ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម​រង្ស៊ី​ស្វះស្វែង​ឲ្យ​តុលាការ​អន្តរ​ជាតិ​ចាប់​ខ្លួន​ហ៊ុន​សែន


លោក​សម រង្ស៊ី​ ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៩។ ការ​កាត់​ទោស​លោក​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ប្រឈម​មុន​នឹង​ការ​ជាប់​ពន្ធនាគារ ​​សរុប​រហូត​ដល់​១២​ឆ្នាំ តែ​​​ថ្មីៗ​នេះ​លោក​ក៏​បាន​ស្វះ​ស្វែង​រក​ការ​​ចាប់​ខ្លួន​លោក​ហ៊ុន​សែន​នៅ​ក្រៅ​ប្រទេស
លោក​សម រង្ស៊ី​ ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៩។ ការ​កាត់​ទោស​លោក​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ប្រឈម​មុន​នឹង​ការ​ជាប់​ពន្ធនាគារ ​​សរុប​រហូត​ដល់​១២​ឆ្នាំ តែ​​​ថ្មីៗ​នេះ​លោក​ក៏​បាន​ស្វះ​ស្វែង​រក​ការ​​ចាប់​ខ្លួន​លោក​ហ៊ុន​សែន​នៅ​ក្រៅ​ប្រទេស

មេ​ដឹក​នាំ​គណបក្ស​ជំទាស់​លោក សម រង្សីដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ កំពុង​ស្វះស្វែង​រក​ការ​គាំ​ទ្រ​នៅ​ជុំវិញ​ពិភពលោក និង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ផ្សេងៗ​ ឲ្យ​ចាប់​មេដឹក​នាំ​ខ្មែរ​លោក ​ហ៊ុន ​សែន ដើម្បី​ទៅ​កាត់​ទោស​ពី ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​នានា​ដែល​បាន​កើត​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ​១៩៨០ និង១៩៩៨។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​លោក សម រង្សី​កាល​ពី​ចុង​សប្តាហ៍​ ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ពិធី​ជប់​លៀង​ បើក​សមាជគណបក្ស​ក្នុង​ទី​ក្រុងម៉ុង​ រ៉េ​អាល់​ប្រទេស​កាណាដា។ លោក​ថ្លែង​ដូច្នេះ​ថា៖

«យើង​ត្រូវ​ប្តឹង​នៅ​តុលាការ​ទាំងអស់​ឲ្យ​គេ​ចាប់​ហ៊ុន​ សែន​តែ​ម្តង​មិន​ចាំ​បាច់​ ឆ្នាំ​២០១៣ទេ​បង​ប្អូន​ កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ហើយ​ម្តង​នេះ​អត់​ ថយ​ទេ​បង​ប្អូន​ពីព្រោះ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា លើក​នេះ មិន​មែន​តវ៉ា​ដើម្បី​ដោះ​ដូរ​ឲ្យ​រូប​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​វិញ​ទេ​ ខ្ញុំ​អត់​ចង់​ទៅ​ស្រុក​ខ្មែរ​វិញ​ទេ​ ដរាប​ណា​ហ៊ុន ​សែន​នៅ​តែ​បំផ្លាញ​ជាតិ នៅ​តែ​បម្រើ​យួន​ ខ្ញុំ​អត់​ទៅ​ក៏​បាន​ដែរ។ ខ្ញុំ​ចាំ​ហ៊ុន​ សែន​ធ្លាក់​ពី​អំណាច​ ឬ​ជិត​ធ្លាក់​បាន​ខ្ញុំ​ទៅៗ​រុញ​ឲ្យ​ធ្លាក់ឲ្យ​បាន​ឆាប់​តែ​ម្តង»។

