អ្នកស្រីជា គីម ដែលបច្ចុប្បន្ននេះ កំពុងរស់នៅសហរដ្ឋអាមេរិក ក្នុងឋានៈជាជនភៀសខ្លួនដែល បានអះអាងនៅក្នុងពាក្យបណ្តឹងថា ជាភរិយារបស់ហូ សុខ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលត្រូវ បានបាញ់សម្លាប់កាលពីថ្ងៃទី០៥ ទី០៦ ខែកក្កដាឆ្នាំ១៩៩៧នោះ នៅថ្ងៃពុធនេះ បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការទៅអង្គភាពប្រឆាំងអំពើពុករលួយចំពោះមន្រ្តីក្នុងរដ្ឋាភិបាលចំនួន២៩រូប និងចៅក្រម ចំនួន៦រូបផ្សេងទៀត ពីបទលួច និងសមគំនិតនៅក្នុងអំពើពុកលួយលក់ដីរបស់លោកហូ សុខ ចំនួនជាង ១៣ ហិកតានៅស្រុកស្អាងខេត្តកណ្តាល។
នៅក្នុងពាក្យបណ្តឹងមួយច្បាប់ ដែលវីអូអេ សំឡេងសហរដ្ឋអាមេរិកបានទទួល បានឲ្យដឹងថា មន្រ្តីរដ្ឋាភិបាលចំនួនទាំង២៩រូបនោះរួមមាន អតីតអភិបាលរងខេត្តកណ្តាល អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច មន្ទីរសុរិយោដីខេត្តកណ្តាល ទេសរដ្ឋមន្រ្តី នាយកសាលាចៅក្រម និងជាអតីតអភិបាលស្រុកស្អាងជាដើម។ ចំណែកចៅក្រមចំនួន៦រូប ភាគច្រើនជាចៅក្រមជំនុំជម្រះនៅក្តីនេះ ហើយបច្ចុប្បន្នមានតួនាទីជា អនុប្រធានតុលាការកំពូល ចៅក្រមស៊ើបសួរនៅក្នុងសាលាក្តីខ្មែរក្រហម និងចៅក្រមជំនុំជម្រះនៅក្នុង តុលាការកំពូល។
មន្រ្តីប៉ូលីសមួយរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះ ហើយបានអះអាងថា តំណាងអ្នកស្រីជា គីម ភរិយារបស់លោកហូ សុខ បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយ និងវីអូអេ សំឡេងសហរដ្ឋអាមេរិក ថា ការរំលោភយកដីរបស់លោក ហូ សុខ បានធ្វើឡើងជាលក្ខណៈប្រព័ន្ធ បន្ទាប់ពីលោកហូ សុខ ត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ១៩៩៧។
លោកបានមានប្រសាសន៍ទៀតថា ដីនេះមានទីតាំងនៅក្នុងភូមិមួយ ភូមិពីរ ឃុំស្វាយរលំ ស្រុក ស្អាង ខេត្តកណ្តាល ហើយលោកហូ សុខ បានទិញមានឯកសារត្រឹមត្រូវ ក៏ប៉ុន្តែក្រោយមកតុលាការរដ្ឋប្បវេណី បានកាត់ក្តីទៅឲ្យអ្នកទទួលផលចោរកម្ម ដែលផ្ទុយពីដីកាព្រហ្មទណ្ឌរបស់តុលាការ ។
«ដីធ្លីនេះ គឺពេលដែលឯកឧត្តមហូ សុខ ស្លាប់នៅឆ្នាំ១៩៩៧ ហើយនៅឆ្នាំ១៩៩៨ លោកប្រាក់ សាវុធ ធ្វើលិខិតក្លែង ។ក្លែងថា ខ្លួនជាអភិបាលរងខេត្ត ខ្លួនដឹងច្បាស់ថាដីនេះ ជាដីរបស់ឯកឧត្តមហូ សុខ ក៏ប៉ុន្តែខ្លួននៅតែប្រព្រឹតិ្តល្មើស ក្លែង ហើយក្នុងនោះក៏មានចំណារអភិបាលខេត្ត ដើម្បីឲ្យធ្វើដីជូនទៅក្រុម គ្រួសាររបស់ឯកឧត្តមហូ សុខ ដូចជាតំណាងរាស្រ្តរបស់គណបក្សហ្វុនស៊ិនប៉ិច»។
