ភ្នំពេញ៖ អ្នកជំនាញប្រវត្តិសាស្ដ្រអះអាងថាពួកខ្មែរក្រហមបានប្រើអក្សរសាស្ដ្រនិងសិល្បៈជាឈ្នាន់ដ៏ សំខាន់សម្រាប់ការតស៊ូនិងបណ្ដុះមនោគមវិជ្ជាបដិវត្តន៍បែបកុម្មុយនីស្ដ។ ក៏ប៉ុន្ដែពួកខ្មែរក្រហមបានធ្វើឲ្យអក្សរសិល្ប៍នៅខ្មែរមានការប្រែប្រួលទាំងស្រុងនិងបានស្ថិតនៅរួមតូច។
ក្រុមអ្នកស្រាវជ្រាវកម្ពុជាបានធ្វើការសន្និដ្ឋាននេះកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសិក្ខាសាលាស្តីពីអក្សរ សាស្រ្ត សិល្បៈ និងវប្បធម៌ខ្មែរក្រហម។
សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិសភាក្រុងភ្នំពេញ។
លោកសាស្រ្តាចារ្យស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនេះមានប្រសាសន៍ថាពួកខ្មែរក្រហមបានធ្វើឲ្យអក្សសិល្ប៍ សិល្បៈនិងវប្បធម៌ខ្មែរមានការប្រែប្រួលទៅតាមយុគសម័យដែលពួកគេតស៊ូនិងគ្រប់គ្រងអំណាចដោយឈរលើមូលដ្ឋានកុម្មុយនីស្តនិយម។
«វាមានការវិវត្តយ៉ាងណាក៏ដោយ ធាតុពិតរបស់គេ គឺជាអក្សរសិល្ប៍ សិល្បៈ វប្បធម៌ ដែលបម្រើឲ្យមនោ គមន៍វិជ្ជារបស់ខ្មែរក្រហម ដែលដើរតាមជាគោលគឺ មនោគមន៍វិជ្ជា ម៉ាក្ស-លេនីន»។
លោកសាស្រ្តាចារ្យ ស៊ុំ ឈុំប៊ុន បានរៀបរាប់ថាខ្មែរក្រហមបានបែងចែកការប្រើប្រាស់អក្សរសិល្ប៍ ជាពិសេសតាមលក្ខណៈចម្រៀង សិល្បៈ និងវប្បធម៌ ជាបីដំណាក់កាល ពោលគឺនៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គឺជាអក្សរសិល្ប៍បំផុសការតស៊ូប្រឆាំងកងទ័ពលន់ ណុល ដើម្បីស្រូបយកកម្លាំងយុទ្ធជន កសិករនិងព្រះសង្ឃនៅក្នុងតំបន់ដែលខ្លួនកាន់កាប់។
ម្យ៉ាងវិញទៀតការប្រើប្រាស់ចម្រៀង និងទម្រង់សិល្បៈផ្សេងៗបានផ្តោតទៅលើការអប់រំ ការបង្រួប បង្រួមនិងការបំផុសទឹកចិត្តស្នេហាជាតិ។ លុះដល់ដំណាក់កាលដែលខ្មែរក្រហមទទួលបានជ័យជម្នះ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមបានប្រើអក្សរសិល្ប៍ សិល្បៈ ចម្រៀងដើម្បីការពារបដិវត្តន៍ សង្គមនិយមដ៏ឆ្អិនឆ្អៅរបស់ពួកខ្លួន។ លុះដល់ឆ្នាំ១៩៧៨ ពួកខ្មែរក្រហម បានប្រើប្រាស់អក្សរសិល្ប៍ និង សិល្បៈនានា ដើម្បីបំផុសកំហឹងប្រឆាំងទៅនឹងប្រទេសវៀតណាម។
លោកសាស្រ្តាចារ្យស៊ុំ ឈុំប៊ុន បានបញ្ជាក់ថា សិល្បៈសម្តែង ចម្រៀងរបស់ពួកខ្មែរក្រហមមានឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមយុវជន។
