ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​របស់​សង្គម​ស៊ីវិល ​ប្រវត្តិវិទូ ​រដ្ឋាភិបាល​ រួម​ទាំង​គណបក្ស​ជំទាស់​មុន​ចេញ​សាលក្រម​ឌុច


ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ប្រវត្តិវិទូ ​រដ្ឋាភិបាល​ រួមទាំង​គណបក្ស​ជំទាស់​ បាន​បង្ហាញ​ប្រតិកម្ម​ដំណាលៗ​គ្នា​នៅ​ជុំវិញ​ការ​ប្រកាស​សាល​ក្រម​លើឌុច។ ​ការ​ប្រកាស​សាលក្រម​ ដែល​នឹង​កំណត់​ការ​ដាក់ទោស​អតីត​ប្រធាន​គុក​ទួលស្លែង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ។​ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុននឹងអង្គ​ជំនុំជម្រះ​សាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម​ ប្រកាស​សាលក្រម​ ដើម្បី​កំណត់​ទោស​ ឌុច​ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​បណ្ដាលឲ្យ​អ្នកទោស​គុក​ទួលស្លែង​យ៉ាងតិច​ចំនួន​១២៣៨០​ នាក់​ស្លាប់​បាត់បង់​ជីវិត ​ ​ក្រុម​អង្គការ​សង្គមស៊ីវិល​ មន្រ្ដី​ផ្លូវការ​របស់​សាលាក្ដី​នេះ​ រួម​ទាំងអ្នកនយោបាយ​នៅក្នុងប្រទេស​កម្ពុជា​ផង​ ​បាន​សំដែង​ការ​អបអរសាទរ​រៀងៗ​ខ្លួន​ និង​ជា​បន្ដបន្ទាប់​ ដោយចាត់ទុក​ថា​ ​នេះ​គឺជា​ជំហានយ៉ាង​វិជ្ជមាន​សម្រាប់​បង្ហាញ​អំពី​ការបញ្ចប់​និទណ្ឌភាព​ នៃ​អំពើ​ឃោរឃៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម។

សាលក្រម​លើ​ករណី​ ឌុច ​នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃច័ន្ទទី​២៦ ​ខែ​កក្កដា​នេះ។

ពី​ទីក្រុង​ ញូយ៉ក​ មជ្ឈមណ្ឌល​អន្ដរជាតិ​ សម្រាប់​យុត្តិធម៌​អន្ដរកាល​ International Center for Transitional Justice ​បាន​សរសេរ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន នៅ​ថ្ងៃនេះ​ថា​ ​ការប្រកាសសាលក្រម​លើ​ករណី​ ឌុច​ នឹង​ក្លាយទៅជា​ការ​កត់សម្គាល់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ហើយ​វា​ក៏​ នឹង​ជា​ការកត់សម្គាល់​សម្រាប់​យុត្តិធម៌​អន្ដរជាតិ​ផង​ដែរ។

មជ្ឈមណ្ឌល​ដដែល​នេះ​ ដែល​ធ្វើ​ការតាមដាន​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ មក​ បាន​អបអរសាទរ​ដល់​សាលាក្ដី​ខ្មែរក្រហម​ ដែល​បាន​ធ្វើការកាត់ទោស​ ជា​លើកដំបូង​ក្នុង​ករណី ឌុចនេះ ​ប្រកប​ទៅ​ដោយ​ភាព​ត្រឹមត្រូវ​ ​បើទោះបីជា​មាន​ឧបសគ្គ​ជាច្រើន​សម្រាប់​យុត្តិធម៌​ ​ដោយ​រាប់បញ្ចូល​ទាំង​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ និង​បញ្ហា​ថវិកា​ផងដែរ។

លោក រាជ សម្បត្តិ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់សាលាក្ដី​ខ្មែរក្រហម​ បាន​អធិប្បាយ​នៅ​ថ្ងៃសៅរ៍នេះដែរ​ថា​ ​ ការប្រកាស​សាលក្រម​លើ​ករណី​អតីត​ប្រធាន​គុក​ទួលស្លែង ក្នុង​សំណុំរឿង ​០០១​ នឹង​ប្រកាស​ប្រាប់​ពិភពលោក​ថា​ ​មេដឹកនាំ​នៃ​អំពើ​ព្រៃផ្សៃ​នឹង​ត្រូវ​នាំខ្លួន​មក​ផ្ដន្ទាទោស។

