ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រិត​គ្រោះថ្នាក់​ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស​មាន​ការ​កើន​ឡើង


លោក​ស្រី​ពុង ឈីវហ្គេច​ ប្រធាន​អង្គការ​សិទ្ឋិ​មនុស្ស ​LICADHO។
លោក​ស្រី​ពុង ឈីវហ្គេច​ ប្រធាន​អង្គការ​សិទ្ឋិ​មនុស្ស ​LICADHO។

ភ្នំពេញ៖ អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​ក្នុង​ស្រុក​មួយ​ បាន​អះអាង​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា ​អ្នក​ការពារ​សិទ្ឋិ​មនុស្ស​នៅ​កម្ពុជា ​បាន​ប្រឈម​មុខ​នឹង​បរិយាកាស​គ្រោះថ្នាក់​កាន់​តែច្រើន​ឡើង​ក្នុង​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ។ ក៏ប៉ុន្តែមន្រ្តី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ឋិ​មនុស្សLICADHO ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នក​ការពារ​សិទ្ឋិ​មនុស្ស​នៅ​កម្ពុជា បាន​ប្រឈម​មុខ​ទៅ​នឹង​បរិយាកាស​គ្រោះថ្នាក់ ​កាន់​តែ​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។

ភាព​គ្រោះថ្នាក់​នេះ​ បាន​ផ្តោត​ទៅ​លើ​ករណី​មួយ​ចំនួន​ដូច​ជា​ ការ​ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្នែក​រាងកាយ​ ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ ប្រឌិត​ការ​ចោទ​ប្រកាន់​ បទ​ល្មើស​ព្រហ្មទណ្ឌ​ ការ​រារាំង​មិន​ឲ្យ​មាន​ការប្រមូល​ផ្តុំ​និង​ដើរ​ហើរ ​ការ​បំភិត​បំភ័យ​ និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ជា​ដើម ​។

អង្គការ​ LICADHO​ បាន​រក​ឃើញ​ផង​ដែរ​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ដើម​ឆ្នាំ​២០១០​នេះ​ មាន​អ្នក​ការពារ​សិទ្ឋិ​មនុស្ស​ចំនួន​៦០​នាក់​ហើយ​ ដែល​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ឋនាគារ​កម្ពុជា​ ។

លោក​ស្រី​ពុង ឈីវហ្គេច​ ប្រធាន​អង្គការ​សិទ្ឋិ​មនុស្ស ​LICADHO​ បាន​មាន​ប្រសាសន៍​ថា​ មូលហេតុ​ ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នេះ​ គឺ​ដោយ​សារ​តែ​ប្រើ​ប្រាស់​ប្រព័ន្ឋ​តុលាការ​មិន​បាន​ត្រឹម​ត្រូវ​។ ហើយ​អ្នក​ ដែល​រងគ្រោះ​ជាង​គេ​ គឺ​សកម្មជន​ដែល​ធ្វើ​ការ​ក្នុងរឿង​បញ្ហា​ដី​ធ្លី ។

លោក​ស្រីបាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​គំរាម​កំហែង​ទៅលើ​អ្នក​ការពារ​សិទ្ឋិ​មនុស្ស​ មិនបានថម​ថយចុះ​ទេ ។

«បំណង​ដែល​យើង​ធ្វើ​របាយការណ៍​នេះ ​ដើម្បី​នឹ​ង​រៀបរាប់​ជូន​រដ្ឋាភិបាល​ថា ​នៅ​មាន​ករណី​អស់​ហ្នឹង ព្រោះ​ករណី​ទាំង​ប៉ុន្មាន​ដែល​អង្គការ LICADHO ដាក់​ចូល​ក្នុង​របាយការណ៍​ហ្នឹង សុទ្ធ​ជា​ករណី​ពិត​ប្រាកដ»។

នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ​ អង្គការ​សិទ្ឋិ​មនុស្ស​ LICADHO ​បាន​រក​ឃើញថា ​ករណី​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ មាន​រហូត​ដល់​៦៦​ករណី ​។

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លង​ទៅ​នេះ​ បើ​យើង​មើល​ពី​ស្ថានភាព​អង្គការ​មិន​មែន​រដ្ឋាភិបាល ​មិន​សូវ​មាន​ការ​ប្រឈម​មុខ​គ្រោះថ្នាក់​ទេ។ ក៏​ប៉ុន្តែ​បាន​កើត​ឡើង​ចំពោះ​សហគមន៍​ដែល​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​និង​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ប្រឈម​មុខ​ខ្លាំង​ជាង​គេ​។