បទ​ឧក្រិដ្ឋកម្ម​ចំនួន​៤​ ដែលលោក​ សម រង្សី មេដឹក​នាំ​គណបក្ស​ជំទាស់​បាន​ដាក់​ពាក្ស​ប្តឹង​ ហើយ​កំពុង​រៀបចំ​ដាក់​ពាក្យ​ប្តឹង​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន និង​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​កាន់​តុលាការ​ក្រុង​ញូវ យ៉ក សហរដ្ឋ​អាមេរិក​ តុលាការ​ប្រទេស​ អេស្ប៉ាញ​ តុលាការ​ប្រទេស​ប៊ែលហ្សិក​ ប្តឹង​ទៅ​តុលាការ​ប្រទេស​ហូឡង់​ ក្នុង​ពេល​ដែល​លោក​ទើប​ត្រូវបានតុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​ចំនួន​១២ឆ្នាំ​ពី​បទ​ដក​តម្រុយបង្គោល​ព្រំដែន​កម្ពុជា ​វៀតណាម និង​ការ​ក្លែង​ឯកសារ​ព្រំដែន។ បទ​ឧក្រិដ្ឋ​ទាំង​នោះ​មាន​ករណី​គប់​គ្រាប់​បែក​ដៃ​ថ្ងៃ ៣០ ខែ មិនា ឆ្នាំ​១៩៩៧ ទៅ​លើ​ហ្វូង​បាតុករ​អហឹង្សា​នៅ​មុខ​រដ្ឋសភា​ដែល​មាន​មនុស្ស​យ៉ាង​តិច​១៦​នាក់​ស្លាប់ និង​របួស​ជាង​១០០​នាក់។ លោក​ សម រង្សី​បាន​ប្តឹង​រួច​ហើយ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ ទៅ​កាន់​តុលាការ​ក្រុង​ញូវ យ៉ក។ ករណី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង និង​មន្ត្រី​ហ្វ៊ុន​ស៊ីន​ប៉ិច ជាង​១០០​ នាក់​ដែល​ត្រូវាម្លាប់​ក្នុង​អំពើ​រដ្ឋប្រហារ​ថ្ងៃ ៥​ និង​៦​ខែ​កក្កដាឆ្នាំ១៩៩៧។ ករណី​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករអហឹង្សាចុង​ឆ្នាំ​១៩៩៨​ដែល​មាន​ពលរដ្ឋ និង​ព្រះសង្ស​ចូល​រួម។ ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង និង​មនុស្សជាតិ​ចំពោះ​ការ​ស្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ក្នុង​ផែនការ «ក៥» ​ដោយ​សារ​ការ​ជាន់​មីន​ ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ជា​ដើម កាល​ពីទស្សវត្ស​ឆ្នាំ​១៩៨០។ លោក​បន្ត​ថា៖

«ប៉ុន្តែ​ពេល​នោះ​គឺ​ផែនការ «ក៥» ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​រាប់ម៉ឺន​ ចូល​សែន​នាក់​ អញ្ចឹង​ហើយ​បាន​ជា​យើង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​ឲ្យ​គេ​ចាត់​ការ​ហ៊ុន​ សែន​ ឲ្យ​គេ​ចាប់​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​ដូច​ប្រធានាធិបតីប៉ាណាម៉ា លោកមែនូអែ ណូរីហ្កា (Manuel Noriega) ដែល​កងទ័ព​អាមេរិកាំង​ចាប់​យក​ទៅ​ដាក់​គុគ​ ឥឡូវ​នៅ ​ក្នុង​គុគ​នៅ​ឡើយ​ ​អតីត​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា​ លោក ឆាយស៍ ថេល័រ (​Charles ​Taylor) ដែល​តុលាការ​អន្តរជាតិ​បាន​ចាប់​យក​ទៅ​កាត់​ទោស។ ឥឡូវ​នៅ​ក្នុង​គុគ។ ខ្ញុំ​ជឿ​ថា៖ លោក​ហ៊ុន​ សែន​ជៀស​មិន​ផុត​ពី​វាសនា​ណូរីហ្កា និង ឆាលស៍ ថេល័រ ​ជា​ពុំ​ខាន»។

