តំណាងរាស្ដ្រមួយរូបរបស់គណបក្សសម រង្ស៊ី បានលាឈប់ពីតួនាទីជាតំណាងរាស្ដ្រកាលពីថ្ងៃអង្គារ៍។ ការលាលែងនេះ ត្រូវក្រុមអ្នកវិភាគនៅកម្ពុជាយល់ថា ជាព្រឹត្តិការណ៍កើតចេញពីវិបត្តិផ្ទៃក្នុង ហើយវិបត្តិនេះនឹងនាំឲ្យគណបក្សកាន់អំណាចកាន់តែមានឥទ្ធិពលខ្លាំង។
ការលាលែងរបស់លោក ម៉ៅ មុនីវណ្ណ កាលពីថ្ងៃអង្គារ ហើយបានទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា នៅថ្ងៃពុធនេះ បានធ្វើឲ្យអ្នកវិភាគនយោបាយកម្ពុជាមួយចំនួនកត់សម្គាល់ថា គណបក្សសម រង្ស៊ី កំពុងប្រឈមនឹងបញ្ហាចំនួនពីរដែលត្រូវដោះស្រាយជាចាំបាច់។ បញ្ហាទី១ គឺ លោកសម រង្ស៊ី ត្រូវរដ្ឋសភាដែលគណបក្សប្រជាជនកម្ពុជាមានសម្លេងភាគច្រើន លុបឈ្មោះចេញពីបញ្ជីតំណាងរាស្ដ្រ ហើយការលុបឈ្មោះចេញនេះនឹងធ្វើឲ្យលោកសម រង្ស៊ី បាត់បង់ឱកាសឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ។ រីឯបញ្ហាមួយទៀត គឺភាពរង្គោះរង្គើនៃក្រុមតំណាងរាស្ដ្រ។ ក៏ប៉ុន្ដែ លោកសម រង្ស៊ី ដែលកំពុងតែស្ថិតក្នុងប្រទេសបារាំងបានអះអាងថា នេះគឺជាចលនាតូចមួយនៃអ្នកមិនពេញចិត្តនឹងគោលនយោបាយផ្ទៃក្នុងរបស់គណបក្ស។
តំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ី ទាំងអស់ត្រូវប្ដូរវេនគ្នាអង្គុយកៅអីសភាពាក់កណ្ដាលអាណត្តិម្តងម្នាក់ ពោលគឺតំណាងរាស្ដ្របច្ចុប្បន្នកាន់តំណែងត្រឹមតែពីរឆ្នាំកន្លះហើយត្រូវជំនួសវិញដោយបេក្ខជនថ្មីដែលមានលេខរៀងបន្ទាប់ក្នុងបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០០៨។ ការប្ដូរវេនគ្នានេះត្រូវចូលជាធរមាននៅថ្ងៃទី ២៤ ខែមីនា ស្អែកនេះ។ ការមិនអនុវត្តការប្តូរវេននេះ គឺជាផ្នែកមួយដែលនាំឲ្យមានការលាឈប់ពីតំណែងរបស់សមាជិកសភាគណបក្សសម រង្ស៊ីទាំងនេះ។ ការចាកចេញនៃតំណាងរាស្ដ្រខេត្តកំពង់ចាមដដែលនេះ បានកើតឡើងក្រោយពីគណបក្សសម រង្ស៊ី ចាប់ផ្ដើមប្ដូរតួនាទីជាប្រធានគណបក្សប្រចាំខេត្តមួយទៅខេត្តមួយទៀត ដែលក្រុមអ្នកជំទាស់ចាត់ទុកថា គឺជាការរៀបចំដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារនៃមន្រ្តីរបស់គណបក្ស ដោយសារតែក្រុមអ្នកជំទាស់ទាំងនោះ ត្រូវគេផ្លាស់ប្ដូរពីអ្នកទទួលខុសត្រូវក្នុងខេត្តធំដែលមានចំនួនអាសនៈច្រើនទៅកាន់ខេត្តតូចដែលមានចំនួនអាសនៈតិច ដែលធ្វើឲ្យផ្លូវប្រកួតដណ្ដើមជ័យជំនះរកសម្លេងឆ្នោតកាន់តែចង្អៀត។
លោក ធន់ សារាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាហុក មានប្រសាសន៍ថា ចលនានេះនឹងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រដល់គណបក្សសម រង្ស៊ី។ លោក សារាយ ថ្លែងថា៖