លោកប្រាក់ សាវុធ ជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ដែលមានឈ្មោះនៅក្នុងបញ្ជីចោទប្រកាន់ ថា បានរំលោភយកដីរបស់លោកហូ សុខ មិនបានឆ្លើយទៅ និងការចោទប្រកាន់នេះទេ ។
ដោយលោកបានអះអាងថា លោកមានជម្ងឺ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យ ។
«ពាក់ព័ន្ធបញ្ហានេះ ខ្ញុំឈឺ ខ្ញុំសូមទោស ខ្ញុំអត់អាចរៀបរាប់បានទេ ពីព្រោះខ្ញុំឈឺ ខ្ញុំអត់អាច និយាយកើត ខ្ញុំនិយាយបានមួយម៉ាត់ៗ »។
ចំណែកលោកអៀង មូលី អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេសដែលមានឈ្មោះក្នុងចំណោមមន្រ្តីរដ្ឋាភិបាលចំនួន២៩រូបនោះ បានមានប្រសាសន៍ថា ដីនេះ លោកបានទិញមានឯកសារបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរដែនដី ។
លោកបានមានប្រសាសន៍ទៀតថា បច្ចុប្បន្នលោកបានលក់ដីនេះអស់ហើយ ហើយប្រសិនណា បើមានឈ្មោះលោកនៅក្នុងពាក្យបណ្តឹងនោះមិនត្រឹមត្រូវទេ ។
លោកបានមានប្រសាសន៍ទៀតថា លោកនឹងពិចារណាប្តឹងបកវិញពីបទបរិហារកេរ្ត៍ ។
«ចំណុចទីមួយ ខ្ញុំអត់ដែលដឹងឭថា លោកហូ សុខ ឬ ប្រពន្ឋគាត់មានដីនៅឯណាខ្ញុំ អត់ដែលដឹងទេ ពីព្រោះដីនេះ ខ្ញុំទិញពីគេ ខ្ញុំមានប្លង់មានអ្វីត្រឹមត្រូវ ខ្ញុំទិញតាំងពីឆ្នាំ១៩៩៩ម្លេះ។ ហើយប្រហែលជិត ១០ឆ្នាំ ខ្ញុំលក់ទៅទៀតហើយ ហើយដីនេះ វាអត់ទាន់កាត់ឈ្មោះ។ ឈ្មោះខ្ញុំ ក៏ប៉ុន្តែអ្នកផ្សេងគាត់កាន់កាប់»។
លោកយស់ សុឃឿន ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលដែលមានឈ្មោះក្នុងការចោទប្រកាន់ ក្នុងចំណោមចៅក្រមចំនួន៦រូប លោកបានមានប្រសាសន៍ថា ដីចំនួនជាង១៣ហិតានេះ តុលាការបាន កាត់ក្តីឲ្យលោកប្រាក់ សាវុធ បានឈ្នះក្តីតាំងពីឆ្នាំ១៩៩៧ ក៏ប៉ុន្តែមិនមានការអះអាងពីភរិយារបស់លោក ហូ សុខ មកតវ៉ាជំទាស់ទេ។
លោកបានមានប្រសាសន៍ទៀតថា រឿងក្តីនេះបានផ្លោះសិទ្ឋិ និងផុតអាជ្ញាយុកាលកំណត់ដែលមិនអាចប្តឹងតវ៉ាបានទេ ។
«គេកំណត់ប្រាំឆ្នាំ ហើយយើងតាំងពី១៩៩៧ រហូតមកដល់២០១១ វាប៉ុន្មានឆ្នាំហើយ ១៣ ទៅ ១៤ ឆ្នាំទៅហើយ យើងទើបមកប្តឹងអញ្ចឹងម៉េចកើត។ ហើយបើយើងមកប្តឹងថា ពុករលួយ រំលោភច្បាប់ពុករលួយត្រង់ណា។ យើងរកពុករលួយឲ្យឃើញមើល មានស្អីទៅស៊ីសំណូកឯណា ទៅកាត់ឲ្យអ្នកឯង ចាញ់ម៉េច។ បើអ្នកឯកផ្លោះសិទ្ឋិ ហើយចេះតែមកចោទគេថា ស៊ីសំណូកសូកប៉ាន់ ស៊ីសំណូកសូកប៉ាន់ ត្រង់ណា»។
លោក សៀន ប៉ូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា កំពុងជាប់រវល់។ ចំណែកលោកកែវ រ៉េមី អ្នកនាំពាក្យអង្គភាពនេះ ពុំបានធ្វើអត្ថាធិប្បាយទេជុំវិញពាក្យបណឹ្តងនេះទេ៕