លោក សម រង្ស៊ី ក៏​បាន​លើក​យក​ឧទាហរណ៍​ការ​លុប​ចោល​ទស្សនៈកិច្ចរបស់លោក​ស៊ូស៊ីឡូ បាមបាង យូដូយ៉ូ​នូ (Susilo ​Bambang ​Yudhoyono) ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទៅ​កាន់​ហូឡង់​កាល​ពី​សប្តាហ៍មុន​មក​បញ្ជាក់​ជា​ឧទាហរណ៍​ផង​ដែរ​ទាក់​ទងនឹង​រឿង​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​អាច​ត្រូវ​ចាប់​ខ្លួន​ក្រោម​ពាក្យ​ប្តឹង​ចោទ​ប្រកាន់​ រឿង​រំលោភ​សឹទ្ធិ​មនុស្ស។ លោក សម ​រង្សី បាន​អះអាង​បន្ថែម​ទៀត​ថា វិធី​សម្រាប់ស្រោច​ស្រង់​កម្ពុជា​ គ្មាន​ផ្លូវ​ណា​ផ្សេង​ទៀត​ក្រៅ​ពី​វិធី​របៀប​ចំណាត់​ការ​តាម​ផ្លូវ​តុលាការ​ អន្តរជាតិ​នេះ​ទេ។

ប្រតិកម្ម​ទៅ​នឹង​សេចក្តី​អត្ថាធិប្បាយ​របស់​លោក​ សម រង្សី លោក ផៃ ​ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខា​ធិការ បាន​អះអាង​ថា​គ្មាន​ច្បាប់​គតិយុត្ត​ណា​អាច​ចោទ​ប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​តែ​ការ​ប្តឹង​របស់​លោក​ សម រង្សី នោះទេ។ ក្រៅ​ពី​ចាត់​ទុក​ថា ការ​ប្តឹង​ផ្តល់​ឲ្យ​ចាប់ខ្លួន​លោក​នាយករដ្ឋ​ មន្ត្រី​ ហ៊ុន សែន​ជា​ការ​ស្រមើ​ស្រមៃ​ និង​ជា​រឿង​រ៉ាវ​ដែល​មិន​អាច​ទៅ​រួច​នោះ​ លោក​ ផៃ ស៊ីផាន​បាន​អះអាង​ថា ​កម្ពុជា​មិន​មានពួក​ផ្តាច់ការ​ ពួក​ឈ្នួល​សង្រ្គាមដែល​ឲ្យ​តុលាការអន្តរជាតិកាត់​ទោស ​ឬ​ចាត់​វិធានការ​បាន​ទេ។ មួយ​វិញ​ទៀត​ លោក​នាយករដ្ឋមន្ត្រី​មិន​មែន​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ លោក ហ៊ុន សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​កើត​ចេញ​ពី​ការ​បោះឆ្នោត។​ លោក​ថ្លែង​ដូច្នេះ​ថា៖

«ដោយសារ​ហេតុ​ដូច្នេះ​ហើយ​មិន​មាន​ករណី​អី​គ្រប់គ្រាន់​ដូច​ជា​ពួក​ War Lord​ ឬ​ ពួកមេកន្ទ្រាញ​ ឬ​ពួក​ដែល​កាប់សម្លាប់​រង្គាល​ដទៃ​ទៀត​ដែល​គេ​បាន​ធ្វើ​ តាម​រយៈ​តុលាការ​អន្តរជាតិ។ ដូច្នេះ​នេះ​ជា​ការ​ស្រមើ​ស្រមៃ គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​មួយ​ដើម្បី​បំពុល​បរិយាកាស​អន្តរជាតិ​ក្នុង​ការងារ​មួយ​ដើម្បី​ផល​ ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ឯកឧត្តម សម រង្ស៊ីតែ​ប៉ុណ្ណោះ គឺ​គ្មាន​អ្វី​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ក្នុងការ​ភ័យ​ខ្លាច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​រាជា​ណាចក្រ​កម្ពុជា​ ដោយ​សារ​ប្រជា​ពលរដ្ឋ​ជា​អ្នក​គាំទ្រ​សម្តេច​តេជោ​ហ៊ុន សែន»។

