ​ខ្មែរ​ ហើយ​បាន​ជាប់​ចិត្ត​នឹង​ប្រធាន​បទ​យោង​គ្នា​គឺ​ ក្រ​ឡេក​មើល​ក្រោយ​និង​សម្លឹង​ទៅ​ខាង​មុខ ។​ អ្នកស្រី Van Cleve បាន ​រឿប​រាប់​ថា​ មាន​អ្នក​សន្សំ​វត្ថុ​សិល្បៈ​ជា​ច្រើន​នាក់​ និង​ជា​ពិសេស​ក្រុម​អ្នក​អភិរក្ស​នៃ​សារមន្ទីរ​ដែល​បាន​មក​មើល​ការ​តាំង​សិល្បៈ​នេះ​ បាន​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ស្នាដៃ​របស់​ស្ត្រី​ខ្មែរ​ទាំង​ពីរ​នាក់​ ដែល​មាន​អាយុ​ស្របាលៗ​គ្នា​ ប៉ុន្តែ​មាន​ការ​ពិសោធន៍​ក្នុង​ការ​ធំ​ដឹង​ក្តី​ខុស​គ្នា ពី​ព្រោះ​តែ​ព្រេង​វាសនាដែល​ពួក​គេ​មាន​មក​ជា​មួយ ។

“ខ្ញុំបាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ពន្យល់​ថា ​ប្រទេស​កម្ពុជា​ឥឡូវ​នេះ​កំពុង​ជឿន​លឿនទៅ​មុខ​ដោយ​ឆាប់​រហ័ស​ទៅ​ក្នុង​សតវត្ស៍​ទី២១​ ដែល​កំពុង​លូត​លាស់​ និង​កំពុង​ចាប់​យក​ការ​ផ្លាស់​ប្តូរ​អ្វីៗ​ឲ្យ​ទំនើប​តាម​សហសម័យ​ នៅក្នុងល្បឿន​ដ៏​អស្ចារ្យ​មួយ” ។

អ្នកស្រី Van Cleve ក៏​បាន​ថ្លែង​ថា​ នៅ​ពេល​ណា​អ្នកស្រី​និយាយ​អំពី​កិច្ចការ​របស់​នាង​លីនដា​ប្រាប់​ភ្ញៀវ​អាមេរិកាំង​ អ្នកស្រី​និយាយអំពី​ស្ត្រី ​ដែល​មាន​ចំណេះ​វិជ្ជា​ខ្ពស់​ ធំ​ដឹង​ក្តី​នៅ​ប្រទេស​កាណាដា​ រៀន​នៅ​ប្រទេស​បារាំង​ ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ នៅ​ទី​ក្រុង New York កំពុង ​សម្លឹង​ទៅ​ក្រោយ​ដល់​ក្រុម​មនុស្ស​ ដែល​រស់​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ ដោយ​មាន​ការ​សោក​ស្តាយ​ និង​ដោយ​មាន​ការ​ចាប់​អារម្មណ៍​ ថា​តើ​នាង​ជា​នរណា​នៅ​ក្នុង​ឬស​គល់​ដើម​កំណើត​របស់​នាង ។

“អ្នក​ទៅ​មើល​រូប​គំនូរ​សិល្បះ​ភាគ​ច្រើន​ចាប់​អារម្មណ៍​ស្នាដៃ​អ្នក​ទាំង​ពីរ​ជា​ខ្លាំង ។ ​យើង​បាន​លក់​ផ្ទាំង​គំនូរ​ជា​ច្រើនរបស់​នាង​ទេវី​និង​នាង​លីនដា​ ទៅ​ឲ្យ​មនុស្ស​មាន​ចំណូល​ចិត្ត​ខុស​គ្នា​ពីរ​ក្រុម ។​ អ្នក​ខ្លះ​ចូល​ចិត្ត​ស្នាដៃ​នាង​ទេវី​ដែល​ប្រើ​ពណ៌​ស្រស់​ឆើត​និង​ប្រធានបទ​របស់​នាង​ អ្នក​ខ្លះ​ចូល​ចិត្ត​ស្នា​ដៃ​ស្រស់​ស្អាត​ស្ងៀម​ស្ងាត់​របស់​នាង​លីនដា​ អាស្រ័យ​ទៅ​លើ​ជីវភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​និង​អារម្មណ៍​ដែល​គេ​មានចំពោះ​ខ្លួន​គេ” ។

អ្នកស្រី Van Cleve បាន ​ថ្លែង​ប្រាប់​វីអូអេ​នៅ​ពេល​បញ្ចប់​ការ​សម្ភាសន៍​ដោយ​និយាយ​ថា​គំរោង​ការ​ដ៏​ធំ​មួយ​ ដែល​ភ្ជាប់​គ្នា​ជា​មួយ​និង​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​កម្ពុជា ​និង​សារមន្ទីរ Paul Getty នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១១​ ហើយការ​តាំង​ពិព័រណ៍​រូប​ចម្លាក់​សំរិទ្ធ​ “អាទិទេព​ក្រុង​អង្គរ”​ ដែល​សព្វ​ថ្ងៃ​កំពុង​ដាក់​តាំង​នៅ​សារមន្ទីរ Freer និង Sackler នៅ​រដ្ឋធានី Washington នឹង​ប្តូរ​ទៅ​តាំង​នៅ​សារមន្ទីរ Getty ។ ​ នៅ​ពេល​នោះ​ ការ​តាំង​បង្ហាញ​ដ៏​ធំ​មួយ​អំពី​កម្ពុជា​ ដោយ​មាន​ការ​សម្តែង​មហោ​ស្រព​សិល្បៈ​របាំ​ក្បាច់​បូរាណ​ខ្មែរ​ មហោស្រព​សិល្បៈគំនូរ​ មហោស្រព​សិល្បៈ​ថតរូប​ និង​មហោ​ស្រព​ខ្សែ​ភាពយន្ត ។

លោក​អ្នក​អាច​មើល​រូប​គំនូរ​របស់​វិចិត្រករ​ស្ត្រី​ខ្មែរ​តាម​គេហ​ទំព័រ​ខាង​ក្រោម​នេះ៖

www.noel-bazafineart.com ឬ www.vcfineart.com

XS
SM
MD
LG