ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​រាជវង្ស​មួយអង្គ​ចង់​ឃើញ​សមាជិក​រាជវង្ស​មួយ​ចំនួន​បំពេញ​តួនាទី​ឯករាជ្យ​ជា​ឯកអគ្គរាជទូត


ដោយសារ​តែ​ការ​យល់​ឃើញ​ថា​ សមាជិក​រាជវង្សានុវង្ស​ទាំង​អស់​គួរ​ស្ថិត​នៅ​អព្យាក្រឹត​និង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ការ​បំរើ​ប្រទេស​ជាតិ​ ដង្ហែរ​តាម​ព្រះមហាក្សត្រ​ សមាជិក​រាជវង្ស​មួយ​អង្គ​គឺ​ព្រះអង្គម្ចាស់​ ស៊ីសុវត្តិ​ ធម្មិកោ​ នាយក​ខុទ្ទកាល័យ​ព្រះមហា​វីរៈក្សត្រ​សម្តេច​ឪ​ព្រះនរោត្តម​ សីហនុ​ ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ពិចារណា​ពី​តួនាទី​និង​ឋានៈ​ជា​ឯកអគ្គរាជទូត​ថ្វាយ​ដល់​រាជវង្សានុវង្ស​ដែល​មាន​សមត្ថភាព។

"អាហ្នឹង​គួរ​ណា​តែ​រាជរដ្ឋាភិបាល​យក​គំនិត​ហ្នឹង​យក​ទៅ​គិត​គូរ​ ពីព្រោះ​មាន​ស្តេច​មួយ​ចំនួន​ដែល​មាន​ចំណេះ​ចេះដឹង​ខ្ពង់ខ្ពស់​ហើយ​និង​ជា​ពិសេស​មាន​ការពិសោធន៍​ទៅ​តាម​ហ្នឹង​គួរ​ណា​តែ​ចាប់​ផ្តើម។​ បើ​សិន​ណា​ជា​យើង​ជា​របប​រាជានិយម​ លើក​រាជវង្ស​ណា​ដែល​មាន​ចំណេះ​ចេះ​ដឹង​ដើម្បី​ធ្វើ​ជា​និម្មិត​រូប​ជាតិ​ ធ្វើ​ការ​ទំនាក់​ទំនង​ផ្លូវ​ទូត​ជា​មួយ​ប្រទេស​ដែល​មាន​ចង​មេត្រីភាព​ជា​មួយ​យើង"។

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ មាន​បន្ទូល​អះអាង​ថា​ លើក​លែង​តែ​សម្តេច​ព្រះ​ នរោត្តម​ អារុណ​រស្មី​ បុត្រី​សម្តេច​ឪ​ ដែល​ត្រូវ​តែង​តាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ ម៉ាឡេស៊ី​ ពុំ​មាន​សមាជិក​រាជវង្ស​ណា​ទទួល​បាន​ការ​តែង​តាំង​ជា​រាជ​ទូត​ទេ។

គេ​ពុំ​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាងណា​ភ្លាមៗ​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ទេ​ ចំពោះ​សំណើ​និង​គំនិត​របស់​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថ​ ធម្មិកោទេ។​ លោក​ កុយ​ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​ដោយ​ថ្លែង​ថា​ លោក​ពុំ​មាន​យោបល់​អ្វី​ទាំង​អស់។​ តែ​លោក ​ជៀម យាប​ អ្នក​តំណាងរាស្រ្ត​គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​ថ្លែង​ជា​យោបល់​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ នេះ​ជា​រឿង​ល្អ។

"បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​គឺ​ថា​ គេ​អត់​មាន​ធ្វើ​នយោបាយ​ ហើយ​ធ្វើ​ជា​ទូត​ហ្នឹង​គឺ​ល្អ​ហើយ​ គឺ​ថា​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​របស់​រាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ​ ហើយ​យើង​ឃើញ​ថា​ ពី​មុន​មក​ក៏​យើង​ឃើញ​ថា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះវរៈរាជ​បិតា​ លោក​បាន​ចាត់​ចែង​ច្រើន​ដែរ​ គឺ​ថា​ រាជវង្សានុវង្ស​ឱ្យ​ធ្វើ​ទូត​ ហើយ​បើ​សិន​ជា​បាន​អញ្ចឹង​ខ្ញុំ​អត្តនោម័តិ​ខ្លួន​ឯង​ គឺ​ថា​ខ្ញុំ​អបអរ​សាទរ​ណាស់​ បាទ"។

