កំពង់ធំ៖ ម្ចាស់អាងស្តុកទឹកមួយចំនួននៅជុំវិញបឹងទន្លេសាបបានលើកឡើងថា ការវាយកម្ទេចអាងរបស់ពួកគាត់ចោល បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់ ប៉ុន្តែអាជ្ញាធរអះអាងថា ការបំផ្លាញអាងទឹកទាំងនោះគឺដើម្បីរក្សាព្រៃលិចទឹកនៅជុំវិញបឹងដ៏ធំនោះ។
«វាអាក់អន់ចិត្តដែរ មិនមែនថា មិនអាក់អន់ចិត្តនោះទេ របស់គេនៅ របស់ឯងអស់នោះ។ បើឯងអ្នកមានទៅមិនថាទេ នេះឯងអ្នកក្រ។ គេទារព្រឹក ទារល្ងាច មិនជាស្រួលឯណា? ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច»។
នេះគឺជាការសម្តែងអារម្មណ៍អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងរបស់លោកគង់ ហ៊ៅ វ័យ៦៧ឆ្នាំ ជាកសិករនៅក្នុងភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ចំពោះការវាយកម្ទេចអាងទឹករបស់លោកចោលដោយអាជ្ញាធរទន្លេសាបកាលពីខែមុន នៅក្នុងយុទ្ធនាការបំផ្លាញអាងស្តុកទឹកនៅជុំវិញបឹងទន្លេសាបនេះ។
ការបំផ្លាញគឺដោយសារអាជ្ញាធរលើកឡើងថា អាងស្តុកទឹកទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះរបស់បឹងទន្លេសាបទាំងមូល ជាពិសេសគឺព្រៃលិចទឹកដែលជាទីជម្រកដ៏សំខាន់សម្រាប់ត្រីពង ត្រីកូននៅរដូវវស្សានេះ។
អង្គុយនៅលើទំនប់អាងទឹកដែលត្រូវបានឈូសឆាយរាបដល់ដីហើយនោះ លោកគង់ ហ៊ៅ មានប្រសាសន៍ថា លោកបានចំណាយប្រាក់អស់៥៥០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់អាងទឹក ទំហំ១ហិកតា ៧០អា ដែលស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីមាត់បឹងទន្លេសាប សម្រាប់ស្តុកទឹកទុកស្រោចស្រពស្រែប្រាំងរបស់លោកទំហំ៦ហិកតាដែលនៅជាប់នឹងអាងទឹកនេះ។
លោកគង់ ហ៊ៅ បានអះអាងថា ការបំផ្លាញអាងស្តុកទឹករបស់លោកនេះ បានធ្វើឲ្យជីវភាពរបស់លោកកាន់តែដុនដាប ដោយសារលោកមិនអាចធ្វើស្រែនៅជាប់នឹងអាងទឹកនេះ ដើម្បីរកចំណូលសងថ្លៃជំពាក់ធនាគារ ដែលលោកបានខ្ចីប្រាក់ សម្រាប់សាងសង់អាងស្តុកទឹកនេះកាលពីឆ្នាំ២០០៨នោះទេ។
«វានឹកឃើញថា វាក្រទៅហើយ វាជំពាក់គេទៅទៀត។ វាមិនដឹងបានអីដោះស្រាយឲ្យគេទេ។ គ្រាន់តែធ្វើបានតែមួយឆ្នាំពីរ បានបន្តិចបន្តួចក៏មិនដឹងបានអីដោះស្រាយជាមួយគេទេ»។
សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាបដែលបានបង្កើតឡើងកាលពីខែមិថុនាឆ្នាំ២០០៩ បានបើកយុទ្ធនាការរំលាយអាងស្តុកទឹកនៅតំបន់ជុំវិញបឹងទន្លេសាប តាំងពីចុងខែមិថុនាឆ្នាំ២០១០ ដើម្បីរក្សាព្រៃលិចទឹកនៅតំបន់នោះ បន្ទាប់ពីព្រៃលិចទឹកចំនួនជិត៤០ម៉ឺនហិកតាក្នុងចំណោមព្រៃលិចទឹកសរុបប្រមាណ១លានហិកតា ត្រូវបានកាប់ ឬដុតបំផ្លាញដោយប្រជាជននិងឈ្មួញខ្លះនៅក្នុងតំបន់ជុំវិញបឹងទន្លេសាបនេះ។ បឹងទន្លេសាបព័ទ្ធជុំវិញដោយខេត្តចំនួនប្រាំមួយ រួមមាន ខេត្តកំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំនេះ។
