ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកស្រាវជ្រាវ​គ្រោង​ជួបគ្នា​ស្វែងរក​វិធី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទំនាក់​ទំនង​កម្ពុជា-ថៃ


ព្រះ​សង្ឃ​ថៃ​ចូល​រួម​បាតុកម្ម​ជាមួយ​ក្រុម​ចលនា​អាវ​លឿង​​​កាល​ពី​ថ្ងៃ​ទី​ ២៨​ខែ​មករា​ឆ្នាំ​២០១១ នៅ​ជិត​វិមាន​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ ដើម្បី​​ប្រឆាំង​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​ថៃ​មិន​បាន​លុប​ចោល​កិច្ច​ ព្រមព្រៀង​ព្រំដែន​មួយ​ជាមួយ​ប្រទេស​កម្ពុជា។ បញ្
ព្រះ​សង្ឃ​ថៃ​ចូល​រួម​បាតុកម្ម​ជាមួយ​ក្រុម​ចលនា​អាវ​លឿង​​​កាល​ពី​ថ្ងៃ​ទី​ ២៨​ខែ​មករា​ឆ្នាំ​២០១១ នៅ​ជិត​វិមាន​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ ដើម្បី​​ប្រឆាំង​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​ថៃ​មិន​បាន​លុប​ចោល​កិច្ច​ ព្រមព្រៀង​ព្រំដែន​មួយ​ជាមួយ​ប្រទេស​កម្ពុជា។ បញ្

សិក្ខាសាលា​ដែល​មាន​ឈ្មោះ​ថា ​«ប្រទេស​ខ្មែរ-សៀម៖ ទំនាក់ទំនង​ជា​មិត្តភក្តិ​និង​ជា​សត្រូវ» រៀបចំ​ដោយ​សាកល​វិទ្យាល័យ​ថៃ​មួយ​គឺ​សាកល​វិទ្យាល័យ​ថាំម៉ាសាត​ (ធម្មសាស្ត្រ) ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃអង្គារ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​រៀបចំ​សម្តែង​ក្តី​សង្ឃឹម​ថា ​នឹង​ចូលរួម​ចំណែក​ដល់​ការ​ពិនិត្យ​មើល​លើ​ប្រវត្តិសាស្រ្តនៃ​ប្រទេស​ទាំង​ពីរ​ ​ហើយ​ជួយ​ដល់​ការ​រួមរស់​នៅ​ជាមួយ​គ្នា​បាន​ប្រសើរ។

លោក​សុងគៀត គុលវុឌ្ឍវីឡាស (Songkiat Kulwuthvilas) អ្នក​រៀបចំ​សិក្ខាសាលា​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ក្លាយ​ជា​ដៃគូ​គ្នា​ក្នុង​ក្របខណ្ឌ​នៃ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ទៅ​ហើយ​មិន​គួរ​ណា​ធ្លាក់​ចូល​មក​ក្នុង​ជម្លោះឡើង​វិញ​ដែល​ជា​ប្រវត្តិសាស្រ្ត​ចាស់​នោះ​ទេ។ ​ហើយ​សិក្ខាសាលា​នឹង​ខិតខំ​ស្វែងយល់​និង​ខិតខំ​រកព័ត៌មានពិត​ពី​ជនជាតិ​ទាំង​ពីរ​ដើម្បី​អាច​រស់​នៅ​ជាមួយគ្នា​បាន​ល្អ។

«ហេតុអ្វី​បាន​ជា​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ?​ ហេតុអ្វី​បាន​ជា​ប្រជាជន​ថៃ​មិន​ចូលចិត្ត​ប្រជាជន​កម្ពុជា។​ ហេតុអ្វី​ប្រជាជន​កម្ពុជា​មិនចូលចិត្ត​ប្រជាជន​ថៃ?​ ហើយ​យើង​នឹង​រក​វិធី​ដើម្បី​ធ្វើ​ជា​ដៃ​គូ​ជាមួយ​គ្នា​ហើយ​ក្លាយ​ទៅ​ជាមិត្ត​ភក្តិ​នឹង​គ្នា​វិញ»។

លោក​សុងគៀត ​បាន​បញ្ជាក់​ថា លោក​ក៏សង្កេត​ឃើញ​មាន​និន្នាការ​ខុស​គ្នា​ផង​ដែរ​រវាង​មនុស្ស​ចាស់​ជំនាន់​មុន​ដែល​នៅ​ប្រកាន់​ចិត្ត​ស្អប់​ជនជាតិ​ខ្មែរ​ ​និង​ក្មេងជំនាន់​ក្រោយ​ដែល​មើល​លើ​ការ​ធ្វើ​ជា​ដៃគូ​នឹង​គ្នា​សម្រាប់​ការ​អភិវឌ្ឍ។

ការរៀបចំ​សិក្ខាសាលា​នេះ​ចំ​ពេល​ដែល​កងទ័ព​នៃប្រទេស​កម្ពុជា​និង​ថៃ​បាន​ពើប​ប្រយុទ្ធ​គ្នា​ចំនួន​បួន​ដង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ដោយ​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​ព្រមទាំង​ខូចខាត​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ ហើយប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ត្រូវរត់​ភៀសខ្លួន​ចេញ​ពី​តំបន់​ប្រយុទ្ធ​គ្នា។​ ហើយ​បណ្តាល​ឱ្យ​ប្រទេស​កម្ពុជា​ប្តឹង​ស្នើ​សុំ​អន្តរាគមន៍​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ក៏​ដូច​ជាសុំ​កិច្ច​ការពារ​ពី​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក។

ក្រុម​អ្នក​រៀបចំ​គ្រោង​បញ្ជាក់​ថា​ ​នឹង​មាន​អ្នក​ចូលរួម​ជាង​៣៥០​នាក់​ ​ហើយ​យោង​តាម​កម្មវិធី​ដែល​បាន​ចែកចាយ​ជា​ទូទៅ​គឺ​រួម​មាន​វាគ្មិន​សំខាន់ៗ​ជាច្រើន​ដូចជា​លោកស្រីយូ អយ​ ​ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ ​និង​លោក​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​កាសិត​ ភីរម្យ។ ​យ៉ាង​ណា​ក៏​ដោយ​ ​គេ​មិន​សង្កេត​ឃើញ​មាន​អ្នក​ប្រវត្តិសាស្រ្ត​និង​អ្នក​ស្រាវជ្រាវ​ខ្មែរ​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​វាគ្មិន​សំខាន់ៗ​ទាំង​នោះ​ទេ៕

XS
SM
MD
LG