លោក ផៃ ស៊ីផានឲ្យ​ដឹង​ថា លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មាន​ស្ថានទូត​បរទេស​ មាន​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ដែល​គ្មាន​ឃើញ​ អ្វី​ប្រែរ​ប្រួល​ទេ។

ថ្លែង​ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍មុន​លោក​ ជាម ​យៀប​ មន្រ្តី​ជាន់​ខ្ពស់​របស់​ គណៈបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា​គណៈបក្ស​ប្រជាជន​កម្ពុជា​បាន​ ការពារ​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ថា​ គ្មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ ដែល​លោក​សម រង្ស៊ី​បាន​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ និង​ដើម្បី​តែ​ប្រជាភិថុតិ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ។ លោក​មាន​ប្រសាសន៍​ថា៖

«មិន​ដែល​មេ​ខ្ញុំ​ណា​មួយ​ដូច​ជាសម្តេច ជា ស៊ីម ក្តី ​សម្តេច​ហេង សំ រិន​ ក្តី ​ សម្តេច ​ហ៊ុន សែន​ ក៏​ដោយ​ ឬ​ក៏​ឯកឧត្តម​ផ្សេងៗ​ទៀត​ហ្នឹង​ មិន​ដែលធ្វើ​អំពើ​អាក្រក់​ អី​ណា​នោះ​ទេ។ អញ្ចឹង​ទេ ប្រជាជន​គេ​មិន​ស្រឡាញ់​ទេ នៅ​កម្ពុជា​ ហើយ​សក្ខីភាព​ និង​យុត្តធម៌ដែល​ផ្តល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់​ដឹកនាំ​ គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លទ្ធផល​ការ​បោះឆ្នោត​សកល និង​អសកល​ កន្លង​មក»។

មេដឹកនាំ​គណបក្ស​ជំទាស់បាន​ថ្លែង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អាមេរិក​វិញ មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ប្រមូល​ហត្ថលេខា និង​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​នៅ​បណ្តាប្រទេស​អឺរ៉ុប និង​បណ្តា​សភា​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​បារីស​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ​រស់​ឡើង​វិញ​ ដើម្បី​ជាប្រយោជន៍ ដែល​លោក​ សម រង្ស៊ីអះអាង​ថា​ ធ្វើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ មាន​ប្រជាធិបតេយ្យ​ពិត​បា្រកដ មាន​សេរីភាព​ពេញ​លេញ​ មាន​ការ​ធានា​ឯករាជ្យ​ភាព​ បូរណៈភាព​ទឹក​ដី​ពេញ​លេញ​ជា​ដើម​ ដែល​ លោក​ចាត់​ទុក​ថា​ បញ្ហា​ទាំង​ឡាយ​នេះ​ពុំ​ទាន់​មាន​ការ​គោរព​ និង​កើត​ឡើងនៅ​កម្ពុជា​នៅ​ឡើយ​។ លោក​បន្តថា៖

