ពលករចំណាកស្រុកកម្ពុជាសរុបចំនួនប្រាំពីរនាក់បានត្រឡប់មកដល់ក្រុងភ្នំពេញវិញនៅរសៀលថ្ងៃសុក្រនេះបន្ទាប់ពីត្រូវគេបោកយកទៅលក់ធ្វើជាកម្មករនេសាទខុសច្បាប់នៅប្រទេសថៃអស់ជាច្រើនខែរួចមក។
ពួកគេត្រូវបានរំដោះក្រោមការជួយជ្រោមជ្រែងរបស់អង្គការក្រៅរដ្ឋាភិបាលនិងស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីពលករទាំងនេះបានរត់គេចខ្លួនពីនាវានេសាទថៃហើយបានគេចខ្លួនចូលប្រទេសម៉ាឡេស៊ី។ ពលករទាំងនេះមកពីខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពត ហើយត្រូវបានមេខ្យល់បោកយកទៅលក់ឱ្យធ្វើជាអ្នកនេសាទនៅប្រទេសថៃអស់រយៈពេលចន្លោះពី៨ខែដល់ជាង១ឆ្នាំ។
លោក ហ៊ុយ ពេជ្រសុវណ្ណ ជាមន្រ្តីកម្មវិធីផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍បានឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះបានផ្ដល់ដំណឹងដល់មជ្ឈមណ្ឌលរបស់លោក ហើយមជ្ឈមណ្ឌលរបស់លោកបានសហការជាមួយក្រសួងមានសមត្ថកិច្ចនិងមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ហើយបានរកឃើញពលករទាំងប្រាំពីរនាក់នៅរោងចក្រអារឈើពីរកន្លែងផ្សេងគ្នា។
«ពេលគាត់ធ្វើការនៅក្នុងរោងចក្រអារឈើនេះទៅគាត់បានបើកប្រាក់ខែទីមួយរបស់គាត់ម្នាក់ប្រហែលជា៩០រីងហ្គីត។ គាត់ក៏ទិញកាតទូរស័ព្ទ ហើយទូរស័ព្ទមកឪពុកម្តាយគាត់នៅផ្ទះរហូតបានឪពុកម្តាយគាត់នៅស្រុកខ្មែរនេះមកប្តឹងអង្គការសង្គមស៊ីវិលយើងទៅបានខ្ញុំចេញទៅប្រទេសម៉ាឡេស៊ីសហការជាមួយប៉ូលីសអន្តោប្រវេសន៍ម៉ាឡេស៊ីនេះរកពួកគាត់ឃើញប្រាំពីរនាក់នេះ»។
បន្ទាប់ពីមកដល់ប្រទេសកម្ពុជាភ្លាមពលករទាំងនោះត្រូវបានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ហៅកាត់ថា IOM យកទៅពិនិត្យសុខភាព ហើយក្រោយមកអ្នកទាំងនោះទៅផ្តល់ព័ត៌មានមួយចំនួននៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃ មុននឹងអង្គការលីកាដូនិងកាកបាទក្រហមកម្ពុជាផ្ដល់នូវសំភារៈប្រើប្រាស់មួយចំនួនដល់ពួកគេ។
លោកស៊ុន បារាំង អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបងបានរៀបរាប់ទាំងទឹកភ្នែកថាមេខ្យល់បានមកទាក់ទងគាត់កាលខែតុលា ឆ្នាំ ២០១០ ឲ្យទៅធ្វើជាពលករនៅប្រទេសថៃដោយមិនប្រាប់ថា លោកត្រូវធ្វើការងារអ្វីនោះទេ។ ក៏ប៉ុន្ដែមេខ្យល់បានសន្យាថា លោកនឹងទទួលបានប្រាក់ខែយ៉ាងតិចចំនួន ៨.០០០ បាត គឺស្មើនឹងជាង២០០ដុល្លារអាមេរិក។