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​របស់​លោក​ សំ ​រង្សី​ ហើយ​ជា​អ្នក​តំណាង​រាស្រ្ត​បាន​សំដែង​ការ​មិន​យល់​ស្រប​ទាំង​ស្រុង​ទេ​ ដោយ​អះអាង​ថា​ ទោះ​ជា​សមាជិក​រាជវង្ស​ត្រូវ​តែង​តាំង​ជា​ឯកអគ្គរាជទូត​ក្តី​ក៏​ពុំ​អាច​មាន​ឯករាជ្យភាព​បាន​ដែរ​ ដោយ​សារ​ថា​ មុខ​ដំណែង​ទូត​ត្រូវ​តែង​តាំង​តាម​រយៈ​ក្រសួង​ការបរទេស​និង​យល់​ព្រម​ដោយ​រដ្ឋាភិបាល​ ដែល​តម្រូវ​ឱ្យ​ធ្វើ​អ្វី​ទៅ​តាម​ការ​រៀបចំ​របស់​រដ្ឋាភិបាល។

"រដ្ឋាភិបាល​តម្រែតម្រង់​ទិស​ឱ្យ​ធ្វើ​ម៉េច​អាហ្នឹង​ត្រូវ​តែ​ធ្វើ​តាម​រដ្ឋាភិបាល​ហើយ​ ដូច្នេះ​ដើម្បី​ឱ្យ​ជៀស​ផុត​ពី​ការ​ដែល​រឿង​ទិះទាន​ឬ​មួយ​ជៀស​ផុត​ពី​រឿង​នយោបាយ សំខាន់​មាន​តែ​កិច្ចការ​សង្គមកិច្ច​ កិច្ចការ​ជួយ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ក្រីក្រ​ កិច្ចការ​ដែល​ធ្លាប់​ឃើញ​ព្រះមហាក្សត្រ​នៅ​ប្រទេស​ដទៃ​ទៀត​គេ​ធ្វើ​ហ្នឹង​ គេ​ជួយ​គំរោង​អភិវឌ្ឍន៏​ គេ​ជួយ​សង្គមកិច្ច​ ជួយអ្វី​ដល់​ប្រជាពលរដ្ឋ​ទៅ​ណាស់!​ ដូច​ជា​ការ​ជួយ​ទៅ​ដល់​កសិកម្ម ​ជួយ​ការងារ​នៅ​ជនបទ​អ្ហីអញ្ចឹងទៅ​ ឬ​ក៏​សង្គមកិច្ច ​ មនុស្សធម៌​ អាហ្នឹង​ខ្ញុំ​ឃើញ​ប្រទេស​គេ​ដទៃ​ទៀត​ធ្វើ​អញ្ចឹង ​ប៉ុន្តែ​សំខាន់​បំផុត​ហ្នឹង​គឺ​ថា​ដើម្បី​ឱ្យ​ជ្រះ​ស្រឡះ​ រឿង​ហ្នឹង​ស៊ី​សង​មតិ​របស់​ប្រជា​ពលរដ្ឋ​ទាំងមូល​ទេ"។

លោក​ យឹម​ សុវណ្ណ​ បាន​ថ្លែង​ដែរ​ថា​ មាន​តែ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ទេ​ដែល​ពលរដ្ឋ​ជា​ទូទៅ​មាន​ការ​ជឿ​ទុក​ចិត្ត​ថា ​ជា​ស្ថាប័ន​អព្យាក្រឹត​ តែ​លោក​ សុវណ្ណ​ អះអាង​ថា​វា​ពិបាក​និង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​បាន​ ព្រោះ​ចំនួន​ក្នុង​រដ្ឋាភិបាល​ដែល​មហាក្សត្រ​តែង​តាំង​មាន​តិចតួច​បំផុត។