«វាបង្ហាញអំពីសញ្ញាមិនល្អនៅក្នុងផ្ទៃក្នុងបក្សដែរ។ វាជាសញ្ញាមួយដែលបញ្ជាក់អំពីកង្វះខាតនៃការគាំទ្រ ព្រោះថាអ្នកដែលចេញពីគណបក្សនិមួយៗតែងតែនាំគ្នីគ្នារបស់ខ្លួនមួយចំនួនទៅជាមួយ ដូច្នេះអាចនឹងបាត់ការគាំទ្រខ្លះដែរ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសិទ្ធិមនុស្សនៅថ្ងៃពុធ ទី២៣ ខែ មិនា នេះ លោកម៉ៅ មុនីវណ្ណ ដែលជាសមាជិកគណៈកម្មការអចិន្ដ្រៃយ៍មួយរូប ក្នុងចំណោមសមាជិកគណៈកម្មការអចិន្ដ្រៃយ៍ចំនួន១៥រូបរបស់គណបក្ស សម រង្ស៊ី បានដឹកនាំសមាជិកគណៈកម្មការនាយកចំនួនបួនរូប និងមន្ដ្រីដឹកនាំនយោបាយ មូលដ្ឋានចំនួន១០នាក់ផ្សេងទៀតចូលជាមួយគណបក្សសិទ្ធិមនុស្ស។
ទោះជាយ៉ាងនេះក្ដីលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុម ហ្រ្វែល យល់ថា នឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់គណបក្សសម រង្ស៊ី នោះទេ។ លោកបញ្ញាថ្លែងដោយខ្លីថា៖ «ប៉ះពាល់ខ្លះដែរ តែមិនធំដុំទេ»។
លោកសម រង្ស៊ី ក្នុងបទសម្ភាសន៍តាមទូរសព្ទ័ជាមួយ វីអូអេ សំឡេងសហរដ្ឋអាមេរិកពីប្រទេសបារាំង បានចាត់ទុកថា ការចាកចេញរបស់លោកម៉ៅ មុនីវណ្ណ គឺជាបញ្ហាផ្ទាល់ខ្លួនដោយសារតែលោកត្រូវការតំណែងជាអ្នកគ្រប់គ្រងគណបក្សខេត្ត។ លោក សម រង្ស៊ី បន្តថា៖
«គឺចង់ធ្វើប្រធានខេត្ត ចង់ធ្វើតំណាងរាស្ដ្រមួយជីវិត កុំយករឿងផលប្រយោជន៍ផ្ទាល់ខ្លួន រឿងបុគ្គល រឿងដំណែងជាធំ។ រឿងដែលធំដែលគណបក្សសម រង្ស៊ី ចាប់អារម្មណ៍ និងខំដោះស្រាយគឺបញ្ហាជាតិ បញ្ហាប្រជារាស្ដ្រ បញ្ហាសង្គម បញ្ហាយុត្តិធម៌សង្គម»។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានហៅការចុះចូលគណបក្សលោកថា ជាចរន្ដធម្មតា ហើយនឹងមិនប៉ះពាល់ដល់ការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះទេ។
«បើសិនជាមនុស្សនៅក្នុងគណបក្សប្រជាធិបតេយ្យរត់ទៅចូលគណបក្សកម្មុយនិស្ដផ្ដាច់ការនោះ យើងនឹងខាត។ តែបើអ្នកប្រជាធិបតេយ្យចូលក្នុងគណបក្សប្រជាធិបតេយ្យ ហើយយើងរួមគ្នាបាន យើងនៅតែរីកចម្រើនដដែល»។
គណបក្សសម រង្ស៊ី ទទួលបានអាសនៈចំនួន២៦ ពីការបោះឆ្នោត ខែកក្កដាឆ្នាំ២០០៨។ ជ័យជំនះនេះ ដែលធ្វើឲ្យគណបក្សជំទាស់នេះ ក្លាយជាគូប្រជែងយ៉ាងមានសក្តានុពលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។ ក៏ប៉ុន្ដែភាពរង្គោះរង្គើបានកើតឡើងស្របពេលដែលតំណាងរាស្ដ្ររបស់គណបក្សជំទាស់ដដែលនេះ កំពុងស្វែងរកលទ្ធភាពលើកលែងទោសដើម្បី អនុញ្ញាតឲ្យមេដឹកនាំរបស់ខ្លួន ចូលក្នុងប្រទេសដើម្បីដឹកនាំគណបក្សសម្រាប់ត្រៀមខ្លួនប្រកួតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០១៣។