“ការ​ប្រកាស​សាលក្រម​ហ្នឹង​ គឺជា​គំរូ​សម្រាប់​មេដឹកនាំ​ដទៃៗ​ទៀត​នៅ​លើ​ពិភពលោក​ថា ​ការ​ដែល​យើងសម្លាប់​ប្រជាជន​ខ្លួនឯង​អស់​ជាច្រើន​នាក់​អញ្ចឹង​ គង់​មាន​ថ្ងៃ​ណាមួយ​គេ​យកមក​ផ្ដន្ទាទោស​ ហើយ​គេ​នឹង​ធ្វើ​ការប្រកាស​សាលក្រម​ជា​សាធារណៈ"។

កាំង ហ្គិច អ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង​ ឬ​មន្ទីរ​ស ​២១​ អាយុ​៦៧​ឆ្នាំ ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​នៃ​ការធ្វើ​ទារុណ​កម្ម​ និង​មនុស្សឃាត។ ឌុចត្រូវ​កាត់ទោស​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​អស់រយៈ​ពេល ​៧៧​ថ្ងៃ ​ក្នុង​អំឡុងពេល​៩ខែ។

នៅក្នុង​សវនាការ​ ​គាត់​បាន​សារភាព​ម្ដងហើយ​ម្ដងទៀត​ថា គាត់​ទទួល​ខុសត្រូវ​ចំពោះឧក្រិដ្ឋកម្ម​ នៅ​ក្នុង​គុក​ទួលស្លែង ក្រោម​អំណាច​របស់​គាត់ ​ដែល​បណ្ដាល​ឲ្យ​អ្នកទោស​ស្លាប់​យ៉ាងតិច​ចំនួន​ ១២៣៨០​នាក់ បន្ទាប់​ពីការធ្វើ​ទារុណកម្ម​ និង​ការ​សម្លាប់​ចោល។

សហ​ព្រះរាជអាជ្ញា​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​ទាមទារ​ឲ្យមាន​ការ​ផ្ដន្ទាទោស​ ឌុច​ ឲ្យជាប់​ពន្ធនាគារ​ចំនួន​៤០ឆ្នាំ។

ក៏ប៉ុន្ដែ​ ឌុច នៅក្នុង​សវនាការ​ចុងក្រោយ ​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០០៩ បាន​ទទូច​អង្វរ​អង្គ​ជំនុំ​ជម្រះ​ សាលា​ដំបូង​ឲ្យ​ដោះលែង​ខ្លួន​ ​ឲ្យមាន​សេរីភាព​ឡើងវិញ​ ដោយ​សំអាង​ថា ​គាត់​បាន​សហការ​ ជាច្រើន​រួច​មកហើយ​ជាមួយ​តុលាការ​ ​ចាប់តាំងពី​គាត់​ត្រូវ​បាន​ចាប់ខ្លួនកាលពី​ខែ​ឧសភា​ ឆ្នាំ១៩៩៩​ មក។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​សុក្រ​ គណៈកម្មាធិការ​ប្រព្រឹត្តកម្មនៃ​អង្គការ​ និង​សមាគម​សិទ្ធិមនុស្ស​កម្ពុជា​ ដែល​មាន​អង្គការ​ជា​សមាជិក​សរុប​ចំនួន​២៣ ​បាន​លើកឡើង​ថា ប្រជាជន​កម្ពុជា​កំពុង​តែរង់ចាំ​ការ​ប្រកាស​សាលក្រម​ ឌុច។