«ប្រទេស​ទាំងអស់​នោះ​គឺ​មាន​កាតព្វកិច្ច​ បាន​សន្យា​លើ​កិច្ច​ព្រមព្រៀង​ទី​ ក្រុង​បារីស​ថា ធានា​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឯករាជ្យ បូរណៈភាព​ទឹកដី​ ឥឡូវ​ឯករាជ្យ​កន្លែង​ណា? បូរណៈភាព​ទឹកដី​កន្លែង​ណា? មាន​សិទ្ធិ​សេរីភាព​ សិទ្ធិសេរីភាពកន្លែង​ណា? ត្រូវ​គេ​ជាន់​ឈ្លី​ដូច​សព្វ​ថ្ងៃ ត្រូវ​គេ​ជិះជាន់​ដូច​សព្វ​ថ្ងៃ​ ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ លទ្ធិប្រជាធិបតេយ្យ​កន្លែង​ណា?​ ឲ្យ​មាន​តុលាការ​ឯករាជ្យ គឺ​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទី​ក្រុង​បារីស​ទាំងអស់​ តុលាការ​ ឯករាជ្យ​កន្លែង​ណា? ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ ឥឡូវ​បោះឆ្នោត​ត្រឹមត្រូវ​កន្លែង​ណា? ​វា​ខុស​ វា​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀងទី​ក្រុង​បារីស​ទាំងអស់»។

លោក​ ​អះអាង​ថា ដើម្បី​ធ្វើ​កិច្ចការ​អស់​នេះ លោក​ត្រូវ​នៅ​ក្រៅ​ប្រទេស​ដើម្បី​មាន​សរីភាព​គ្រប់គ្រាន់​ជៀស​វាង​ការ​ចាប់​ខ្លួន និងការ​បំបិទ​សិទ្ធិ​សេរីភាព​ផ្សេងៗ។

ក្រុម​មន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ ដោយ​អះអាង​ថា កម្ពុជា​បាន​បំពេញ​អស់​ហើយ នូវកិច្ច​ព្រមព្រៀងទីក្រុង​បារីស​ គឺ​សន្តិភាព​ ស្ថេរភាព និង​ការអភិវឌ្ឍ​ផ្សេងៗ។ ហើយ​កម្ពុជា​ កំពុង​ពង្រឹង​ច្បាប់ និងការ​អនុវត្ត​ច្បាប់ និង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។ លោក​ ជាម​ យៀប​បាន​បញ្ជក់​ដែរ​ថា៖

«ការ​ចោទ​ប្រកាន់​របស់​គាត់​ហ្នឹង ខ្ញុំ​ទទួល​យក​មិន​បាន​ទេ។ គឺ​ថា​យើង​ខ្ញុំ​សុំ​បដិសេធ​ទាំងស្រុង ដោយសារ​អញ្ចេះ​ នៅ​រដ្ឋសភា​ក្តី​ នៅ​រាជ​រដ្ឋាភិបាល​ក្តី កំពុង​ យក​ច្បាប់​ធ្វើ​ជា​មូលដ្ឋាន​ គោរព​អនុវត្ត​តាម​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ និង​ពង្រឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ យោង​ទៅ​តាម​មាត្រា​៣១​ ជំពូក​ទី៣​នៃ​រដ្ឋធម្មនុញ្ញ​១៩៩៣ និង​យោង​ទៅ​តាម​មាត្រា​ទី​៤១​នៃ​រដ្ឋធម្មនុញ្ញ​ជំពូក​ទី៣​ដែរ»។

លោក សម រង្ស៊ី បាន​បដិសេធ​ថា លោក​មិន​បាន​សុំ​ទោស លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៦ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ចូល​ទៅ​កាន់​ប្រទេស​វិញ​ទេ ហើយ​បាន​អះអាង​ថា ការ​តស៊ូរ​របស់​លោក​ពេល​នេះ​មិន​មែន​យក​ជនជាតិ​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ​ទេ តែ​គឺ​ដើម្បី​ស្រោច​ស្រង់​ប្រទេស​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​វៀតណាម។ មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​បាន​អះអាង​ថា ការ​តស៊ូ​បែបចោទ​ ប្រកាន់ថា បរទេស​ជិះជាន់​ឈ្លានពាន ដែលវិធី​ដើម្បី​យក​ជ័យជំនះ​ផ្នែក​នយោបាយ​នោះ ជា​រឿង​ហួស​សម័យ៕

XS
SM
MD
LG