មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឲ្យមានការធ្វើអន្ដរាគមថ្នាក់ខ្ពស់មួយដើម្បីជម្រុញឲ្យមានការកែប្រែបន្ថែមទៀតទៅលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ការអំពាវនាវដែលធ្វើឡើងនៅពេលដែលសេចក្ដីព្រាងច្បាប់នេះត្រូវបានក្រសួងមហាផ្ទៃបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ដ្រីដើម្បីធ្វើការត្រួតពិនិត្យកាលពីសប្ដាហ៍មុន។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះថា វានឹងមានការពិបាកនៅក្នុងការធ្វើការកែប្រែនៅពេលដែលសេចក្ដីព្រាងច្បាប់បានធ្លាក់ទៅដល់ដៃទីស្ដីការគណៈរដ្ឋមន្ត្រីទៅហើយនោះ។ ដូច្នេះវាទាមទារឲ្យមានការចាត់វិធានការកម្រិតខ្ពស់បំផុតដើម្បីធានាថាច្បាប់នេះមិនត្រូវបានអនុម័តនៅក្នុងសណ្ឋានបច្ចុប្បន្ននេះ។
«មានប្រភពបីដែលអាចជំរុញឲ្យរដ្ឋាភិបាល គណៈរដ្ឋមន្រ្ដីដូរចិត្តបាន។ ប្រភពមួយគឺពីប្រជាពលរដ្ឋ ខ្មែរយើង ប្រភពមួយទៀតគឺទាក់ទងនឹងម្ចាស់ជំនួយ ប្រភពមួយទៀតគឺអ្នករកស៊ី»។
នៅក្នុងការវិភាគលម្អិតមួយភ្ជាប់ជាមួយនឹងសេចក្ដីថ្លែងការណ៍នេះ លោក អ៊ូ វីរៈ បានសម្លឹងឃើញពីអន្ដរាគមរបស់រដ្ឋាភិបាល ពីរដ្ឋសភា អន្ដរាគមពីសហគមអន្ដរជាតិ ព្រមទាំងអន្តរាគមពីក្រុមអ្នកវិនិយោគទុនផងដែរ។
នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដដែល បានលើកហេតុផលថា ប្រសិនបើសេចក្ដីព្រាងច្បាប់នឹងត្រូវអនុម័តនៅក្នុងទម្រង់បច្ចុប្បន្ននេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់អង្គការសង្គមស៊ីវិល វាគឺជាអាវុធសម្រាប់បង្រ្កាបលទ្ធិប្រជាធិបតេយ្យនិងសេរីភាពបញ្ចេញមតិផងដែរ។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន១១ជំពូកនិង៥៨មាត្រា។ គឺជាសេចក្ដីព្រាងច្បាប់ដែលទទួលរងការរិះគន់យ៉ាងខ្លាំងក្លា។
សេចក្ដីព្រាងច្បាប់នេះបានចែងតម្រូវឲ្យអង្គការសង្គមស៊ីវិលនានាធ្វើរបាយការណ៍ស្ដីពីសកម្មភាពរបស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុជូនរដ្ឋាភិបាលជាកំហិត។ ក្រុមអង្គការសង្គមស៊ីវិលជាច្រើនបានជជែកតវ៉ានិងបានផ្ដល់អនុសាសន៍ជាបន្ដបន្ទាប់ដើម្បីឲ្យច្បាប់នេះមានភាពល្អប្រសើរ។ ហើយសេចក្ដីព្រាងច្បាប់នេះត្រូវបានលើកជាពង្រាងជាលើកទីបីមុននឹងបញ្ជូនទៅកាន់ទីស្ដីការគណរដ្ឋមន្រ្ដី។ អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃអង្គារ បានធ្វើការវិភាគលម្អិតទៅលើសេចក្ដីព្រាងច្បាប់នេះផងដែរថា សេចក្ដីព្រាងច្បាប់នេះ បានរំលោភទៅលើសិទ្ធិបញ្ចេញមតិ សេរីភាពបង្កើតសមាគមរបស់ក្រុមប្រជាពលរដ្ឋដោយសារតែមានភាពស្មុគ្រស្មាញនៅក្នុងការបង្កើតសមាគមជាដើម។
លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិកថាប្រសិនបើមានការស្នើសុំឲ្យមានការកែប្រែច្បាប់នេះបែបណានោះ ត្រូវបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ទីស្ដីការគណៈរដ្ឋមន្ត្រីមានសិទ្ធិជួយសម្រួលជាពិសេសជារយៈបែបបទរដ្ឋបាលជាពិសេសទាក់ទងទៅនឹងទម្រង់នៃច្បាប់។ ហើយនៅទីនោះក្រសួងសម៉ីដែលជាអ្នកផ្ដួចផ្ដើមបង្កើតនូវសេចក្ដីព្រាងច្បាប់នេះ នៅតែអាចរក្សាទម្រង់ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះដដែល។
«ទាំងអង្គការក្រៅរដ្ឋាភិបាល ទាំងអង្គការបរទេសយ៉ាងណាក៏ដោយអាចមានសិទ្ធិសុំបន្ថែមយោបល់បន្ថយយោបល់តាមសាម៉ីក្រសួងដែលជាអ្នកផ្ដួចផ្ដើមច្បាប់ រីឯទីស្ដីការគណៈរដ្ឋមន្ត្រីមិនមានសិទ្ធិទេ»។
អង្គការធំៗបំផុតនៅក្នុងពិភពលោកចំនួនប្រាំមួយនៅក្នុងនោះមានអង្គការ Human Rights Watch អង្គការ Amnesty International និងអង្គការ Global Witness ជាដើម កាលពីខែមេសាបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបោះបង់ចោលសេចក្ដីព្រាងច្បាប់នេះ ដោយចាត់ទុកថា វាគឺជាឧបករណ៍គំរាមកំហែងដល់អង្គការសង្គមស៊ីវិលដែលកំពុងតែប្រតិបត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការតវ៉ាផ្សេងៗទៀតទាក់ទងទៅនឹងសេចក្ដីព្រាងច្បាប់នេះអាចធ្វើឡើងនៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភា និងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញជាដើម៕