ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីនយោបាយការពារជាតិរវាងប្រទេសទាំងពីរ សំដៅពង្រឹងសមត្ថភាពនិងបណ្តុះបណ្តាលជំនាញយោធាកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យប្រទេសកម្ពុជាបន្តដើរលើផ្លូវប្រសើរឡើងប្រកបដោយតម្លាភាព អភិបាលកិច្ច ល្អឆន្ទៈចំពោះនីតិរដ្ឋការអភិវឌ្ឍស្ថិតស្ថិរតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ការការពារប្រទេសរវាងសហរដ្ឋអាមេរិកនិងកម្ពុជានេះបានផ្តោតសំខាន់ទៅលើផ្នែកនានានៃសហប្រតិបត្តិការទ្វេភាគី ហើយបាននិយាយពីបញ្ហាសន្តិសុខក្នុងប្រទេស និងក្នុងតំបន់ដែលជាកង្វល់រួម។
នៅថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការពារប្រទេសអាមេរិកបានអំពាវនាវឲ្យប្រទេសកម្ពុជាធ្វើកំណែទម្រង់ការពារជាតិសម្រាប់ចូលរួមចំណែកដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
ការកត់សម្គាល់របស់លោកបានធ្វើឡើង បន្ទាប់ពីការិយាល័យរបស់លោករដ្ឋមន្ត្រីការពារប្រទេសរបស់សហរដ្ឋអាមេរិក និងកងយោពលខេមរៈភូមិន្ទ បានផ្តើមធ្វើជាលើកដំបូងនូវការពិភាក្សាស្តីពីនយោបាយការពារជាតិរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជានៅក្នុងទីក្រុងភ្នំពេញ។
លោក Derek Mitchell ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកដែលរួមមានតំណាងមកពីការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្រសួងការបរទេសសហរដ្ឋអាមេរិក សេនាធិការចម្រុះ និងបញ្ជាការដ្ឋាននៃកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ទៅជួបពិភាក្សាជាមួយលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកនាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ។
លោក Derek Mitchell បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញថា លោកបានលើកទឹកចិត្តដល់ប្រទេសកម្ពុជាឱ្យធ្វើកំណែទម្រង់ការពារជាតិ។
លោក Derek Mitchell បានបញ្ជាក់ថា គោលបំណងនៃការពិភាក្សាផ្នែកការពារប្រទេសនេះគឺដើម្បី បញ្ជាក់ពីឆន្ទៈរបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ក្នុងការជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការពង្រឹងកម្លាំងទ័ពឲ្យមានជំនាញច្បាស់លាស់ ហើយទន្ទឹមនឹងនោះ លើកទឹកចិត្តឲ្យប្រទេសកម្ពុជាបន្តដើរលើផ្លូវប្រសើរឡើងប្រកបដោយតម្លាភាព អភិបាលកិច្ចល្អ សុឆន្ទៈចំពោះនីតិរដ្ឋ ការអភិវឌ្ឍស្ថិតស្ថិរតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោក Derek Mitchell បានបន្ថែមថា ការពិភ្សាផ្នែកកិច្ចការការពារប្រទេសរវាងសហរដ្ឋអាមេរិក និងកម្ពុជានេះ បានផ្តោតសំខាន់ទៅលើផ្នែកនានានៃសហប្រតិបត្តិការទ្វេភាគី ហើយបាននិយាយពីបញ្ហាសន្តិសុខក្នុងប្រទេស និងក្នុងតំបន់ដែលជាកង្វល់រួម។
លោក Derek Mitchell បានបន្តថា «កិច្ចសហប្រតិបត្តិការដែលយើងផ្តោតការយកចិត្តទុកដាក់នោះ រួមមានយន្តការកំណែទម្រង់ផ្នែកការពារប្រទេស ការថែរក្សាសន្តិភាព ជំនួយមនុស្សធម៌ ជំនួយគ្រោះមហន្តរាយ ការប្រឆាំងការរត់ពន្ធគ្រឿងញៀន ការប្រឆាំងភេរវកម្ម ការបង្រៀនជំនាញយោធាអាជីពនិងយន្តការសន្តិសុខតំបន់»។
លោក Derek Mitchell បានថ្លែងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកបានទៅទស្សនកិច្ចកន្លែង មួយចំនួន ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថែរក្សាសន្តិភាពនៅក្នុងខេត្តកំពង់ស្ពឺ កម្លាំងពិសេស ប្រឆាំងភេរវកម្មថ្នាក់ជាតិ និងទីកន្លែងមួយចំនួនទៀតដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
លោក Derek Mitchell បានបញ្ជាក់ថា «ប្រទេសកម្ពុជាជាអ្នកចូលរួមវិភាគទានយ៉ាងសំខាន់ដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។
លោក Derek Mitchell ក៏បានជួបប្រជុំផងដែរជាមួយថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សានូវដំណើរទស្សនកិច្ចរបស់លោក និងការស្តាប់នូវទស្សនៈរបស់គេស្តីពីទំនាក់ទំនងសហប្រតិបត្តិការយោធានេះ៕