"មែនទែន​ទៅ​ ដោយ​សារ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ​ហ្នឹង​មិន​មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល​ចំពោះ​ការ​ឯករាជ្យភាព​របស់​ខ្លួន​ថា​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​គោរព​ច្បាប់​ ហើយ​ជាពិសេស​ប្រព័ន្ធ​តុលាការ​ឱ្យ​មាន​ឯករាជ្យភាព​ អព្យាក្រឹតភាព​ រក​យុត្តធម៌​ជូន​ប្រជា​ពលរដ្ឋ​ហ្នឹង​វា​បាត់​ជំនឿ​ ប្រជាពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ​ហ្នឹង​បាត់​ជំនឿ​ទៅ​លើ​ស្ថាប័ន​ទាំង​អស់​ហ្នឹង។​ ដូច្នេះ​នៅ​សល់​តែ​ស្ថាប័ន​ព្រះមហាក្សត្រ​តែ​មួយ​គត់​ ដែល​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​លោក​ ដែល​លោក​និង​មាន​ព្រះរាជ​សុភនិច្ឆ័យ​ត្រឹមត្រូវ​ក្នុង​ការ​ធានា​រក​យុត្តធម៌​ជូន​ប្រជាជាតិ​ទាំង​មូល។​ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​មាន​មុខ​ដំណែង​ខ្លះ​តែង​តាំង​ដោយ​ព្រះមហាក្សត្រ​ តែ​មាន​ចំនួន​តិច​តួច​ណាស់​ គឺ​ធ្វើ​សព្វ​ថ្ងៃ​ហ្នឹង​ធ្វើ​ឱ្យ​តែ​ល្អ​មើល​ទេ។​ ក្នុង​ស្ថាប័ន​ប្រជាធិបតេយ្យ​ជាតិ​ធំៗ​ហ្នឹង​គឺ​ថា​មើល​ពី​ក្រៅ​ទៅ​ហ្នឹង​មើល​ទៅ​ដូច​បណ្តា​ប្រទេស​ប្រកាន់​លិទ្ធិ​ប្រជាធិបតេយ្យ​ តែ​ធាតុ​ពិត​អ្នក​ដែល​មាន​ឯករាជ្យភាព​ មាន​ការ​សំរេច​យុត្តិធម៌​ មាន​ការ​គោរព​ច្បាប់ ​ មាន​អព្យាក្រឹតភាព​ ដោយ​មិន​បំរើ​ឱ្យ​ផល​ប្រយោជន៍​គណបក្ស​នយោបាយ​ណា​នោះ​ មាន​តិច​តួច​បំផុត។​ អញ្ចឹង​ហើយ​បាន​ជា​ស្ថានការណ៍​នៅ​ស្រុក​ខ្មែរ​មិន​ងាយ​និង​កែលំអ​ឡើង​វិញ​បាន​ទេ​ ព្រោះ​ថា​សមាសភាព​ទាំង​អស់​ហ្នឹង​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន។​ មាន​តែ​បុគ្គល​តែ​ម្នាក់​ពីរ​នាក់​ដែល​តែង​តាំង​ដោយ​ព្រះមហាក្សត្រ​ហ្នឹង​គឺ​ថា​ឃើញ​មាន​លក្ខណះ​ អព្យាក្រឹត​ខ្លះ​ ក៏ប៉ុន្តែ​មិន​អាច​ទៅ​ធ្វើ​អ្វី​កើត​ពីព្រោះ​មាន​ចំនួន​តិចតួច​បំផុត"។

ចំពោះ​រឿង​សមាជិក​រាជវង្សានុវង្ស​បន្ត​ឬ​ឈប់​ធ្វើ​នយោបាយ​នោះ​ លោក​ យឹម​ សុវណ្ណ​ អះអាង​ថា​ ការ​ធ្វើ​ប្រជាមតិ​ជា​វិធី​មួយ​ដ៍ល្អ​បំផុត។