លោកធន សារាយ យល់ថា គណបក្សសម រង្ស៊ី នឹងជួបឧបសគ្គសម្រាប់ការបោះឆ្នោតដ៏មានសារៈសំខាន់ទាំងពីរខណៈពេលដែលមានបញ្ហាផ្ទៃក្នុងកើតឡើង ហើយនៅពេលដែលមេដឹកនាំគណបក្សមិនស្ថិតនៅក្នុងភាពជាអ្នកដឹកនាំផ្ទាល់ ជាពិសេសក្នុងការប្រជែងជាមួយគណបក្សកាន់អំណាច។
លោក សម រង្ស៊ី មានប្រសាសន៍ថា លោកនៅមានពេលវេលាសម្រាប់រៀបចំគណបក្សរបស់លោកនៅឡើយ។ លោកសម រង្ស៊ី និយាយថា៖
«ក្នុងរយៈពេលពីរ បីឆ្នាំខាងមុខ ខ្ញុំជឿជាក់ថានឹងមានការប្រែប្រួល។ ឥឡូវយើងឃើញថា ព្រឹត្តិការណ៍ដើរកាន់តែលឿនទៅៗ នៅទូទាំងពិភពលោក គឺរដ្ឋអំណាចផ្តាច់ការដួលរំលំម្តងមួយៗគឺកម្លាំងប្រជាពលរដ្ឋផុសផុល ដូច្នេះក្នុងពិភពលោកមានចរន្តផ្លាស់ប្តូរ។ ជនផ្តាច់ការធ្លាក់ពីតំណែង ខ្ញុំជឿថា មិនយូរមិនឆាប់ប្រទេសកម្ពុជាមានការវិវត្តន៍ដូចគ្នាអញ្ចឹងដែរ »។
ក្រោយពីការបោះឆ្នោតឆ្នាំ២០០៨ គណបក្សដែលអះអាងថា ប្រកាន់គោលគារណ៍ប្រជាធិបតេយ្យ សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបង្ហាញការព្យាយាមច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយ ឬយ៉ាងហោចណាស់ស្វែងរកគោលការណ៍សហការគ្នា។ ការស្វែងរកការបញ្ចូលគ្នាជាគណបក្សតែមួយក្នុងគោលដៅពង្រឹងការប្រជែងអំណាចតាមរយៈការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ។ ក៏ប៉ុន្ដែការប៉ុនប៉ងនេះនៅតែស្ថិតក្នុងស្រមោលនៅឡើយ។
លោ ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យយល់ថា ភាពរង្គោះរង្គើក្នុងគណបក្សសម រង្ស៊ី និងការស្រូបបានកម្លាំងថ្មីរបស់គណបក្សសិទ្ធិមនុស្សមិនប៉ះពាល់ដល់ចលនាប្រជាធិបតេយ្យនោះទេ តែនឹងប៉ះពាល់ដល់ការរួបរួមគ្នាដែលគណបក្សទាំងពីរប៉ុនប៉ងយូរមកហើយ។ លោក សូណង់ដូ បន្តថា៖
«ជាសញ្ញាមួយ ដែលបង្ហាញឲ្យដឹងច្បាស់ថា គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី មិនអាចរួបរួមគ្នាបានទេ »។
លោក ធន សារាយ យល់ឃើញដូចគ្នាដែរថា ការវិវត្តន៍ស្ថានការណ៍ក្នុងគណបក្សជំទាស់នេះបានបង្ហាញការមន្ទិលដល់ការបង្រួមបញ្ចូលគ្នា។ ក៏ប៉ុន្ដែលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល បានសន្និដ្ឋានថា គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនទាន់ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការច្របាច់បញ្ចូលគ្នានៅឡើយ បើទោះជាមិនមានបញ្ហាផ្ទៃក្នុងកើតឡើងជាចុងក្រោយនេះក៏ដោយ មូលហេតុដោយសារ តែគណបក្សទាំងពីរមិនទាន់មានទំនុកចិត្តលើគ្នាទៅវិញទៅមក៕