លោកស៊ុន បារាំង បន្ថែមថា ដោយសារជីវភាពមានការខ្វះខាតបានបណ្តាលឱ្យលោកបង្ខំចិត្តទៅតាមមេខ្យល់ ក៏ប៉ុន្តែទីបំផុតគាត់ត្រូវបានគេយកទៅលក់ធ្វើជាទាសករនៅលើទូកនេសាទទៅវិញ។
លោកបានឱ្យដឹងបន្តថាលោកទៅប្រទេសថៃនេះមានគ្នាចំនួន៤នាក់តែនៅពេលឡើងទូកត្រូវបានគេបំបែកមិនឱ្យនៅជុំគ្នានោះទេរហូតមកដល់ពេលនេះ៣នាក់ទៀតនោះបាត់ដំណឹងមិនដឹងថាយ៉ាងម៉េចនោះទេ។
«ពេលដែលខ្ញុំបានទៅដល់កំពង់ផែប្រទេសថៃបាតណាម គេក៏បង្ខំឱ្យចុះទូកបង្ខំឱ្យរកត្រីឱ្យគេនៅកណ្តាលសមុទ្រធ្វើគ្មានកំណត់ថ្ងៃទេ កំណត់ម៉ោងទេ ឱ្យតែម៉ោងរកត្រីលើកអួនគឺគិតតែពីលើកហើយគឺស្លាប់គេអត់ដឹងទេ»។
លោកបារាំងបានបញ្ជាក់ថាអ្នកដទៃទៀតដែលទៅជាមួយគ្នាគឺក្មួយគាត់ពីរនាក់និងប្អូនធម៌ម្នាក់។
«រួចតែខ្ញុំតែម្នាក់ដល់កន្លែងរកត្រីវាបំបែកទូកគ្នាម្នាក់មួយៗវាមិនឱ្យនៅជុំគ្នានោះទេ ខ្ញុំមកដល់ស្រុកខ្មែរបារម្ភពីក្មួយទៀត»។
លោកទិត្យ សុភ័ក្រ អាយុ២៩ឆ្នាំមានស្រុកកំណើតនៅខេត្តបាត់ដំបងដូចគ្នា។ លោករៀបរាប់ថាក្រៅពីធ្វើការជាកម្មករទូកនេសាទថៃដោយមិនទទួលបានប្រាក់ខែ កម្មករទាំងឡាយត្រូវទទួលរងការធ្វើទារុណកម្មពីសំណាក់ថៅកែ និងមិនបានហូបចុកគ្រប់គ្រាន់ទៀតផង។ លោកទិត្យ សុភ័ក្រ បានបន្ថែមថា កម្មករខ្លះត្រូវបានសម្លាប់ទម្លាក់ចូលក្នុងសមុទ្រទៀតផង។
លោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ពលករទាំងប្រាំពីរនាក់នេះស្ថិតក្នុងចំណោមពលករចំណាកស្រុក១២នាក់ដែលបានរត់គេចចេញពីទូកនេសាទរបស់ថៃ បន្ទាប់ពីទទួលរងការធ្វើទារុណកម្មពីសំណាក់ថៅកែ។ ហើយពលករចំនួន៥នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួននៅឡើយ។
លោក ជីវ ផល្លី បានឱ្យដឹងបន្តថា ពលករចំណាកស្រុកដោយខុសច្បាប់តាមរយៈមេខ្យល់អូសទាញប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត។
«កាលណាគាត់ឆ្លងដែនទៅតាមមេខ្យល់ដោយមិនដឹងឈ្មោះច្បាស់លាស់មិនដឹងសាវតារបស់អ្នកនោះហើយគាត់មិនមានឯកសារអ្វីត្រឹមត្រូវទេគឺគាត់ងាយរងគ្រោះទីមួយអន្តោប្រវេសន៍ខុសច្បាប់ទី២រងគ្រោះការបាញ់សម្លាប់នៅពេលដែលឆ្លងដែនទី៣បើសិនគាត់ទៅដល់រោងចក្រសហគ្រាសគាត់ងាយរងគ្រោះពីការកេងប្រវ័ញ្ចពលកម្មបើខាងស្រីងាយពីការកេងប្រវ័ញ្ចផ្លូវភេទឬរំលោភឬក៏ទាសករដាច់ថ្លៃឬក៏អាចលក់ពីកន្លែងមួយទៅកន្លែងមួយ»។