មាន​តែ​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ចំនួន​ពីរ​ផ្សេងទៀត​ទេ​ គឺ​កូរ៉េ​ខាងជើង​និង​ប្រទេស​ចិន​ ដែល​ជា​ព្រះ​រាជ​តំណាង​របស់​ព្រះមហាក្សត្រ​ ក្រៅ​ពី​មាន​មន្រ្តី​ពីរ​រូប​នៅ​ព្រឹទ្ធសភា​និង​មួយ​រូប​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​តំណាង​ឱ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​ ដែល​ក្រុម​អ្នក​សង្កេតការណ៍​បាន​ចាត់​ទុក​ថា​មាន​ចំនួន​តិច​តួច​ណាស់​នោះ។

ប្រទេស​កម្ពុជា​មាន​ព្រះមហាក្សត្រ​គ្រងរាជ​សម្បត្តិ​មិន​កាន់​អំណាច​ គឺ​សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី។​ ព្រះអង្គ​គង់​ជា​និម្មិតរូប​នៃ​ជាតិ​ គង់​ជា​អព្យាក្រិតភាព​ចំពោះ​គ្រប់​បណ្តា​គណបក្ស​នយោបាយ​ ហើយ​បំរើ​កិច្ចការ​ជូន​ជាតិ​និង​ប្រជា​រាស្រ្ត​លើ​វិស័យ​សង្គមកិច្ច​នានា។

ក្រុម​អ្នក​នយោបាយ​កំពូលៗ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ច្រើន​ ទាក់​ទង​និង​សមាជិក​រាជវង្ស​ត្រូវ​ធ្វើ​នយោបាយ​ឬ​មិន​គួរ​ត្រូវ​ធ្វើ​នយោបាយ។​ ក្រុម​ខ្លះ​ពេលនោះ​បានយល់​ទាស់​និង​ក្រុម​មួយ​ទៀត​ថា​ រាជវង្សានុវង្ស​គួរ​ត្រូវ​ធ្វើ​នយោបាយ​ដូច​រដ្ឋធម្មនុញ្ញ​បាន​ចែង​ពី​សិទ្ធិ​ពលរដ្ឋ​ទាំង​ពីរ​ភេទ​ តែ​ក្រុម​ខ្លះ​បាន​ជំទាស់​ដោយ​លើក​ឡើង​ថា​រាជវង្សានុវង្ស​គួរ​នៅ​អព្យាក្រឹត​ ហើយ​បើ​ធ្វើ​នយោបាយ​និង​អាច​ប៉ះ​ពាល់​ជាមួយ​ពាក្យ​ប្រមាថ​ដែល​នាំ​ឱ្យ​អាប់​អន់​ដល់​កេរ្តិ៏​ឈ្មោះ​ស្ថាប័ន​ព្រះមហាក្សត្រ។​ ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​រាជវង្ស​ដាច់​ដោយ​ឡែក​ណា​មួយ​ត្រូវ​គេ​តាក់​តែង​ទេ។

ព្រះ​អង្គម្ចាស់​ ស៊ីសុវត្តិ​ សិរីរ័ត្ន​ អនុប្រធាន​ទីពីរ​នៃ​គណបក្ស​រាជានិយម​ Funcinpec ​បាន​មាន​បន្ទូល​ប្រាប់​ VOA ​សំឡេង​សរអា​ថា​ ព្រះអង្គ​និង​នៅ​តែ​បន្ត​ធ្វើ​នយោបាយ​រហូត​ទាល់​មាន​ច្បាប់​បញ្ឈប់​រាជវង្ស​មិន​ឱ្យ​ធ្វើ​នយោបាយ។