«តាមរយៈសិល្បៈ ជួនណាវាធ្វើឲ្យយុទ្ធជនត្រូវរបួសមិនទាន់ជាសះស្បើយផង ចង់តែចេញទៅវាយទៀតធ្វើឲ្យក្មេងកុមារនីរសារគឺថាកាត់គ្រាប់ កាត់ម៉េចក៏ដោយត្រូវតែស្ពាយភារកិច្ចដ៏ថ្លៃថ្លា គេចង់បានគំរូវីរភាព ដូចរឿងអក្សរសិល្ប៍ គឺគេខំស្ពាយស្មុកបាយ ស្ពាយគ្រាប់ ស្ពាយអ្វីៗយកទៅសមរភូមិមុខ។ ដល់សមរភូមិ ក្រោយប្រជាជនគឺថា គេស្តាប់ចម្រៀង គេស្តាប់សិល្បៈ និងហើយធ្វើឲ្យគេមានចិត្តមួយចង់តែបង្កបង្កើនផលដើម្បីឧបត្ថម្ភសមរភូមិមុខតែម្តង»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតយ៉ាងតិច១,៧លាននាក់ ទៅ២,២លាននាក់នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
មេដឹកនាំខ្មែរក្រហមចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួននិងកំពុងតែជាប់ឃុំឃាំងបណ្តោះអាសន្នហើយរង់ចាំការកាត់ទោសនៅឆ្នាំ២០១១ ខាងមុខនេះ។
របបខ្មែរក្រហមគឺជាយុគសម័យមួយដែលផ្តោតទៅលើការរស់នៅបែបសហករណ៍ប្រមូលផ្តុំគ្នាយក កសិកម្មជាសំខាន់មានឯកសណ្ឋានខ្មៅដូចគ្នាដោយគ្មានការបែងចែក។ ប៉ុន្តែគឺជារបបដែលត្រូវធ្វើការ ក្រោមការបញ្ជាដោយបង្ខំដាច់ខាតនិងពុំមានរបបអាហារគ្រប់គ្រាន់ឡើយ។ ឪពុកម្តាយ សាច់ញាតិ បងប្អូន កូន និងប្តីសី ត្រូវរស់នៅតាមកងចល័ត ក្រុមនិងសហករណ៍ដាច់ដោយឡែកពីគ្នា។ សាលារៀន វត្តអារាម និង មន្ទីរពេទ្យត្រូវបិទទ្វារទាំងស្រុង។ ក៏ប៉ុន្តែមានការបង្រៀនអក្សរសាស្រ្តតិចតួចបំផុតដល់កុមារតូចៗ ក្រោយពី ពួកគេសម្រាកពីការងារ គឺជាការអប់រំបែបនយោបាយបែបបដិវត្តន៍តែប៉ុណ្ណោះ។
លោកសាស្រ្តាចារ្យម៉ុន សុខា អ្នកសា្រវជ្រាវម្នាក់ទៀតរបស់រាជបណ្ឌិតសភាមានប្រសាសន៍ថាពួកខ្មែរក្រហមបានបំផ្លាញវិស័យវប្បធម៌ សិល្បៈចម្រៀងនៃសម័យមុនទាំងស្រុង ហើយពួកគេបានបង្កើត សិល្បៈបែបថ្មីរបស់ខ្លួន។ ប៉ុន្តែបទចម្រៀងមួយចំនួនបានយកលំនាំតាមសម័យមុនៗមកច្នៃប្រឌិតផងដែរ។
លោកសាស្រ្តាចារ្យ ម៉ុន សុខាបានបន្ថែមថាមានការប្រើប្រាស់វិទ្យុដែលចាក់ផ្សាយតាមឧគ្ឃោសនសព្ទទៅដល់សហករណ៍ និងការដ្ឋានជាដើម។
មានទស្សនាវដ្តីមួយចំនួន ដូចជាទស្សនាវដ្តីកម្ពុជា ទស្សនាវដ្តីយុវជន យុវនារីបដិវត្តន៍ និងចម្រៀង សៀវភៅបដិវត្តន៍ជាដើម។
លោកបញ្ជាក់ថាជាទូទៅបទចម្រៀងទាំងនោះអប់រំបំផុសការឈឺចាប់ប្រឆាំងទៅនឹងសហរដ្ឋអាមេរិកឲ្យស្អប់ខ្ពើមអំពើជិះជាន់បំផុសឲ្យក្រោកឡើងមានការតស៊ូកោតសរសើរពីការតស៊ូរបស់យោធាខ្មែក្រហម បំផុសឲ្យមានសង្គមស្មើភាពគ្នាជាដើម។ ក៏ប៉ុន្តែអត្ថន័យនិងខ្លឹមសារនៃសិល្បៈនិងបទចម្រៀងនៃសម័យខ្មែរក្រហមមានអត្ថន័យច្រំដែលៗ។
លោកសំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្រ្ត មានប្រសាសន៍ថា ពួកខ្មែរក្រហមបានទាត់ចោលនូវបញ្ញាជន វិស្វករ ហើយនៅក្នុងសភាខ្មែរក្រហមដែលមានអាសនៈចំនួន១៥០ មានតែតំណាងកម្មករ កសិករ និងយោធាតែប៉ុណ្ណោះ៕