«សកម្មជន​នៅ​តាម​មូលដ្ឋាន​ប្រឈម​នូវ ​រង​សម្ពាធ​ និង​ការ​ប្រើ​ប្រាស់​របស់​តុលាការ ដើម្បី​គាប​សង្កត់​ពួក​គាត់​ជាង​ ប៉ុន្តែ​មិនមែន​សម្រាប់​អង្គការ​សហប្រជាជាតិ​។ អង្គការ​សហប្រជាជាតិ​នៅ​ប៉ុន្មានឆ្នាំ​កន្លង​មក​នេះ​គឺ​ហាក់​ដូច​ជា​មាន​សេរីភាព​ជាង​មុន​បន្តិច​»។

ការ​ចោទ​ប្រកាន់​របស់​អង្គការ​សិទ្ឋិ​មនុស្ស​ LICADHO ​ត្រូវ​បាន​ច្រាន​ចោល​ភ្លាមៗ​ពី​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ថា​ជា​ការ​អះ​អាង​មិន​ពិត​។

លោក​ឧត្តម​សេនីយឯក​ខៀវ សុភ័ក្រ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ​អង្គការ​សិទ្ឋិ​មនុស្ស​ LICADHO មាន​បុគ្គលិក​យ៉ាង​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​នានា​ ហើយ​ប្រសិន​ណា​បើ​មាន​ការ​គំរាម​កំហែង​ដូច​មាន​ការ​ចោទ​ប្រកាន់​នោះ ​នោះ​អង្គការ​នេះគ្មាន​បុគ្គលិក​ណា​ម្នាក់​នៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ​។

លោក​ឧត្តម​សេនីយ​ឯក​ខៀវ សុភ័ក្រ បាន​មាន​ប្រសាសន៍​ទៀត​ថា​ការ​គំរាម​កំហែង និង​ការ​បំបិទ​ សិទ្ឋិ​សេរីភាព​ផ្សេងៗ គឺ​ជា​ការ​លើក​ឡើង​មិន​ត្រឹម​ត្រូវ។

«ការ​គំរាម​កំហែង​នេះ​ដូច​ជា​គ្មាន​ទេ​ យើង​ធ្វើ​តែ​ចំពោះ​ណា​ អ្វី​ដែល​មាន​ការ​ចាប់​ខ្លួន​ក្តី ​គឺ​តាម​អំណាច​ របស់​តុលាការ​អនុវត្ត​តាម​ច្បាប់​ មាន​ដីកា​ចាប់​ខ្លួន​ ​មាន​អី យើង​ធ្វើតាម​តែ​ច្បាប់​កំណត់ ​ព្រោះធម្មតា​ដីកា​ ចាប់​ខ្លួន​ គេ​មិន​ដែល​ថា​ឲ្យ​ទៅ​ចាប់​អង្គការ​សិទ្ឋិ​មនុស្ស​ឯណា គេ​ចាប់​តែ​ជន​សង្ស័យតើ» ។

កាលពី​ថ្ងៃ​ចន្ទ័​ដើម​សប្តាហ៍នេះ ​តុលាការ​ខេត្ត​តាកែវ ​បាន​កាត់​ទោស​លោក​លាង សុខជឿន​ អាយុ ២៨ឆ្នាំ​ បុគ្គលិក​អង្គការ​សិទ្ឋិ​មនុស្ស ​LICADHO ​ ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បីរូប​ ផ្សេង ទៀត​ឲ្យ​ជាប់​ពន្ឋនាគារ​ក្នុង​ម្នាក់ៗ​ រយៈពេល​ពីរឆ្នាំ​ពីបទ​ថា ​បាន​ចែក​ចាយ​ខិតបណ្ណ​ជេរ​ប្រមាថ​អតីតព្រះមហាក្សត្រ​នរោត្តម​សីហនុ ។

កាល​ពី​អំឡុង​ឆ្នាំ​២០០៩ ​យ៉ាង​តិច​មាន​បណ្តឹង​ចំនួន​២៥ ​ត្រូវ​បាន​ប្តឹង​ជំទាស់​នឹង​អ្នក​សារព័ត៌មាន​ ក្រោម​បទ​ចោទ​ប្រកាន់​ពីបទ​ បរិហារ​កេរ្តិ៍ ​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

XS
SM
MD
LG