"ខ្ញុំ​យល់​ឃើញ​ថា​ម្នាក់ៗ​កើត​មក​ជា​ខ្មែរ។​ យើង​មាន​សិទ្ធិ​និង​បញ្ចេញ​មតិ​ទូទៅ​ ទាំង​ស្តេច​ ទាំង​រាស្ត្រ ​ទាំងក្សត្រ​ ម៉្លោះ​ហើយ​ហ្នឹង​ខ្ញុំ​មាន​ការ​គោរព​ទៅ​និង​អ្វី​ដែល​ព្រះអង្គម្ចាស់​ ធម្មិកោ​ បាន​មាន​បន្ទូល។​ ក៏ប៉ុន្តែ​ចំពោះ​ខ្ញុំ​រឿង​ឈប់​ធ្វើ​នយោបាយ​លុះ​ត្រា​តែ​មាន​ច្បាប់​អី​មួយ​ចែង​នៅ​ក្នុង​រដ្ឋសភា​និង​ព្រឹទ្ធសភា​ ហាម​កុំ​ឱ្យ​ព្រះញាតិ​វង្សានុវង្ស​ឈប់​ធ្វើ​នយោបាយ។​ អានេះ​ជា​ជំហរ​របស់​ខ្ញុំ។​ហើយ​ចំណែក​ថា​ ទេ​យើង​ទៅ​សុំ​ប៉ុស្តិ៏​អគ្គរាជទូត​ទុក​ឱ្យ​តែ​ស្តេច​ហ្នឹង​ ខ្ញុំ​ឃើញ​ថា​មិនល្អ​មើល​ ពីព្រោះ​ថា​ យើង​បោះឆ្នោត​ទៅ​យើង​ឈ្នះ​ឆ្នោត​ទៅ​យើង​កាន់​អី​ក៏​តែ​បាន​ដែរ​ បើ​យើង​ចាញ់​ឆ្នោត​ហើយ​យើង​ទៅ​សុំ​គេ​កាន់​ធ្វើ​អី​បាទ​ អាហ្នឹង​យើង​ត្រូវ​មាន​សិទ្ធិ​មាន​កិត្តិយស​ម្នាក់ៗ​ដែរ​រឿង​ហ្នឹង​ អានេះ​ជា​ជំហរ​របស់​ខ្ញុំ​ទេ​ បាទ"៕

ព្រះអង្គម្ចាស់​ ស៊ីសុវត្តិ​ ធម្មិកោ​ មាន​បន្ទូល​ថា​ ក្រៅ​ពី​នៅ​សេស​សល់​ចំនួន​តិច​តួច​ដែល​កំពុង​បំរើ​នយោបាយ​ មាន​រាជវង្សានុវង្ស​មក​ពី​ត្រកូល​ នរោត្តម​ អង្គឌួង​ និង​ស៊ីសុវត្តិ​ សរុប​ប្រមាណ​៣០​អង្គ​ ដែល​ថ្មីៗ​នេះ​បាន​ឈប់​ធ្វើ​នយោបាយ ហើយ​ចុះ​ព្រះនាម​ក្នុង​បញ្ជី​ប្រមូល​ផ្តុំ​គ្នា​មួយតាម​ការ​អំពាវ​នាវ​របស់​ព្រះមហាក្សត្រ​និង​សម្តេចឪ។

"ប្រមូល​ផ្តុំ​គ្នា​ឡើងវិញ​ អាហ្នឹង​ជា​ការ​ធម្មតា​ទេ។​ ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មកនេះ​គឺ​រាជវង្ស​មួយ​ចំនួន​ហើយ​និង​ជាពិសេស​រាជវង្ស​ធំៗ​សឹង​តែ​ទាំងអស់​សព្វ​ព្រះរាជ​ហឫទ័យ​ធ្វើ​នយោបាយ។ ​ដូច្នេះ​អត់​បាន​ផ្គុំ​គ្នា​ទេ​ ជួន​កាល​បែក​បាក់​គ្នា​ឈ្លោះគ្នា​ ធ្វើ​នយោបាយ​ប្រឆាំង​គ្នា​អី​អញ្ចឹង​ទៅ។​បច្ចុប្បនកាល​ ក្រោម​ការ​អំពាវ​នាវ​របស់​ព្រះករុណា​ព្រះបិតា​ក្តី​ ក្រោម​ការ​យក​គំរូ​ទៅ​តាម​ ព្រះករុណា​ព្រះមហាក្សត្រ​បច្ចុប្បន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម​ សីហមុនី ​ក៏​រាជវង្ស​ខ្មែរ​បាន​សំរេច​ចិត្ត​មួយ​ចំនួន​ធំ​ សឹង​តែ​ទាំងអស់​គ្នា​និយាយ​ទៅ​ ឈប់​ធ្វើ​នយោបាយ​ដើម្បី​មក​បំរើ​ព្រះមហាក្សត្រ​ បំរើ​រាជ្យ​បល្ល័ង្ក​ និង​បំរើ​ជាតិ​ទៅ​តាម​ផ្លូវ​ផ្សេង"។