ចាប់តាំងពីឆ្នាំ២០១០រហូតមកដល់ពេលនេះពលករចំណាកស្រុកចំនួន៦១នាក់ក្នុងនោះប្រមាណជា១០នាក់ជាស្រ្តីត្រូវបានជួយសង្គ្រោះពីការរំលោភសិទ្ធិការងារ ការធ្វើទារុណកម្មលើរាងកាយ និង ផ្នែកស្មារតី ក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទីម័រខាងកើត និងអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមលោក ជីវ ផល្លី ។
លោក អន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជាបានឱ្យដឹងថា ភាគច្រើនពលករចំណាកស្រុកខុសច្បាប់តែងតែប្រឈមជាខ្លាំងនឹងបញ្ហាជាច្រើនដូចជាការរំលោភសិទ្ធិការងារ និងការធ្វើទារុណកម្មជាដើម។ ក៏ប៉ុន្តែពលករដែលទៅធ្វើការដោយស្របច្បាប់ មិនមានការជួបបញ្ហាធ្ងន់ធ្ងរបែបនេះនោះទេ។
«កើតឡើងតែចំពោះអ្នកខុសច្បាប់តែម្តងដែលមានការលំបាកពីព្រោះកាលណាគាត់ទៅគ្មានឯកសារអញ្ចឹងប៉ូលិសក៏គាត់អត់ចង់ជួបដែរដូច្នេះហើយជួនកាលយើងឃើញហើយមានការលំបាកគាត់ត្រូវលួចតេមកផ្ទះដើម្បីឱ្យមានការជួយសង្គ្រោះទាំងនេះហើយដែលជាបញ្ហា»។
ទោះបីជាយ៉ាងណាក៏ដោយកាលពីថ្ងៃទី១៧ខែកក្កដានេះ ពលការីនីម្នាក់ដែលបានទៅធ្វើការស្របច្បាប់នៅប្រទេសម៉ាឡេស៊ីបានស្លាប់។ ក្រុមហ៊ុនបានអះអាងថា ក្មេងស្រីនេះមានជំងឺទឹកចូលសួត។ ក៏ប៉ុន្តែក្រុមអង្គការក្រៅរដ្ឋាភិបាលបានចាត់ទុកការស្លាប់នេះនៅមានមន្ទិលសង្ស័យទៅលើការធ្វើទារុណកម្មដោយករណីនេះកំពុងធ្វើការស៊ើបអង្កេត។
ស្របពេលជាមួយគ្នានេះលោក មឿន តុលាប្រធានកម្មវិធីផែ្នកសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍បានឱ្យដឹងថាពលករចំណាកស្រុកទាំងស្របច្បាប់និងខុសច្បាប់កំពុងប្រឈមជាខ្លាំងក្នុងការរំលោភបំពានសិទ្ធិការងារនិងការធ្វើទារុណកម្មផ្សេងៗលើរាងកាយ។
លោក អន ប៊ុនហាក់ បានឱ្យដឹងបន្តថាជារៀងរាល់ឆ្នាំមានពលករចំណាកស្រុកស្របច្បាប់ប្រមាណជា ៣០.០០០ទៅ៤០.០០០នាក់ចាប់តាំងពីឆ្នាំ១៩៩៥ មកដើម្បីស្វែងរកការងារដូចជាបម្រើការនៅតាមផ្ទះធ្វើ សំណង់និងនៅតាមរោងចក្រជាដើម។ ហើយរហូតមកដល់ពេលនេះមានពលករចំណាកស្រុកស្របច្បាប់យ៉ាងហោចណាស់ប្រមាណជា៨០.០០០នាក់ នៅប្រទេសជប៉ុន កូរ៉េ ថៃ និងម៉ាឡេស៊ី។
ក៏ប៉ុន្ដែលោក ប៉ាន់ប្រមាណថាពលករចំណាកស្រុកខុសច្បាប់អាចមានចំនួនច្រើនជាងនេះយ៉ាងខ្លាំង គឺអាចមានចំនួនរហូតដល់ប្រមាណជា៣០០.០០០នាក់ រហូតមកទល់ពេលនេះ។ បន្ថែមពីនោះប្រមាណពី៨០.០០០ទៅ១០០.០០០ នាក់ បានធ្វើចំណាកស្រុកជារៀងរាល់ឆ្នាំ៕