ដោយឡែក​ លោក​ខៀវ កាញារិទ្ធ ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ និង​ជាអ្នក​នាំពាក្យ​រាជ​រដ្ឋា​ភិបាលចាត់ទុក​ថា ​ការឈាន​ដល់​ការប្រកាស​សាលក្រម​នៃ​ការ​កាត់ក្ដី​អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​ដំបូងគេ​នេះ​ គឺជា​ជោគជ័យ​នៃ​ការ​សហការ​គ្នា​រវាង​រដ្ឋាភិបាល​ខ្មែរ ​និង​អង្គការ​សហ​ប្រជាជាតិ ​ ហើយ​លោក​គិត​ថា​ ​សាលក្រមឌុច​ គ្រាន់តែ​ជា​ផ្នែកមួយ​នៃ​ការ​បកស្រាយ​សវតា​ឧក្រិដ្ឋ​កម្ម​ក្នុង​អតីតកាល​តែ​ប៉ុណ្ណោះ។

“ខ្ញុំគិតថា ​ឌុច​គឺ​ជា​មន្ដ្រី​មួយ​ថ្នាក់​ទាប​ទេ។ ​អញ្ចឹង​យើង​គិត​ថា​ ​ចាំមើល​មន្ដ្រី​ថ្នាក់ខ្ពស់។ គេ​នឹង​សម្រេច​យ៉ាងម៉េច​ទៀត។ ហើយ​មួយទៀត​ ​យើង​ក៏ចង់​ដឹង​ថា ​ ​ហេតុអ្វីបាន​ជា​ស្រុក​ខ្មែរមាន​អំពើ​ប្រល័យ​ពូជ​សាសន៍"។

ជាមួយគ្នា​នេះ ​លោក​កឹម​ សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ ដែល​ជា​គណបក្ស​ជំទាស់​មួយ​នៅក្នុង​រដ្ឋសភា​ ​ បានឆ្លៀត​រិះគន់​លើ​ការចំណាយ​ពេលវេលា​កាត់ទោស​យ៉ាងវែង​ និង​ការ​ចំណាយ​ថវិកា​ដ៏​ច្រើន​របស់​សាលាក្ដី​ខ្មែរក្រហម។ ​លោក​ចាត់ទុក​ថា ​សាលក្រម​ឌុច​គឺជា​ជំហាន​ឆ្ពោះទៅ​រក​យុត្តិធម៌​មួយ​ ​ក៏ប៉ុន្ដែលោក​ទាមទារ​ឲ្យ​មាន​ការកាត់ទោស​ប្រទេស​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋ​កម្ម​នេះ។

“វា​គ្រាន់​តែ​ជា​យុត្តិធម៌​មួយ​ជំហាន​ទេ​ យុត្តិធម៌​ពិត​សម្រាប់​ខ្ញុំ​ជា​ខ្មែរ ​ជា​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​នេះ​ គឺ​ខ្ញុំ​ចង់បាន​យុត្តិធម៌​ពិតប្រាកដ​ មានន័យ​ថា​ អ្នកណា​ចូលរួម​ក្នុង​នយោបាយ​សម្លាប់​ខ្មែរ​ខ្លះ ​មិនមែន​តែ​ពួក​ខ្មែរក្រហម​នោះ​ទេ​ មាន​ប្រទេស​កុម្មុយនិស្ដ​នៅ​ពីក្រោយ​ខ្នង។ ទាល់តែ​រក​យុត្តិធម៌​ឲ្យ​ដល់ហ្នឹង​ បាន​ហៅ​យុត្តិធម៌ពិត"។

ទោះជាយ៉ាងនេះក្ដី ​សាលក្រម​លើ​ករណី ​ឌុច ​ ​វានឹង​ក្លាយ​ជា​ឱសថ​មួយ​សម្រាប់​ព្យាបាល​កំហឹង​របស់​ជនរង​គ្រោះ​ដោយ​របប​ខ្មែរក្រហម។​ របបនេះដែល​បាន​បង្កឲ្យ​ប្រជាជន​ខ្មែរ​ស្លាប់​បាត់បង់​ជីវិត​អស់​ជិត​២លាន​នាក់។ ហើយ​ជនរងគ្រោះ​ខ្មែរ ​បាន​រង់ចាំ​យុត្តិធម៌​អស់រយៈ​ពេល​ជាង​៣០​ឆ្នាំ រហូត​មក​ទល់​ពេលនេះ៕

XS
SM
MD
LG