រហូតមកដល់ពេលនេះ អាជ្ញាធរបានរំលាយអាងស្តុកទឹកចំនួន៣៥ ហើយក្នុងចំណោមអាងសរុបទាំងតូចទាំងធំចំនួន ២៣៩ នៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប។ អាងទាំងនេះត្រូវបានសាងសង់ចាប់ពីទសវត្ស១៩៥០មក ដោយប្រជាជននិងឈ្មួញមួយចំនួន ដើម្បីស្តុកទឹកសម្រាប់ធ្វើស្រែប្រាំងនិងដើម្បីចាប់ត្រីនៅក្នុងអាងទាំងនេះ នៅពេលដែលទឹកទន្លេសាបចាប់ផ្តើមស្រកទៅវិញ នេះបើយោងតាមអាជ្ញាធរទន្លេសាប។
ប៉ុន្តែ លោកទ្រី ហ៊ន មេឃុំម្សាក្រង មានប្រសាសន៍ថា ការរំលាយអាងស្តុកទឹកទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំរបស់លោក។
«លុយគ្នាខ្ចីពីធនាគារ ដូចជាអេស៊ីលីដា អីហ្នឹង មិនមែនលុយគ្នាផ្ទាល់ទេ។ ខ្លះអង្គុយយំ ខ្លះសឹងនឹងចងកសម្លាប់ខ្លួនឯងក៏មានដែរ។ គ្នាជំពាក់គេដល់ថ្នាក់ហើយ។ អាហ្នឹងយកលុយចងការមកធ្វើ»។
លោក ទ្រី ហ៊ន មានប្រសាសន៍ថា ការរំលាយអាងស្តុកទឹកធំៗនៅក្នុងតំបន់បឹងទន្លេសាបនេះគឺជាការត្រឹមត្រូវដើម្បីការពារព្រៃលិចទឹក ក៏ប៉ុន្តែលោកបន្ថែមថា វាជាការសោកស្តាយដែលអាងតូចៗរបស់កសិករតូចតាចត្រូវបានរំលាយដែរនោះ ដោយលោកទ្រី ហ៊នលើកហេតុផលថា ប្រជាពលរដ្ឋភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋសរុបជាង១៧០០គ្រួសារ ឬស្មើនឹងមនុស្សចំនួនជាង ៩០០០នាក់ក្នុងឃុំរបស់លោកនេះ គឺជាប្រជាកសិករសុទ្ធសាធ ដែលពឹងផ្អែកតែទៅលើរបរធ្វើស្រែចម្ការនេះឯង។
តែទោះជាយ៉ាងនេះក្តី លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប មានប្រសាសន៍បន្ទាប់ពីបើកយុទ្ធនាការរំលាយអាងស្តុកទឹកទាំងនេះកាលពីខែមុនថា ក្រៅពីដើម្បីស្តុកទឹកសម្រាប់ធ្វើស្រែប្រាំងហើយនោះ អាងទឹកដែលត្រូវបានសាងសង់នៅជុំវិញបឹងទន្លេសាបនេះក៏ដើម្បីចាប់ត្រីផងដែរ។
លោកលឹម គានហោ ក៏មានប្រសាសន៍បន្ថែមទៀតថា អាងស្តុកទឹកខ្លះ ជាពិសេសនៅក្នុងខេត្តកំពង់ធំនេះតែម្តង ត្រូវបានសាងសង់ជាប់ៗគ្នាយ៉ាងវែង ដែលបណ្ដាលឲ្យស្ទះផ្លូវទឹកនៅពេលដែលទឹកចាប់ផ្តើមឡើងនិងស្រកវិញនោះ។
«អាងដែលគាត់ធ្វើនេះ ពិសេសនៅខេត្តកំពង់ធំនេះ គឺអាងជាប់ៗគ្នាតែម្តង ជាប់គ្នាដដឹកតែម្តង។ ដូច្នេះធ្វើឲ្យចរន្តទឹក មានន័យថា របបជលសាស្រ្តមិនអាចបែកវាលចូលទៅខាងលើបានល្អប្រសើរទេ ហើយទឹកធ្លាក់ពីលើមកវិញ ពីផ្លូវជាតិមកវិញ តាមបណ្តាស្ទឹង បណ្តាព្រែក ក៏អត់ទូលាយដូចមុនដែរ មានន័យថា វាស្ទះមុខទឹក»។
ប្រជាកសិករតូចតាច ដែលជាម្ចាស់អាងទឹកនៅក្នុងឃុំម្សាក្រង ខេត្តកំពង់ធំនេះ បានអះអាងថា ពួកគេមិនប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការរំលាយអាងស្តុកទឹកនេះទេ ប៉ុន្តែ ពួកគេលើកឡើងថា រដ្ឋាភិបាលគួរតែគិតគូរអំពីសំណងសមស្របណាមួយសម្រាប់ពួកគេ ដើម្បីឲ្យពួកគេអាចមានលទ្ធភាពដោះស្រាយបំណុលរបស់ពួកគេបាន។
ប៉ុន្តែលោកចាន់ យុត្ថា អគ្គលេខាធិការនៃអាជ្ញាធរទន្លេសាប មានប្រសាសន៍ថា រដ្ឋាភិបាលពុំមានគោលការណ៍ផ្តល់សំណងចំពោះការបាត់បង់អាងស្តុកទឹកទាំងនេះទេ ដោយលោកពន្យល់ថា អាងទាំងនេះត្រូវបានសាងសង់ឡើងដោយខុសច្បាប់។
លោកចាន់ យុត្ថាមានប្រសាសន៍បន្ថែមថា អាជ្ញាធរទន្លេសាបក៏នឹងបន្តរំលាយអាងស្តុកទឹកធំៗនៅជុំវិញបឹងទន្លេសាបនេះឲ្យអស់ បន្ទាប់ពីទឹកទន្លេសាបចាប់ផ្តើមស្រកទៅវិញនោះ៕