ក៏​ប៉ុន្តែ​ព្រះអង្គម្ចាស់​ ស៊ីសុវត្តិ​ ធម្មិកោ​ បាន​អះអាង​ថា​ ព្រះអង្គ​គោរព​សិទ្ធិ​រាជវង្ស​ណា​ដែល​នៅ​បន្ត​ធ្វើ​នយោបាយ​ផង​ដែរ។​ មាន​រាជវង្សានុវង្ស​មួយ​ចំនួន​ទៀត​ ជាពិសេស​នៅ​ក្រៅ​ប្រទេស​ ពុំ​ទាន់​ឃើញ​ទាក់​ទង​មក​ព្រះអង្គ​ដើម្បី​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ។

សមាជិក​រាជវង្សានុវង្ស​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​ចុងក្រោយ​ ដែល​បាន​លា​ចាក​នយោបាយ​ហើយ​ត្រូវ​ផ្តល់​តួនាទី​ជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ មានជា​អាទិ​ព្រះអង្គម្ចាស់​ នរោត្តម​ រណ្ធឬទ្ធិ​ អតីត​សហនាយក​រដ្ឋមន្ត្រី​ហើយ​ក្រោយ​មក​ជា​ព្រះ​ប្រធាន​គណបក្ស​រាជា​និយម​ និង​ព្រះអង្គម្ចាស់​ នរោត្តម​ សិរីវុធ​ អតីត​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជា​អគ្គលេខាធិការ​គណបក្ស​រាជានិយម​Funcinpec ​ ព្រះអង្គម្ចាស់​ ចក្រពង្ស​ អតីត​ប្រធាន​គណបក្ស​រាជានិយម​មួយ​ឈ្មោះ​'នរោត្តម​ចក្រពង្ស​ព្រលឹង​ខ្មែរ'​ ម្ចាស់ក្សត្រី​ នរោត្តម​ វជ្ជរ៉ា និង​ព្រះអង្គម្ចាស់​ ស៊ីសុវត្តិ​ ធម្មិកោ។

លោក​គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឈ្មោះ​ Comfrel បាន​អះអាង​ថា​ នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​រាជ្សវង្សានុវង្ស​ស្ថិត​នៅ​អព្យាក្រឹត​មិន​ពាក់ព័ន្ធ​និង​កិច្ចការ​នយោបាយ​ទេ​ តែ​នៅ​កម្ពុជា​វា​ជា​រឿង​លំបាក​នៅឡើយ​ ដោយ​កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​មួយ​ ដើម្បី​កំណត់​ឱ្យ​បានប្រាកដ​ប្រជា​រឿង​រាជវង្ស​ធ្វើ​នយោបាយ​នេះ។

លោក​បញ្ញា​ ថ្លែង​ទៀត​ថា ​អព្យាក្រឹតភាព​មិន​មែន​តម្រូវ​ឱ្យ​មាន​តែ​ជា​មួយ​សមាជិក​រាជវង្សានុវង្ស​ទេ​ តែ​ប្រជា​ពលរដ្ឋ​ជា​ទូទៅ​ក៏​ត្រូវ​មាន​អព្យាក្រឹតភាព​ដែរ​ ជា​ពិសេស​ដូច​ជា​ក្នុង​ស្ថាប័ន​មួយ​ចំនួន​ទាក់​ទង​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ស្ថាប័ន​យុត្តិធម៌​ ស្ថាប័ន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ជាដើម៕

XS
SM
MD
LG